ព័ត៌មានចាស់ៗ
ឈើទាល៩កំណាត់ដែលឈ្មួញទិញពីអ្នកស្រុកខុសនីតិវិធីត្រូវជំនាញព្រៃឈើបង្ក្រាប
កំពត ៖ កំណាត់ឈើអារចំនួន៩កំណាត់ប្រភេទឈើទាលដែលគេដឹកតាមគោយន្តកន្ត្រៃយ៍៣គ្រឿង ត្រូវបានសង្កាត់ព្រៃឈើស្រុកកំពង់ត្រាចសហការជាមួយសមត្ថកិច្ចធ្វើការបង្ក្រាប កាលពីរសៀលថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០១៨ត្រង់ចំណុចមុខវត្តកំពូលមាស ស្ថិតក្នុងភូមិកំពូលមាស ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ជាមួយនឹងការបង្ក្រាបករណីដឹកជញ្ជូនកំណាត់ឈើធំៗគ្មានច្បាប់ទម្លាប់ដូចខាងលើ សមត្ថកិច្ចជំនាញ ក៏បានឃាត់ខ្លួនឈ្មួញម្នាក់និងម្ចាស់គោយន្តចំនួនបីនាក់ទៅសាកសួរដើម្បីបំពេញនីតិវិធីផងដែរ។
តាមប្រភពពីក្រុមសមត្ថកិច្ចដែលចុះឃាត់គោយន្តដឹកឈើខាងលើបានឲ្យដឹងថា ឈើទាលដែលអារកាត់ជា៩កំណាត់នេះ ត្រូវបានឈ្មួញឈ្មោះ អូន ពីន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិស្រែគុយ ឃុំពោធិ៍ចម្រើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទិញពីប្រជាពលរដ្ឋក្នុងភូមិក្បែរនោះ ហើយអារជា៩កំណាត់ដឹកតាមគោយន្តកន្ត្រៃយ៍ចំនួន៣គ្រឿងដើម្បីដឹកយកទៅកាន់ភូមិសាស្ត្រខេត្តតាកែវ។
ប្រភពពីសមត្ថកិច្ចដដែលបានបញ្ជាក់ទៀតថា បន្ទាប់ពីបង្ក្រាប ឈើទាលទាំង៩កំណាត់ខាងលើ កម្លាំងជំនាញក៏រាយការណ៍ទៅជំនាញថ្នាក់លើ ដើម្បីដឹកបញ្ជូនវត្ថុតាងទាំងនោះទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពតអនុវត្តតាមនីតិវិធីនៅរសៀលថ្ងៃដដែល។
ទាក់ទិននឹងករណីបង្ក្រាបឈើទាលដែលឈ្មួញទិញពីប្រជាពលរដ្ឋនេះដែរ លោកជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពត បានប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០១៨នេះថា តាមពិតឈើទាលចំនួន៩កំណាត់នេះវាមិនជាប់ជាបទល្មើសធំដុំនោះទេ ព្រោះឈើទាលនេះឈ្មួញបានទិញពីប្រជាពលរដ្ឋនៅក្នុងភូមិប្រាកដមែន ប៉ុន្តែគ្រាន់តែឈ្មួញខាងលើនេះ មិនអនុវត្តតាមនីតិវិធី ពោលគឺពុំមានក្រដាសស្នាមក្នុងការដឹកជញ្ជូនឈើឆ្លងពីតំបន់មួយទៅតំបន់មួយឲ្យបានត្រឹមត្រូវទើបកម្លាំងជំនាញឃាត់ដើម្បីបំពេញបែបបទតាមច្បាប់រដ្ឋបាលព្រៃឈើកំណត់។លោក ជួន សារ៉ា បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងករណីនេះ លោកនឹងបំពេញនីតិវិធីតាមច្បាប់ព្រៃឈើ ដើម្បីឲ្យម្ចាស់ឈើបង់ពិន័យអន្តរកាល៕ អានបន្ត
ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុនជួបនិស្សិតកម្មសិក្សាអ៊ីស្រាអែល២០១៨
នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃច័ន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតកម្មសិក្សាជំនាន់ទី១១ ក្នុងនោះមាននិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មព្រែកលៀប និងសាលាជាតិកសិកម្មកំពង់ចាម ដែលនឹងត្រូវត្រៀមខ្លួនចេញទៅបំពេញកម្មសិក្សានៅប្រទេសអ៊ីស្រាអែលឆ្នាំសិក្សាថ្មី២០១៨-២០១៩ នាពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តមង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានឲ្យដឹងពីគោលបំណងសំខាន់នៃកម្មសិក្សានេះគឺដើម្បីផ្តល់ឱកាសឲ្យនិស្សិតធ្វើការផ្លាស់ប្តូរបទពិសោធន៍ សិក្សារៀនសូត្រនៅក្នុងសាលាជាមួយសាស្ត្រាចារ្យបរទេស បានអនុវត្តនៅក្នុងកសិដ្ឋាន និងក្នុងខ្សែសង្វាក់ផលិតកម្មផ្ទាល់ ហើយសកម្មភាពទាំងអស់នេះគឺជាបទពិសោន៍យ៉ាងច្បាស់លាស់មួយសម្រាប់ជាដើមទុនដ៏មានតម្លៃក្រោយពេលបញ្ចប់កម្មសិក្សានេះ។
តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយក្រុមហ៊ុនសិក្សាកសិកម្ម Agro-studies ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាលាជាតិកសិកម្មទាំងពីរបានបញ្ជូននិស្សិតឆ្នាំទី៣ ដែលកំពុងសិក្សាឲ្យទៅចូលរួមធ្វើកម្មសិក្សារយៈពេល១១ខែ នៅប្រទេសអ៊ីស្រាអែលចាប់ពីឆ្នាំ២០០៨ មានរយៈពេល១១ឆ្នាំ និងមាននិស្សិតចូលរួមសរុបចំនួន ៦៨០នាក់។ សម្រាប់ឆ្នាំ២០១៨ មាននិស្សិតចំនួន២១០នាក់ ស្រី៣៧នាក់ ក្នុងនោះមាននិស្សិតសាលាជាតិកសិកម្មព្រែកលៀប ១០នាក់ សាលាជាតិកសិកម្មកំពង់ចាម ១០នាក់ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ១៩០នាក់។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង ២១០នាក់ និងបានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូនិងបុគ្គលិកទាំងអស់នៃស្ថាប័នការសិក្សាទាំងបីដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច របស់ខ្លួនយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការបណ្តុះ បណ្តាលចំណេះដឹងដល់ ក្មួយៗនិស្សិត ដើម្បីឲ្យក្លាយទៅជាធនធានមនុស្សមួយដ៏ល្អប្រសើរ សម្រាប់ចូលរួមចំណែកអភិវឌ្ឍ វិស័យកសិកម្មឲ្យមានការរីកចម្រើនស្របតាមការវិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃសាកលភាវូបនីយ កម្មនាពេលបច្ចុប្បន្ននិងនៅពេលអនាគត។ ដូច្នេះ ដើម្បីឈានទៅធ្វើទំនើបកម្មវិស័យកសិកម្ម ឆ្លើយតបទៅតាមតម្រូវការទីផ្សារ ភាពប្រកួតប្រជែងក្នុងតំបន់និងលើសាកលលោក ប្រាកដណាស់គឺត្រូវទាមទារនូវការធ្វើសមាហរណកម្មបច្ចេកទេសនិងនវានុវត្តន៍ថ្មីៗ ក៏ដូចជាការប្រើប្រាស់ធាតុចូលកសិកម្មតាមបច្ចេកទេសសមស្រប និងចាំបាច់គឺត្រូវអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់ជាមគ្គុទេ្ទសក៍ដ៏ប៉ិនប្រសព្វសម្រាប់ជាស្ពានចម្លងឲ្យកសិករ សហគមន៍ ព្រមទាំងវិស័យឯកជនទទួលបាននិងប្រើប្រាស់បច្ចេក ទេសថ្មីៗប្រកបដោយប្រសិទ្ធភាពនិងមានប្រសិទ្ធផលខ្ពស់ ប្រយោជន៍ដល់ការជួយទ្រទ្រង់ចំណូលក្នុងគ្រួសារ រក្សាកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ និងជាពិសេសយើងអាចឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី គឺចង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។
និស្សិតទាំង ២១០នាក់នេះ គឺជានិស្សិតជ័យលាភីដែលបានមកដោយធ្វើការជ្រើសរើស និងធ្វើតែស្តពីសមត្ថភាពយ៉ាងត្រឹមត្រូវ រួចយកតែនិស្សិតស្ម័គ្រចិត្ត។ ដូច្នេះ ឆ្លៀតយកឱកាសដ៏មានតម្លៃនេះលោកបានក្រើនរំលឹកដល់ក្មួយៗនិស្សិតនូវមេរៀនល្អៗដែលអាចត្រង់ត្រាប់យកទៅប្រតិបត្តិតាមមាគារដ៏ត្រឹមត្រូវមួយដែលឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាឯកឧត្តមជាថ្នាក់ដឹកនាំក្រសួងធ្លាប់បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនរហូតសម្រេចបានជោគជ័យយ៉ាងធំធេងក្នុងឆាកជីវិតទាំងក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ។ មេរៀនល្អៗទាំងនោះមាន៖ ទី១. ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកបទពិសោធន៍ និងមេរៀនបច្ចេកទេសល្អៗដើម្បីពង្រឹងសមត្ថភាពនិងទេពកោសល្យជំនាញសម្រាប់អនាគត។ ទី២. ត្រូវគោរពច្បាប់ និងមានវិន័យក្នុងការងារ ឧស្សាហ៍ព្យាយាម និងមានទំនាក់ទំនងល្អក្នុងការងារ ជីវិតរស់នៅ និងជាមួយក្រុមគ្រួសារ។ ទី៣.ត្រូវមានកិច្ចសហការល្អជាមួយគ្រប់ជាតិសាសន៍ទាំងក្នុងពេលរៀន និងក្នុងពេលបំពេញការងារ។ ទី៤. ត្រូវថែរក្សាប្រពៃណី វប្បធម៌ជាតិ ទំនៀមទម្លាប់ និងសាសនាដែលជាកេរ្តិ៍មរតករបស់ដូនតាខ្មែរឲ្យបានខ្ជាប់ខ្ជួន ពិសេសត្រូវមានសីលធម៌ និងត្រូវគោរពឲ្យបាននូវវិន័យរបស់សាលា។ ទី៥.ត្រូវសន្សំទ្រព្យជាចំណេះនិងជាបទពិសោធន៍ទាំងការងារ និងជីវតិរស់នៅ រួចយកមករៀបចំកសាងការងាររបស់ខ្លួនឲ្យបានច្បាស់លាស់ និងពិតប្រាកដមួយដើម្បីកសាងអនាគតរបស់ខ្លួន របស់គ្រួសារផ្ទាល់ និងជាពិសេសនឹងចូលរួមយ៉ាងពេញលេញ ទាំងកំលាំងកាយ និងប្រាជ្ញាស្មារតីក្នុងការកសាងនិងអភិវឌ្ឍប្រទេសមួយនេះឲ្យមានការរីកចម្រើនពេញមុខពេញមាត់ដូចបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងនៅក្នុងពិភពលោក។
ចុងបញ្ចប់លោកក៏បានស្នើអោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម រៀបចំពិធីជួបជុំអតីតនិស្សិតបញ្ចប់កម្មសិក្សាទាំងអស់ នៅក្នុងពេលឆាប់ៗណាមួយ ហើយគួរអញ្ជើញឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសអ៊ីស្រាអែលមកចូលរួមផងដែរដើម្បីស្វែងយល់ ឬតាមដានពីការវិវឌ្ឍរីកចម្រើនទាំងជាលក្ខណៈបុគ្គល និងលក្ខណៈសង្គម៕ អានបន្ត
ដាច់ខ្សែរ៉តអគារកំពុងសាងសង់ស្លាប់កម្មករ៤នាក់ របួសធ្ងន់ម្នាក់ ខណៈយោងឡើងបម្រុងទៅធ្វើការនៅជាន់លើ
ខេត្តប៉ៃលិន ៖ ហេតុការណ៍ដ៏គួរឱ្យរន្ធត់មួយ ដោយដាច់ខ្សែរ៉តបណ្តាលឱ្យកម្មករសំណង់ស្លាប់ចំនួន៤នាក់ និងម្នាក់រងរបួសធ្ងន់ ត្រូវគេបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ខណៈ ដែលពួកគេទាំងនោះជិះខ្សែរ៉តយោងពីក្រោមឡើងទៅជាន់ទី១២ ដើម្បីធ្វើការងារ លុះកំពុងតែយោងឡើងទៅដល់ជាន់ទី៧ ស្រាប់តែដាច់ខ្សែរ៉ត បណ្តាលឱ្យធ្លាក់ចុះដី បុកជាមួយនឹងដែកខាងក្រោម ទើបធ្វើឱ្យស្លាប់និងរបួសទាំង៥នាក់តែម្តង ។ ហេតុការណ៍ដាច់ខ្សែរ៉តធ្លាក់កម្មកររបួស និងស្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលខាងលើបានឱ្យដឹងថា ជនរងគ្រោះទី១. ឈ្មោះ ថោន កក ភេទប្រុស អាយុ១៩ឆ្នាំ ស្លាប់ ទី២. ឈ្មោះ បូរី ភេទប្រុស អាយុ៣៣ឆ្នាំ ស្លាប់ ទី៣. ឈ្មោះ ប្រាក់ ខឿន ភេទប្រុស អាយុ៣២ឆ្នាំ ស្លាប់ ទី៤. ឈ្មោះ លឹម វែង ភេទប្រុស អាយុ១៨ឆ្នាំ ស្លាប់ និងទី៥. ឈ្មោះ តន អាយុ៣២ឆ្នាំ រងរបួសធ្ងន់ ទាំងអស់គ្នាស្នាក់នៅបណ្តោះអាសន្នកន្លែងកើតហេតុខាងលើ ។
បើតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា គេបានឃើញកម្មករសំណង់ទាំងនោះ បានឡើងជិះកន្ត្រកយោងដូចសព្វមួយដង លុះកំពុងតែយោងឡើងសុខៗ ដល់ជាន់ទី៧ ស្រាប់តែដាច់ខ្សែរ៉ត ធ្លាក់ចុះមកដីវិញយ៉ាងពេញទំហឹង បណ្តាលឱ្យបុកប៉ះចំនឹងដែកនៅខាងក្រោម ធ្វើឱ្យអ្នកខ្លះបាក់ដៃជើង និងក.ស្លាប់ភ្លាមៗចំនួន៣នាក់ និងរងរបួសធ្ងន់២នាក់ លុះបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក៏បានស្លាប់បន្ថែមម្នាក់ទៀត និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគ្រូពេទ្យបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យខេត្តបាត់ដំបង ។
ដោយឡែកសពជនរងគ្រោះដែលស្លាប់ទាំង៤នាក់កំពុងរក្សាទុកនៅក្នុងមន្ទីរពេទ្យពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អានបន្ត
លោក ជាវ តាយ ចូលរួមពិធីចែកស្រូវពូជជូនប្រជាពលរដ្ឋដើម្បីស្ដារការរងខូចខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀងមកពីស្រុកចំនួនបីនៃខេត្តកំពត
កំពត ៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងការនាំយកពូជស្រូវ ចែកជូនប្រជាកសិករ មកពីស្រុកចំនួន០៣នៃខេត្តកំពត ដើម្បីស្ដារជាបន្ទាន់ផ្ទៃដីឡើងវិញនៃការខូចខាតដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅពេលថ្មីៗនេះ។
ពិធីនេះធ្វើឡើងនៅសាលាឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមផងដែពីមន្ត្រីតំណាងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្តនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផងដែរ។
ចំពោះពូជស្រូវដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋនាពេលនេះគឺពូជស្រូវសែនក្រអូបដែលផ្ដល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទសរុបមានចំនួន១៦តោនដើម្បីជួយស្ដារផ្ទៃដីប្រជាកសិករជាបន្ទាន់ឡើងវិញដែលរងការបំផ្លាញខូចខាតដំណាំស្រូវដោយជំនន់ទឹកភ្លៀងសរុបមានចំនួន២២៥ហិចតាកាលពីក្នុងខែកក្កដាឆ្នាំ២០១៨កន្លង ទៅថ្មីៗនេះ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់លោក ចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ប្រជាពលរដ្ឋដែលត្រូវទទួលពូជស្រូវនាពេលនេះក្នុងនោះមកពីឃុំចំនួន០៥ នៅក្នុងស្រុកចំនួន០៣ស្មើ៦១៩គ្រួសារគឺស្រុកទឹកឈូ ស្រុកដងទង់និងស្រុកកំពង់ត្រាច ហើយទំហំផ្ទៃដីរងការខូចខាតដំណាំស្រូវសរុបចំនួន២២៥ហិកតា៕ អានបន្ត
អភិបាលស្រុកកំពង់ត្រាច៖ មន្ត្រីទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋតាមមូលដ្នានឲ្យកាន់តែទ្វេរដង
កំពត ៖ យើងជាមន្ត្រីរាជការទាំងអស់ត្រូវខិតខំធ្វើការងារអ្វីដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ហើយយើងត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានទ្វេរដង។
នេះជាការលើកឡើងរបស់ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែលលោកនិងសហការី រួមទាំងអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ បានចុះពិនិត្យការជួសជុលផ្លូវលំក្រួសក្រហមមួយខ្សែត្រង់ចំណុច មុខវត្តអង្គត្រពាំងឈូក ប្រវែងប្រមាណ៥០០ម៉ែត្រ ស្ថិតនៅភូមិកោះទ្រមូង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលបានទទួលរងការខូចខាតកន្លងមក។
លោកអភិបាលស្រុកបានបញ្ជាក់ថា ការជួសជុលផ្លូវនេះ ផ្តើមចេញពីការចូលរួមរបស់ព្រះចៅអធិការវត្តអង្គត្រពាំងឈូក បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តផងដែរ។លោកអភិបាលស្រុកនាឱកាសនោះ ក៏បានផ្តាំផ្ញើដល់ប្រជាលរដ្ឋត្រូវរួមគ្នាថែរក្សា ការពារផ្លូវលំរបស់យើងឲ្យបានស្ដិតស្ថេរ គង់វង្សយូរអង្វែង សម្រាប់សម្បតិ្តរួមបន្តដល់កូន ចៅជំនាន់ក្រោយទៀត។ជាមួយគ្នានេះ លោក អូន ខន ក៏បានផ្តែផ្តាំឲ្យប្រជាពលរដ្ឋត្រូវចេះថែរក្សាសុខភាព និងរស់នៅមានអនាម័យ ពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
សូមរំឭកថា ផ្លូវលំក្រាលក្រួសក្រហមមួយខ្សែខាងលើនេះ កាលពីឆ្នាំមុនត្រូវបានអាជ្ញាធរបើកការដ្ឋានជួសជុលរួចមកហើយ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ក៏រងការខូចខាតទៅវិញយ៉ាងឆាប់រហ័យ ហើយចំណុចផ្លូវដែលរងការខូចខាតនោះ គឺស្ថិតចំណុចមុខវត្តអង្គត្រពាំងឈូក ដែលជាចំណុចទីប្រជុំជនមួយមានលំនៅឋានច្រើនស្អេកស្កះ និងមានមនុស្សរស់នៅយ៉ាងកកកុញ៕ អានបន្ត
សម្ពោធផ្លូវលំមួយខ្សែប្រវែង៥៣០ម៉ែត្រនៅភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ
កំពត ៖ ផ្លូវលំក្រាលក្រួសក្រហមប្រវែង ៥៣០ម៉ែត្រនិងលូភ្លោះប្រវែង១០ម៉ែត្រ ចំណាយទឹកប្រាក់សរុប្រមាណជាង៦ពាន់ដុល្លាអាមេរិក ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ជាអំណោយដ៏ថ្លៃថ្លា របស់លោកឧត្តមសេនីយទោ មាស ប៊ុនឡី អគ្គនាយករងនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ និង លោកស្រី ហ៊ឹម ច្រឹប បានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី ០២ កញ្ញា ឆ្នាំ ២០១៨ ក្រោមអធិបតីភាព លោកជឹង ផល្លា អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។
មានប្រសាសន៍ថ្លែងក្នុងពិធីនាពេលនោះ លោកឧត្តមសេនីយទោ មាស ប៊ុនឡី ម្ចាស់ជំនួយសាងសង់ផ្លូវលំបានថ្លែងការពាំនាំសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរភូមិឃុំនិងស្រុកអង្គរជ័យទាំងមូលពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិក៏ដូចជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនផងដែរ ដែលជានិច្ចជាសម្តេចតែងតែយកចិត្តទុកដាក់និងដឹងសុខដឹងបងប្អូនជានិច្ច មិនដូចមនុស្សមួយចំនួនបានតែឃោសនា ភូតភរកុហកបោកប្រាស់បងប្អូនហើយមិនដែលបានជួយអ្វីដល់ប្រជាពលរដ្ឋយើងនោះទេ មានតែញុះញង់ឲ្យបងប្អូនបែកបាក់តែប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍បានថ្លែងឲ្យដឹងទៀតថា ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ និងខ្លួនខ្ញុំផ្ទាល់សូមសំណែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកអង្គរជ័យទាំងមូល ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ដែលជាភូមិកំណើតរបស់ខ្ញុំបាទ បានបោះឆ្នោតគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីហ៊ុនសែនជានាយករដ្ឋមន្ត្រី ដោយបងប្អូនជឿជាក់យ៉ាងមុតមាំលើសម្តេចគឺមានសម្តេចមានសុខសន្តិភាព។ ដូច្នេះថ្ងៃនេះខ្ញុំនិងភរិយា តំណាងដ៏ខ្ពង់ខ្ពស់ឯ,ឧ នាយឧត្តមសេនីយចៅ ភារុណអគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ បានតបស្នងជូនបងប្អូនវិញដែលបងប្អូនបានសំណូមពរសុំផ្លូវលំប្រែវងជាង៥០០ម៉ែត្រនិងលូភ្លោះជាង១០ម៉ែត្រ ព្រមទាំងជួយកសាងសមិទ្ឋិផលផ្សេងៗមួយចំនួនទៀតនៅក្នុងភូមិត្រពាំងខ្យងនេះ ហើយថ្ងៃនេះក៏បានហើយរួចរាល់និងធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ដែលមានការអញ្ជើញចូលរួមជាអធិបតីលោក ជឹង ផល្លា អភិបាលរងខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងមានការអញ្ជើញចូលរួមជាកិត្តិយស អាជ្ញាធរភូមិឃុំស្រុក កងប្រជាការពារនៅក្នុងឃុំ រួមនិងប្រជាពលរដ្ឋសរុបមនុស្សចូលរួមប្រមាណជាង៥០០នាក់ ។
លោកឧត្តមសេនីយបានបន្តទៀតថា ស្រុកអង្គរជ័យជាស្រុកល្បីខាងអ្នករៀនសូត្រពូកែ និងមានអ្នកបានធ្វើធំច្រើនតាំងពីដើមមក ហើយបច្ចុប្បន្នយុវជនជំនាន់ក្រោយក៏នៅតែបន្តរក្សាកេរ្តិ័ឈ្មោះស្រុកមួយនេះបាន ហើយឯកឧត្តម ក៏បានរំឭកដល់យុវជន និងមន្ត្រីជំនាន់ក្រោយ មិនថាតែអ្នកស្រុកអង្គជ័យទេ គឺទូទាំងប្រទេស នៅពេលរៀនចេះ មានចំណេះជំនាញ ខ្ពង់ខ្ពស់ហើយ មិនត្រូវភ្លេចពីសីលធម៌ គុណធម៌ សច្ចៈធម៌ទេ ហើយត្រូវយកវាមកបម្រើប្រជាពលរដ្ឋ ហើយបើបានក្លាយជាមន្ត្រីរាជការ ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ កុំធ្វើជាចៅហ្វាយរបស់ប្រជាពលរដ្ឋ កុំធ្វើដូចបុគ្គលមួយចំនួន ខ្លួនមានចំណេះតែខ្វះលីលធម៌ គុណធម៌ សច្ចៈធម៌ ដើរតែបង្ករឿងឲ្យសង្គមប្រទេសជាតិខ្លួនឯងកើតចលាចល និងដើរថយក្រោយ ។
ក្នុងពិធីដ៏អធឹកអធមនោះ លោកជឹង ផល្លា អភិបាលរង តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងដែរថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹងនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត សីលធម៌ខ្ពស់ គុណធម៌ សច្ចៈធម៌ ព្រហ្មវិហារធម៌ បានធ្វើឲ្យប្រទេសរីកចម្រើន និងមានមុខមាត់នៅក្នុងឆាកអន្តរជាតិ និងក្របខណ្ឌអាស៊ាន ដោយកម្ពុជាបានក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នឹងឆាប់រហ័សជាងគេ ក្នុងបណ្តាប្រទេសនៅក្នុងពិភពលោក ។
លោកអភិបាលរងខេត្តបន្តថា កូនខ្មែរនាពេលបុច្ចុប្បន្នកំពុងតែមានមោទនភាពដោយសារសម្តេចតេជោខ្លាំងណាស់ ទាំងអ្នកនៅក្នុងស្រុកនិងក្រៅស្រុក ពិសេសកម្មករ ទៅធ្វើការស្រុកគេ ដូចជាប្រទេសថៃលែងលាក់ថាខ្លួនមិនមែនខ្មែរទៀតហើយ ។
ពលរដ្ឋប្រើប្រាស់ផ្លូវលំនោះ ម្នាក់បានប្រាប់ឲ្យដឹងថា លោកស្រីពិតជាសប្បាយចិត្តដែលឃើញ ថ្នាក់ដឹកនាំមានគុណធម៌ និងចេះដឹងគុណ និងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ផ្លូវមួយខ្សែនេះវាពិតជាបានបង្កការងាយស្រួលក្នុងការធ្វើដំណើរ និងសូមអរគុណដល់សម្តេចដែលបានដឹកនាំធ្វើឲ្យមានការអភិវឌ្ឍន័គ្រប់ទីកន្លែង ។
សូមបញ្ជាក់ថា បើតាមប្រសាសន៍របស់ លោកឧត្តមសេនីយ៍ទោ មាស ប៊ុនឡី លោកនឹងកៀងគរ ស្វែងរកលទ្ធភាព និងថវិការ ដើម្បីជួយកសាង និងជួសជុល ផ្លូវ ដែលខូចខាតផ្សេងៗទៀតនៅក្នុងឃុំកំណើតរបស់លោកទាំងមូលពីសំណាក់យុវជន និងមន្ត្រីបន្តវេណជំនាន់ក្រោយឲ្យយកការចេះដឹងនិងផលប្រយោជន៍ពីការងាររបស់ខ្លួនទៅបម្រើពលរដ្ឋ យើងវិញ។ ចុងបញ្ចប់គណៈអធិបតី ក៏បានចែកសារុងជូនប្រជាពលរដ្ឋ ផ្តល់វត្ថុអនុស្សាវរីយ៍ដល់ប្រជាការពារនិងអាជ្ញាធរដែលបានចូលរួមសរុប៥៥៩នាក់ ម្នាក់បានសារុងមួយ និងកាត់ខ្សែបូសម្ពោធសមិទ្ធិផលផ្លូវលំលូទឹកដើម្បីបើកឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ ៕ អានបន្ត
រថយន្តថៃបើកបុកជាមួយរថយន្តខ្មែរនៅទឹកដីប្រទេសថៃខេត្តចាន់បូរីបណ្ដាលឱ្យស្ត្រីរងរបួសធ្ងន់ពេលបញ្ជូនទៅមន្ទីរពេទ្យចាន់បូរី មិនទន់ដល់មន្ទីរពេទ្យផងស្ត្រីរងគ្រោះបានស្លាប់តាមផ្លូវ
ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់ជាប្រពន្ធលោកអនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនម្នាក់រងរបួសធ្ងន់ ខណ:ពេលដែលប្រពន្ធលោកបានស្លាប់ ពេលគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តចាន់បូរី ប្រទេសថៃ បានស្លាប់តាមផ្លូវ មូលហេតុដោយគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តថៃបើកបុកជាមួយនឹងរថយន្តខ្មែរនៅលើទឹកដីប្រទេសថៃ ។
ថ្មីៗនោះខាងភាគីថៃជាអ្នកបើកបររថយន្តបានរងរបួសស្រាលហើយក៏បើកទ្វាររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍គ្រោះចរាចរណ៍ដោយរថយន្តថៃបុកជាមួយរថយន្តខ្មែរនោះបណ្តាលឱ្យប្រពន្ធលោក
អនុប្រធានមន្ទីរសុខាភិបាល ស្លាប់ដ៏គួរឱ្យរន្ធត់ បានកើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើបណ្តោយផ្លូវជាតិ ក្នុងស្រុកពោងណាំរ៉ន ខេត្តចាន់បូរី ប្រទេសថៃ ។
ប្រភពព័ត៌មានបានឱ្យដឹងថា៖ ស្ត្រីរងគ្រោះម្នាក់ដែលគ្រោះថ្នាក់ចរាចរណ៍ មានឈ្មោះ ឃាង ធារ៉ាថន អាយុ៤១ឆ្នាំ ជានាយកស្តីទីចាត់ការហិរញ្ញវត្ថុសាលាខេត្តប៉ៃលិន ប្តី ឈ្មោះ សៀក រតន: អាយុ៥០ឆ្នាំជាអនុប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន,បានរងរបួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យខេត្តចាន់បូរី ។ រីឯរថយន្តម៉ាកCRV ពណ៌ប្រាក់ មិនស្គាល់ស្លាកលេខ ទទួលរងការខូចខាតទាំង ស្រុង ។ ចំណែកអ្នកបើកបររថយន្តខាងភាគីថៃមិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុជននោះក៏បាបើកទ្វាររថយន្តគេចខ្លួនបាត់ ។
ប្រភពព័ត៍មានបន្តទៀតថា៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ បានបើកបររថយន្តរបស់ខ្លួន ម៉ាក CRV ពណ៌ប្រាក់ ក្នុងទិសដៅពីកើតទៅលិច ដោយឆ្លងព្រំដែនខេត្តប៉ៃលិនឆ្ពោះទៅខេត្តចាន់បូរី ប្រទេសថៃ លុះពេលកំពុងតែធ្វើដំណើរតាមដង ផ្លូវស្រាប់តែមានរថយន្តថៃ១គ្រឿងម៉ាកមីសុយមីស៊ីពណ៌សបើកបរវាជែងគ្នាក៏ជ្រុលទៅបុករថយន្តជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ និងស្លាប់តែម្តង ។
ចំណែករថយន្តទាំងពីរគ្រឿងទទួលរងការខូចខាតយ៉ាងធ្ងន់ហើយក៏ត្រូវបានសមត្ថកិច្ចថៃស្ទូចយកចេញពីផ្លូវទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។
បច្ចុប្បន្ន សពស្ត្រីរងគ្រោះ ត្រូវបានសាច់ញាតិទាក់ទងទៅខាងភាគីថៃ ដើម្បីដឹកសពត្រឡប់យក មកខេត្តប៉ៃលិន ដើម្បី រួចរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ អានបន្ត
ផ្លូវកៅស៊ូជាច្រើនកន្លែងក្លាយជាសំបុកមាន់និងបែកខ្ទេច រងការខូចខាត ព្រោះក្រុមឈ្មួញដឹកអាចម៍ដីលក់ស្នើសុំអាជ្ញាធរខេត្តជួយ ចាត់វិធានការផងទាន
ខេត្តប៉ៃលិន៖ ពលរដ្ឋដែល រស់នៅសង្កាត់ប៉ៃលិននិងសង្កាត់បរយ៉ាខា,ក្រុងប៉ៃលិនពួកគាត់បាន រិៈគន់ ទៅលើមន្ត្រីជំនាញរ៉ែ និងថាមពលខេត្ត ព្រមទាំងមន្ត្រីជំនាញសាធារណៈការខេត្តប៉ៃលិនថា, បណ្តែតបណ្តោយឲ្យក្រុមឈ្មួញបានដឹកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បិត្តសាធារណៈ និងប៉ះពាល់បរិស្ថាន បង្កជាអាចម៍ដីជ្រុះនៅលើដងផ្លូវ ពួកគាត់ពិបាកក្នុងការធ្វើដំណើរ ហើយបញ្ហាទាំងនេះអាជ្ញាធរខេត្ត និងមន្ទីរជំនាញហាក់មើលរំលង និងគ្មានចាត់វិធានការទប់ស្តាត់ ចំពោះរថយន្តទាំងនោះសោះ។
តាមប្រភពព័ត៌មានពីពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំងពីខាងលើបាននិយាយតៗគ្នានៅតាមហាងកាហ្វេថា៖ រយៈពេលជិតមួយខែមកនេះផ្លូវកៅស៊ូជាច្រើនខ្សែនៅក្រុងប៉ៃលិនបានក្លាយជាសំបុកមាន់និងរថយន្តបានកិន បែកផ្លូវកៅស៊ូ ,រងការខូចខាតយ៉ាងខ្លាំង ដោយសារតែរថយន្តដឹកអាចម៍ដីលក់ របស់ក្រុមហ៊ុនមួយចំនួន បានបំផ្លាញ ធ្វើឲ្យខូចខាតសម្បិត្តសាធារណៈ ប៉ះពាល់បរិស្ថាន ផ្លូវពិបាកធ្វើដំណើរ ហើយរថយន្តដឹកអាចម៍ដីលក់ មួយចំនួនមិនព្រមគោរពសេចត្តីណែនាំរបស់ក្រសួងជំនាញ ដែលបញ្ហានេះគឺអាជ្ញាធរខេត្ត ក៍ដូចមន្ទីរជំនាញខេត្ត មានភាពធូរលុងក្នុងការគ្រប់គ្រង់។
ប្រភពព័ត៌មាន បានបន្តថា៖ផ្លូវកៅស៊ូ ដែលរងការខូចខាតធ្ងន់ធ្ងរជាងគេបំផុត និងកើតមានក្រឡិកក្រឡុក ដូចសំបុកមាន់ គឺនៅភូមិបរយ៉ាខា ភូមិបរតាំងស៊ូ ភូមិប៉ាហ៊ីត្បូង នៃក្រុងប៉ៃលិន ហើយផ្លូវទាំងនេះ ទើបតែរងការខូចខាត ដោយសារតែរថយន្តធំតូច របស់ក្រុមហ៊ុនធ្វើអាជីវកម្មដឹកអាចម៍ដីលក់បើកឆ្លងកាត់ទៅមកៗ បង្កអោយបាក់ស្រុត ក្លាយជារណ្តៅធំៗ និងមានទឹកដក់ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក និងបង្កអោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។
ប្រភពព័ត៌មាន បានបន្តទៀតថា៖ ការដឹកអាចម៍ដីលក់ របស់ក្រុមឈ្មួញទាំងនោះ ភាគច្រើនមិនគោរពសេចត្តីណែនាំ របស់ក្រសួងរ៉ែនិងថាមពលនោះទេ ដូចជា ដឹកដីលើផ្លូវសាធារណៈ រថយន្តមិនគ្រប រថយន្តជ្រុះអាចម៍ រថយន្តដឹកលើសទម្ងន់ ជាដើម ហើយបញ្ហានេះពួកគាត់ស្នើសុំអាជ្ញាធរខេត្ត ក៍ដូចមន្ទីរជំនាញរ៉ែ និងថាមពល ,មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត មេត្តាចុះត្រួតពិនិត្យទីតាំងកាយអាចម៍ដីលក់ ណែនាំពីនិតិវិធីច្បាប់ ដល់ក្រុមឈ្មួញដឹកដីលក់ទាំងនោះផង កុំទៅតែពិនិត្យ ដោយពុំមានវិធានការនោះ ។
ពាក់ព័ន្ធបញ្ហានេះដែរលោក សុខ សួន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តប៉ៃលិន មានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែសីហា តាមទូរស័ព្ទថា៖ នៅពេលថ្មីៗនេះ លោកបានចុះទៅមើលនៅតាមការដ្ឋាន របស់ក្រុមឈ្មួញដឹកអាចម៍ដីទាំងនោះហើយ ដោយណែនាំឲ្យពួកគាត់ដាក់គម្រប់គ្របពីលើ បើសិនមិនអនុវត្តន៍ ខាងលោកមិនឲ្យបើកបរលើផ្លូវសាធារណៈនោះទេ លោកធ្វើដូច្នោះគឺដើម្បីបង្កើនប្រសិទ្ធិភាពការងារ(សូមស្តាប់ការលើកឡើងរបស់លោក សុខ សួន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តប៉ៃលិន )។
ចំណែកលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន ក៍មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៩ ខែសីហានេះថា៖ ចំពោះបញ្ហានេះកាលពីសប្តាហ៍មុនប្រជុំ គណៈអភិបាលខេត្ត គឺឯកឧត្តមអភិបាលខេត្តប៉ៃលិន បានប្រគល់ភារកិច្ចនេះឲ្យទៅអាជ្ញាធរដែនដី និងមន្ត្រីសមត្ថកិច្ចជាអ្នកចុះអនុវត្តន៍ ប្រសិនជាឃើញក្រុមរថយន្តទាំងនោះធ្វើខុសគោលការណ៍និងចុះចាប់ភ្លាមៗ ប៉ុន្តែខាងលោកមិនទាន់បានចុះសហការនៅឡើយទេ ចំណែកឯរថយន្តដឹកដីនៅតែដឹកដដែល ដោយមិនគិតពីខែវស្សា ប្រាំងនោះឡើយ៕ អានបន្ត
អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីចុះពិនិត្យផ្ទាល់ ផ្លូវដែលរងការខូចខាត ពិបាកធ្វើដំណើរ និងការរស់នៅរបស់ពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាពផ្លូវលេខ១២៣CC ស្ថិតនៅក្នុង ភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលផ្លូវមួយខ្សែនេះ បានទទូលរងការខូចខាត ពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
កំណត់ផ្លូវដែលត្រូវស្ថាបនាថ្មីឡើងវិញនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ជាផ្លូវបេតុងមានប្រវែង៩៧០ម៉ែត្រ និងទទឹងប្រវែង៦ម៉ែត្រ។ ជាមួយនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងធ្វើការរៀបចំដាក់បណ្តាញលូផងដែរ។
ពាក់ព័ន្ធនិងការបើកការដ្ឋានធ្វើផ្លូវ និងប្រព័ន្ធលូខាងលើនេះ អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យមន្ទីរសាធារណការ ប្រញាប់ដាក់គ្រឿងចក្រ ឈូសឆាយស្ថាបនាឲ្យបានលឿនបំផុត និងសូមការយោគយល់ពីប្រជាពលរដ្ឋផងដែរ ជុំវិញផលប៉ះពាល់ និងការរំខាននៅពេលការដ្ឋានចាប់ផ្តើមដំណើរការ។
ក្រោយពីបញ្ចប់ការពិនិត្យមើលស្ថានភាពផ្លូវលេខ១២៣CCនេះហើយ លោក ឃួង ស្រេង ក៏បានបន្តដំណើរចុះសួរសុខទុក្ខ និងពិនិត្យមើលការចាត់ចែង ការដឹកទឹកស្អាតចែកចាយ ជូនប្រជាពលរដ្ឋនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យបន្តទៀត។
លោក ឃួង ស្រេង ក្នុងឱកាសនោះ បានបញ្ជាក់ថា ការចុះមកសួរសុខទុក្ខ និងពិនិត្យមើលការចាត់ចែងការដឹកទឹកស្អាតចែកចាយជូនប្រជាពលរដ្ឋនេះ គឺលោកចង់ដឹងនិងមើលឲ្យឃើញពី ស្ថានភាពការរស់នៅ ការខ្វះខាត និងការចង់បានរបស់បងប្អូនប្រជាពលរដ្ឋជាក់ស្តែង។ នៅពេលដឹងពីការចង់បានរបស់ប្រជាណលរដ្ឋហើយ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ដែលជាម៉ែជាឪរបស់ប្រជាពលរដ្ឋ យើងចុះផ្តល់ជូនប្រជាពលរដ្ឋតែម្តង។
ជាក់ស្តែង នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ប្រជាពលរដ្ឋនៅក្នុងភូមិនេះ មិនទាន់មានប្រព័ន្ធទឹកស្អាតទៅដល់ សម្រាប់ប្រើប្រាស់នោះ ទើបរដ្ឋបាលរាជធានីភ្នំពេញ បង្កើតឲ្យមានរថយន្តដឹកទឹកជូនប្រជាពលរដ្ឋ ដល់តាមខ្នងផ្ទះតែម្តង ជាមួយនឹងតំលៃរដ្ឋ។
ក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានជម្រុញឲ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ពិសេសមន្ត្រីដែលអនុវត្តលើការងារនេះបន្ថែមជើងរថយន្ត ក្នុងការដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ។ លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា នៅរដូវប្រាំងខាងមុខនេះ អាជ្ញាធរ និងបន្ថែមរថយន្តដឹកទឹកនេះបន្ថែមទៀត ពោលគឺទាំង៨ភូមិ ដែលមិនមានទឹកម៉ាស៊ីនប្រើប្រាស់ អាច១ភូមិមានរថយន្តដឹកទឹក១គ្រឿង ដើម្បីដឹកទឹកចែកចាយឲ្យទាន់ចិត្តប្រជាពលរដ្ឋ៕
អានបន្ត
គ.ជ.ប ខេត្តកណ្តាល និងរដ្ឋបាលខេត្ត រៀបចំសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨
(កណ្តាល)៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកណ្តាល និងរដ្ឋបាលខេត្ត បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ ក្រោមវត្តមានលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងលោក គឹម ហុង ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្តកណ្តាល។
នៅក្នុងឱកាសនេះដែរ លោកបណ្ឌិត ម៉ៅ ភិរុណ បានថ្លែងនូវការកោតសរសើរចំពោះគណៈកម្មការជាតិរៀបចំការបោះឆ្នោតខេត្ត និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែងបំពេញការងាររបស់ខ្លួន ជាច្រើនប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់បំផុត ធ្វើឱ្យការងារបោះឆ្នោតសម្រេចបានជោគជ័យ។
លោកបណ្ឌិត ម៉ៅ ភិរុណ ក៏សូមថ្លែងនូវការកោតសរសើរដោយស្មោះចំពោះ គណបក្សនបាយទាំងអស់ដែលបានចូលរួមប្រគួតប្រជែង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ ប្រកបដោយសេចកក្តីថ្លៃថ្នូរ មានលក្ខណៈចាស់ទុំខាងនយោបាយ និងលទ្ធិប្រជាធិបតេយ្យ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ជោគជ័យនៃការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតីកាលទី៦នេះ បានឆ្លុះបញ្ចាំង ឱ្យឃើញនូវសមត្ថភាព បទពិសោធន៍ ការងាររៀបចំការបោះឆ្នោត របស់គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត និងមានកិច្ចសហការ សម្របសម្រួលយ៉ាងជិតស្និតជាមួយតួអង្គពាក់ព័ន្ធនានា ជំនះបាននូវការលំបាកមួយចំនួន ដែលបានជួបប្រទះផងដែរ។
ជាមួយគ្នានេះដែរលោក គឹម ហុង បានថ្លែងថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ មណ្ឌលខេត្តកណ្តាល មានគណបក្សនយោបាយឈរឈ្មោះចំនួន១៧គណបក្ស។
លោកបន្តថា ក្នុងដំណាក់កាលឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃកន្លងទៅ គណបក្សទាំង១៧ សុទ្ធតែបានរៀបចំកម្មវិធីឃោសនា របស់ខ្លួនគ្រប់ៗគ្នា គ្រាន់តែគណបក្សខ្លះធ្វើការឃោសនាទ្រងទ្រាយធំ ខ្លះធ្វើទ្រង់ទ្រាយតូច ប៉ុន្តែជារួមបានប្រព្រឹត្តទៅយ៉ាងរលូន តាំងពីចាប់ផ្តើមរហូតដល់ទីបញ្ចប់ដោយពុំមានការរារាំង និងគ្មានអំពើហឹង្សាអ្វីកើតឡើយ។ លោកបន្តទៀតថា ក្នុងចំណោមអ្នកមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតមណ្ឌលខេត្តកណ្តាល មានចំនួន៧៣២.៥៧២នាក់ បានមកបោះឆ្នោតចំនួន៦៣២.២៥១នាក់ ស្មើនឹង៨៦,៣១%៕
អានបន្ត
បច្ចុប្បន្នសំរាមនិងកាកសំណល់គឺជាបញ្ហាប្រឈមមួយ ដែលអាជ្ញាធរកំពុងផ្តោតការយកចិត្តទុកដាក់
កំពត ៖ សំរាមនិងកាកសំណល់នានា បច្ចុប្បន្នបានក្លាយជាប្រធានបទយ៉ាងក្តៅគគុក ខណៈដែលមហាជនបានចាត់ទុកជាបញ្ហាប្រឈមមួយគួរតែអាជ្ញាធរជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ។
ផ្តើមចេញពីភាពអសកម្មជាច្រើនទាក់ទងនឹងករណីការបោះចោលសំរាមនិងកាកសំណល់នៅតាមទីសាធារណៈកន្លងមក បើទោះជាអាជ្ញាធរក្នុងតំបន់និមួយៗក្នុងខេត្តកំពត បាននិងកំពុងជំរុញដល់មហាជនគ្រប់ស្រទាប់ឲ្យជ្រួបជ្រាបពីកត្តាអនាម័យបែបណា ប៉ុន្តែគេនៅតែកត់សម្គាល់ឃើញប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនហាក់យល់ដឹងនៅមានកម្រិតនៅឡើយ ។ ម្ល៉ោះហើយការលួចយកសំរាម ឬកាកសំណល់ផ្សេងៗយកទៅប្លុងចោលនៅតាមទីសាធារណៈ និងតាមចិញ្ចើមផ្លូវបាននិងកំពុងកើតមានជាហូរហែរមិនថានៅតាមទីប្រជុំជន ឬទីជនបទឡើយ។ ម្យ៉ាងទៀត បើតាមមជ្ឈដ្ឋានជាច្រើនបានលើកឡើងថា ការយកសំរាមទៅបោះចោលរប៉ាត់រប៉ាយតាមចិញ្ចើមផ្លូវសាធារណៈ គឺច្រើនកើតមាននៅពេលយប់ស្ងាត់ ដោយគេតែងតែសង្កេតឃើញពលរដ្ឋមួយចំនួនបានដឹកសំរាមនិងកាកសំណល់ទាំងនោះតាមម៉ូតូចេញពីលំនៅដ្ឋាន រួចយកទៅប្លុងចោលនៅតាមចិញ្ចើមផ្លូវជាតិ ឬតាមទីតាំងដីទំនេរជាដើម។
មជ្ឈដ្ឋានដដែលបានទម្លាយទៀតថា អ្នកដែលលួចយកសំណល់គ្រប់ប្រភេទបោះចោលពាសវាលពាសកាលនោះ ភាគច្រើនតែមនុស្សដដែលៗ ដោយពួកគាត់មានលំនៅឋានក្នុងទីប្រជុំ តែបាននាំយកកាកសំណល់ទាំងនេះបោះចោលតាមតំបន់ជនបទ ពិសេសតាមចិញ្ចើមផ្លូវជាតិលេខ៣៣ នៃភូមិសាស្ត្រស្រុកកំពង់ត្រាច។
ជាមួយនឹងគំនរសំរាមដែលកើតមាននៅតាមមូលដ្ឋានដូចខាងលើ ត្រូវបានគេដឹងថា ច្រើនតែដឹកមកចាក់ចោលនៅពេលយប់ ស្របពេលកម្លាំងមូលដ្ឋានមិនទាន់មានគ្រប់គ្រាន់ សម្រាប់ការឃ្លាំមើលពីសកម្មភាពនោះ ហើយនេះជាការធម្មតាទេ ពេលណាមានគេលួចចាក់សំរាមពាសពេញផ្លូវ ក៏មានអ្នកចាំសម្អាតដែរ ព្រោះអ្នកខ្លះគេស្រលាញ់បរិស្ថាន ស្រលាញ់ធម្មជាតិ និងចូលចិត្តការរស់នៅស្អាតប្រកបដោយអនាម័យ។
ពាក់ព័ន្ធនឹងការបោះចោលសំរាម និងកាកសំណល់គ្មានសណ្តាប់ធ្នាប់នេះ អាជ្ញាធរ ក៏ដូចជាជំនាញគ្រប់លំដាប់ដថ្នាក់ សូមអំពាវនាវ និងសំណូមពរដល់អស់លោកឈប់យកសំរាម កាកសំណល់ទៅប្លុង ឬបោះចោលនៅតាមដងផ្លូវ និងទីសាធារណៈទៀត ដើម្បីជៀសវាងនូវការផាកពិន័យតាមផ្លូវច្បាប់របស់អាជ្ញាធរ៕ អានបន្ត
មន្ត្រីជំនាញខេត្តប៉ៃលិន ចុះត្រួតពិនិត្យជញ្ជីងអាជីវករ និងដាក់ជញ្ជីងយុត្តិធម៌នៅផ្សារប៉ាងរលឹម ដើម្បីផ្តល់សុក្រិតភាពជូនពលរដ្ឋ
ប៉ៃលិន ៖ ប្រជាពលរដ្ឋ អាជីវករ និងអតិថិជនបានបង្ហាញការអបអរសាទរចំពោះមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យរង្វាស់រង្វាល់ជញ្ជីងរបស់អាជីវករ ព្រមទាំងយកជញ្ជីងយុត្តិធម៌មកដាក់នៅផ្សារប៉ាងរលឹម ស្ថិតក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីផ្តល់នូវសេវាសាធារណៈមួយប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ សុក្រិតភាព តម្លាភាពជូនដល់ប្រជាពលរដ្ឋ។
សកម្មភាពនេះបានធ្វើឡើងនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ក្រោមការដឹកនាំដោយ លោក អ៊ុក ទូច ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត និងលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន។
ប្រជាពលរដ្ឋដែលជាអ្នកទិញបានគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ជញ្ជីងយុត្តិធម៌នៅផ្សារប៉ាងរលឹមរបស់មន្ត្រីជំនាញនានេះ គឺធ្វើឱ្យរូបគាត់ ក៏ដូចជាប្រជាពលរដ្ធទាំងអស់ ដែលបានមកទិញទំនិញនានាពីផ្សារទៅ គឺមិនមានការព្រួយបារម្មណ៍ពីការថ្លឹងទំនិញ ជាពិសេសគឺមានទំនុកចិត្តថា ទំនិញដែលពួកគាត់ទិញទៅគឺគ្រប់គីឡូ គ្មានការកេងប្រវ័ញ្ចភ្នែកជញ្ជីងពីអាជីវករ។
ចំណែកក្រុមអាជីវករលក់បន្លែ មាន់ ត្រី សាច់ នៅក្នុងប៉ាងរលឹម ក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់មន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត ដែលបានចុះមកត្រួតពិនិត្យមើលជញ្ជីងរបស់អាជីវករពួកគាត់ និងបានដាក់ជញ្ជីងយុត្តិធម៌នៅក្នុងផ្សារនេះ ដែលធ្វើឱ្យមានទំនុកចិត្តទាំងអាជីវករ និងអ្នកទិញ។
លោក ស៊ុន យី អភិបាលក្រុងប៉ៃលិន បានថ្លែងអំណរគុណដល់មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដែលយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានរៀបចំដាក់ជញ្ជីងយុត្តិធម៌សម្រាប់ឱ្យប្រជាពលរដ្ឋទាំងអ្នកទិញ និងអាជីវករលក់នៅក្នុងផ្សារ ទទួលបានភាពយុត្តិធម៌ និងស្មើភាពគ្នា ហើយលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែមកទិញទំនិញនានា នៅក្នុងផ្សារព្រំថ្មី សូមកុំមានការព្រួយបារម្ភណ៍ការកេញប្រវ័ញ្ញភ្នែកជញ្ជីងទៀត ព្រោះពេលនេះ មន្ត្រីជំនាញ បានដាក់ជញ្ជីងយុត្តិធម៌ នៅក្នុងផ្សារហើយ។
លោក ដួង អ៉ិម អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានឱ្យដឹងថា ការយកជញ្ជីងយុត្តិធម៌មកដាក់នៅផ្សារប៉ាងរលឹមនាពេលនេះ គឺពិតជាមានសារសំខាន់ណាស់ដល់ប្រជាពលរដ្ឋជាអ្នកទិញ និងអាជីវករជាអ្នកលក់ ដើម្បីផ្តល់នូវសេវាសាធារណៈមួយ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ សុក្រិតភាព តម្លាភាព ជាពិសេសផ្តល់ជំនឿចិត្តគ្នា ជៀសវាងការកេងប្រវ័ញ្ច ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបានបន្តថា ផែនការបន្តរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត គឺនឹងបន្តចុះត្រួតពិនិត្យរង្វាស់រង្វាល់នៅតាមផ្សារទូទាំងខេត្តប៉ៃលិនឱ្យបានជាប្រចាំ ហើយក្នុងនោះមន្ត្រីជំនាញនឹងបន្តចុះពិនិត្យរង្វាស់រង្វាល់តាមការ៉ាស់សាំង និងជញ្ជីងថ្លឹងកសិផល តាមសៃឡូទទួលទិញកសិផលពីប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា នៅខេត្តប៉ៃលិនគឺមានផ្សារធំៗចំនួន៤ ដែលបានដាក់ជញ្ជីងយុត្តិធម៌រួចរាល់ គឺទី១-ផ្សារសាលាក្រៅ ទី២-ផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ទី៣-ផ្សារព្រំថ្មី និងទី៤-ផ្សារប៉ាងរលឹម ដែលមន្ត្រីជំនាញរបស់មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តដាក់ជញ្ជីងនាពេលនេះ៕ អានបន្ត
រដ្ឋបាលព្រៃឈើសហការជាមួយនឹងប៉េអឹមចុះចាប់ឃាត់គ្រឿងចក្រជីកកកាយដីភ្នំ២កន្លែង
ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍ បានឱ្យដឹងថា សមត្ថកិច្ចប៉េអឹមខេត្ត បានសហការជាមួយនឹង ខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានចុះទៅធ្វើការឃាត់គ្រឿងចក្រ និងរថយន្តដែលជីកកកាយដីភ្នំខុសច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ការចុះបង្ក្រាបនេះ ដកហូតរថយន្តដឹកដីចំនួន៣គ្រឿង គ្រឿងចក្រជីកកកាយដីចំនួន២គ្រឿង រថយន្តដឹកគ្រឿងចក្រ១គ្រឿង និងអ្នកបើកបរចំនួន៤នាក់ យកទៅសួរនាំ ។
ហេតុការណ៍ចុះឃាត់ម្ចាស់រថយន្ត និងរថយន្តដឹកដីនេះ បានធ្វើឡើងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៨ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មាន មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានបង្ហើបឱ្យដឹងថា ម្ចាស់គ្រឿងចក្រ ដែលធ្វើស កម្មភាពជីកកកាយដីភ្នំមានឈ្មោះ លីន ស្នាក់នៅក្នុងភូមិខាងលើ ហើយបានធ្វើសកម្មភាពជីកកកាយដីភ្នំដឹក លក់នៅតាមភូមិជារៀងរាល់ថ្ងៃ បណ្តាលឱ្យខូចទ្រង់ទ្រាយយ៉ាងដំណំ ។ ប្រភពបន្តទៀតថា បន្ទាប់ពីទទួលបា នសេចក្តីរាយការណ៍ កម្លាំងប៉េអឹមខេត្ត សហការជាមួយនឹងខាងរដ្ឋបាលព្រៃឈើចុះទៅធ្វើការបង្ក្រាបតែម្តង ។ ក្រុមឈ្មួញធ្វើការជីកកកាយដីភ្នំដឹកលក់នេះ ធ្វើឡើងចំនួន២កន្លែងក្បែរគ្នា ទី១. ស្ថិតនៅខាងក្រោយអនុវិទ្យាល័យផ្សារព្រំ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ និងទី២. ស្ថិតនៅចំណុចដីថ្មី ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ។
ប្រភពបញ្ចាក់ទៀតថា បន្ទាប់ពីស្ងាត់សកម្មភាពរយ:ពេលប៉ុន្មានសប្តាហ៍កន្លងទៅ ស្រាប់តែក្រោយ មកថ្មីៗនេះ ក្រុមឈ្មួញសម្រុកនាំគ្នាជីកកកាយដីភ្នំដឹកលក់យ៉ាងគគ្រឹកគគ្រេង ដោយគ្មានខ្លាចញញើតនឹងច្បាប់អ្វីនោះឡើយ ខណ:ដីស្ទើររាប ក៏ដូចជាដីភ្នំនៅគ្រប់កន្លែងនៅក្នុងភូមិខាងលើ មានការឡើងថ្លៃយ៉ាងគំហុ កគួរឱ្យកត់សម្គាល់ ។
ទោះបីជាយ៉ាងណាក៏ដោយ ខាងជំនាញខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានឃាត់ខ្លួនអ្នកបើកបររថយន្តចំនួន៤នាក់ យកទៅការិយាល័យរដ្ឋបាលព្រៃឈើ ដើម្បី សាកសួរ និងរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ឱ្យចាត់ការតាមនីតិវិធី រីឯរថយន្ត និងគ្រឿងចក្រជីកកកាយដីទាំងអស់ ត្រូវបានជំនាញយកទៅរក្សាទុកនៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រង់ចាំធ្វើការដោះស្រាយ ៕ អានបន្ត
គ.ជ.ប នឹងរៀបចំបណ្តុះបណ្តាលមន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត បក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨» រយៈពេល៣ថ្ងៃ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រី នៃលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (លធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរាជរដ្ឋាភិបាល ស្តីពី «ការពីនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨»។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅរសៀលថ្ងៃទី៣០ ខែសីហានេះ។
កម្មវិធីនឹងធ្វើឡើងរយៈពេល៣ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨៖០០នាទីព្រឹក នៅសាលសន្និសីទ គ.ជ.ប អគារថ្មី ដែលមានទីតាំងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទល់មុខពុទ្ធិសាសនបណ្ឌិត្យ។
សម្រាប់ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖ អានបន្ត
ព្រោះតែសេចក្ដី ស្រលាញ់ គោរព ប្អូនស្រីជាកម្មការិនីម្នាក់បាន កាន់ទូរស័ព្ទដៃម៉ាកអិនចុចពិល ដែល មានកាមេរ៉ាមកសុំសម្តេចថតរូប សម្តេចបានសួរថា អានឹងថតរូបបានដែរក្មួយ ?
ដោយជាវេទយិត្តភាពរបស់សម្តេចដែលលោកឆាប់ចាប់បាន នឹងវិភាគបានភ្លាមៗ ហើយឆ្លើយតបបានភ្លែតៗ នូវអ្វីដែលកើតមានឡើងចំពោះមុខឬតាមការស្តាប់ឮ នេះបានសមជាមេដឹកនាំរហ័សរហួននឹងមានសមត្ថភាព ។
សម្ដេចតេជោ ហ៊ុនសែន បិតាសន្តិភាព ( Hun Sen ) បានផ្តល់ថវិកាមួយចំនួនសម្រាប់ទិញទូរសព្ទ័ស្មាត ហ្វូន មួយដើម្បីប្អូនស្រីបានប្រើប្រាស់និងថតរូបបានស្អាតដូចគេ ។
នាងយំហ៊ូតែម្តង រំភើបពេក និយាយមិនចេញ គិតតែពីយំ ព្រោះគោលបំណងគ្រាន់តែមកសុំថតជាមួយសម្តេចមួយប៉ុស្តិ តែប៉ុណ្ណោះ គ្មានចេតនាសុំ រឺចង់បានផលប្រយោជន៍អីទេ នេះជាសំណាងមួយមិនខុសពីភ្លើងកំពង់ឆេះផ្ទះ ស្រាប់តែទេវតា ប្រទានភ្លៀងមួយមេធំមក រលត់ភ្លើងអស់នោះទេ ។
ព្រហ្មវិហារធម៌ គុណធម៌ ពីធម្មជាតិ របស់ថ្នាក់ដឹកនាំកម្ពុជា គឺសម្ដេចតេជោ ហ៊ុនសែន ដែលកើតចេញពីត្រកូលកសិករ ពិតប្រាកដ គឺជាភាពរឹងមាំក្នុងការដឹកនាំ ប្រទេសដ៏កំសត់ មួយនេះ រស់ក្រោមម្លប់សន្តិភាព ទៅកាន់ការអភិវឌ្ឍដ៏អស្ចារ្យ ៕ អានបន្ត
ពិធីសំណេះសំណាលរបស់ប្រតិភូឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនៅសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកំពត
កំពត ៖ យើងជាមន្ត្រីតុលាការ ចៅក្រមឬព្រះរាជអាជ្ញា ត្រូវដឹងថា បើយើងជិតដល់ឆ្នាំត្រូវផ្លាស់ប្តូរទៅកាន់ខេត្តឬ រាជធានីផ្សេង រាល់សំណុំរឿងដែលយើងកាន់ត្រូវធ្វើឲ្យហើយ ដើម្បីអ្នកមកទទួលការងារក្រោយ កុំឲ្យរវល់តែអនុវត្តរឿងចាស់ ឯរឿងថ្មីកើតឡើងនៅកកស្ទះក្នុងការដោះស្រាយជូនប្រជាពលរដ្ន។
នេះជាការលើកឡើងរបស់លោក សេង ប៊ុនឃាង ប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីតុលាការខេត្តកំពត កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅក្នុងសាលប្រជុំសាលាដំបូងខេត្ត ក្រោមអធិបតីយភាព លោកស្រី ប៊ុន្នីញ ប៊ុណ្ណារី ប្រធានប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ របៀបវីរៈនៃអង្គពិធីសំណេះ
សំណាលនាពេលនោះ ជាកិច្ចចាប់ផ្តើមកម្មវិធី លោក ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តបានធ្វើរបាយការណ៍សង្ខេបជូន ប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អំពីលទ្ឋផលរួមដែលមន្ត្រីតុលាការសាលាដំបូងខេត្តអនុវត្តទទួលបានសម្រេចគួរឲ្យកត់សម្គាល់នាពេលកន្លងមកនេះ ។ ជាមួយគ្នានេះដែរ ទន្ទឹមនិងការអនុវត្តរាល់សំណុំរឿងនាពេលកន្លងមកទទួលបានជោគជ័យយ៉ាងនេះក្តីក៏យើងពិនិត្យឃើញមានសំណុំរឿងខ្លះ ដែលមិនទាន់បានដោះស្រាយចប់ផងដែរ ដោយសំណុំរឿងខ្លះជនល្មើសពាក់ពន្ឋ័ជាមួយការចុះស៊ើបអង្កេតនៅខេត្តឆ្ងាយពីគ្នា។
លោកបានបន្តថា ប៉ុន្តែទោះបីមានឧបសគ្គក្នុងការចុះស៊ើបអង្កេតយ៉ាងណាក្តីក៏រាល់សំណុំរឿងទាំងអស់នោះសាលាដំបូងខេត្តកំពត នៅតែអនុវត្តរាល់សំណុំរឿងនោះទទួលបានជោគជ័យគួរឲ្យកត់សម្គាល់នាពេលកន្លងក៏ដូចជាបច្ចុប្បន្ននេះ។
លោក ឯក ឆេងហួត ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពត ក៏បានថ្លែងជម្រាបដល់ប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្នុងពិធីជួបសំណេះសំណាលនាពេលនេះផងដែរ អំពីការអនុវត្តរាល់កិច្ចការដោះស្រាយសំណុំរឿង អំពីករណីត្រូវឃុំខ្លួន ជនត្រូវចោទ អំពីការសហការជាមួយស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធក្នុងការចុះអនុវត្តនីតិវិធីច្បាប់ នាពេលកន្លងមកក៏ដូចជាពេលបច្ចុប្បន្នឃើញថាមានការសហការល្អ ហើយទទួលបានសម្រចលទ្ឋផលជាផ្លែផ្កាផងដែរ។ លោកព្រះរាជអាជ្ញាក៏បានលើកឡើងផងដែរ អំពីចំណុចខ្វះខាតមួយចំនួនដែលមិនទាន់បានដោះស្រាយ ដោយមានមូលហេតុជាច្រើនដូចជាការចុះស៊ើបអង្កេតស្រាវជ្រាវមានការយឺតយ៉ាវ ជាដើម ទើបបណ្តាលឲ្យមន្ត្រីអនុវត្តច្បាប់យើងនៅមានការយឺតយ៉ាវក្នុងការអនុវត្តនីតិវិធីច្បាប់ខ្លះៗ ប៉ុន្តែទោះបីយ៉ាងណាក៏រាល់សំណុំរឿងមន្ត្រីយើងដែលមានកន្លងមកមន្ត្រីយើងខិតខំប្រឹងអនុវត្តទទួលបានជោគជ័យជាច្រើនករណីផងដែរ។
លោកស្រី ប៊ុន្នីញ ប៊ុណ្ណារី ប្រធានប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានថ្លែងការកោតសរសើរដល់លោកព្រះរាជអាជ្ញាសាលាដំបូងខេត្តនិងលោកប្រធានសាលាដំបូងខេត្ត ដែលបាននិងខិតខំបំពេញរាល់កិច្ចការអនុវត្តនីតិវិធីច្បាប់សម្រេចបានជោគជ័យនាពេលន្លងមកក៏ដូចនាពេលបច្ចុប្បន្ននេះ ទាំងការសហការ ការងារជាមួយស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តច្បាប់បានល្អគួរឲ្យកត់សម្គាល់។ រាល់ការសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទក៏មានការសាមគ្គីភាពផ្ទៃក្នុងបានល្អ នេះគឺជាជំហរដ៏ល្អសំរាប់ថ្នាក់ដឹកនាំក្នុងប្រព័ន្ធតុលាការរបស់យើង។
ជាមួយគ្នានោះដែរ លោកជំទាវប្រធានប្រតិភូក៏បានសំណូមពរទៅលោក ប្រធានលេខាធិការដ្ឋានខេត្តកំពតដែលជាសេនាធិការឲ្យប្រធានតុលាការខេត្តនិងព្រះរាជអាជ្ញាថាៈគួរធ្វើយ៉ាងណាឲ្យមានភាពរលូនដល់សាលាជម្រះក្តីរាល់ការលំហូរសំណុំរឿងក្តីឲ្យមានតម្លាភាព។
ពាក់ព័ន្ធនឹងលោកប្រធានសាលាដំបូង និងលោក ព្រះរាជអាជ្ញាគួរធ្វើពិធីប្រជុំផ្ទៃក្នុងឲ្យបានញឹកញាប់ដើម្បីរកដំណោះស្រាយរាល់បញ្ហាប្រឈម។ លោកស្រី ក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំនិងមន្ត្រីសាលាដំបូងខេត្តដែលមានវត្តមានជួបសំណេះសំណាលនាពេលនេះគឺសុទ្ឋតែជាមន្ត្រីជំនាញផ្នែកអនុវត្តច្បាប់ទាំងអស់ដូច្នេះយើងត្រូវ ខិតខំបន្តទៀតដោយយកគំរូបទពិសោធន៍ល្អៗពីរៀមច្បងយើងដែលគេធ្លាបមានបទពិសោធន៍ក្នុងការងារនេះ ហើយជាពិសេសត្រូវសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អទើបរាល់កិច្ចការដែលជាការងារស្នូលរបស់យើងទទួលបានជោគជ័យទាំងអស់គ្នា។ នៅទីបញ្ចប់លោកស្រីក៏បាន ជូនពរដល់លោក លោកស្រី អស់លោកដែលមានវត្តមានក្នុងពិធីសំណេះសំណាលនាពេលនេះ សូមឲ្យមានសុខភាពល្អ អាយុយឺនយូរ និងសម្រេចបានជោគជ័យថ្មីៗថែមទៀត៕ អានបន្ត
លោក ជាវ តាយ បានជំរុញដល់មន្ត្រីរាជការទាំងអស់ត្រូវតែមានស្មារតីទទួលខុសត្រូវ អនុវត្តដោយការងារដោយតម្លាភាព និងសាមគ្គីផ្ទៃក្នុង
កំពត ៖ ក្នុងនាមជាមន្ត្រីរាជការក្នុងខេត្តកំពត ត្រូវមានស្មារតីទទួលខុសត្រូវទាំងអស់គ្នា ហើយត្រូវអនុវត្តគោលការណ៍រូមគ្នា ធ្វើដោយតម្លាភាព និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។
ការលើកឡើងបែបនេះជាប្រសាសន៍ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំ គណៈអភិបាលខេត្តប្រចាំខែសីហា និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញទូទាំងខេត្ត និងអភិបាលក្រុង-ស្រុក ព្រមទាំងសមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន៩៨នាក់។
ជាមួយនេះ លោក ជាវ តាយ ក៏បានជំរុញឲ្យមន្ទីរអង្គភាព និងអង្គភាពចំណុះនៅតាមបណ្តាស្រុកត្រូវបង្កើតយន្តការដូចនៅខេត្តដែរ ពោលបើរចនាសម្ព័ន្ធនៅខេត្តមាន នៅក្រុង-ស្រុកត្រូវតែមានដូចគ្នា ហើយគណៈអភិបាលស្រុក ដែលមានអភិបាលរង៤និងគណៈអភិបាល១ត្រូវតែខិតខំអនុវត្តការងារឲ្យបានប្រសើរ។លោកថា មន្ត្រីរាជការទាំងអស់សុទ្ធតែមានស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ សហការគ្នាឲ្យបានល្អដើម្បីដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ និងធ្វើដោយតម្លាភាព ផ្ទៃក្នុង អ្នកដែលធ្វើគឺអ្នកនោះនឹងទទួលផល បានន័យថាអ្នកខិតខំអនុវត្តការងារនឹងត្រូវបានលើកតម្កើងក្នុងការងារដឹកនាំ។
លោកអភិបាលខេត្ត ក៏បានដាស់តឿនដល់មន្ត្រីក្រោមឱវាទទូទាំងខេត្តកំពត ខិតខំបំពេញតួនាទីជាមន្ត្រីល្អ បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយលោកក៏សង្ឃឹមថា លោក លោកស្រីពិតជាមានឆន្ទៈជួយរាជរដ្ឋាភិបាល អាណតិ្តទី៦នេះ ហើយយើងនឹងរួមគ្នាបម្រើ យើងនឹងដោះស្រាយយន្តការនៅក្នុងខេត្តរបស់យើងឲ្យមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ ដោយយើងមិនអាចចាំពេលវេលាទេ ហើយពេលវេលាក៏មិននៅចាំយើងដែរ យើងត្រូវខិតខំដើរស្រុះគ្នា ដើម្បីឆ្ពោះទៅដោះស្រាយដើម្បីប្រជាពលរដ្ឋនៅទូទាំងខេត្តកំពតរបស់យើង៕ អានបន្ត
អភិបាលខេត្តព្រះសីហនុ អញ្ជើញបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨
ព្រះសីហនុ ៖ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌល គឹង សុខា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង ព្រះសីហនុ ព្រឹកថ្ងៃពុធទី២៩ ខែសីហា ឆ្នាំ២០១៨ ដោយមានការចូលរួមតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិលចូលរួមយ៉ាងច្រើនកុះករ។
លោក ហួត ផុន បានមានប្រសាសន៍ស្វាគមន៍ បើកសន្និបាតបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដោយអនុវត្តតាមច្បាប់ បទបញ្ជា នីតិវិធី ប្រតិទិន និងលិខិតបទដ្ឋានពាក់ព័ន្ធរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មតិជាតិ អន្តរជាតិ គណបក្សនយោបាយ ភ្នាក់ងារសង្កេតការណ៍បានវាយតម្លៃថា ការបោះឆ្នោតដំណើរការរលូន មានសន្តិសុខ សុវត្ថិភាព មានគណបក្សនយោបាយចំនួន១៤ ចូលរួមប្រកួតប្រជែង ក្នុងចំណោមគណបក្សនយោបាយ២០ នៅទូទាំងប្រទេស មានការិ យាល័យបោះឆ្នោតចំនួន២៩៨ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ១២៤.០៧២នាក់ ប្រជាពលរដ្ឋមកបោះឆ្នោតមានចំនួន ១០២.៩៩៣នាក់ ស្មើនឹង ៨៣.០១ ភាគរយ។
ឯកឧត្តម យន្ដ មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍បូកសរុបការងារបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លង មក ត្រូវបានសាធារណមតិជាតិ អន្តរជាតិធ្វើការវាយតម្លៃថា មានលក្ខណៈល្អប្រសើរជាងការបោះឆ្នោតមុនៗនៅកម្ពុជា កាន់តែមានលក្ខណៈបើក ចំហរ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ការពារបាននូវសុខសុវត្ថិភាពល្អប្រសើរ ។
ឯកឧត្តម យន្ដ មីន បានបន្តថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមកោតសរសើរគណៈកម្មការបោះឆ្នោតខេត្ត បានបំពេញការងារទទួល ខុសត្រូវ ធានាឱ្យគណបក្សនយោបាយ អង្គការនានាទទួលស្គាល់នូវលទ្ធផលនៃការបោះឆ្នោតប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព និងឆ្លុះបញ្ចាំងនូវភាពចាស់ទុំខាង នយោបាយ ដើម្បីបន្តអភិវឌ្ឍន៍សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រឈានឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយនិរន្តរភាព ជំរុញដំណើរការកែទម្រង់នៃរដ្ឋបាលខេត្ត ដោយឈរលើវប្បធម៌ សង្គម និងទស្សនៈនយោ បាយរបស់កម្ពុជា៕ អានបន្ត
អភិបាលខេត្តកំពតចេញមុខអះអាងថាស្វែងរកលទ្ធភាពតបណ្តាញទឹកស្អាតជូនពលរដ្ឋឲ្យបានលឿនបំផុត
កំពត ៖ រដ្ឋបាលខេត្តកំពតរួមជាមួយមន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ កំពុងដាក់ចេញ វិធានការធ្វើយ៉ាងណា ឲ្យអាចតបណ្តាញផ្គត់ផ្គង់ទឹកស្អាត ជូនដល់ពលរដ្ឋប្រើប្រាស់ឲ្យបានលឿនបំផុតនាពេលខាងមុខ។
នេះជាគម្រោងរបស់ Jica ក្នុងការបង្កើត រោងចក្រផលិតទឹកឆៅ និងស្អាត នៅខេត្តកំពតត្រូវបានសាងសង់រួចរាល់ និងបានដាក់ឲ្យដំណើរការហើយក្រោយពេលចាប់ផ្តើមអនុវត្តនៅខែមិថុនា ឆ្នាំ២០១៦។ គម្រោងនេះនឹងត្រូវបញ្ចប់ជាស្ថាពរ នៅថ្ងៃទី ៣១ខែសីហា ឆ្នាំ២០១៨នេះ។ ក្រោយបញ្ចប់រាល់ការងារគ្រប់គ្រង និងចែកចាយ ទឹកស្អាតត្រូវប្រគល់ជូន ទៅមន្ទីរឧស្សាហកម្ម និងសិប្បកម្ម។ នេះបើតាមប្រសាសន៍របស់ លោក ជាវ តាយ អភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំស្តីអំពីបញ្ហាទឹកស្អាត នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៨ ដោយលោកបានអះអាងថា ទឹកស្អាតដែលផលិតបាននោះ នឹងត្រូវចែកចាយទៅតាមតម្រូវការ របស់ពលរដ្ឋ ឲ្យបានលឿនបំផុត ដោយមិនរង់ចាំគម្រោងរបស់រដ្ឋនោះទេ ។
លោកបានបន្តទៀតថា រដ្ឋបាលខេត្តកំពតកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីបញ្ហាទឹកស្អាតនេះ ព្រោះទឹកជាតម្រូវការ មិនអាចខ្វះបាន ហើយក្នុងនាមរដ្ឋបាលខេត្តលោកផ្តល់ជូនជាមតិយោបល់ និងជម្រើសបីក្នុងការជួយពន្លឿនការតបណ្តាញទឹកស្អាតជូនដល់ពលរដ្ឋប្រើប្រាស់ឲ្យបានឆាប់រហ័ស ទី១.មន្ទីរ និងអង្គភាពជំនាញ ត្រូវស្វែងរកលទ្ធភាពរៀបចំគម្រោងឲ្យបានច្បាស់លាស់ និងចុះតបណ្តាញទឹកឲ្យបាន លឿន។ ទី២. បើសិនបើជាលើកគម្រោងតបណ្តាញទឹកស្អាតត្រូវធ្វើឆ្នាំនេះ ឆ្នាំនោះ លោកសុំឲ្យមន្ទីរ និងអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន ឃុំសង្កាត់ ជួយអំពាវនាវឲ្យអ្នកមាន លទ្ធភាពអាចទិញទឹកដុំយកទៅចែកចាយបន្ត។ ទី៣. អាជ្ញាធរត្រូវស្វែងរកក្រុមហ៊ុនឯកជនទិញទឹកទៅ ចែកចាយបន្ត ដោយមិនបាច់រង់ចាំគម្រោងរបស់រដ្ឋាករទឹកឡើយ។
ជាងនេះទៅទៀត បើជម្រើសទាំងបី មិនអាចដំណើរការទៅបាន ក្នុងនាមលោកជារដ្ឋបាលខេត្តកំពត និងទិញទឹក ហើយចែកចាយជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងតម្លៃមួយថោកសមរម្យ ផ្អែកតាមអនុសាសន៍ណែនាំ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងហើយរឿងទឹកភ្លើងត្រូវតែធ្វើឲ្យបានលឿនបំផុត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ៕ អានបន្ត
ដោយសារតែការធ្វេសប្រហែសជាងផ្សារដែកម្នាក់ត្រូវចរន្តអគ្គីសនីឆក់បណ្តាលឲ្យរងរបួសធ្ងន់
កែប ៖ តាមសេចក្តីរាយការពីសមត្ថកិច្ចនគរបាលស្រុកដំណាក់ចង្អើរបានឲ្យដឹងថា បុរសជាងផ្សារដែកម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៨ ខណៈជនរងគ្រោះកំពុងផ្សារដែក ដើម្បីសង់រោងស៊ីឈ្នួលពីអតិថិជន នៅចំណុចភូមិភ្នំលាវ ឃុំភ្នំលាវ ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ប្រភពដដែលបានបន្តថា នៅពេលជនរងគ្រោះកំពុងតែផ្សារដែកនោះ ទទួលមេឃភ្លៀងខ្លាំង ហើយខ្សែភ្លើងមានតមុខតំណរផងនោះពេលត្រូវទឹកភ្លៀងហូរកាត់មុខតំណរខ្សែភ្លើង ហើយមកប៉ះជើងឆ្វេងបណ្តាលឲ្យចរន្តន៍ភ្លើងឆក់តែម្តង។ ជនរងគ្រោះមានឈ្មោះ មុល លីហ៊ ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ។
ក្រោយពីកើតហេតុត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តដឹកទៅសង្គ្រោះភ្លាមៗ តែដោយសាររបួសធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រូពេទ្យ បញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាមនៅយប់ថ្ងៃដដែលនោះ៕ អានបន្ត