ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
រដ្ឋ​សភា​រៀបចំ​តុបតែង​រួចរាល់​ហើយ ដើម្បី​បើក​សម័យប្រជុំ​ជា​លើកដំបូង​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ថ្ងៃស្អែក​នេះ​
Wed,05 September 2018 (Time 10:19 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 616នាក់)


ភ្នំពេញ ៖ ពេញ​មួយ​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ថ្នាក់ដឹកនាំ​រដ្ឋសភា និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត បាន​មមាញឹក​ជា​ខ្លាំង​ជាមួយ​នឹង​ការរៀបចំ​តុបតែង​វិមាន​រដ្ឋ​សភា ដើម្បី​រៀបចំ​ការបើក​សម័យប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៦ ជា​លើកដំបូង​ក្រោម​ព្រះរាជាធិបតីភាព ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី នៅ​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៨​ស្អែក​នេះ​។​

​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​ប្រាប់​អង្គភាព​ព័ត៌មាន កាសែត​កម្ពុជា​អភិវឌ្ឍន៍​នៅ​ល្ងាច​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ថា ការរៀបចំ​តុបតែង​វិមាន​រដ្ឋ​សភា​បាន​រៀបចំ​រួចរាល់​ហើយ ហើយ​អ្វីៗ​នឹង​ប្រព្រឹត្ត​ទៅ​តាម​ការគ្រោងទុក​នៅ​ថ្ងៃស្អែក​នេះ​។​

​លោក ឡេង ប៉េងឡុង មិនទាន់​អាច​បញ្ជាក់​លម្អិត​ពី​សមាសភាព​អ្នក​ដែល​នឹង​ត្រូវ​ចូលរួម​ក្នុង​ការបើក​សម័យប្រជុំ​ជា​លើកដំបូង​នៅ​ថ្ងៃស្អែក​នេះ​នៅឡើយ​ទេ​។ តែ​ទោះបីជា​យ៉ាងណា​គេ​ដឹងថា ការបើក​សម័យប្រជុំ​ជា​លើកដំបូង​នៅ​ថ្ងៃស្អែក​នេះ ក្រៅ​ពី​សមាសភាព​តំណាងរាស្ត្រ​ទាំង ១២៥​រូប ក៏​នឹង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកអគ្គរាជទូត និង​ឯកអគ្គរដ្ឋទូត​បណ្តា​ប្រទេស​នានា​ប្រចាំ​នៅ​កម្ពុជា​ផងដែរ​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋសភា បានឲ្យដឹងថា ការ​ប្រារព្ធ​ពិធី​បើក​សម័យប្រជុំ​លើកដំបូង​ថ្ងៃស្អែក​នេះ នឹង​ចាប់ផ្តើម​ឡើង​នៅវេលា​ម៉ោង​៨​ព្រឹក​។ បន្ទាប់ពី​ពិធី​បើក​សម័យប្រជុំ​ដំបូង​រួចរាល់ ពិធី​បើក​សម័យប្រជុំ​លើក​ទី​១ នឹង​ចាប់ផ្តើម​ការងារ​របស់​ខ្លួន​ក្រោម​អធិបតីភាព​លោក ហេង សំរិន ព្រឹទ្ធសមាជិក​រដ្ឋសភា ដើម្បី​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នី​មួយៗ និង​ការអនុម័ត​បទបញ្ជាផ្ទៃក្នុង​របស់​រដ្ឋសភា​នីតិកាល​ទី​៦​។​

​លុះ​នៅ​ពេល​រសៀល​តំណាងរាស្ត្រ​ទាំង ១២៥​រូប នឹង​ចូល​ទៅ​កាន់​ព្រះបរមរាជវាំង ដើម្បី​ធ្វើ​ពិធី​សច្ចាប្រណិធាន​នៅ​ចំពោះ​ព្រះ​ភក្ត្រ​មហាក្សត្រ​ខ្មែរ​មុននឹង​ចាប់ផ្តើម​បំពេញ​ការងារ​របស់​ខ្លួន​។​

​ដោយឡែក​សម្រាប់​ថ្ងៃ​បន្ទាប់​វិញ ពោល​គឺ​ថ្ងៃ​ទី​០៦ ខែ​កញ្ញា រដ្ឋសភា​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​ក្បាលម៉ាស៊ីន​រដ្ឋសភា​រួមមាន​៖ ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​ជំនាញ​នៃ​រដ្ឋសភា និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​ក្បាលម៉ាស៊ីន​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​ផងដែរ​។​

​សូមបញ្ជាក់​ថា រដ្ឋសភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺជា​សភា​ជាន់​ទាប នៃ​សភា​តំណាងរាស្ត្រ ដែល​មាន​សមាជិក​ចំនួន ១២៥​រូប​នា​ពេលបច្ចុប្បន្ន ជ្រើសតាំង​តាម​ប្រព័ន្ធ​សមាមាត្រ ដោយ​ការបោះឆ្នោត​ជា​សកល​។ សមាជិក​រដ្ឋសភា​នីមួយៗ ត្រូវបាន​ជ្រើសតាំង​ក្នុង​អាណត្តិ ៥​ឆ្នាំ​ម្តង ដែល​ចែក​ជា​តំណាង ខេត្ត​-​រាជធានី​ទាំង ២៥ ពី​១ ទៅ​១២​អាសនៈ​។ គណបក្ស​នយោបាយ​សំឡេង​ភាគច្រើន​ដែល​មាន​អាសនៈ​យ៉ាងហោច​៦២ អាច​មាន​សិទ្ធិ​ក្នុង​ការបង្កើត​ជា​រដ្ឋាភិបាល​។​

​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ មាន​ប្រជាពលរដ្ឋ​ជិត ៧​លាន​នាក់​បាន​ចេញ​ទៅ​បោះឆ្នោត​ស្មើនឹង​ជាង ៨៣​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ក្នុង​បញ្ជី​បោះឆ្នោត​ដែល​មាន​ជាង ៨​លាន​នាក់​។ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​នេះ គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​នយោបាយ​តែមួយគត់​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ច្រើន​លើសលុប​រហូតដល់​ជាង ៤​លាន​នាក់ ឈាន​ទៅ​គ្រប់គ្រង​អាសនៈ​នៅ​រដ្ឋសភា​ទាំង ១២៥​តែម្តង​។​

​ការដឹកនាំ​សភា​មកពី​គណបក្ស​នយោបាយ​តែ​មួយ​ក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​នេះ គឺជា​លើក​ទី​៨​ហើយ​នៃ​ប្រវត្តិ​រដ្ឋសភា​ខ្មែរ​ដែល​ដឹកនាំ​ដោយ​គណបក្ស​នយោបាយ​តែមួយ គិត​ចាប់តាំងពី​ថ្ងៃ​នៃ​ការកកើត​រដ្ឋសភា​នៅ​ឆ្នាំ​១៩៤៦​។ ប្រវត្តិ​នៃ​ការដឹកនាំ​រដ្ឋ​សភា​មកពី​គណបក្ស​នយោបាយ​តែ​មួយ​នោះ​រួមមាន​៖ រដ្ឋសភា​ពី​ឆ្នាំ​១៩៥៥-១៩៥៨ មាន​សមាជិក ៩១​រូប​, រដ្ឋសភា​ពី​ឆ្នាំ​១៩៥៨-១៩៦២ (​ឆ្នាំ​ដំបូង​ដែល​ស្ត្រី​ខ្មែរ​មាន​សិទ្ធិ​បោះឆ្នោត​) មាន​សមាជិក ៦១​រូប​, រដ្ឋសភា​ពី​ឆ្នាំ​១៩៦២-១៩៦៦ មាន​សមាជិក ៧៧​រូប​, រដ្ឋសភា​ពី​ឆ្នាំ​១៩៦៦-១៩៧២ មាន​សមាជិក ៨២​រូប​, សភាជាតិ​របស់​របប​សាធារណរដ្ឋ​ខ្មែរ​ពី​១៩៧២-១៩៧៥ មាន​សមាជិក ១២៦​រូប​, សភា​តំណាង​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ មាន​សមាជិក ២៥០​រូប​, សភា​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ពី​ឆ្នាំ​១៩៨១-១៩៩៣ មាន​សមាជិក ១១៧​រូប​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ