ខេត្តកំពត ៖ នៅរសៀល ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស ដោយពិធីនេះបានប្រព្រឹត្តទៅ នៅក្នុងសាលមហោស្រពខេត្តកំពត។សន្និបាតបូកសរុបការងារបោះឆ្នោតនេះ ក៏មានការចូលរួមពីសំណាក់ លោក ស៊ិន ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោក លោកស្រី ជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក លោកស្រីតំណាងលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មការមកពីគ្រប់បណ្តាខេត្ត ចំនួន២៥ ខេត្ត-ក្រុង ទូទាំងប្រទាំងប្រទេស។ថ្លែងក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨នេះ ជាការបោះឆ្នោតដែលរៀបចំឡើងស្របតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា និងជាការបោះឆ្នោតស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។សម្តេចក្រឡាហោម ស ខេង បានបន្ថែមទៀតថា តាមស្មារតីរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រាទី១ បានកំណត់នូវការគ្រប់គ្រងប្រទេសតាមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ និងរបបប្រជាធិបតេយ្យ សេរីពហុបក្ស របបគ្រប់គ្រងនេះគ្មានជនណាម្នាក់អាចកែប្រែនិងផ្លាស់ប្តូរបានឡើយ។ទន្ទឹមនេះ តាមស្មារតីនៃមាត្រា៧៨នៃរដ្ឋធម្មនុញបានកំណត់អំពីនីតិកាលរបស់រដ្ឋសភាមានរយៈពេល៥ឆ្នាំ ហើយរដ្ឋសភាមិនអាចត្រូវរលាយមុនផុតអាណតិ្តបានឡើយ។ការរំលាយរដ្ឋសភាមុនផុតអាណតិ្ត អាចធ្វើទៅបានតែក្នុងករណីដែលរដ្ឋាភិបាលត្រូវបានរំលាយពីរលើក ក្នុងរយៈពេល១២ខែតែប៉ុណ្ណោះ។នេះជាករណីដែលតម្រូវឱ្យមានការរៀបចំបោះឆ្នោតមុនផុតនីតិកាលរដ្ឋសភា។ចំពោះការបន្តនីតិកាលរបស់រដ្ឋសភាអាចធ្វើទៅបានតែក្នុងពេលប្រទេសជាតិមានសង្គ្រាម ឬកាលៈទេសៈពិសេសដទៃទៀតដែលមិនអាចបោះឆ្នោតបាន ហើយការបន្តនីតិកាលរបស់រដ្ឋសភានេះត្រូវធ្វើឡើងបានមួយដងមួយឆ្នាំតាមសំណើររបស់ព្រះមហាក្សត្រនិងត្រូវសម្រេចដោយមតិយល់ព្រមពីរភាគបីយ៉ាងតិច នៃចំនួនសមាជិករដ្ឋសភាទាំងមូល ហើយនេះជាករណីដែលអាចពន្យារការបោះឆ្នោត។ក្នុងពិធីបិទសន្និបាតនាពេលនេះ លោក ស៊ិន ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានគូសបញ្ជាក់ថា ការរៀបចំសន្និបាតនាពេលនេះ គឺដើម្បីបូកសរុប និងវាយតម្លៃលើលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ និងស្វែងយល់ពីបញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំងដំណោះស្រាយ ដើម្បីបទពិសោធន៍យកទៅធ្វើការកែលម្អការបោះឆ្នោតលើកក្រោយៗទៀតឱ្យទទួលបានលទ្ធផលកាន់តែជោគជ័យបន្ថែមទៀត។លោកបានបន្តទៀតថា ដោយផ្អែកលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦កន្លងមកនេះឃើញថា មានគណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែង ហើយមានប្រជាពលរដ្ឋខ្មែរចំនួន៦.៩៥៦.៩០០នាក់ ស្មើនឹង ៨៣,០២% នៃប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៨.៣៨០.២១៩នាក់ បានចេញទៅបោះឆ្នោតសម្តែងឆន្ទៈក្នុងការជ្រើសរើសតំណាងរបស់ខ្លួន។លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ទៀតថា ដោយផ្អែកលើបទពិសោធន៍ និងឧត្តមានុវត្តនៃការផ្សព្វផ្សាយលទ្ធផលបោះឆ្នោតបឋមសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ គឺក្នុងគោលដៅបង្កើនជំនឿទុកចិត្តពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោត មកលើគណៈកម្មការរៀបចំបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងផ្តល់លទ្ធផលបោះឆ្នោតបឋមបានឆាប់រហ័ស ត្រឹមត្រូវ ទូលំទូលាយ និងតម្លាភាពដល់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងដើម្បីធ្វើជាព័ត៌មានអំពីលទ្ធផលនៃការបោះឆ្នោត មុនដំណើរការបូកសរុបលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន និងលទ្ធផលបោះឆ្នោតជាផ្លូវការ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ