ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​ឯកឧត្តម​រដ្ឋមន្ត្រី​វេង សាខុន​ជួប​និស្សិត​កម្មសិក្សា​អ៊ីស្រាអែល​២០១៨
Tue,04 September 2018 (Time 06:42 PM)
ដោយ ខ្មែរឦសាន (ចំនួនអ្នកអាន: 527នាក់)


​នៅ​ទីស្ដីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ច័ន្ទ ៨​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០១៨ ឯកឧត្តម​រដ្ឋមន្ត្រី​វេង សាខុន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​កម្មសិក្សា​ជំនាន់​ទី​១១ ក្នុងនោះ​មាន​និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាលា​ជាតិ​កសិកម្ម​ព្រែកលៀប និង​សាលា​ជាតិ​កសិកម្ម​កំពង់ចាម ដែល​នឹង​ត្រូវ​ត្រៀម​ខ្លួន​ចេញ​ទៅ​បំពេញ​កម្មសិក្សា​នៅ​ប្រទេស​អ៊ីស្រាអែល​ឆ្នាំ​សិក្សា​ថ្មី​២០១៨-២០១៩ នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។

​ឯកឧត្តម​ង៉ោ ប៉ុន​ថា​ន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បានឲ្យ​ដឹង​ពី​គោលបំណង​សំខាន់នៃ​កម្មសិក្សានេះគឺ​ដើម្បី​ផ្តល់ឱកាស​ឲ្យ​និស្សិត​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍ សិក្សា​រៀនសូត្រ​នៅក្នុង​សាលា​ជាមួយ​សាស្ត្រាចារ្យ​បរទេស បាន​អនុវត្ត​នៅក្នុង​កសិដ្ឋាន និង​ក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ផ្ទាល់ ហើយ​សកម្មភាព​ទាំងអស់នេះ​គឺ​ជា​បទ​ពិ​សោ​ន៍​យ៉ាង​ច្បាស់លាស់​មួយ​សម្រាប់​ជា​ដើមទុន​ដ៏​មាន​តម្លៃ​ក្រោយ​ពេល​បញ្ចប់​កម្មសិក្សា​នេះ​។

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជាមួយ​ក្រុមហ៊ុន​សិក្សា​កសិកម្ម Agro-studies ជា​រៀងរាល់ឆ្នាំ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​សាលា​ជាតិ​កសិកម្ម​ទាំងពីរ​បាន​បញ្ជូន​និស្សិត​ឆ្នាំ​ទី​៣ ដែល​កំពុង​សិក្សា​ឲ្យទៅ​ចូលរួម​ធ្វើ​កម្មសិក្សា​រយៈពេល​១១​ខែ នៅ​ប្រទេស​អ៊ីស្រាអែល​ចាប់ពី​ឆ្នាំ​២០០៨ មាន​រយៈពេល​១១​ឆ្នាំ និង​មាន​និស្សិត​ចូលរួម​សរុប​ចំនួន ៦៨០​នាក់​។ សម្រាប់​ឆ្នាំ​២០១៨ មាន​និស្សិត​ចំនួន​២១០​នាក់ ស្រី​៣៧​នាក់ ក្នុងនោះ​មាន​និស្សិត​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប ១០​នាក់ សាលា​ជាតិ​កសិកម្ម​កំពង់ចាម ១០​នាក់ និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ១៩០​នាក់​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អបអរសាទរ​ចំពោះ​និស្សិត​ជ័យលាភី​ទាំង ២១០​នាក់ និង​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ​អ្នកគ្រូ​និង​បុគ្គលិក​ទាំងអស់​នៃ​ស្ថាប័ន​ការសិក្សា​ទាំងបី​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច របស់​ខ្លួន​យ៉ាង​សកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបណ្តុះ បណ្តាល​ចំណេះដឹង​ដល់ ក្មួយៗ​និស្សិត ដើម្បី​ឲ្យក្លាយ​ទៅ​ជា​ធនធា​ន​មនុស្ស​មួយ​ដ៏​ល្អប្រសើរ សម្រាប់​ចូលរួមចំណែក​អភិវឌ្ឍ វិស័យ​កសិកម្ម​ឲ្យមាន​ការរីកចម្រើន​ស្របតា​មការ​វិ​វឌ្ឍន៍សេដ្ឋកិច្ច​ជាតិ ក្នុង​បរិបទ​នៃ​សាកលភា​វូប​នី​យ កម្ម​នាពេល​បច្ចុប្បន្ន​និង​នៅពេល​អនាគត​។ ដូច្នេះ ដើម្បី​ឈាន​ទៅ​ធ្វើ​ទំនើបកម្ម​វិស័យ​កសិកម្ម ឆ្លើយតប​ទៅ​តាម​តម្រូវការ​ទីផ្សារ ភាព​ប្រកួតប្រជែង​ក្នុង​តំបន់​និង​លើ​សាកលលោក ប្រាកដ​ណាស់​គឺ​ត្រូវ​ទាមទារ​នូវ​ការធ្វើ​សមាហរណកម្ម​បច្ចេកទេស​និង​នវានុវត្តន៍​ថ្មីៗ ក៏ដូចជា​ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​តាម​បច្ចេកទេស​សមស្រប និង​ចាំបាច់​គឺ​ត្រូវ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល​សម្រាប់​ជា​មគ្គុទេ្ទសក៍​ដ៏​ប៉ិនប្រសព្វ​សម្រាប់​ជា​ស្ពាន​ចម្លង​ឲ្យ​កសិករ សហគមន៍ ព្រមទាំង​វិស័យ​ឯកជន​ទទួលបាន​និង​ប្រើប្រាស់​បច្ចេក ទេស​ថ្មីៗ​ប្រកបដោយ​ប្រសិទ្ធភាព​និង​មាន​ប្រសិទ្ធ​ផល​ខ្ពស់ ប្រយោជន៍​ដល់​ការជួយ​ទ្រទ្រង់​ចំណូល​ក្នុង​គ្រួសារ រក្សា​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់បន្ថយ​ភាពក្រីក្រ និង​ជា​ពិសេស​យើង​អាច​ឈាន​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី គឺ​ចង់​ប្រែក្លាយ​កម្ពុជា​ឲ្យទៅ​ជាប្រទេស​មាន​ចំណូលម​ធ្យ​មក​ម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។​

​និស្សិត​ទាំង ២១០​នាក់​នេះ គឺជា​និស្សិត​ជ័យលាភី​ដែល​បាន​មក​ដោយ​ធ្វើការ​ជ្រើសរើស និង​ធ្វើ​តែស្ត​ពី​សមត្ថភាព​យ៉ាង​ត្រឹមត្រូវ រួច​យក​តែ​និស្សិត​ស្ម័គ្រចិត្ត​។ ដូច្នេះ ឆ្លៀត​យក​ឱកាស​ដ៏​មាន​តម្លៃ​នេះ​លោក​បាន​ក្រើនរំលឹក​ដល់​ក្មួយៗ​និស្សិត​នូវ​មេរៀន​ល្អៗ​ដែល​អាច​ត្រង់ត្រាប់​យកទៅ​ប្រតិបត្តិ​តាម​មា​គារ​ដ៏​ត្រឹមត្រូវ​មួយ​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី ក៏ដូចជា​ឯកឧត្តម​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ធ្លាប់បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​រហូត​សម្រេច​បាន​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​ឆាកជីវិត​ទាំង​ក្នុង​កម្រិត​ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ​។ មេរៀន​ល្អៗ​ទាំងនោះ​មាន​៖ ទី​១. ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ ក្រេបជញ្ជក់​យក​បទពិសោធន៍ និង​មេរៀន​បច្ចេកទេស​ល្អៗ​ដើម្បី​ពង្រឹង​សមត្ថភាព​និង​ទេពកោសល្យ​ជំនាញ​សម្រាប់​អនាគត​។ ទី​២. ត្រូវ​គោរព​ច្បាប់ និង​មាន​វិន័យ​ក្នុង​ការងារ ឧស្សាហ៍​ព្យាយាម និង​មាន​ទំនាក់ទំនង​ល្អ​ក្នុង​ការងារ ជីវិត​រស់នៅ និង​ជាមួយ​ក្រុម​គ្រួសារ​។ ទី​៣.​ត្រូវមាន​កិច្ចសហការ​ល្អ​ជាមួយ​គ្រប់​ជាតិ​សាសន៍​ទាំង​ក្នុងពេល​រៀន និង​ក្នុង​ពេល​បំពេញការងារ​។ ទី​៤. ត្រូវ​ថែរក្សា​ប្រពៃណី វប្បធម៌​ជាតិ ទំនៀមទម្លាប់ និង​សាសនា​ដែលជា​កេរ្តិ៍មរតក​របស់​ដូនតា​ខ្មែរ​ឲ្យបាន​ខ្ជាប់ខ្ជួន ពិសេស​ត្រូវ​មាន​សីលធម៌ និង​ត្រូវ​គោរព​ឲ្យបាន​នូវ​វិន័យ​របស់​សាលា​។ ទី​៥.​ត្រូវ​សន្សំទ្រព្យ​ជា​ចំណេះ​និង​ជា​បទពិសោធន៍​ទាំង​ការងារ និង​ជីវតិ​រស់នៅ រួច​យកមក​រៀបចំ​កសាង​ការងារ​របស់​ខ្លួន​ឲ្យបាន​ច្បាស់លាស់ និង​ពិតប្រាកដ​មួយ​ដើម្បី​កសាង​អនាគត​របស់​ខ្លួន របស់​គ្រួសារ​ផ្ទាល់ និង​ជា​ពិសេស​នឹង​ចូលរួម​យ៉ាង​ពេញលេញ ទាំង​កំលាំងកាយ និង​ប្រាជ្ញា​ស្មារតី​ក្នុង​ការកសាង​និង​អភិវឌ្ឍ​ប្រទេស​មួយ​នេះ​ឲ្យមាន​ការរីកចម្រើន​ពេញមុ​ខពេញ​មាត់ដូច​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​នៅក្នុង​ពិភពលោក​។​

​ចុងបញ្ចប់​លោក​ក៏​បាន​ស្នើ​អោយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម រៀបចំ​ពិធី​ជួបជុំ​អតីត​និស្សិត​បញ្ចប់​កម្មសិក្សា​ទាំងអស់ នៅក្នុង​ពេល​ឆាប់ៗ​ណាមួយ ហើយ​គួរ​អញ្ជើញ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ប្រទេស​អ៊ីស្រាអែល​មក​ចូលរួម​ផងដែរ​ដើម្បី​ស្វែងយល់ ឬ​តាមដាន​ពី​ការវិវឌ្ឍ​រីកចម្រើន​ទាំង​ជា​លក្ខណៈ​បុគ្គល និង​លក្ខណៈ​សង្គម​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ