គ្រឿងចក្រសម្រុកកាយដីភ្នំក្នុងភូមិសាស្ត្រឃុំភ្នំកុងយ៉ាងកក្រើក សង្ស័យមានការឃុបឃិតគ្នារវាងអជ្ញាធរនិងជំនាញ
កំពត ៖ នេះមិនមែនជាលើកទីមួយទេ ដែលសកម្មភាពជីកកកាយដីភ្នំយកធ្វើជាអាជីវកម្មយ៉ាងចំហរនេះបានកើតឡើងនៅតាមតំបន់ខេត្តកំពត ប៉ុន្តែករណីបែបនេះហាក់ជាទម្លាប់មួយដ៏ពេញនិយម ព្រោះបច្ចុប្បន្ន នៅតាមតំបន់នានាមានការអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធ ពិសេសវិស័យសំណង់តែម្តង។
ទោះជាបែបណា សកម្មភាពជីកកាយដីភ្នំត្រង់ចំណុចភូមិព្រៃផ្តៅ(ភ្នំច្រកសៀម) ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត ត្រូវបានប្រភពជាច្រើនអះអាងថា ម្ចាស់គ្រឿងចក្រគ្មានច្បាប់អាជីវកម្មនោះទេ ហើយក្រុមហ៊ុនខាងលើក៏ពុំបានបញ្ជាក់ហេតុផលត្រឹមត្រូវពីករណីជីកដីភ្នំនេះដែរ ដោយម្ចាស់គ្រឿងចក្រគ្រាន់តែលួចបង្ហើបថា ជីកដីភ្នំសម្រាប់យកទីតាំងបណ្តុះកូនឈើ ហើយកិច្ចនេះខាងជំនាញបានអនុញ្ញាត្តរួចហើយ។ប្រភពខាងលើបានឲ្យដឹងទៀតថា សកម្មភាពជីកកកាយយកដីភ្នំនេះ គឺកើតឡើងជាយូរមកហើយ ដោយម្ចាស់គ្រឿងចក្របានប្រើរថយន្តជាច្រើនគ្រឿងដឹកជញ្ជូនអាចម៍ដីយកទៅលក់ស្ទើរលាយបាត់រូបរាងភ្នំទៅហើយ តែមិនដែលឃើញអាជ្ញាធរនិងជំនាញណាម្នាក់មកឈឺឆ្អាលបន្តិចឡើយ។
ចំពោះមហាជន ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្បែរចំណុចខាងលើបាននិងកំពុងព្រួយបារម្មណ៍ពីករណីបាត់បង់សម្បតិ្តធម្មជាតិ និងជាសម្បតិ្តដ៏មានតម្លៃយ៉ាងមហាសាលដែលបន្សល់ពីដូនតា ដូចជាព្រៃភ្នំ បឹងបួរ ជាដើម។ល។ដោយខណៈនេះត្រូវរងការជីកកកាយឬលុបស្ទើបាត់រូបរាងនិងទ្រង់ទ្រាយដើមទៅហើយ។
ពាក់ព័ន្ធនឹងករណីគ្រឿងចក្រជីកកកាយដីភ្នំ ស្ថិតក្នុងភូមិសាស្ត្រឃុំភ្នំកុងខាងលើ អភិបាលស្រុក អង្គរជ័យ លោកកឹម បុណ្ណា បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២១ខែតុលា ឆ្នាំ២០១៧នេះថា រឿងរ៉ាវគ្រឿងចក្រជីកកាយដីភ្នំស្ថិតក្នុងតំបន់នេះ បើចង់ដឹងច្បាស់សូមសួរទៅខាងមន្ទីររ៉ែ និងថាមពលខេត្តកំពត ទើបដឹង ព្រោះការងារនេះជាការគ្រប់គ្រងរបស់ជំនាញ ដាច់ខាតលោកមិនដឹងឡើយ។
ដោយឡែក លោកសោម វិចិត្រ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពត បានបញ្ជាក់យ៉ាងដូច្នោះថា ការជីកកកាយដីភ្នំគ្រប់កន្លែងក្នុងអាណាចក្រខេត្តកំពត គឺភាគច្រើនសុទ្ធតែសុំគោលការត្រឹមត្រូវ ដើម្បីជីកយកអាចម៍ដីធ្វើអាជីវកម្ម ប៉ុន្តែសកម្មភាពជីកកាយដីភ្នំនៅចំណុចភ្នំច្រកសៀម ប្រហែលជាខាងជំនាញព្រៃឈើគេជីកសម្រាប់ធ្វើថ្នាលបណ្តុះកូនឈើទេដឹង! ព្រោះទីតាំងនោះមិនបានមកសុំគោលការណ៍ត្រឹមត្រូវពីមន្ទីរជំនាញឡើយ ហើយករណីខាងលើលោកក៏ពុំបានដឹងច្បាស់ដែរ។
ទោះជាយ៉ាងណាមជ្ឈដ្ឋានជាច្រើននៅតែមានចម្ងល់ ថែមទាំងរិះគន់មកលើស្ថាប័នពាក់ព័ន្ធតែដដែលៗ ព្រោះករណីជីកកកាយដីភ្នំស្ថិតចំណុចភូមិសាស្ត្រឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត គឺបានប្រព្រឹត្តទៅជាច្រើនខែមកហើយ ដោយម្ចាស់គ្រឿងចក្របានជញ្ជូនអាចម៍ដីដឹកតាមរថយន្តបែនធំៗបន្តកន្ទុយគ្នាដើម្បីធ្វើអាជីវកម្មដោយចំហរ។/