ព័ត៌មានចាស់ៗ
ប្រជាពលរដ្ឋទីទ័លក្រ និងអ្នកផ្ទុកមេរោគអេដស៏ ក្នុងស្រុកដំណាក់ចង្អើរ ត្រូវបានទទួលអំណោយកាកបាទក្រហម
កែប ៖ កាលពីព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងបរិវេណសាលាស្រុកដំណាក់ចង្អើរ សាខាកាកបាទក្រហមខេត្តកែប បានផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋទីទ័លក្រ និងអ្នកផ្ទុកមេរោគអេដស៏ ជម្ងឺអេដស៏ចំនួន៤៣៣គ្រួសារ ក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័ក អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និង លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ហើយពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីអមដំណើរជាច្រើនរូបទៀត។
មានមតិស្វាគមន៍ ចំពោះគណៈប្រតិភូក្នុងឱកាសនោះ លោក កែន សត្ថា អភិបាលខេត្តកែប ក៏បានគោរពថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេច កិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែល ជានិច្ចជាកាលតែងតែយកចិត្តទុក្ខដាក់ដល់ការលំបាក់របស់ប្រជាពលរដ្ឋ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមាន នៃការអញ្ជើញជាអធិបតីភាពរបស់លោកស្រី ម៉ែន នារីសោភ័ក ព្រមទាំងគណៈ ប្រតិភូកាកបាទក្រហមកម្ពុជាទាំងអស់ដែលមានវត្តមាននាពេលនេះ។
ចូលរួមសំណេះសំណាល ជាមួយបងប្អូនក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័ក បាន ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ដល់បងប្អូនទាំងអស់ ដោយក្តីនឹករឭកនិងអាណិតស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត។ ចុងបញ្ចប់នៃកម្មវិធីគណៈអធិបតីក៏បានប្រគល់ ជូនពួកគាត់ម្នាក់ៗនូវសម្ភារៈរួមមាន៖មុងឆ្អឹងដែកដែលជាអំណោយកាកបាទក្រហមចិន ខោអាវ និងថវិកាមួយចំនួនផងដែរ៕ អានបន្ត
ទំនិញពាក់ព័ន្ធនិងកម្មសិទ្ធបញ្ញា ចេញពីព្រំដែនកម្ពុជា ត្រូវបានតម្រួតថៃចាប់យក..!!!
ប្រទេសថៃ ៖ ទំនិញល្មើសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់ និង មានតម្លៃប្រមាណជាង ១១ លានបាត ត្រូវបានក្រុមតម្រួតថៃរួមជាមួយនិងគយរដ្ឋាករ ខេត្តឆៈឈើងសៅ ចាប់បានខណៈដែលរថយន្តជាច្រើនគ្រឿង បានដឹកទំនិញទាំងនេះចេញពីចំណុចផ្សាររោងក្លឿរ ដែលស្ថិតនៅជាប់និង ខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។
របាយការណ៍ដែលសារព័ត៌មានទទួលបាន គឺកិច្ចប្រតិបត្តិការ ដែលក្នុងនោះមានកំលាំងជំនាញនៃស្នងការដ្ឋានខេត្តឆៈឈើងសៅ រួមជាមួយ និង អង្គភាពគយនិងរដ្ឋាករខេត្ត បានចុះត្រួតពិនិត្យនៅលើកំណាត់ផ្លូវខ្សែលេខ ៣៥៩ ( ផ្លូវទៅខេត្តស្រះកែវថ្មី )ត្រង់ចំណុចឃុំបាងកែវ ស្រុកមឿង ខេត្តឆៈឈើងសៅ ប្រទេសថៃ ។.នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៨ នៅក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះ បានឃាត់រថយន្តសណ្តោងប្រភេទយីឌុបចំនួន ៣ គ្រឿង ដើម្បីត្រួតពិនិត្យ នៅក្នុងនោះដែល កំលាំងបានរកឃើញទំនិញជាច្រើនប្រភេទ ដែលសុទ្ធសឹងជាប្រភេទទំនិញល្មើសច្បាប់ ពាក់ព័ន្ធនិងកម្មសិទ្ធបញ្ញា ដោយ គ្មានឯកសារអ្វីបន្តិចសោះ សម្រាប់ការនាំចូលទៅក្នុងប្រទេសថៃ ។
ក្រោយពេលត្រួតពិនិត្យគេសង្គេតឃើញថា៖ទំនិញនោះមាន ខោអាវឈុតកីឡា កាបូប ស្ពាយ និង ខ្សែក្រវ៉ាត់ ដែលទាំងនេះជាទំនិញល្មើសច្បាប់ រីឯទំនិញមានចំនួន ៥៥២ ការ៉ុងទៀត គឺជាប្រភេទទំនិញលេខ២ សរុបជាទឹកប្រាក់ប្រមាណ១១.៩០១ ៦០០ បាត ។ បើតាមការសារភាពពីសំណាក់អ្នកបើកបរថយន្តបានអោយដឹងថា៖ ទំនិញទាំងអស់នេះគឺពួកគេបានសុីឈ្នួលដឹកចេញពីទីតាំងផ្សាររោងក្លឿរ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលស្ថិតនៅជាប់និងខ្សែបន្ទាត់ព្រំដែនកម្ពុជា ( ខេត្តបន្ទាយមានជ័យ ) ។ បច្ចុប្បន្នទំនិញ តាំងអស់នេះ ត្រូវបានកំលាំងជំនាញនាំយកទៅរក្សាទុកដើម្បីមានវិធានការតាមផ្លូវច្បាប់៕ អានបន្ត
អភិបាលខេត្តកំពត៖ អភិបាលក្រុង-ស្រុក ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះបុគ្គលដែលរំលោភបំពានសម្បតិ្តសាធារណៈរបស់រដ្ឋ
កំពត ៖ លោកអភិបាល ក្រុង-ស្រុក ត្រូវតែចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះបុគ្គលដែលប៉ុនប៉ងរំលោភបំពានសម្បតិ្តសាធារណៈរបស់រដ្ឋ ពិសេសដីបឹងបួ ភ្នំ ប្រឡាយ ព្រែកជាដើម។
ការលើកឡើងបែបនេះ ជាប្រសាសន៍របស់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ថ្លែងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៨នៅសាលាខេត្តកំពត ដែលមានការចូលរួម ពីសំណាក់មន្ទីរអង្គភាពពាក់ព័ន្ធនានា និងអភិបាល ក្រុង-ស្រុកផងដែរ។
ជាមួយគ្នានេះ លោកអភិបាលខេត្តកំពត ក៏បានព្រមានធ្ងន់ៗ ទៅលើអភិបាលក្រុង-ស្រុក ពិសេសអភិបាលស្រុកកំពង់ត្រាច ទាក់ទិននឹងរឿងការរំលោភបំពានដីធ្លី ឬដីបឹងបួ ព្រែក ប្រឡាយដែលជាសម្បតិ្តសាធារណៈរបស់រដ្ឋជាច្រើនករណី ប៉ុន្តែអាជ្ញាធរមិនទាន់មានចំណាត់ការនៅឡើយ ហើយ លោក ជាវ តាយ ក៏បានលើកឡើងពីបញ្ហាបុគ្គលដែលរំលោភដីរបស់រដ្ឋដោយសំអាងលើអ្នកមានអំណាចនៅពីក្រោយ តើគេជាអ្នកណា ធំប៉ុណ្ណា នៅទីណា.?គួរវែកមុខឱ្យឃើញ ដើម្បីកុំឱ្យមានបញ្ហាស្មុគស្មាញក្នុងការអនុវត្តច្បាប់នៃរដ្ឋបាលដែនដីនិមួយៗ។លើសពីនេះ លោក ជាវ តាយ ក៏បានក្រើនរំលឹកដល់ លោកអភិបាល ក្រុង-ស្រុកថា បើអស់លោកមិនយល់ពីការអនុវត្តច្បាប់នីតិវិធីរដ្ឋបាលដែនដី ត្រូវឆ្លងមករដ្ឋបាលខេត្ត ពិសេសអភិបាលខេត្ត ដោយលោករង់ចាំទទួលគ្រប់ពេល ម៉ោងណា វេលាណាក៏បានដែរ។ដូច្នេះរដ្ឋបាលក្រុង-ស្រុក ត្រូវតែពិនិត្យមើលនិងធ្វើការងារអ្វីក៏ដោយត្រូវអនុវត្តឱ្យបានច្បាស់លាស់កុំធ្វើរបៀបសិះសុះឬឃុបឃិតឱ្យសោះ ហើយក៏ត្រូវប្រយ័ត្នខ្លួនផងដែរ ហើយកុំចេះតែហ៊ានប្រយ័ត្នរលាក..!។
លោកអភិបាលខេត្តបានបញ្ជាក់ផងដែរថា ភ្នំ ឆ្នេរ បឹងបួ ប្រឡាយ ព្រែកជាដើម សុទ្ធសឹងជារបស់រដ្ឋត្រូវតែសហការគ្នាជួយការពារថែរក្សាឱ្យបានគង់វង្ស ហើយចាប់ពីពេលនេះទៅ អភិបាលក្រុង-ស្រុកទាំងអស់ត្រូវធ្វើរបាយស្តីពីករណីការរំលោភបំពានសម្បតិ្តរបស់រដ្ឋ និងស្រាវជ្រាវរកឫសគល់និងឫសកែវ អ្នកនៅពីក្រោយ តើគេជាអ្នកណា..?។
លោក ជាវ តាយ អភិបាលខេត្ត ថែមទាំងជំរុញដល់អភិបាល ក្រុង-ស្រុកអនុវត្តតាមឋានៈតួនាទីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនកុំចេះតែបួញមាត់ឬចង្អុល គឺត្រូវតែមានវិធានការ ចំណាត់ការ រាល់បទល្មើសទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់៕ អានបន្ត
អភិបាលរាជធានីភ្នំពេញ ប្រាប់ស្នងការថ្មី ត្រូវជំរុញការធ្វើសៀវភៅស្នាក់នៅ និងធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋឲ្យបានលឿន និងគ្រប់ៗគ្នា
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាថ្មីម្ដងទៀត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រាប់ស្នងការនគរបាលរាជធានីភ្នំពេញថ្មី លោកឧត្តមសេនីយ៍ឯក ស ថេត ត្រូវពិនិត្យឡើងវិញ ជុំវិញការធ្វើសៀវភៅស្នាក់នៅ និងការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ ដើម្បីធានាថាប្រជាពលរដ្ឋបានធ្វើ និងមានគ្រប់ៗគ្នា។
ថ្លែងក្នុងពិធីតែងតាំងមុខតំណែង ស្នងការនគរបាលរាជធានីភ្នំពេញថ្មី នៅរសៀលនេះ នៅស្នងការនគរបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ស្នងការថ្មីត្រូវមើលបញ្ហានេះ ឲ្យបានខ្លាំងក្លា ខណៈដែលនេះជាបញ្ហាមួយត្រូវតែនាំគ្នាធ្វើឲ្យបានល្អ ពីព្រោះនេះជាតម្រូវការរបស់ប្រជាពលរដ្ឋ ។
បើតាមលោកអភិបាលរាជធានីភ្នំពេញ ការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាល ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនេះ គឺស្របទៅនឹងអ្វីដែលជាគោលនយោបាយរបស់ រាជរដ្ឋាភិបាលអាណត្តិទី៦ ដែលបានដាក់ចេញធ្វើយ៉ាងណាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ដើម្បីកុំឲ្យពួកគាត់មានការថ្លាំងថ្នាក់។
ជាមួយគ្នានេះ លោកអភិបាល ក៏បានព្រមានចាត់វិធានការតាមច្បាប់កងកម្លាំង ចំពោះមន្ត្រីនគរបាលក្នុងរាជធានីភ្នំពេញ ដែលអសកម្មក្នុងការបម្រើសេវាជូន ប្រជាពលរដ្ឋផងដែរ។
សូមជម្រាបថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ត្រូវបានមកកាន់តំណែងជា ស្នងការនគរបាលរាជធានីភ្នំពេញ ជំនួសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យចូលនិវត្តន៍។ នាយឧត្តមសេនីយ៍ ជូន សុវណ្ណ ត្រូវបានព្រះមហាក្សត្រតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតាំងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ស្នងការនគរបាលរាជធានីភ្នំពេញថ្មី លោកឧត្តមសេនីយ៍ ស ថេត ក៏បានធ្វើការប្ដេជ្ញាចិត្តថា លោកនឹងបំពេញកាតព្វកិច្ច ឲ្យបានកាន់តែល្អសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ឲ្យស័ក្ដសមទៅជាមួយអ្វីដែលរាជរដ្ឋាភិបាលផ្ដល់ទំនុកទុកចិត្ត។ ពិសេសការងារបង្ការ បង្ក្រាប និងទប់ស្កាត់រាល់គ្រប់បទល្មើសទាំងអស់ ដែលអាចនឹងកើត ឬកើតមានក្នុងភូមិសាស្ដ្រដែលលោកកាន់កាប់៕ អានបន្ត
ប្រកាសប្តូរនាយប៉ុស្តិ៍ស្នាក់ការប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង
នៅព្រឹកថ្ងៃទី៧ ខែ កញ្ញាឆ្នាំ ២០១៨នេះ នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង លោក សៅ ប៊ុនរិទ្ធិ ត្រូវបានប្រកាសប្តូរហើយ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ។ ពិធីនេះ ធ្វើឡើងនៅស្នាក់ការប៉ុស្តិ៍ច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។
យោងតាមសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ បានតែងតាំងលោកវរសេនីយ៍ទោ ផាត សុផាន់ណា ពីនាយរង ទៅជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិដូង ជំនួសលោកឧត្តមសេនីយ៍ត្រី សៅ ប៊ុនរិទ្ធិ ។
ចំណែកលោក សៅ ប៊ុនរិទ្ធិ ត្រូវផ្លាស់ទៅទទួលតួនាទីថ្មី ជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃក្រសួងមហាផ្ទៃ-ផងដែរ ៕ អានបន្ត
ខេត្តកំពតប្រារព្ធខួបលើកទី១៩នៃទិវាអន្តរជាតិ សម្រាប់យុវជន១២ សីហាឆ្នាំ២០១៨ ក្រោមប្រធានបទ "បរិយាកាសប្រកបដោយសុវត្ថិភាព សម្រាប់យុវជន" និង"សុខភាពផ្លូវភេទសុខភាពបន្តពូជ សម្រាប់យុវជន"
កំពត ៖ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពតកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០១៨ លោក ស៉ឹម វុទ្ធា អភិបាលរងខេត្ត តំណាង លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបលើកទី១៩នៃទិវាអន្តរជាតិិ សម្រាប់យុវជន១២សីហាឆ្នាំ២០១៨ក្រោមប្រធានបទ "បរិយាកាសប្រកបដោយសុវត្ថិភាព សម្រាប់យុវជន" និង"សុខភាពផ្លូវភេទសុខភាពបន្តពូជ សម្រាប់យុវជន"។
ពិធីនេះមានសមាជិកចូលរួម ពីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន(ស ស យ ក)យុវជនស្រឡាញ់សន្តិភាព និងយុវជនមកពីបណ្ដាមន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តផងដែរ។
បន្ទាប់ពីលោក តាក ហាប់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានអានខ្លឹមសារអត្ថន័យ១២សីហាទិវាអន្តរជាតិសម្រាប់យុវជនរួចមក មានប្រសាសន៍ក្នុងឱកាសនោះ លោក ស៊ឹម វុទ្ធាតំណាង លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត បានចាត់ទុកទិវាអន្តរជាតិ សម្រាប់យុវជន១២សីហា នាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីឆន្ទៈ ការប្ដេជ្ញាចិត្តនិងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូលចំពោះសិទ្ធិ ផលប្រយោជន៍និងបំណងប្រាថ្នារបស់យុវជន។
លោកអភិបាលរងខេត្ត ក៏បានបន្តបញ្ជាក់ឱ្យដឹងទៀតថា ទិវាអន្តរជាតិសម្រាប់យុវជន១២សីហាដែលបានធ្វើឡើងនាពេលនេះ គឺសំដៅឱ្យសង្គមសហប្រជាជាតិទាំងមូលបង្កើនការគិតគូរយកចិត្តទុកដាក់ដល់យុវជនតាមបណ្ដាប្រទេសនីមួយៗអង្គការជាតិ អន្តរជាតិទូទាំងពិភពលោក ចាប់អារម្មណ៍និងយកចិត្តទុកដាក់គិតគូរដល់ការអភិវឌ្ឍន៍យុវជន។
ជាក់ស្ដែង ការលើកយកនូវប្រធានបទនាពេលនេះឡើងគឺដើម្បីជម្រុញដល់យុវជនទាំងអស់ផ្ដោតការយកចិត្តទុកដាក់ រិះរកគ្រប់មធ្យោបាយជាយន្តការគន្លឹះសម្រាប់កសាងមូលដ្ឋានគ្រឹះនៃវប្បធម៌សន្តិភាព តាមរយៈយោគយល់អធ្យាស្រ័យ គ្មានអំពើហឹង្សាផ្ដើមចេញពីការតាំងចិត្តនិងការទទួលខុសត្រូវរាល់ទង្វើដែលខ្លួនបានធ្វើចំពោះខ្លួនឯង អ្នកដ៏ទៃ គ្រួសារនិងសង្គមជាតិ។ ពិសេសគោរពតាមគោលការណ៍សន្តិសហវិជ្ជមាន ផ្សះផ្សាបង្រួបបង្រួមជាតិ អន្តរជាតិ ក្នុងគោលដៅជម្រុញឱ្យមានសន្តិភាពសន្តិសុខ និងការអភិវឌ្ឍ ព្រមទាំងលើកកម្ពស់សេចក្ដីថ្លៃថ្នូរ ការប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ សុជីវធម៌ ដែលជាមាគា៌គេចផុតពីអំពើហឹង្សា ការកេងប្រវ័ញ្ច ការបំភិតបំភ័យការបង្ខិតបង្ខំ និងឧក្រិដ្ឋកម្មតាមរូបភាពផ្សេងៗ។
ជាការពិតសកម្មភាពសំខាន់មួយចំនួនខាងលើនេះគឺពិតជាសូចនាករមួយឈានទៅសម្រេចបាននូវការកសាងសន្តិភាពយ៉ាងពេញលេញ មិនត្រឹមតែសម្រាប់បុគ្គល គ្រួសារ និងសង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ សមុស្សជាតិក្នុងពិភពលោកទាំងមូលតែម្ដង៕ អានបន្ត
លោក អភិបាលខេត្តកែប ចុះពិនិត្យការដ្ឋានផ្លូវ33A ដែលជំនាញកំពុងចាក់កៅស៊ូAC ប្រវែង៧៥០ម៉ែត្រ
កែប ៖ នៅព្រឹកថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៨ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានដឹកនាំសហការីចុះពិនិត្យការចាក់កៅស៊ូAC ផ្លូវលេខ33A ដែលមានប្រវែង៧៥០ម៉ែត្រ ត្រង់ចំណុចភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ដែលជាចំណុចនៅសេសសល់ ក្នុងចំណោមផ្លូវប្រវែងសរុប ៧.៨០០ម៉ែត្រ។
ជាទូទៅផ្លូវលេខ33A ដែលតភ្ជាប់ពីទីប្រជុំជនសេះស ឆ្ពោះទៅកាន់មាត់ឆ្នេរហែលទឹក មានប្រវែងសរុប ៧.៨០០ម៉ែត្រនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនទុកជាចំណងដៃសម្រាប់ប្រជាពលរដ្ឋខេត្តកែប ក៏ដូចជាមហាជនគ្រប់ស្រទាប់បានធ្វើដំណើរទៅមកប្រកបដោយភាពងាយស្រួល ហើយកន្លងផ្នែកជំនាញបានស្ថាបនារួចរាល់ប្រវែង ៧.០៥០ម៉ែត្រហើយនោះ។
លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឱ្យដឹងថា ចំណុចផ្លូវលេខ33A ដែលជំនាញបាននិងកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំនេះមានប្រវែង៧៥០ម៉ែត្រ ហើយផ្លូវនេះផ្នែកជំនាញនឹងខិតខំស្ថាបនាទៅតាមបទដ្ឋានបច្ចេកទេសប្រកបដោយភាពរឹងមាំតាមស្តង់ដារកំណត់។
ក្នុងដំណើរចុះពិនិត្យការដ្ឋានអ៊ុតកៅស៊ូAC ផ្លូវលេខ33Aនេះ លោក កែន សត្ថា អភិបាលខេត្តកែប ក៏បានគូសបញ្ជាក់ថា ចំណុចផ្លូវនេះនឹងស្ថាបនាឱ្យបានរួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០១៨ដូចអ្វីដែលបានគ្រោងទុក។លោកបានបន្ថែមទៀតថា ផ្លូវលេខ33A ដែលជាអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលនេះ ត្រូវបានស្ថាបនាយ៉ាងល្អឥតខ្ចោះ មានទទឹងធំទូលាយ មានសួនចំកណ្តាលតាក់តែងលម្អដោយផ្កាចម្រុះពណ៌ បំពាក់ដោយបង្គោលភ្លើងប្រើថាមពលព្រះអាទិត្យ និងមានប្រវែងសរុប ៧.៨០០ម៉ែត្រ តភ្ជាប់ពីផ្សារសេះសរហូតដល់រង្វង់មូលផ្សារក្តាម។ចំពោះផ្លូវលេខ33A ដែលចាត់ទុកជាសមិទ្ធផលថ្មីសន្លាងសម្រាប់ជាចំណងដៃប្រជាពលរដ្ឋខេត្តកែបនេះ នឹងរង់ចាំធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខនេះ៕ អានបន្ត
រដ្ឋបាលខេត្តកំពត៖បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ (អាណត្តិទី៥)របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត ដើម្បីគាំទ្រគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា
កំពត ៖ នារសៀលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៨នៅសាលប្រជុំសាលាខេត្ត រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ (អាណត្តិទី៥)របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត ដើម្បីគាំទ្រគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិតចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសប្បកម្មនិងជាប្រធានក្រុមការងាថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពតនិងមានការចូលរួមពីសំណាក់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពតព្រមទាំង លោក លោកស្រី សមាជិកក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុកផងដែរ។
លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពតបានឱ្យដឹងអំពីលទ្ធផលសកម្មភាពរបស់ក្រុមការងារដែលបានបំពេញការងារក្នុងការរួមចំណែកបម្រើឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលពេញមួយអណត្តិទី៥នេះ។ក្នុងនោះក្រុមការបានចុះសំណេះសំណាលនិងស្វែងរកតម្រូវការបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋមានចំនួន៦៧១លើកលើ៩៣ឃុំ សង្កាត់ ដោយមានការចូលរួមពីក្រុមការងារចំនួន ១២.០៣៨នាក់ និងប្រជាពលរដ្ឋ៦៩.០៦២នាក់ដោយប្រមូលបានបញ្ហាសំណូមពរចំនួន៣.៣៤៩ ករណី ក្នុងនោះបានដោះស្រាយចំនួន១.៥៦៦ករណី កំពុងដោះស្រាយចំនួន១.០៣១ករណីនិងមិនទាន់ដោះស្រាយចំនួន៧៥២ករណីដែលភាគច្រើនសំណូមពរនូវសល់ស្នើសុំសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធមានទំហំធំ។
លោក ជាវ តាយអភិបាលខេត្តបានឱ្យដឹងទៀតថា ដោយផ្ដើមចេញតាមរយៈសកម្មភាពខាងលើនេះជាការជាក់ស្ដែងធ្វើឱ្យខេត្តកំពតមានការរីកចម្រើនគួរឱ្យមោទនៈទាំងការងារអភិវឌ្ឍន៍និងការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋលើគ្រប់វិស័យជាផ្លែផ្កាវិជ្ជមានឈានទៅការឆ្លើយតបបាននូវសំណូមពរនិងដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ ការជឿជាក់និងក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងក្របខណ្ឌសុខសន្តិភាពនិងការអភិវឌ្ឍន៍ជូនមូលដ្ឋានខេត្តកំពតក្នុងរយៈពេលពេញមួយអាណត្តិនេះ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធិ ទេសទេសរដ្ឋមន្ត្រីបានថ្លែងការកោតសរសើរដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសម្រេចបានក្នុងមួយអណត្តិទី៥របស់រាជរដ្ឋាភិបាលកន្លងទៅប្រកបដោយផ្លែផ្កានិងប្រសិទ្ធភាព។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតចមប្រ សិទ្ធិក៏បានលើកបញ្ជាក់ផ្ដាំផ្ញើដល់សមាជិកក្រុមការងារផងដែរថា៖បើទោះលទ្ធផលសម្រេចបានក្នុងអាណត្តិទី៥កន្លងទៅបានជាវិជ្ជមានក៏ពិតមែន ប៉ុន្តែនៅក្នុងអណត្តិទី៦នៃរាជរដ្ឋាភិបាលកើតឡើងថ្មីនេះ យើងត្រូវយកបង្កើនការយកចិត្តទុកដាក់ទាំងអស់គ្នាឱ្យបានសកម្មថែមទៀតដើម្បីចុះមូលដ្ឋានឱ្យបានច្រើនទ្វេរដងអនុវត្តទៅតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមគ្នាដោះស្រាយនូវចំណុចសេសសល់និងបញ្ហាសំណូមពរជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត៕ អានបន្ត
បេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅខេត្តកែបឆ្នាំនេះសិស្សប្រឡងជាប់មានអត្រាកើនឡើងខ្ពស់ជាងឆ្នាំមុន
កែប ៖ បេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ក្នុងឆ្នាំសិក្សា២០១៧-២០១៨ សិស្សប្រឡងជាប់មានកំណើនជាងឆ្នាំមុន។ នេះបើយោងតាមប្រសាសន៍របស់លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ក្នុងកិច្ចសំណេះសំណាល និងប្រកាសឈ្មោះបេក្ខជនដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៨ ក្នុងវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ស្ថិតក្នុងភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប។
បើតាមរបាយការណ៍របស់ លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បានឲ្យដឹងថា បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ ដែលសម័យប្រឡងនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ គឺមានសិស្សប្រឡងចំនួន២៦៧នាក់ ដែលមកពីវិទ្យាល័យចំនួន២ គឺវិទ្យាល័យ ហ៊ុន សែន ចំការដូង និងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស។លោកបានបញ្ជាក់ថា ក្នុងចំណោមសិស្សប្រឡងចំនួន២៦៧នាក់ខាងលើ មានបេក្ខជនប្រឡងជាប់ចំនួន២៤៩នាក់ និងសិស្សប្រឡងធ្លាក់ចំនួន១៨នាក់។
ក្នុងឱកាសនោះ លោកកែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានលើកឡើងថា ថ្វីត្បិតការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះនៅទូទាំងខេត្តកែបពុំមានសិស្សប្រឡងជាប់និទ្ទេសAក៏ពិតមែន ប៉ុន្តែខេត្តកែបរបស់យើងពិតជាមានមោទនភាពបំផុត ដោយសារការប្រឡងបាក់ឌុបឆ្នាំសិក្សា២០១៧-២០១៨ មានបេក្ខជនប្រឡងជាប់មានការកើនឡើងដែលមានអត្រាខ្ពស់រហូតដល់ទៅ ៩៣,២៥%ឯណោះ។លោក អភិបាលខេត្តបានគូសបញ្ជាក់ទៀតថា កាលសម័យប្រឡងបាក់ឌុបឆ្នាំមុនបើទោះជាខេត្តយើងមានសិស្សជាប់និទ្ទេសA ចំនួន២នាក់ក៏ពិតមែន តែអត្រា សិស្សប្រឡងជាប់មានត្រឹម៩០%ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកែបមានសិស្សប្រឡងចំនួន២៦៧នាក់ ក្នុងនោះសិស្សប្រឡងជាប់ចំនួន២៤៩នាក់ ដោយក្នុងចំណោមនោះក៏មានសិស្សប្រឡងជាប់និទ្ទេស(B)ចំនួន២នាក់ផងដែរ៕ អានបន្ត
លោក ជាវ តាយ ចុះពិនិត្យការកសាងស្ពានឈើដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន
កំពត ៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំសហការី ព្រមទាំងអាជ្ញាធរឃុំ ស្រុក និងអង្គភាពជំនាញ ចុះពិនិត្យការកសាងស្ពានឈើឆ្លងកាត់ស្ទឹងកែវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិអន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
ស្ពានឈើឆ្លងកាត់ស្ទឹងកែវនេះ ត្រូវបានកាត់ផ្តាច់ដោយជំនន់ទឹកភ្លៀងកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។ តាមរយៈ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់ថវិកាចំនួន ១៥,០០០ដុល្លារ ព្រមទាំងបន្ថែមថវិកា ៥លានរៀលបន្ថែមទៀតដើម្បី ពន្លឿនការកសាងស្ពានឈើថ្មីបណ្តោះអាសន្ន ដែលមានបណ្តោយប្រវែង៦៥ម៉ែត្រ ទទឹង៣ម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជិតឆ្ងាយ ជាពិសេសសិស្សសាលាបានឆ្លងស្ពានទៅសិក្សាទាន់ពេលវេលាផងដែរ ហើយបច្ចុប្បន្ននេះស្ពានឈើនេះកសាងបានចំនួន៧០ភាគរយហើយ។
លើសពីនេះ លោក ជាវ តាយ អភិបាលខេត្ត ថានឹងជួសជុលផ្លូវភ្ជាប់ស្ពានស្ទឹងកែវ ដែលមានប្រវែងជាង១០០ម៉ែត្រ ក្នុងពេលឆាប់ៗខាងមុខនេះ ព្រមទាំងមានគម្រោងដាក់ភ្លើងបំភ្លឺផ្លូវបន្ទាប់ពីការជួសជុលផ្លូវបានរួចរាល់ជាស្ថាពរ៕
អានបន្ត
ពិធីអបអរសារទរទិវាអក្ខរកម្មជាតិ៨កញ្ញាលើកទី១៨ ឆ្នាំ២០១៨នៅខេត្តកំពត
កំពត ៖ នៅព្រឹកថ្ងៃទី០៨ខែ កញ្ញា ឆ្នាំ២០១៨នេះ ខេត្តកំពតបានប្រារព្ធពិធីអបអរសាទរទិវាអក្ខរកម្មជាតិ៨កញ្ញាលើកទី១៨ក្រោមប្រធានបទ “អក្ខរកម្មឆ្ពោះទៅការសិក្សាពេញមួយជីវិត”។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងមានការចូលរួមផងដែរពីសំណាក់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងមន្ត្រីជំនាញ ពាក់ព័ន្ធផងដែរ។
មានប្រសាសន៍នៅក្នុងអង្គពិធីនេះ លោកបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថា អក្ខរកម្មមិនគ្រាន់តែធ្វើឲ្យអ្នកសិក្សា ចេះអាន ចេះសរសេរ ចេះនិយាយបានត្រឹមត្រូវនោះទេ ថែមទាំងចេះប្រើប្រាស់ជំនាញ អាជីពប្រចាំថ្ងៃដើម្បីបង្កើនប្រាក់ចំណូល ចិញ្ចឹមជីវិតខ្លួនឯងផង និងក្រុមគ្រួសារផង ព្រមទាំងធ្វើឲ្យសហគមន៍មានការរីកចម្រើនផងដែរ។
លោកបណ្ឌិតសភាចារ្យបានបន្តទៀតថា អក្ខរកម្មគឺជាគ្រឹះនៃចំណេះដឹង អក្ខរកម្មជាគ្រឹះនៃការអប់រំ អក្ខរកម្ម ជាមូលដ្ឋាន នៃការសិក្សាពេញមួយជីវិត អក្ខរកម្មជាគន្លឹះនៃការអភិវឌ្ឍន៍ និងអក្ខរកម្មរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយទិវានេះជាការរំឭកយើងថា យើងនៅមានភារកិច្ចចម្បងចាំបាច់ច្រើនទៀត ក្នុងការជំរុញឲ្យមានកំណើនអត្រាអក្ខរកម្ម ដើម្បីទទួលបាននូវ ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់ខ្លួន ក្នុងឆ្នាំ ២០៣០ ដែលគោលដៅផ្តោតលើការអប់រំគុណភាព សមធម៌ និងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា “អក្ខរកម្មរួមចំណែកកាត់បន្ថយចំណាកស្រុកដោយប្រថុយប្រថាន”។
លោករដ្ឋមន្ត្រីក្រសួងអប់រំបន្តបញ្ជាក់ថា ដើម្បីផ្តល់ឲ្យយុវជនយើងទទួលនូវជំនាញដែលអាចប្រើប្រាស់បាន នៅក្នុងទីផ្សារពលកម្ម យុវជយមិនត្រឹមតែចេះ មាននូវចំណេះដឹង និងចំណេះធ្វើទេ ប៉ុន្តែត្រូវមានអក្ខរកម្មបច្ចេកវិទ្យាមួយទៀត នៅក្នុងសង្គមសម័យឌីជីថល នាពេលបច្ចុប្បន្ន។ លោកសភាចារ្យក៏បានបញ្ជាក់ទៀតថា ចប្ចុប្បន្ន បញ្ហាអនក្ខរភាពស្ថិតនៅជាកង្វល់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ពោលគឺយើងនៅមានអនក្ខរជនជាងមួយលាននាក់ទៀត ហេតុនេះហើយបានជានៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំរបស់ក្រសួង តែងតែចាត់ទុកការងារអក្ខរកម្មជាសមាសភាគមួយមិនអាចខ្វះបានក្នុងវិស័យអប់រំ និងជាសកម្មភាពអាទិភាពដ៏ចម្បងរបស់ការអប់រំក្រៅប្រព័ន្ធ។
ជាការជាក់ស្ដែងនៅក្នុងសារលិខិតសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារពទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០១៨ ក៏បានលើកឡើងដែរថា ជាមួយនឹងចក្ខុវិស័យ អភិវឌ្ឍន៍ប្រជាជនកម្ពុជាគ្រប់រូបឲ្យទទួលបានឱកាសសិក្សាពេញមួយជីវិត ក្នុងគ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ប្រកបដោយ វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទាដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងសុខដុមជីវិតបុគ្គល និងសង្គម។ ទស្សនាទាននៃប្រធានបទនេះ មិនសំដៅត្រឹមតែការរៀនអក្ខរកម្ម ចេះអក្សរ ចេះលេខនព្វន្តប៉ុណ្ណោះទេ គឺបានគិតគូរដល់ឱកាសក្នុងការទទួលបានចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញវិជ្ជាជីវៈ និងនវានុវត្តគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសអក្ខរកម្មបច្ចេកវិទ្យា ដែលសព្វថ្ងៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស៕ អានបន្ត
បើកការដ្ធានស្ថាបនាផ្លូវបេតុងទៅកោះព្រាបប្រវែង១២០០ម៉ែត្រក្រោមអធិបតីភាពលោក យន្ត មីន
ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃអាទិត្យទី ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបាន អញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១.២០០ម៉ែត្រ ទៅកោះព្រាប មានទីតាំងនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង ព្រះសីហនុ ។
លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ មានប្រសាសន៍ឱ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះតភ្ជាប់ពីផ្លូវថេរវិថី សម្តេចតេជោ ឆ្ពោះទៅកោះព្រាប មានប្រវែង ១.២០០ម៉ែត្រ ទទឹងពី ៤ ទៅ ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ដោយប្រើឆ្អឹងដែក ១០លី ជាការជួយឧបត្ថម្ភដោយក្រុមហ៊ុនចិន AWESOME GLOBAL INVESTMENT GROUP Co,LTD។
ផ្លូវមួយខ្សែនេះ គ្រោងសាងសង់រួចរាល់ក្នុងរយៈពេល ៣៥ថ្ងៃ ប្រសិនបើអំណោយ ផលល្អមិនមានភ្លៀងធ្លាក់។
លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមហ៊ុន AWESOME GLOBAL INVESTMENT GROUP Co,LTD ដែលបានជួយស្ថាបនាផ្លូវបេតុងនេះឡើង ដើម្បីជួយសម្រួលចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ដោយសារតែខេត្តព្រះ សីហនុ កំពុងត្រូវបានអភិវឌ្ឍរីកចម្រើនយ៉ាងគំហុក។ លោកអភិបាលខេត្ត បន្ថែមថា វិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់ធ្វើជាដៃគូរក្នុងការចូលរួមអភិវឌ្ឍន៏ ខេត្តព្រះសីហនុ។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសងខាងផ្លូវ ចូលកោះព្រាបមេត្តាចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសសាងសង់ផ្លូវ ដើម្បីឱ្យដំណើរការសាងសង់ផ្លូវនេះ ប្រព្រឹត្តទៅដោយរលូន ធានាបានបរិមាណ និងគុណភាពក្នុងការប្រើប្រាស់បានយូរអង្វែង ព្រោះផ្លូវមួយខ្សែនេះជារបស់យើងទាំងអស់គ្នា និងសូមអោយប្រជាពលរដ្ធត្រូវចូលរួមថែរក្សាផ្លូវមួយខ្សែនេះអោយជាប់បានយូរអង្វែងតទៅថ្ងៃខាងមុខ ៕ អានបន្ត
លោកវរសេនីយ៍ឯក ធិន ស៊ីនដេត គឺនៅតែអនុវត្តបន្តយ៉ាងសកម្មដូចភ្លៀងរលឹប ដើម្បីបំបែក សំបុកគ្រឿងញៀន នៅក្រុងប៉ោយប៉ែត បានជាបន្តបន្ទាប់ តាមគោលការណ៍ថ្នាក់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន...
ខេត្តបន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែតៈ ៖ នៅថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០១៨ ត្រូវនិងថ្ងៃ សៅរ៍ ខែស្រាពណ៍ ឆ្នាំ សំរិទ្ធិស័ក ពស ២៥៦២ វេលាម៉ោង ១០.៣០ នាទី កំលាំងជំនាញប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក ធិន ស៊ីនដេត បានចុះល្បាតក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានជួបមុខសញ្ញាសង្ស័យចំនួន០៤នាក់ កំពុងនៅក្នុងផ្ទះខ្ទមមួយកន្លែង ក្នុងភូមិក្បាលស្ពាន០១ សង្កាត់ និង ក្រុងប៉ោយប៉ែត និងបានឃាត់ខ្លួនជនសង្ស័យបាន០៤នាក់មានឈ្មោះដូចខាងក្រោមៈ
១-ឈ្មោះ ហីម ដារ៉ូ ភេទប្រុស អាយុ ២១ឆ្នាំ
ស្នាក់នៅភូមិព្រៃព្រិច សង្កាត់ និង ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរចាបម៉ូយរថយន្ត...។
២-ឈ្មោះ សុខ ថា (ហៅខៀវ)ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិប្រជាធម្ម សង្កាត់ ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត មុខរបរលក់ដូរ
៣-ឈ្មោះ សុផុន ផាវុធ ភេទប្រុដ អាយុ៣៣ ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ និង ក្រុង ប៉ោយប៉ែត មុខរបរមិនពិតប្រាកត់។
៤-ឈ្មោះ គីម សំណាង ភេទប្រុដ អាយុ៣៣ ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ និង ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ កម្មករ។
វត្ថតាងរួមមានដូចខាងក្រោមៈ
១-សំបកថង់ប្រើប្រាស់រួចចំនួន ០១
២-បំពង់កែវសំរាប់ប្រើប្រាស់មួយកណាត់
៣-ទូរស័ព្ធម៉ាក mgt ចំនួន០១គ្រឿង
បច្ចុប្បន្នជនសង្ស័យទាំង០៤ នាក់ កំពុងសាក សួរ នៅអធិការដ្ឋាក្រុងប៉ោយប៉ែត និងក៏សាងសុំរឿងចាត់ការបន្តតាមនីតិវិធី៕ អានបន្ត
ប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង អះអាងថា ក្រុមការងារមិនព្រមវាស់វែងដីឱ្យពួកគាត់ក្រោមលេសថាជាដីព្រៃ
កំពត ៖ ប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារ ដែលកំពុងអាស្រ័យផលនៅលើដីសម្បទានរបស់រដ្ឋ ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានអះអាងថា ក្រុមការងារមិនព្រមវាស់វែងដីធ្លី ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិឱ្យពួកគាត់ទេ ដោយក្រុមការងារបានចោទប្រកាន់ថា ដីដែលពួកគាត់ទាមទារវាស់វែងនេះជាដីព្រៃ ហើយអត់មានរាប់បញ្ចូល ក្នុងបញ្ជីឈ្មោះពលរដ្ឋចំនួន ១៨៩ គ្រួសារនោះឡើយ។
បើតាមការលើកឡើងពីសំណាក់ លោកពូ ហេង សឿន តំណាងឱ្យប្រជាពលរដ្ឋខាងលើ បានឲ្យដឹងថា កន្លងមកក្រុមការងារបានទៅវាស់វែង ជូនប្រជាពលរដ្ឋចំនួន១៨៩គ្រួសារមែន ប៉ុន្តែក្រុមការងារមិនបានមកវាស់ជូនពួកគាត់តាមគោលការណ៍របស់រដ្ឋបាលខេត្តកំពតឡើយ គឺវាស់វែងតែចំណុចក្បែរៗនោះគឺវាស់តែដីបក្សពួករបស់ខ្លួនប៉ុណ្ណោះ ។
ចំណែកដីរបស់ពួកគាត់ដែលបានកាន់កាប់ប្រមាណជិត៤ឆ្នាំមកហើយថែមទាំងពួកគាត់បានសាងសង់លំនៅ ព្រមទាំងដាំដំណាំហូបផ្លែផ្សេងៗក៏ដោយ បែរជាមានគេមកកាប់បំផ្លាញចោលគ្មានសល់ ហើយក្រុមការងារអះអាងថា នេះជាដីព្រៃបម្រុងរបស់រដ្ឋទៅវិញ ។
គាត់បានបញ្ជាក់អះអាងថា បើគ្មានដំណោះស្រាយណាមួយជូនដល់ពួកគាត់នោះទេ ប្រជាពលរដ្ឋនឹងសុំជួបលោកអភិបាលខេត្តកំពតជាលើកទីពីរ ដើម្បីឱ្យរដ្ឋបាលខេត្តជួយរកយុតិ្តធម៌ដល់ពួកគាត់មិនខាន៕ អានបន្ត
បើទោះជាអាជ្ញាធរខំទប់ស្កាត់បែបណា តែសំណង់អនាធិបតេយ្យនៅតែផ្គើនដដែល
កំពត ៖ សំណង់អនាធិបតេយ្យដែលសង់រំលោភចុះទៅក្នុងទឹកព្រែកដែលអនុក្រិត្យរបស់រាជរដ្ឋាភិបាលបានហាមឃាត់នាពេលបច្ចុប្បន្ននេះយ៉ាងទូលំទូលាយដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដើម្បីបានជ្រួតជ្រាបអំពីអ្វីដែលជាសម្បត្តិរដ្ឋអ្វីដែលជាកម្មសិទ្ធិឯកជន ទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការរួមទាំងប្រជាពលរដ្ឋផងដែរសុទ្ឋតែបានយល់ដឹងនូវការផ្សព្វផ្សាយអនុក្រិត្យរបស់រាជរដ្ឋាភិបាលទាំងអស់គ្នា។
ប៉ុន្តែទន្ទឹមនិងនេះចំពោះប្រជាពលរដ្ឋនិងមន្ត្រីរាជការតូចតាចលោកគោរពច្បាប់ណាស់មិនហ៊ានរំលោភច្បាប់នោះទេ ហើយការរំលោភច្បាប់ផ្គើននិងអនុក្រិត្យរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះគឺភាគច្រើនចំពោះអ្នកមានលុយ មាន បុណ្យស័ក្តិ និងមានអំណាចដែលតែងតែហ៊ានធ្វើយ៉ាងនេះដោយមិនខ្លាចច្បាប់។
ជាក់ស្តែងសំណង់អនាធិបតេយ្យជាច្រើនកន្លែងដែលកំពុងសង់រំលោភចំណីព្រែកនិងសង់ចុះទៅក្នុងទឹកព្រែក ដោយចាក់ធ្នឹមបេតុងយ៉ាងរឹងមាំចុះទៅក្នុងទឹក នាពេលនេះ បើតាមអាជ្ញាធរភូមិសង្កាត់ឲ្យដឹងថា សំណង់ទាំងនេះមិនមានច្បាប់អ្វីទាំងអស់ ហើយកន្លងមកអាជ្ញាធរភូមិសង្កាត់បានហៅម្ចាស់មកធ្វើការណែនាំជាច្រើនលើកច្រើនសារឲ្យបញ្ឈប់ការសង់នូវសំណង់ដែលខុសច្បាប់ខាងលើនេះដែរ ប៉ុន្តែពេលណាអាជ្ញាធរមកបញ្ឈប់គឺផ្អាកបានតែមួយដង្ហើមចង្រិចប៉ុណ្ណោះ។
លុះពេលណាអាជ្ញាធរជាប់រវល់កិច្ចការផ្សេងៗមិនសូវបានមកតាមដានមើល ម្ចាស់សំណង់ខាងលើតែងតែលួចបញ្ជាជាងនិងកម្មករឲ្យធ្វើរបៀបកញ្ឆក់កណ្តៀតជួនកាលមានពេលយប់ក៏មានផងដែរ នេះបើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះផ្តល់តំរុយដល់អ្នកសារពត៌មានយើងកន្លងមក។
នៅពេលថ្មីៗនេះដែរក្នុងអង្គប្រជុំគណបញ្ជាការឯកភាពខេត្ត លោក ជាវ តាយ អភិបាលនៃគណអភិបាលខេត្តបានលើកឡើងផងដែរ អំពីការកែលំអរតំបន់ឆ្នេរការហាមឃាត់មិនឲ្យបុគ្គលណាម្នាក់រំលោភយកចំណីព្រែកឬសង់សំណង់រំលោភចូលចំណីព្រែកជាដើម។
ចំពោះសំណង់ដែលកំពុងសង់រំលោភចុះក្នុងព្រែកដែលស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពតនាពេលនេះ បើតាមលោក លាង រឿនសុទ្ធី អភិបាលក្រុងកំពតបានថ្លែងប្រាប់អ្នកយកព័ត៌មានយើងកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៨ នេះថា សំណង់ខាងលើនេះក្រុមការងារសាលាក្រុងធ្លាប់បានចុះទៅបញ្ឈប់ការសាង់មួយលើក ជាពីរលើករួចមកហើយដោយហៅម្ចាស់មកណែនាំឲ្យឈប់សាងសង់ ម្ចាស់ក៏បានសន្យាជាមួយក្រុមការងារថាឈប់សាងសង់ដែរ។
ក្រោយមកក៏ចេះតែលួចសាងសង់បន្តទៀត ហើយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨កន្លងមក អាជ្ញាធរក្រុងបានដឹកនាំមន្ត្រីជំនាញចុះមកហាឃាត់ម្តងទៀត ដោយហៅម្ចាស់មក ធ្វើកំណត់ហេតុចុះកិច្ចសន្យាបញ្ឈប់ការសាងសង់និងរង់ចាំអនុវត្តបទបញ្ជាពីរដ្ឋបាលខេត្តដើម្បីរុះរើចេញ ដោយក្រុងបានធ្វើរបាយការណ៍រាយជូនទៅរដ្ឋបាលខេត្តជាចុងក្រោយរួចទៅហើយរង់ចាំចំណាត់ការរបស់ខេត្តដើម្បីមានវិធានការរុះរើជាបន្ទាន់។លោកថា ស្រាប់តែនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៨នេះ គេឃើញម្ចាស់សំណង់ខាងលើផ្គើននិងការបញ្ឈប់នៃការសាងសង់របស់សាលាក្រុង ដោយយកម្លាំងកម្មករនិងជាងសំណង់ មកធ្វើការសាងសង់បន្តទៅទៀតយ៉ាងគគ្លើនមិនគោរពកិច្ចសន្យាដែលក្រុមការងារសាលាក្រុងបានបញ្ឈប់នោះឡើយ។
លោកបន្តថា បើម្ចាស់សំណង់ខាងលើនៅតែផ្គើនដូច្នេះលោកនិងរាយការណ៍ជូនលោកអភិបាលខេត្តនៅរសៀលនេះ ដើម្បីឲ្យលោកអភិបាលខេត្តលោកមានវិធានការបន្តលើករណីការសង់រំលោភចុះក្នុង
ទឹកព្រែកកំពង់បាយនេះតែម្តង៕ អានបន្ត
ក្រុមហ៊ុនផលិតទឹកស្អាតកំពុង រងការរិះគន់ពីពលរដ្ឋ ខណៈក្រុមហ៊ុនបង្ហូរទឹកក្រខ្វក់ចូលក្នុងអាងស្តុកទឹកឱ្យអតិថិជនប្រើប្រាស់
កំពត ៖ ពលរដ្ឋទូទាំងស្រុកកំពង់ត្រាច ពិសេសអតិថិជនដែលកំពុងប្រើប្រាស់បណ្តាញទឹកក្រុមហ៊ុនទឹកស្អាត បាននាំគ្នារិះគន់ថា ក្រុមហ៊ុនផលិតទឹកស្អាតគ្មានការទទួលខុសត្រូវ លើកត្តាអនាម័យ ដោយបានបង្ហូរទឹកក្រខ្វក់ចូលក្នុងអាងស្តុកទឹករាប់ឆ្នាំ ហើយផ្តល់ឱ្យអតិជនប្រើប្រាស់។
មហាជនស្ទើពេញស្រុកតែងតែនាំគ្នាលើកឡើងថា ក្រុមហ៊ុនផលិតទឹកស្អាត ហាក់ពុំបានគោរពតាមគោលការណ៍អនាម័យ និងផលិតទឹកពុំអនុវត្តតាមបទដ្ឋានបច្ចេកទេសនិងគ្មានស្តង់ដារ ដូចជានៅជុំវិញបរិវេណផលិតទឹកទាំងមូលមានភាពក្រខ្វក់ ហើយក្រុមហ៊ុននេះក៏បានជីកកូនប្រឡាយសម្រាប់បង្ហូរទឹកពីស្រែនិងទឹកភ្លៀងពីទីវាល ដែលគ្មានអនាម័យសម្រាប់ស្តុកទឹកទុកផ្គត់ផ្គត់ឱ្យអតិថិជនប្រើប្រាស់ប្រចាំថ្ងៃ។
ប្រភពពីមជ្ឈដ្ឋានដដែលបានឱ្យដឹងទៀតថា កន្លែងដែលក្រុមហ៊ុនបង្ហូរទឹកចូលឱ្យគេប្រើប្រាស់ខាងលើ គឺជាទឹកដែលប្រជាពលរដ្ឋបង្ហៀរចេញពីលំនៅឋាននៅក្បែរនោះ និងទឹកភ្លៀងហូរបាចសាចមកពីគ្រប់ទីកន្លែងផងដែរ។មហាជនបានរិះគន់ទៀតថា ក្រុមហ៊ុនផលិតទឹកស្អាតនេះ គួរប្តូរឈ្មោះថា ជាក្រុមហ៊ុនផលិតទឹកក្រខ្វក់វិញទើបម ព្រោះគេបានសង្កេតឃើញថា ទីតាំងផលិតទឹកស្អាតក្នុងស្រុកកំពង់ត្រាចនេះ ហាក់មានភាពក្រខ្វក់ទាំងខាងក្រៅបរិវេណ និងខាងក្នុងបរិវេណ ដោយមើលទៅដូចជាមិនសមផ្តល់ទឹកឱ្យអតិថិជនប្រើប្រាស់ឡើយ។ជាមួយនឹងកត្តាផលិតទឹកគ្មានអនាម័យខាងលើ ពលរដ្ឋក្នុងស្រុកកំពង់ត្រាច សំណូមពរដល់ផ្នែកជំនាញពាក់ព័ន្ធមេត្តាចុះទៅពិនិត្យមើលទីតាំងផលិតទឹកស្អាតខាងលើនេះផង តើម្ចាស់ក្រុមហ៊ុនបានអនុវត្តតាមបទដ្ឋានបច្ចេកទេសនិងតាមស្តង់ដារទឹកស្អាតដែរឬទេ?។
ទាក់ទិននឹងការផលិតទឹកគ្មានអនាម័យសម្រាប់ផ្គត់ផ្គង់អតិថិជននេះដែរ នៅព្រឹកថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០១៨នេះ អ្នកសារព័ត៌មានមិនអាចទំនាក់ទំនងសុំការពន្យល់ពីអ្នកគ្រប់គ្រងផលិតទឹកស្អាតស្រុកកំពង់ត្រាចបានទេ ដោយសារទូរស័ព្ទរបស់លោកស្ថិតក្នុងតំបន់ក្រៅសេវា។
ដោយឡែក លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម និងសិបកបកម្មខេត្តកំពតនៅព្រឹកថ្ងៃដដែលនេះ កម្ពុជាថ្មី មិនអាចសុំការអត្ថាធិប្បាយពីលោកបានទេដោយសារលោកប្រធានជាប់រវល់កិច្ចផ្ទាល់ខ្លួន៕ អានបន្ត
លោកស្រី លាង ហៃ ជាវ តាយ អញ្ជើញនាំយកអំណោយកាកបាទក្រហមកម្ពុជាឧបត្តម្ភជូនប្រជាពលប្រឈមជីវភាពខ្វះខាតនិងរងគ្រោះដោយខ្យល់កន្ទ្រាក់ក្នុងស្រុកបន្ទាយមាស
កំពត ៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ លោកស្រី លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតរួមនិងសហការីបាននាំយកនូវអង្ករ និងគ្រឿងឧបភោគ បរិភោគព្រមទាំងសម្ភារៈមួយចំនួនដែលជាអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដើម្បីឧបត្ថម្ភ ជូនដល់ប្រជាពលរដ្ឋចាស់ជរាពិកាដែលប្រឈមបញ្ហាការខ្វះខាតជីវភាព និងរងគ្រោះដោយខ្យល់កន្ទ្រាក់រលំផ្ទះចំនួន៤៣គ្រួសារដែលពិធីបានប្រគល់ជូននៅទីកន្លែងចំនួនពីរមកពីឃុំមួយចំនួនក្នុងស្រុកបន្ទាយមាសខេត្តកំពត។
មានប្រសាសន៍សំណេះសំណាលលោកស្រី លាង ហៃ ជាវ តាយ បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខនឹករលឹកពីសំណាក់សម្ដេច កត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជូនចំពោះលោកយាយលោកតានិងបងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ដែលជានិច្ចកាលសម្ដេចកត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងពិសេសសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខនិងជីវភាពរស់នៅព្រមទាំងដោះស្រាយរាល់ការទុក្ខលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនរើសអើងប្រកាន់ពូជសាសន៍និន្នាការអ្វីឡើយ ពោលគឺទីណា ពេលណា ប្រជាពលរដ្ឋមានទុក្ខលំបាក គឺទីនោះ ពេលនោះ តែងមានកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ចុះជួយដោះស្រាយនិងឧបត្ថម្ភជានិច្ច ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយដាច់ពោះអត់អាហារឡើយ។
លោកស្រី លាង ហៃ ជាវតាយបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់ជំរុញលើការងារបង្កបង្កើនផលចិញ្ចឹមសត្វរួមផ្សំដើម្បីជួយសំរាលជីវភាពបងប្អូនកាន់តែប្រសើរឡើង និងមានការរស់នៅដោយលក្ខណៈអនាម័យស្អាត គឺហូបស្អាត ផឹកស្អាត ដើម្បីបង្ការជំងឺផ្សេងៗ។
អំណោយដែលបានឧបត្ថម្ភប្រជាពលរដ្ឋទាំងចំនួន៤៣គ្រួសារ ក្នុងមួយគ្រួសារ អង្ករ២៥គីឡូ មី១កេះ ទឹកស៉ីអ៉ីវ១យួរ ស្ករត្នោត១គីឡូ សាប៊ូ២ដុំនិងថវិកា៦ម៉ឺនរៀល។ ដោយឡែកក្នុងនោះចំពោះគ្រួសាររងគ្រោះដោយខ្យល់បក់បោករលំផ្ទះចំនួន២គ្រួសារក្នុង១គ្រួសារៗទទួលបានប្រាក់បន្ថែម១លានរៀលនិង២គ្រួសារទៀតបន្ថែម១គ្រួសារៗថវិកា៤០ម៉ឺនរៀលផងដែរ៕ អានបន្ត
លោកអភិបាលខេត្តកំត៖ នៅឆ្នាំ២០១៩ខាងមុខ មន្ត្រីរាជការក្នុងរដ្ឋបាលខេត្តកំពតទាំងអស់នឹងមានប្រាក់ឧបត្ថម្ភ១០០ដុល្លារប្រចាំខែ លើប្រាក់បៀវត្ស
កំពត ៖ មន្ត្រីរាជការក្នុងរដ្ឋបាលខេត្តកំពតទាំងអស់ នឹងត្រូវបានឧបត្ថម្ភថវិកាពីរដ្ឋបាលខេត្ត ចំនួន១០០ដុល្លារ បន្ថែមលើប្រាក់បៀវត្ស និងប្រាក់លើកទឹកចិត្តនៅខែមករា ឆ្នាំ២០១៩ខាងមុខនេះ។
នេះជាការលើកឡើងរបស់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចំនួនប្រមាណ២០០នាក់ នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ក្នុងសាលប្រជុំសាលាខេត្តកំពត។
លោកអភិបាលខេត្តកំពត បានបញ្ជាក់ទៀតថា ការដឹកនាំរបស់លោក គឺផ្អែកតាមរបៀបយន្តការ គឺមិនមែនជាការដឹកនាំរបៀបចង្អុលនោះទេ។ ពាក្យថាយន្តការត្រូវរៀបចំសេចក្តីសម្រេច អនុវត្តការងារនិមួយៗហើយរាយការណ៍ជូនអង្គប្រជុំនូវអ្វីដែលអនុវត្តបានឬមិនបាន។លោកថាវិធីដឹកនាំតាមយន្តការ មានគោលការណ៍ច្បាស់លាស់ គឺដឹកនាំត្រូវតែមានកិច្ចប្រជុំ រាយការណ៍ និងសុំយោបល់ ចឹងទេបើយើងមិនមានការដឹកនាំជាយន្តការ មិនមានប្រជុំមិនមានសុំយោបល់ តើការអនុវត្តមានប្រសិទ្ធភាពដែរឬទេ?តាមពិតការងារគ្មានប្រសិទ្ធភាពនោះទេ ព្រោះអ្នកធ្វើចេះតែធ្វើទៅ ឯលទ្ធផលមិនអាចទទួលបានជោគជ័យឡើយ។
ជាមួយនេះ លោកអភិបាលខេត្តក៏បានលើកឡើងអំពីការពង្រឹងយន្តការ ការងារដឹកនាំនៃមន្ត្រីរាជការក្នុងរដ្ឋបាលបាលខេត្តកំពត ហើយលោកក៏នឹងជួបប្រជុំជាមួយមន្ត្រីក្នុងសាលាខេត្តរាល់១៥ថ្ងៃម្តង ដើម្បីក្តាប់នូវការអនុវត្តការងារផ្សេងៗ តាមមុខជំនាញ និងតាមផែននិមួយៗ តើអនុវត្តបានអី្វខ្លះហើយ។
ក្នុងឱកាសសំណេះសំណាលនេះ លោកអភិបាលខេត្តកំពត ក៏បានឧបត្ថម្ភថវិកាដល់មន្ត្រីរាជការក្នុងសាលាខេត្តកំពត ទាំងក្របខណ្ឌ ទាំងមន្ត្រីជាប់កិច្ចសន្យា ប្រមាណជិត២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០ម៉ឺនរៀល សម្រាប់រៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះផងដែរ៕ អានបន្ត
កិច្ចប្រជុំសាមញ្ញ លើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត អាណតិ្តទី២
កំពត ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត អាណតិ្តទី២ ក្រោមអធិបតីភាព លោក អឹុង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។
របៀបវារៈ នៃកិច្ចប្រជុំ៖
១/-ពិនិត្យ និងអនុម័ត លើរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៥២របស់ក្រុមប្រឹក្សាខេត្ត។
២/-ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្ត។
៣/-ពិនិត្យ និងអនុម័ត លើកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី០៨ របស់ក្រុមប្រឹក្សាខេត្ត។
៤/-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត។
៥/-ពិនិត្យ និងអនុម័ត លើសេចក្តីណែនាំស្តីពីការកសាង កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០១៩-២០២០ របស់រដ្ឋបាលខេត្ត។
ក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានគូសបញ្ជាក់ថា ដើម្បីធ្វើឱ្យរដ្ឋបាលខេត្តមានភាពរឹងមាំ គប្បីមន្ត្រីរាជការទាំងអស់រួមសហការគ្នាឱ្យបានស្អិតល្មួតហើយការអនុវត្តយើងត្រូវតែពិនិត្យឱ្យដល់ឫសគល់ ទើបការងារអនុវត្តទទួលបានជោគជ័យ ដោយយើងមិនអាចចាំពេលវេលានោះទេ បើលើកឡើងអ្វីត្រូវតែអនុវត្ត តាមសំណូមពររបស់ប្រជាពលរដ្ឋ ដូចជាករណីប្រឈម ដំណោះស្រាយ បញ្ងាផ្សេងៗជាដើម។លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ចំពោះការជំរុញវិស័យកសិកម្មនៅទូទាំងខេត្តកំពត លោកនឹងផ្តល់ថវិកាចំនួន៤០ម៉ឺន ដុល្លារអាមេរិក ដល់ប្រជាកសិករចំនួន១០០ក្រុម ហើយលោកនឹងមានគម្រោងផ្តល់ថវិកាជាបន្តបន្ទាប់ទៀត សម្រាប់វិស័យកសិកម្ម ក្នុងភូមិសាស្ត្រខេត្តកំពត ដើម្បីបង្កើនជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ៕ អានបន្ត
សកម្មភាពចុះវាយតម្លៃប្រសិទ្ធភាពលើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅខេត្តកែប
កែប ៖ ដើម្បីអនុវត្តលើផ្នែកហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្រុមការងារចុះត្រួតពិនិត្យនិងវាយតម្លៃប្រសិទ្ធភាពលើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបំប៉នជំនាញហិរញ្ញវត្ថុ ដែលប្រព្រឹត្តឡើង នាព្រឹកថ្ងៃអង្គារ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០១៨ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ដោយមានតំណាងមកពីនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីវាយតម្លៃគុណភាពនិងប្រសិទ្ធភាពនៃការបណ្តុះបណ្តាល ដែលសិក្ខាកាមបានចូលរួមកន្លងមក សម្រាប់កែលម្អ និងអភិវឌ្ឍនូវវគ្គបណ្តុះបណ្តាលនាពេលខាងមុខឱ្យល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ដោយមានការចូលរួមពី លោក អ៊ុក ថា អភិបាលរង នៃគណៈអភិបាលខេត្តកែប និង មានសមាសភាពចូលរួមមកពីមន្ទីរពាក់ព័ន្ធចំនួន ៥ រួមមាន៖ ១/ មន្ទីររ៉ែ និង ថាមពល ២/ មន្ទីរ ឧស្សាហកម្ម និង សិប្បកម្ម ៣/ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ៤/មន្ទីរសាធារណការនិងដឹកជញ្ជូន ៥/មន្ទីរ សង្គមកិច្ច និងនិតិសម្បទា។
ជាមួយនឹងសកម្មភាពចុះវាយតម្លៃលើប្រសិទ្ធភាពការងារជំនាញខាងលើនេះ លោក អ៊ុក ថា អភិបាលរងខេត្តកែប បានគូសបញ្ជាក់ថា កិច្ចការនេះត្រូវបានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ សម្រាប់ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ហើយក៏ជាវគ្គបណ្តុះបណ្តាលមួយដែលយើងបានឆ្លងកាត់កន្លងមកហើយ។ដូច្នេះការងារគ្រប់គ្រងលើផ្នែកហិរញ្ញវត្ថុជាគន្លឹះសំខាន់ដែលតម្រូវឱ្យស្ថាប័នពាក់ព័ន្ធទាំងនោះ យកទៅអនុវត្តសម្រាប់វាយតម្លៃគុណភាពនិងប្រសិទ្ធភាពឱ្យបានកាន់តែប្រសើរឡើងថែមទៀត៕ អានបន្ត