កិច្ចប្រជុំសាមញ្ញ លើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត អាណតិ្តទី២
កំពត ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត អាណតិ្តទី២ ក្រោមអធិបតីភាព លោក អឹុង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។
របៀបវារៈ នៃកិច្ចប្រជុំ៖
១/-ពិនិត្យ និងអនុម័ត លើរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៥២របស់ក្រុមប្រឹក្សាខេត្ត។
២/-ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្ត។
៣/-ពិនិត្យ និងអនុម័ត លើកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី០៨ របស់ក្រុមប្រឹក្សាខេត្ត។
៤/-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត។
៥/-ពិនិត្យ និងអនុម័ត លើសេចក្តីណែនាំស្តីពីការកសាង កម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០១៩-២០២០ របស់រដ្ឋបាលខេត្ត។
ក្នុងកិច្ចប្រជុំនេះ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានគូសបញ្ជាក់ថា ដើម្បីធ្វើឱ្យរដ្ឋបាលខេត្តមានភាពរឹងមាំ គប្បីមន្ត្រីរាជការទាំងអស់រួមសហការគ្នាឱ្យបានស្អិតល្មួតហើយការអនុវត្តយើងត្រូវតែពិនិត្យឱ្យដល់ឫសគល់ ទើបការងារអនុវត្តទទួលបានជោគជ័យ ដោយយើងមិនអាចចាំពេលវេលានោះទេ បើលើកឡើងអ្វីត្រូវតែអនុវត្ត តាមសំណូមពររបស់ប្រជាពលរដ្ឋ ដូចជាករណីប្រឈម ដំណោះស្រាយ បញ្ងាផ្សេងៗជាដើម។លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ចំពោះការជំរុញវិស័យកសិកម្មនៅទូទាំងខេត្តកំពត លោកនឹងផ្តល់ថវិកាចំនួន៤០ម៉ឺន ដុល្លារអាមេរិក ដល់ប្រជាកសិករចំនួន១០០ក្រុម ហើយលោកនឹងមានគម្រោងផ្តល់ថវិកាជាបន្តបន្ទាប់ទៀត សម្រាប់វិស័យកសិកម្ម ក្នុងភូមិសាស្ត្រខេត្តកំពត ដើម្បីបង្កើនជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ៕