លោក ជាវ តាយ ចុះពិនិត្យការកសាងស្ពានឈើដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន
កំពត ៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំសហការី ព្រមទាំងអាជ្ញាធរឃុំ ស្រុក និងអង្គភាពជំនាញ ចុះពិនិត្យការកសាងស្ពានឈើឆ្លងកាត់ស្ទឹងកែវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិអន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។
ស្ពានឈើឆ្លងកាត់ស្ទឹងកែវនេះ ត្រូវបានកាត់ផ្តាច់ដោយជំនន់ទឹកភ្លៀងកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។ តាមរយៈ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់ថវិកាចំនួន ១៥,០០០ដុល្លារ ព្រមទាំងបន្ថែមថវិកា ៥លានរៀលបន្ថែមទៀតដើម្បី ពន្លឿនការកសាងស្ពានឈើថ្មីបណ្តោះអាសន្ន ដែលមានបណ្តោយប្រវែង៦៥ម៉ែត្រ ទទឹង៣ម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ជិតឆ្ងាយ ជាពិសេសសិស្សសាលាបានឆ្លងស្ពានទៅសិក្សាទាន់ពេលវេលាផងដែរ ហើយបច្ចុប្បន្ននេះស្ពានឈើនេះកសាងបានចំនួន៧០ភាគរយហើយ។
លើសពីនេះ លោក ជាវ តាយ អភិបាលខេត្ត ថានឹងជួសជុលផ្លូវភ្ជាប់ស្ពានស្ទឹងកែវ ដែលមានប្រវែងជាង១០០ម៉ែត្រ ក្នុងពេលឆាប់ៗខាងមុខនេះ ព្រមទាំងមានគម្រោងដាក់ភ្លើងបំភ្លឺផ្លូវបន្ទាប់ពីការជួសជុលផ្លូវបានរួចរាល់ជាស្ថាពរ៕