កំពត ៖ លោកអភិបាល ក្រុង-ស្រុក ត្រូវតែចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះបុគ្គលដែលប៉ុនប៉ងរំលោភបំពានសម្បតិ្តសាធារណៈរបស់រដ្ឋ ពិសេសដីបឹងបួ ភ្នំ ប្រឡាយ ព្រែកជាដើម។ការលើកឡើងបែបនេះ ជាប្រសាសន៍របស់ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ថ្លែងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៨នៅសាលាខេត្តកំពត ដែលមានការចូលរួម ពីសំណាក់មន្ទីរអង្គភាពពាក់ព័ន្ធនានា និងអភិបាល ក្រុង-ស្រុកផងដែរ។ជាមួយគ្នានេះ លោកអភិបាលខេត្តកំពត ក៏បានព្រមានធ្ងន់ៗ ទៅលើអភិបាលក្រុង-ស្រុក ពិសេសអភិបាលស្រុកកំពង់ត្រាច ទាក់ទិននឹងរឿងការរំលោភបំពានដីធ្លី ឬដីបឹងបួ ព្រែក ប្រឡាយដែលជាសម្បតិ្តសាធារណៈរបស់រដ្ឋជាច្រើនករណី ប៉ុន្តែអាជ្ញាធរមិនទាន់មានចំណាត់ការនៅឡើយ ហើយ លោក ជាវ តាយ ក៏បានលើកឡើងពីបញ្ហាបុគ្គលដែលរំលោភដីរបស់រដ្ឋដោយសំអាងលើអ្នកមានអំណាចនៅពីក្រោយ តើគេជាអ្នកណា ធំប៉ុណ្ណា នៅទីណា.?គួរវែកមុខឱ្យឃើញ ដើម្បីកុំឱ្យមានបញ្ហាស្មុគស្មាញក្នុងការអនុវត្តច្បាប់នៃរដ្ឋបាលដែនដីនិមួយៗ។លើសពីនេះ លោក ជាវ តាយ ក៏បានក្រើនរំលឹកដល់ លោកអភិបាល ក្រុង-ស្រុកថា បើអស់លោកមិនយល់ពីការអនុវត្តច្បាប់នីតិវិធីរដ្ឋបាលដែនដី ត្រូវឆ្លងមករដ្ឋបាលខេត្ត ពិសេសអភិបាលខេត្ត ដោយលោករង់ចាំទទួលគ្រប់ពេល ម៉ោងណា វេលាណាក៏បានដែរ។ដូច្នេះរដ្ឋបាលក្រុង-ស្រុក ត្រូវតែពិនិត្យមើលនិងធ្វើការងារអ្វីក៏ដោយត្រូវអនុវត្តឱ្យបានច្បាស់លាស់កុំធ្វើរបៀបសិះសុះឬឃុបឃិតឱ្យសោះ ហើយក៏ត្រូវប្រយ័ត្នខ្លួនផងដែរ ហើយកុំចេះតែហ៊ានប្រយ័ត្នរលាក..!។លោកអភិបាលខេត្តបានបញ្ជាក់ផងដែរថា ភ្នំ ឆ្នេរ បឹងបួ ប្រឡាយ ព្រែកជាដើម សុទ្ធសឹងជារបស់រដ្ឋត្រូវតែសហការគ្នាជួយការពារថែរក្សាឱ្យបានគង់វង្ស ហើយចាប់ពីពេលនេះទៅ អភិបាលក្រុង-ស្រុកទាំងអស់ត្រូវធ្វើរបាយស្តីពីករណីការរំលោភបំពានសម្បតិ្តរបស់រដ្ឋ និងស្រាវជ្រាវរកឫសគល់និងឫសកែវ អ្នកនៅពីក្រោយ តើគេជាអ្នកណា..?។លោក ជាវ តាយ អភិបាលខេត្ត ថែមទាំងជំរុញដល់អភិបាល ក្រុង-ស្រុកអនុវត្តតាមឋានៈតួនាទីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនកុំចេះតែបួញមាត់ឬចង្អុល គឺត្រូវតែមានវិធានការ ចំណាត់ការ រាល់បទល្មើសទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ