កំពត ៖ នៅព្រឹកថ្ងៃទី០៨ខែ កញ្ញា ឆ្នាំ២០១៨នេះ ខេត្តកំពតបានប្រារព្ធពិធីអបអរសាទរទិវាអក្ខរកម្មជាតិ៨កញ្ញាលើកទី១៨ក្រោមប្រធានបទ “អក្ខរកម្មឆ្ពោះទៅការសិក្សាពេញមួយជីវិត”។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងមានការចូលរួមផងដែរពីសំណាក់ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ព្រមទាំងមន្ត្រីជំនាញ ពាក់ព័ន្ធផងដែរ។មានប្រសាសន៍នៅក្នុងអង្គពិធីនេះ លោកបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថា អក្ខរកម្មមិនគ្រាន់តែធ្វើឲ្យអ្នកសិក្សា ចេះអាន ចេះសរសេរ ចេះនិយាយបានត្រឹមត្រូវនោះទេ ថែមទាំងចេះប្រើប្រាស់ជំនាញ អាជីពប្រចាំថ្ងៃដើម្បីបង្កើនប្រាក់ចំណូល ចិញ្ចឹមជីវិតខ្លួនឯងផង និងក្រុមគ្រួសារផង ព្រមទាំងធ្វើឲ្យសហគមន៍មានការរីកចម្រើនផងដែរ។ លោកបណ្ឌិតសភាចារ្យបានបន្តទៀតថា អក្ខរកម្មគឺជាគ្រឹះនៃចំណេះដឹង អក្ខរកម្មជាគ្រឹះនៃការអប់រំ អក្ខរកម្ម ជាមូលដ្ឋាន នៃការសិក្សាពេញមួយជីវិត អក្ខរកម្មជាគន្លឹះនៃការអភិវឌ្ឍន៍ និងអក្ខរកម្មរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយទិវានេះជាការរំឭកយើងថា យើងនៅមានភារកិច្ចចម្បងចាំបាច់ច្រើនទៀត ក្នុងការជំរុញឲ្យមានកំណើនអត្រាអក្ខរកម្ម ដើម្បីទទួលបាននូវ ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់ខ្លួន ក្នុងឆ្នាំ ២០៣០ ដែលគោលដៅផ្តោតលើការអប់រំគុណភាព សមធម៌ និងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា “អក្ខរកម្មរួមចំណែកកាត់បន្ថយចំណាកស្រុកដោយប្រថុយប្រថាន”។ លោករដ្ឋមន្ត្រីក្រសួងអប់រំបន្តបញ្ជាក់ថា ដើម្បីផ្តល់ឲ្យយុវជនយើងទទួលនូវជំនាញដែលអាចប្រើប្រាស់បាន នៅក្នុងទីផ្សារពលកម្ម យុវជយមិនត្រឹមតែចេះ មាននូវចំណេះដឹង និងចំណេះធ្វើទេ ប៉ុន្តែត្រូវមានអក្ខរកម្មបច្ចេកវិទ្យាមួយទៀត នៅក្នុងសង្គមសម័យឌីជីថល នាពេលបច្ចុប្បន្ន។ លោកសភាចារ្យក៏បានបញ្ជាក់ទៀតថា ចប្ចុប្បន្ន បញ្ហាអនក្ខរភាពស្ថិតនៅជាកង្វល់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ពោលគឺយើងនៅមានអនក្ខរជនជាងមួយលាននាក់ទៀត ហេតុនេះហើយបានជានៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំរបស់ក្រសួង តែងតែចាត់ទុកការងារអក្ខរកម្មជាសមាសភាគមួយមិនអាចខ្វះបានក្នុងវិស័យអប់រំ និងជាសកម្មភាពអាទិភាពដ៏ចម្បងរបស់ការអប់រំក្រៅប្រព័ន្ធ។ ជាការជាក់ស្ដែងនៅក្នុងសារលិខិតសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារពទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០១៨ ក៏បានលើកឡើងដែរថា ជាមួយនឹងចក្ខុវិស័យ អភិវឌ្ឍន៍ប្រជាជនកម្ពុជាគ្រប់រូបឲ្យទទួលបានឱកាសសិក្សាពេញមួយជីវិត ក្នុងគ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ប្រកបដោយ វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទាដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងសុខដុមជីវិតបុគ្គល និងសង្គម។ ទស្សនាទាននៃប្រធានបទនេះ មិនសំដៅត្រឹមតែការរៀនអក្ខរកម្ម ចេះអក្សរ ចេះលេខនព្វន្តប៉ុណ្ណោះទេ គឺបានគិតគូរដល់ឱកាសក្នុងការទទួលបានចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញវិជ្ជាជីវៈ និងនវានុវត្តគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសអក្ខរកម្មបច្ចេកវិទ្យា ដែលសព្វថ្ងៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ