ព័ត៌មានចាស់ៗ
ទ្រព្យសម្បត្តិនៅរមណីយដ្ឋានទឹកធ្លាក់ប្រាំបួនជាន់រងការដុតបំផ្លាញដោយសារជម្លោះគ្រួសារ
(ខេត្តកំពត)៖ ទ្រព្យសម្បត្តិដែលមានតម្លៃដ៏សន្ធឹកសន្ធាប់ស្ថិតក្នុងបរិវេណរមណីយដ្ឋានទឹកធ្លាក់៩ជាន់នាភូមិតេជោអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត បានរងការដុតបំផ្លាញកាលពីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨។
ចំពោះរឿងរ៉ាវនេះ សមត្ថកិច្ចដាក់ការសង្ស័យលើករណីជម្លោះគ្រួសារព្រោះតែរឿងប្តីមានស្រីខាងក្រៅដែលបានអូសបន្លាយជាយូរមកហើយ។
លោកអនុសេនីយ៍ឯកម៉ៅ ម៉ារ៉ាឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតេជោអភិវឌ្ឍន៍បានប្រាប់ឱ្យដឹងថាកាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងបរិវេណរមណីយដ្ឋានទឹកធ្លាក់ប្រាំបួនជាន់មានករណីដុតបំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើនសន្ធឹកសន្ធាប់។ មហន្តរាយនេះបានខូចខាតវិឡាភ្លោះមួយ ខ្យូសទទួលភ្ញៀវ២៥ខ្នង បឹងហ្កាឡូប្រាំបីខ្នង ផ្ទះបាយពីរ និងគ្រឿងសង្ហារឹមមួយចំនួនទៀតផង។ លោកនាយប៉ុស្តិ៍បានបន្តថាពេលកើតហេតុនោះមិនអាចអ្នកណាចូលបានទេដោយទ្វាររបងត្រូវបានបិទចាក់សោជិត ហើយមានការបាញ់ដោយកាំភ្លើងកា៥៩ចំនួន០៤គ្រាប់ទៀតផង។ ក្រោយកើតហេតុស្ត្រីជាម្ចាស់រមណីយដ្ឋានបានដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថទើបមានការចុះត្រួតពិនិត្យធ្វើកោសលវិច័យនាថ្ងៃទី០៦ ខែធ្នូនេះ។ សមត្ថកិច្ចបានដាក់ការសង្ស័យថាករណីនេះកើតឡើងដោយសារម្ចាស់ជាអ្នកដុតព្រោះតែរឿងរ៉ាវជម្លោះក្នុងគ្រួសារដែលអូសបន្លាយជាយូរមកហើយនោះ។
សូមបញ្ជាក់ថារមណីយដ្ឋានទឹកធ្លាក់ប្រាំបួនជាន់ជារបស់លោកវរសេនីឯកអាំ ផល្លីន បម្រើការខាងរដ្ឋបាលនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងអ្នកស្រីហ៊ាង គន្ធី ដែលបានដំណើរការជាលក្ខណៈអេកូទេសចរណ៍ជាយូរមកហើយថែមទាំងមានការទាក់ទាញភ្ញៀវផងដែរ។
រាល់បញ្ហាដូចខាងលើ ក្រៅពីមានវិវាទក្នុងគ្រួសារគេបានសង្កេតឃើញថាកន្លងមក លោកអាំ ផល្លីននិងភរិយាក៏បានធ្វើឱ្យប្រជាពលរដ្ឋខ្លបខ្លាចលើបញ្ហាដីធ្លីនៅតំបន់នោះផងដែរ៕ អានបន្ត
ខេត្តកំពត ប្រារព្ធមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ទិវាកំណើតរណសិរ្ស២ធ្នូ(១៩៧៨-២០១៨)
(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃសិស្សនិស្សិតនិងប្រជាពលរដ្ឋក្នុងក្រុងកំពត ប្រមាណជាង៣០០០នាក់ បាននាំគ្នាប្រារព្ធមិទ្ទិញអបអរខួបអនុស្សាវរីយ៍លើកទី៤០ឆ្នាំនៃទិវាកំណើតរណសិរ្ស២ធ្នូ(១៩៧៨-២០១៨) ដែលពិធីនេះបានប្រព្រឹត្តឡើងនៅរមណីយដ្ឋានស្រះឈូក ក្រុង-ខេត្តកំពត។
ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តនិងជា ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកំពត បានអានសារលិខិត របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសមិទ្ទិញរំលឹកខួបលើកទី៤០នៃទិវាកំណើតរណសិរ្ស២ធ្នូ(១៩៧៨-២០១៨)នៅខេត្តក្រចេះ ដោយបានគូសបញ្ជាក់ជាអាទិ៍ថា៖ ស្មារតី ២ធ្នូ និងស្មារតី៧មករា នៅតែបានចារិកជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា គ្រប់រូបនិងក្លាយទៅជាកម្លាំងសាមគ្គីដ៏ធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលនានាលើគ្រប់វិស័យសម្រាប់សង្គមជាតិទាំងមូល។ ពីមួយឆ្នាំ ទៅមួយឆ្នាំ ក្រោមពន្លឺនៃសន្តិភាពនិងសេរីភាព ព្រះរាជាណាចក្រកម្ពុជាយើងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ សមិទ្ធផលធំៗជាច្រើន បានរីកស្គុះស្គាយពេញផ្ទៃប្រទេស ទាំងនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងឱ្យឃើញពីសមិទ្ធផល និងជោគជ័យថ្មីៗបន្ថែមទៀត ដែលនឹងកើតឡើងនៅក្នុងឆ្នាំ២០១៩និងឆ្នាំខាងមុខបន្តបន្ទាប់ទៀត។ ថ្ងៃ២ធ្នូ១៩៧៨ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់បំផុតចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិនិងប្រជាជនកម្ពុជា ។ ថ្ងៃ២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាអោយចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពតប៉ុណ្ណោះទេប៉ុន្តែ រណសិរ្ស២ធ្នូ នៅបានជួយស្ដារកសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ទិសទី ធ្វើឱ្យមាតុភូមិកម្ពុជាមានការប្រែប្រួលមុខមាត់ថ្មីជាបន្តបន្ទាប់។ មានថ្ងៃ២ធ្នូគឺមានថ្ងៃ៧មករា មានថ្ងៃ៧មករា គឺមានអ្វីៗដូចថ្ងៃនេះ។
សូមរំលឹកថា៖ ព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រនៃដំណើរការចាប់ផ្តើមរស់រានមាន ជីវិតរបស់មាតុភូមិ និងប្រជាជនកម្ពុជាយើងរហូតមកដល់ សព្វថ្ងៃនេះ គឺផ្ដើមចេញពីព្រឹត្តិការណ៍២ធ្នូ ១៩៧៨នៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្តូរ ឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាថ្ងៃដែលខ្មែរអ្នកស្នេហាជាតិមួយក្រុម បានប្រមូលផ្តុំគ្នា នៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីដាក់ចេញនូវផែនការតស៊ូរំដោះជាតិចេញ ពីរបបកម្ពុជាប្រជាធិបតេយ្យ បនប្រល័យពូជសាសន៍ ប៉ុល ពត។
អង្គពិធីបានបញ្ចប់ បន្ទាប់ពីមានចំណាប់អារម្មណ៍របស់តំណាងអង្គមិទ្ទិញ និងគណៈអធិបតីបានបង្ហោះ ប៉ោង ប៉ោងជានិមិត្តរូបនៃការចងចាំកំណើតថ្ងៃ២ធ្នូក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាមិនអាចបំភ្លេចបានតរៀងទៅ៕ អានបន្ត
លោក ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈអភិបាលខេត្ត
(ខេត្តកំពត)៖ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនិងគណៈអភិបាលខេត្ត ដោយកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជំុវិញខេត្ត អភិបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី។
ក្នុងរបៀបវារៈសំខាន់ៗជាច្រើននៃកិច្ចប្រជុំ លោក ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា ក្រោយពីបានបញ្ចប់វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅសប្តាហ៍កន្លងទៅថ្មីៗនេះសង្កេតឃើញថាសំណូមពរភាគច្រើនបំផុតរបស់ប្រជាពលរដ្ឋគឺទាក់ទង់ទៅនឹងបញ្ហាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក និងបណ្តាញអគ្គីសនីប្រើប្រាស់ នៅតាមភូមិ និងឃុំជាច្រើន។ ដោយឃើញស្ថានភាពដូច្នេះ ទើបការពង្រីក ប្រព័ន្ធផ្លូវថ្នល់ ទឹក និងភ្លើងអគ្គីសនីប្រើប្រាស់ បានក្លាយជាប្រធានបទមួយយ៉ាងស្រួចស្រាល់ដែលតម្រូវឲ្យរដ្ឋបាលខេត្តកំពតត្រូវ រិះរកលទ្ធភាពធ្វើយ៉ាងណាដើម្បីអាចឆ្លើយតប ក៏ដូចជាពង្រីកប្រព័ន្ធទាំងបីនេះឲ្យបានច្រើនជាអតិបរិមា។
លោក ជាវ តាយ បានបន្តលើកឡើងទៀតថា យើងទាំងអស់គ្នាដឹងហើយថា ការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សនៅទូទាំងខេត្ត ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានតម្រូវការខ្ពស់ ជាពិសេសទាក់ទងនឹងសេវាប្រើប្រាស់ប្រចាំថ្ងៃក្នុងនោះទាក់ទងនឹង ផ្លូវ ទឹក ភ្លើងតែម្តង ។
ឆ្លងតាមវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តដែលទើបតែនឹងបានបញ្ចប់នៅសប្តាហ៍មុន យើងទាំងអស់គ្នាដឹងហើយថា នៅតាមភូមិខ្លះគ្មានសូម្បីផ្លូវលំប្រើប្រាស់ ខណៈដែលប្រជាពលរដ្ឋ មានម៉ូតូថ្មី គោយន្ត ម៉ាស៊ីនច្រូចស្រូវ អ្នកខ្លះមានដល់រថយន្តទៀត។ ដូចគ្នានេះដែរ ប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការតភ្ជាប់បណ្តាញអគ្គិសនី និងប្រព័ន្ធទឹកស្អាតប្រើប្រាស់ ប៉ុន្តែរដ្ឋបាល ស្រុក ក្រុងគ្មានលទ្ធភាពក្នុងការឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅឡើយ។
លោក បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្ត មន្ត្រីជំនាញ មន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវប្រឹងប្រែង នឹងបង្កើនការយកចិត្តទុកដាក់រិះរកគ្រប់លទ្ធភាព ដើម្បីអាចពង្រីកប្រព័ន្ធផ្លូវ ទឹក ភ្លើងនេះឲ្យបានច្រើនជាអតិបរិមា។ សម្រាប់ផ្លូវថ្នល់ រដ្ឋបាលខេត្តដាក់ចេញផែនការជួសជុល កែលម្អ និងសាងសង់ថ្មីឲ្យបាន៥០គីឡូម៉ែត្រ ក្នុងមួយខែ ខណៈដែលឆ្នាំកន្លងទៅ អាចជួសជុលកែលម្អ ផ្លូវឡើងវិញបានតែប្រវែង១៧គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយឆ្នាំនោះ។
ទាក់ទងនឹងការយកដីមកធ្វើផ្លូវ តាមភូមិឃុំ លោកអភិបាលក៏បានស្នើឲ្យមន្ទីររ៉ែនិងថាមពលខេត្តស្វែងរកឯកសារ អាជ្ញាប័ណ្ណកាន់កាប់គ្រប់គ្រងភ្នំឡើងវិញ ព្រោះភ្នំនៅក្នុងខេត្តសុទ្ធតែមានម្ចាស់ ហើយរដ្ឋបាលខេត្ត មិនអាចទៅទិញភ្នំខ្លួនឯងមកធ្វើផ្លូវនោះទេ ។
ដោយឡែកទាក់ទងនឹង ការតបណ្តាញទឹក និងភ្លើងវិញ លោកអភិបាលខេត្ត បានជំរុញឲ្យ អង្គភាព មន្ទីរជំនាញនិងក្រុមហ៊ុនដៃគូអភិវឌ្ឍ បង្កើនលទ្ធភាពពង្រីកឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ព្រោះបើតាមរបាយការណ៍របស់អង្គភាពរដ្ឋករទឹក ពលរដ្ឋបានដាក់ពាក្យសុំជិតពីរពាន់គ្រួសារ ប៉ុន្តែមួយខែតបណ្តាញទឹកបានត្រឹមតែ៣០០គ្រួសារប៉ុណ្ណោះ ចំណែកភ្លើងអគ្គីសនីប្រើប្រាស់វិញ តភ្ជាប់យឺតណាស់ ជាពិសេសក្រុមហ៊ុនដៃគូអភិវឌ្ឍ នៅតាមភូមិ ឃុំ ជាច្រើន ដាក់សំណើររាប់ឆ្នាំទើបបានប្រើ បើបានប្រើហើយ មានការដាច់ភ្លើងជាញឹកញាប់ ដែលទាំងនេះធ្វើឱ្យប្រជាពលរដ្ឋមានការត្អូញត្អែរផងដែរ៕ អានបន្ត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម កម្មវិធីអបអរសាទរខួប ២៥ ឆ្នាំ នៃ អង្គការ អាយស៊ីស៊ី អង្គរ
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម កម្មវិធីអបអរសាទរខួប ២៥ ឆ្នាំ នៃ ការបង្កើតគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកាគាំពារ និង អភិវឌ្ឍន៍តំបន់រមណីយដ្ឋាន អង្គរ ហៅ កាត់ថា អាយស៊ីស៊ី អង្គរ ក្រោមការចូលពីលោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ នឹង ឥស្សរជនជាន់ខ្ពស់ តំណាងក្រសួងការបរទេសជប៉ុន និងតំណាងក្រសួងវប្បធម៌បារាំង មន្ត្រីរាជការ របស់រដ្ឋាភិបាល អ្នកជំនាញជាតិនិងអន្ដរជាតិ មុនចាប់ផ្តើមកម្មវិធី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបសវនការជាមួយ លោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ , ឯកឧត្តម Manabu MIYAGAWA អនុរដ្ឋមន្ដ្រី និងជាអគ្គនាយកទទួលបន្ទុកកិច្ចការវប្បធម៌ នៃក្រសួងការបរទេសជប៉ុន , លោកជំទាវ Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំង តំណាងក្រសួងវប្បធម៌បារាំង និង ឯកឧត្តម Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុន ជាសហប្រធាននៃ អាយស៊ីស៊ីអង្គរ ព្រមទាំងគណៈប្រតិភូមួយចំនួនទៀត។
គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ គឺជាយន្តការអន្ដរជាតិដើម្បីគៀងគរធនធានថវិកា ជំនាញបច្ចេកទេស និងធនធានមនុស្ស ពីសហគមន៍អន្ដរជាតិ ដើម្បីធ្វើការជួសជុល អភិរក្ស និងលើកតម្លៃប្រាសាទនានា ក៏ដូចជាការអភិវឌ្ឍរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលមានភាពធំធេង និងត្រូវការធនធានច្រើនដើម្បីអនុវត្តកាតព្វកិច្ចនេះ ហើយការចូលរួមរបស់គណៈប្រតិភូទាំងអស់ បានបង្ហាញឱ្យឃើញពីការគាំទ្រយ៉ាងរឹងមាំ ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ និងបេតិកភណ្ឌពិភពលោក។
ក្នុងដំណើរការរបស់ខ្លួន គណៈកម្មាធិការ អាយស៊ីស៊ី អង្គរ បានរៀបចំកិច្ចប្រជុំបច្ចេកទេសចំនួន ៣១ដង និងកិច្ចប្រជុំពេញអង្គចំនួន ២៥ដងរួចមកហើយ ហើយដែលថវិការាប់រយលានដុល្លារត្រូវបានប្រើប្រាស់ និងអ្នកជំនាញបច្ចេកទេសជាតិរាប់រយនាក់ បានទទួលការបណ្ដុះបណ្តាល និងបន្ដវេនយ៉ាងរឹងមាំ ដើម្បីធានានូវការអភិរក្សប្រកបដោយចីរភាពនៃតំបន់អង្គរ។
ជាសក្សីភាពនៃការជោគជ័យរបស់រាជរដ្ឋាភិបាលក្នុងវិស័យបេតិកភណ្ឌវប្បធម៌ លោកជំទាវ Audrey AZOULAY អគ្គនាយិកាយូណេស្កូ បានប្រគល់វិញ្ញាបនបត្រការចុះបញ្ជីលោ្ខនខោល វត្តស្វាយអណ្ដែត ជាតំណាងល្ខោនខោលនៃកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នាទីក្រុងព័រល្វី នៃសាធារណរដ្ឋ ម៉ូរីស ដល់សម្ដេចតេជោ ហ៊ុន សែន ដែលនេះជាមោទនភាពដ៏ឧត្ដុងឧត្តមរបស់កម្ពុជាទាំងមូល ហើយជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការបំពាក់មេដាយនិមិត្តរូបជូនឥស្សរជនអន្ដរជាតិ ដែលបានលះបង់កម្លាំងកាយកចិត្តក្នុងបុព្វហេតុអភរិក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។
ជាមួយនឹងទស្សនទាន និងការចែករំលែកបទពិសោធន៍ជាច្រើន ដែលកម្ពុជាឆ្លងកាត់នាអតីតកាល សម្ដេចតេជោ បានបង្ហាញអំពីការតាំងចិត្ត និងសុឆន្ទៈដ៏មោះមុត និងត្រៀមខ្លួនចូលរួមជានិច្ច ជាមួយរាល់ដៃគូសហប្រតិបត្តិការអន្ដរជាតិទាំងអស់ ក្នុងការថែរក្សាមរតកដូនតាដែលជាមរតកមនុស្សជាតិ ហើយសម្ដេចតេជោ បានរម្លឹកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចូលរួមធ្វើយ៉ាងណាលើកតម្លៃបេតិកភណ្ឌជាតិឱ្យបានគង់វង្ស និងសិ្ថតស្ថេរជានិរន្តន៍ ៕
អានបន្ត
សមត្ថកិច្ចជំនាញខេត្តកំពង់ធំបង្កើតមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ខណៈប្រជានេសាទអំពាវនាវឲ្យចាត់វិធានការបង្ក្រាប
ខេត្តកំពង់ធំ ៖ បច្ចុប្បន្ននេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាបស្ថិតក្នុងស្រុកស្ទោង ក្នុងឃុំពាមបាងនិងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំកក្រើកផ្ទៃទឹកខណៈប្រជានេសាទអំពាវនាវឲ្យចាត់វិធានការបង្ក្រាប។
ប្រជាពលរដ្ឋនេសាទបានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញទេនោះ គឺក្រុមជនល្មើសមិនហ៊ានប្រើឧបករណ៍ខុសច្បាប់ប្រភេទឆ្នុកភ្លើងពណ៌ និងយ៉ាំងកាវ យ៉ាងរាលដាលដូចសព្វថ្ងៃនេះទេ។ ចំណែកលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំនិងលោកយ៉ាន់ វិសាក់ ហៅសែ ក្នុងនាម នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា ជាអ្នកឃុបឃិតឲ្យមានបទល្មើសកើតឡើងយ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។
ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថាមួយរយៈនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំកំពុងកើតឡើងយ៉ាងរាលដាលដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ចំណែកលោក សុខ លូ អភិបាលខេត្តកំពង់ធំ មិនចាត់វិធានការទប់ស្កាត់បទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបនៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ឲ្យបានទាន់ពេលវេលានោះឡើយ។ បញ្ហានេះហើយដែលមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធនៅតែឃុបឃិតឲ្យក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងមហន្តរាយហើយពួកគេបែរជាគាបសង្កត់យ៉ាងខ្លាំងមកលើប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងមូលដ្ឋានទៅវិញ។
ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាបនៃខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នបទល្មើសប្រើឆ្នុកភ្លើងពណ៌បៃតងនិងបទល្មើសប្រើរបាំងសាច់អួនក្រឡាញឹកដែលមានប្រវែងបណ្ដោយរាប់ពាន់ម៉ែត្រកំពុងកើតឡើងព្រោងព្រាតពេញផ្ទៃបឹងទន្លេសាបនៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការបើកដៃពីសំណាក់លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង ទេនោះគឺគ្មានជនល្មើសណាអាចប្រព្រឹត្តបទល្មើសដូចសព្វថ្ងៃនេះទេ។ អាចនិយាយបានថា លោក ហួន ផល លោកយ៉ាន់ វិសាក់ ហៅសែ ក្នុងនាម នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ ជាមេខ្លោងនៅពីក្រោយបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដើម្បីជាថ្នូរនឹងផលប្រយោជន៍ទើបបទល្មើសកើតឡើងយ៉ាងគំហុក។ ដូច្នេះលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល គួរពិនិត្យឡើងវិញចំពោះបញ្ហាខាងលើនេះព្រោះមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ជាអ្នកឃុបឃិតឲ្យមានបទល្មើសប្រើឧបករណ៍ខុសច្បាប់កើតឡើងយ៉ាងអនាធិបតេយ្យ។
តាមការកត់សម្គាល់របស់ប្រជានេសាទជាលក្ខណៈគ្រួសារនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា លោក ហួន ផល និងលោកយ៉ាន់ វិសាក់ ហៅសែ ក្នុងនាម នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅយ៉ាងសុខស្រួល ហើយឃុបឃិតឲ្យមានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់កើតឡើងកាន់តែច្រើន។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បច្ចុប្បន្នបទល្មើសប្រើឆ្នុកភ្លើងពណ៌និងរបាំងសាច់អួនក្រឡាញឹក កំពុងកើតឡើងយ៉ាងរាលដាលនៅចំណុចសានក្រង បាក់ដាវ ពេជ្រក្រី ដូនស្ដើង ពៅវើយ និងតំបន់បាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយសូម្បីតែក្នុងតំបន់អភិរក្សក៏មានបទល្មើសកើតឡើងយ៉ាងគំហុកផងដែរ។ មជ្ឈដ្ឋានខ្លះមានការសង្ស័យថាលោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ប្រហែលទទួលបានផលប្រយោជន៍ពីបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់នៅក្នុងតំបន់បឹងទន្លេសាប នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ផងដែរទើបបណ្ដោយឲ្យបទល្មើសកើតឡើងយ៉ាងរាលដាល។
ពាក់ព័ន្ធនឹងពត៌មានខាងលើនេះសារពត៌មានយើងបានទំនាក់ទំនងទៅអ្នកពាក់ព័ន្ធដែរតែមិនលើកទូរស័ព្ទ៕
អានបន្ត
ឧកញ៉ា តុប វីដា កំពង់តែបន្តធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងស្រុកកោះញែក បានយ៉ាងសុខស្រួល ដោយមាការឃុបឃិតពីរមន្ដ្រីពុករលួយ
(មណ្ឌលគិរី)៖ តាមសេចក្ដីរាយការណ៌ពីរប្រជាពលរដ្ធនឹងមន្ដ្រីមួយចំនួនក្នុងខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថា ដោយមានការឃុបឃិតពីរមន្ត្រីរដ្ឋបាលព្រៃឈើនឹង មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនផ្សេងទៀតបើកភ្លើងខៀវឲ្យឧកញ៉ា តុប វីដា ដែលជាឧត្តមសេនីយ៍យោធាផងនោះ បន្តសកម្មភាពបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក យ៉ាងមហន្តរាយ។
ប្រភពបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនគរបាលខេត្តមណ្ឌលគិរី បានស្ទាក់ចាប់រថយន្តយីឌុបមួយគ្រឿងដឹកឈើមូលពេញប្រៀបរបស់ឧកញ៉ា តុប វីដា នៅចំណុចផ្លូវលំជិតស្នាក់ការរបៀងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក៏ប៉ុន្តែចំណាត់ការរបស់សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី មិនបានធ្វើឲ្យមជ្ឈដ្ឋាននានាមានការជឿជាក់នោះទេ ព្រោះឧកញ៉ា តុប វីដា ដែលល្បីល្បាញខាងបំផ្លាញព្រៃឈើច្រើនឆ្នាំមកហើយនោះនៅតែអាចគេចផុតពីសំណាញ់ច្បាប់យ៉ាងក្រអឺតក្រទម។
តាមប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំរយ៉ ស្រុកកោះញែក បានឲ្យដឹងថា រថយន្តយីឌុបដឹកឈើដែលត្រូវសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី បង្ក្រាបនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រេអ៊ីក្បាលពណ៌ស ពាក់ស្លាកលេខស្វាយរៀង3A-7788 ផ្ទុកឈើមូលប្រភេទសុក្រំចំនួន៣៧កំណាត់ធំៗ។ ប្រភពបានឲ្យដឹងទៀតថា ឈើទាំងនោះត្រូវគេកាប់នៅក្នុងតំបន់អភិរក្សឃុំរយ៉ ដឹកចូលស្នាក់ការឃ្លាំងក្រុមហ៊ុនយីនីហ្គ្រីន ដែលគេដឹងច្បាស់ថាជាក្រុមហ៊ុនរបស់ឧកញ៉ា តុប វីដា ក្នុងឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ចំណែកប្រភពដែលស្និទ្ធនឹងមេឈ្មួញ តុប វីដា បានឲ្យដឹងថា មានមេការម្នាក់ឈ្មោះ ផាន់ណា ត្រូវជាប្អូនប្រុសរបស់ឧកញ៉ា តុប វីដា គឺជាអ្នកចាត់ចែងបន្តសកម្មភាពបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក តាមអំពើចិត្ត។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកកោះញែក បានឲ្យដឹងថា រហូតមកដល់ពេលនេះឧកញ៉ា តុប វីដា និងបក្ខពួកនៅតែបន្តកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ព្រៃការពារ ព្រៃអភិរក្សក្នុងស្រុកកោះញែក យ៉ាងពេញបន្ទុកព្រោះគ្មានមន្ត្រីអាជ្ញាធរ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបនៅឡើយទេ។ ជាការពិតលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់ក្នុងខណៈដែលឧកញ៉ា តុប វីដា បន្តបំផ្លាញព្រៃឈើយ៉ាងរាលដាល។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា មកដល់ពេលនេះឧកញ៉ា តុប វីដា បន្តសកម្មភាពដឹកជញ្ជូនឈើតាមរថយន្តយីឌុបធំៗពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងពេញបន្ទុក។ មានសេចក្ដីរាយការណ៍ខ្លះបានឲ្យដឹងថា ករណីសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី បង្ក្រាបរថយន្តដឹកឈើរបស់ឧកញ៉ា តុប វីដា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ គឺអាចទាក់ទងនឹងទំនាស់ផលប្រយោជន៍ផ្ទាល់ខ្លួនយកធ្វើមានធ្វើបាន។ អានបន្ត
ប្រកាស់តែតាំង ចូលកាន់តំណែង ជាប្រធានបក្សខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ
ខេត្តឧត្ដរមានជ័យ៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណៈបក្ស និងជាប្រធានគណៈប្រចាំការ គណៈអចិន្ត្រៃយ៍គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស់តែតាំងចូលកាន់តំណែង ដោយអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្ដម ប៉ែន កុសល់ ជាប្រធានបក្សខេត្តឧត្ដរមានជ័យថ្មី។
សូមជម្រាបដែរថា ប្រារព្ធឡើងកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិការ ឆ្នាំ២០១៨ម្សិលមិញនេះ។
ក្នុងឱកាស់នោះដែសម្ដេចវិបុលសេនាភក្ដី សាយ ឈុំបានក្រើនរំលឹកដល់ ប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជា ខេត្តឧត្ដរមានជ័យ ក្នុងឱកាស់ផ្ទេចូលកាន់តំណែង ដើម្បីអោយអ្នក ដែលតែងតាំងមុខតំណែងថ្មីនេះ ត្រូវតែអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាម លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ពង្រឹងសាមគ្គីភាពជាធ្លុងមួយ ក្នុងការងារផ្ទៃក្នុងរបស់គណបក្ស ឲ្យកាន់តែរឹងមាំ ទាំខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ដោយឈរលើគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជំនះ គ្រប់ការបោះឆ្នោតជាបន្តបន្ទាប់ទៀត៕ អានបន្ត
ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ដ្រ»៖ ក្រុមយុវជនប្រមាណ៧០០នាក់ បានធ្វើដំណើរទៅដល់វិមានអនុស្សាវរីយ៍ ២ធ្នូ ដោយសុវត្ថិភាពទាំងអស់គ្នា
(ក្រចេះ)៖ ក្រុមយុវជនប្រមាណ៧០០នាក់ ដែលចូលរួមព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ដ្រ» ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើរទៅដល់វិមានអនុស្សាវរីយ៍ ២ធ្នូ ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះហើយ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
តាមការបញ្ជាក់ពីក្រុមយុវជន ដែលចូលរួមព្រឹត្តិការណ៍នេះ បានឲ្យដឹងនៅរសៀលថ្ងៃនេះថា ក្រុមយុវជនទាំងអស់បានធ្វើដំណើរវិមានអនុស្សាវរីយ៍ទាំងអស់គ្នា ប្រកបដោយសុវត្ថិភាពហើយ បើទោះមានអ្នកខ្លះជួបប្រទះនូវបញ្ហាឈឺជើង ឬរមូលក្រពើ បន្ដិចបន្ដួចក៏ពិតមែន ដោយសារតែផ្លូវមានចម្ងាយឆ្ងាយ។
យ៉ាងណាមិញ ចំពោះបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់វិញ ត្រូវបានឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានបញ្ជាក់ឲ្យដឹងដែរថា សម្រាប់ទីតាំងដែលត្រូវប្រារព្ធពិធីនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ត្រូវបានរៀបចំរួចរាល់ហើយ យ៉ាងមានលក្ខណៈល្អប្រសើរ ដោយរង់ចាំតែថ្ងៃប្រារព្ធមកដល់ប៉ុណ្ណោះ។
សូមរំលឹកថា ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» មានគោលបំណងផ្តល់ជាវេទិកាដល់យុវជន ឲ្យចេះរួបរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ក៏ដូចជាកម្រិតនៃការតស៊ូ ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង រួមជាមួយការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រតាមរយៈការធ្វើដំណើរថ្មើរជើងរួមគ្នានៅលើគន្លងផ្លូវដែលមានចម្ងាយ៤០គីឡូម៉ែត្រ។ ដោយឡែក ២ធ្នូ ឆ្នាំនេះ គឺជាខួប៤០ឆ្នាំ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៨) ដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្លាំងយុវជនរងការធ្វើទុក្ខ ម្នេញ និងជិះជាន់យ៉ាងវេទនា ពីរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត ខៀវ សំផន និង អៀង សារី បានរួបរួមពូនកម្លាំងគ្នា ជាធ្លុង ដើម្បីផ្តួលនូវដ៏យង់ឃ្នង និងសម្លាប់រង្គាលមួយនេះ ហើយក៏ជាជំហានស្រោចស្រង់កម្ពុជាចេញពីគំនរផេះផង់មករកភាពរីកចម្រើន នាពេលបច្ចុប្បន្នផងដែរ។
ពិធីដ៏អធឹកអធមខាងលើនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្សរាប់ម៉ឺននាក់ផងដែរ ៕ អានបន្ត
មេបញ្ជាការទិសទី៣ (ប៉ៃលិន- សំឡូត) ធ្វើទស្សនកិច្ចសិក្សា ស្តីពីការងារកសាង ពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យនៅទីបញ្ជាការកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ
ខេត្តប៉ៃលិន៖ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីបញ្ជាការកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ មានពិធីធ្វើទស្សនកិច្ចសិក្សា ស្តីពីការងារកសាង ពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យ ស្ថិតក្រោមអធិបតី ភាពឯកឧត្តម ឧត្តមសេនីយ៍ទោ ឈាង អ៊ិត មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី៣, ឧត្តម សេនីយ៍ទោ ព្រំ ប៉ាត់ មេបញ្ជាការកងតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ប្រង់ សុធី នាយសេនាធិការងយោធភូមិភាគ៥ ,លោកឧត្តមសេនីយ៍ត្រី ជួន វិចិត្រ មេបញ្ជាការរង ទទួលបន្ទុកព្រំដែន ,លោកអភិបាលស្រុកសាលាក្រៅ , ព្រមទាំងមេបញ្ជាការអាវុធហត្ថស្រុក ,តំណាងអធិការស្រុកសាលាក្រៅ និងនាយទាហាន ពលទាហាន ជិត១០០នាក់ ។
បន្ទាប់ពីប្រតិភូអញ្ជើញចុះត្រួតពិនិត្យជាក់ស្តែង តាមបណ្តាគោលដៅនានាក្នុងកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ រួចមក គណៈអធិបតីនិងប្រតិភូ ក៏បានចូលរួមមតិវាយតម្លៃ នូវចំនុចវិជ្ជមាន និងអវិជ្ជមាន ដែលអង្គភាពទាំងមូលធ្វើបាន។
មានប្រសាសន៍នាឧកាសនោះដែរឯកឧត្តម ឧត្តមសេនីយ៍ទោ ឈាង អ៊ិត បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាននៃការអញ្ជើញចូលរួមដ៏កុះករ ពីសំណាក់ឯកឧត្តមអស់លោកពីគ្រប់បណ្តាអង្គភាពជិតឆ្ងាយទាំងអស់ ដែលបានចូលរួមធ្វើទស្សនកិច្ចសិក្សា ដើម្បីចែករំលែកបទពិសោធន៍។ ចំពោះអង្គភាពកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈាង អ៊ិត បានមានប្រសាសន៍កោតសរសើរ ដោយសារជាក់ស្តែង ឃើញថាមានការវិវឌ្ឍន៍ឈានឡើងច្រើន បើប្រៀបធៀបទៅនឹងរយ:ពេលមុន ដែលទីនេះគ្មានអ្វីសោះសូម្បីការរស់នៅរបស់ទាហាន ។
ឯកឧត្តមមានប្រសាសន៍បន្តថា៖ នេះសបញ្ជាក់ពីប្រសិទ្ធភាពនៃការដឹកនាំរបស់ថ្នាក់ដឹកនាំរបស់មេបញ្ជាការអង្គភាពគ្រប់ថ្នាក់ មានការសាមគ្គីឯកភាពផ្ទៃក្នុងល្អ និងដោយអាស្រ័យដោយមានការចូលរួម ដ៏សស្រាក់សស្រាំពីនាយ-ពលទាហានគ្រប់ៗរូប និងដោយអាស្រ័យលើការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ត្រី ជួន វិចិត្រ មេបញ្ជាការរង ទទួលបន្ទុកព្រំដែន លើការដឹកនាំបញ្ជា និងកសាង។ជាមួយគ្នានេះឯកឧត្តម បានជំរុញនឹងធ្វើការផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំអង្គភាព ត្រូវបន្តអនុវត្តការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់ វិស័យ ដូចដែលមានចែងនៅក្នុងផែនការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់យោធភូមិភាគទី៥ ទាំង៤ខ្លឺមសារ ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ស្មារតីច្នៃប្រឌិតគំនិតផ្តើមតទៅមុខទៀតឲ្យដូចភ្លៀងរលឹម។
ព្រមជាមួយគ្នានេះដែរឯកឧត្តមក៏បានជំរុញ និងផ្តល់ការលើកទឹកចិត្ត ដល់នាយពលទាហាន ក្នុងអង្គភាពកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ ត្រួវបង្កើនការគ្រប់គ្រងកម្លាំង សំភារៈសិក និងគ្រឿងបំពាក់ ដែលមានស្រាប់ ឲ្យបានល្អ ក្តាប់ឲ្យជាប់រាល់សភាពការណ៍ ដែលកើតមានឡើងក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ និងរក្សាឲ្យបានល្អ នូវការទំនាក់ទំនងជាមួយកងទ័ព នៃប្រទេសជិតខាង ក្នុងការរក្សាខ្សែបន្ទាត់ព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន ពិសេសគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមពង្រឹងប្រៀបការពារជាតិ ការពារសន្តិសុខសង្គម និងការពារបូរណៈភាពទឹកដីកម្ពុជាឲ្យបានរឹងមាំ។
សូមបញ្ជាក់ថា៖ ទីបញ្ជាការកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលផ្តួចផ្តើមថវិកាក្នុងការកសាងដោយលោកឧត្តមសេនីយ៍ត្រី ជួន វិចិត្រ មេបញ្ជាការរង ទទួលបន្ទុកព្រំដែន ផងដែរ ៕
អានបន្ត
សម្ដេច ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះពីវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកម្ពុជា-ឡាវ
ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនការជាមួយ លោក អាំផាយ ឃិនដាវង្ស (Amphay KINDAVONG) ឯកអគ្គរដ្ឋទូត នៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលទើបតែងតាំងថ្មី ប្រចាំកម្ពុជា ចូល ជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមាន រដ្ឋសភា។
សម្ដេចហេង សំរិន បានកោតសរសើរ និងពេញចិត្ត ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ស្ថានទូតឡាវ នៅកម្ពុជា ដែលបានដើរតួជាតំណាងបេសក កម្ម ការទូត ដ៏មានជោគជ័យក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការ ទ្វេភាគីរវាងប្រជាជាតិទាំងពីរ។
ក្នុងនាមរដ្ឋសភា សម្ដេច ហេង សំរិន បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា គាំទ្រពេញ ទំហឹងចំពោះ បេសកកម្មរបស់លោកឯកអគ្គរដ្ឋទូត នឹងសន្យាធ្វើកិច្ច សហការពេញលេញ ដើម្បីឲ្យបេសកកម្មការទូត របស់លោក នៅកម្ពុជា ទទួលបានជោគជ័យ ហើយលោក ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះពីវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ រដ្ឋាភិបាល ក៏ដូចជារដ្ឋសភា កម្ពុជា-ឡាវ ដែលមានការរីកចម្រើនឥតឈប់ឈរ។
ចំពោះកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរវិញ សម្ដេច ហេង សំរិន បានលើកឡើងថា រដ្ឋសភាកម្ពុជា នីតិកាលទី៦ នឹងបន្តពង្រឹងពង្រីក ទំនាក់ ទំនងការទូតសភា តាមរយៈកិច្ចសហប្រតិបត្តិការ ទ្វេភាគី ពហុភាគី ជាពិសេសគឺបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយរដ្ឋសភាឡាវ និងគាំទ្រ គ្នា ទៅវិញទៅមក លើវេទិកាអន្តរសភានានា ដើម្បីបម្រើផលប្រយោជន៍ រួមរបស់ប្រជាជនប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោក អាំផាយ ឃិនដាវង្ស បានអបអរចំពោះលទ្ធផល បោះឆ្នោតជ្រើសតាំង សមាជិករដ្ឋសភានីតិកាលទី៦ និងបានសាទរ យ៉ាងក្រៃលែង ចំពោះរដ្ឋសភាកម្ពុជា ដែលផ្តល់សេចក្តីទុកចិត្តជូន សម្តេចពញាចក្រី ហេង សំរិន បន្តដឹកនាំរដ្ឋសភាក្នុងអាណត្តិថ្មីទៀត។
លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបក្ស រដ្ឋ និងប្រជាជនកម្ពុជា-ឡាវ ឲ្យកាន់ តែរឹងមាំ ថែមទៀតនោះ នៅក្នុងខែធ្នូខាងមុខនេះ ឥស្សរជនជាន់ខ្ពស់កម្ពុជា ដែលមានសម្ដេច ហេង សំរិន និងសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាដើមនឹងអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសឡាវផ្សេងៗគ្នា។
លោក អាំផាយ ឃិនដាវង្ស បានថ្លែងថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅប្រទេសឡាវ រដ្ឋាភិបាលប្រទេសទាំងពីរ និងចុះកិច្ចព្រមព្រៀងយោគយល់គ្នា លើវិស័យ អប់រំ វប្បធម៌ និងថាមពលអគ្គិសនី។ ជាមួយគ្នានេះប្រទេសទាំងពីរ ក៏នឹងពិភាក្សាគ្នាលើបញ្ហាពាណិជ្ជកម្ម ពិសេសសការលើកលែងពន្ធត្រួតគ្នា និងបញ្ហាបត្យាប័នអ្នកទោសផងដែរ។
ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាន សន្យាថា នៅក្នុងអាណត្តិកាទូតរបស់លោក នឹងខិតខំពង្រឹងកិច្ចសហ ប្រតិបត្តិការរវាង ប្រទេសកម្ពុជា និងឡាវឲ្យកាន់តែរឹងរាំឡើងថែមទៀត ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ៕ អានបន្ត
នៅទីស្ដីការក្រសួងកសិកម្មបានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ធ ក្រោមអធិបតីភាព ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន
(ភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកា ដែលជាមន្ត្រិរាជការក្រោមឱវាទ ព្រមជាមួយសិក្ខាកាម។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ០៣ថ្ងៃ ដែលត្រូវបានសហការរៀបចំឡើងដោយអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គាធិការនៃអគ្គាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនាយកដ្ឋានពាក់ព័ន្ធ ក្នុងគោលបំណង៖
១- ផ្តល់ឱកាសឲ្យមន្ត្រីជំនាញស្វែងយល់ ដកស្រង់យកបទពិសោធន៍ពីគ្នាទៅវិញទៅមក វិភាគអំពីចំណុចខ្លាំងចំណុចខ្សោយ បញ្ហាប្រឈមនៅក្នុងការអនុវត្តកម្មវិធីកែទម្រង់ប្រព័ន្ធត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ សម្រាប់ជាធាតុចូលក្នុងការពង្រឹងការងារអនុវត្ត និងកែលម្អនីតិវិធីធ្វើអធិការកិច្ចឲ្យបានល្អប្រសើរសម្រាប់វិស័យកសិកម្ម។
២- ចូលរួមចំណែកអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រនៃការកសាងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងអភិបាលកិច្ចល្អ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអសកម្ម និងគោរពនីតិរដ្ឋក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គពិធីជ្រាបថាប្រធានបទស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺមានសារៈសំខាន់ក្នុងន័យឲ្យអង្គភាពនីមួយៗត្រូវចេះទទួលខុសត្រូវលើការបាត់បង់ទ្រព្យសម្បត្តិរដ្ឋ និងត្រូវចូលរួមយកចិត្តទុកដាក់មើលថែរក្សាទ្រព្យសម្បត្តិរដ្ឋឲ្យបានគង់វង្សល្អ។ ដូច្នេះ អង្គភាពត្រូវអនុវត្តគោលការណ៍ យន្តការ ឬនីតិវិធីដើម្បីធ្វើការគ្រប់គ្រង ប្រើប្រាស់ និងថែរក្សាឲ្យបានល្អ ហើយនេះជាភារកិច្ចដ៏ចាំបាច់ដែលប្រធានអង្គភាពនីមួយៗត្រូវចងចាំ ដោយអនុលោមតាមស្មារតីនៃអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីវិធាននិងនីតិវិធីនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ ដែលក្នុងនោះមានជាអាទិ៍៖
១- ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋ
២-ការជួលទ្រព្យសម្បត្តិរបស់រដ្ឋ
៣- ការលក់ទ្រព្យសម្បត្តិរបស់រដ្ឋ និង៤- ការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ក្រៅពីនេះ ក៏ត្រូវយកចិត្តទុកដាក់អនុវត្តនូវរាល់ខ្លឹមសារសំខាន់ៗ ដែលមាននៅក្នុងអនុក្រឹត្យលេខ៦៦អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្តីពីវិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ - សារាចរណែនាំលេខ០០១ សហវ.ទរ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ - សារាចររបស់រាជរដ្ឋាភិបាលលេខ០៧ សរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ។
ឆ្លៀយយកឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំដល់ឯកឧត្តម លោក លោកស្រីប្រធានគ្រប់អង្គភាពឲ្យយកចិត្តទុកដាក់ក្នុងភាពទទួលខុសត្រូវខ្ពស់អនុវត្តនូវចំណុចគន្លឹះមួយចំនួនដូចខាងក្រោម៖
ទី១- ត្រូវណែនាំ និងជំរុញការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមនីតិវិធី លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងស្មារតីទទួលខុសត្រូវ។ ត្រូវត្រួតពិនិត្យ និងវាយតម្លៃពីភាពត្រឹមត្រូវនៃការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ព្រមទាំងជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនូវទ្រព្យសម្បត្តិចាស់ទ្រុឌទ្រោមប្រើប្រាស់លែងកើត ដោយអនុលោមតាមបទប្បញ្ញត្តិគតិយុត្តជាធរមាន ហើយត្រូវជំរុញការធ្វើវិញ្ញាបនបត្រសម្គាស់ម្ចាស់អចលនវត្ថុឬ ប័ណ្ណសម្គាស់សិទ្ធិកាន់កាប់អចលនវត្ថុរបស់រដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពនីមួយៗ។
ទី២- ត្រូវធ្វើសវនកម្មលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
ទី៣- រៀបចំសៀវភៅបញ្ជីសារពើភណ្ឌឆ្នាំគោល កត់ត្រាលម្អិតនូវទ្រព្យសម្បត្តិរដ្ឋទាំងអស់ជាចលនទ្រព្យ និងអចលនទ្រព្យស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាព ដែលត្រូវធ្វើឡើងក្នុងរយៈពេល៥ឆ្នាំម្តង ហៅថា ឆ្នាំគោល។
ទី៤- អង្គភាពត្រូវបំពេញបែបបទចុះបញ្ជីអចលនទ្រព្យ និងស្នើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ និងអចលនទ្រព្យទាំងអស់មកក្រសួងដើម្បីស្នើទៅក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយត្រូវរៀបចំធ្វើតារាងបច្ចុប្បន្នភាពបញ្ជីជួលទ្រព្យសម្បត្តិរដ្ឋ សម្បទានដីសេដ្ឋកិច្ច សម្បទានដីសង្គមកិច្ច និងសម្បទានទ្រព្យសម្បត្តិរដ្ឋដទៃទៀត។
ទី៥- រាល់ពេលគម្រោងនីមួយៗត្រូវបានបញ្ចប់ ស្នើឯកឧត្តម លោក លោកស្រីប្រធានគ្រប់អង្គភាពគ្រប់គ្រងគម្រោងទាំងអស់ សហការជាមួយអង្គភាពរដ្ឋ រៀបចំបែបបទប្រគល់-ទទួលទ្រព្យសម្បត្តិទាំងនោះ ហើយកត់ត្រាចូលក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និងផ្តល់ឯកសារពាក់ព័ន្ធទាំងអស់ជូនមកគណៈកម្មការសារពើភ័ណ្ឌក្រសួងដើម្បីតាមដាន វាយតម្លៃ និងគ្រប់គ្រងបន្ត។
ទី៦- បន្តអនុវត្តសេចក្តីជូនដំណឹងលេខ៩៣៣៩ កសក ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ទី៧-នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ត្រូវធ្វើការតាមដាននូវការធ្វើបញ្ជីសារពើភ័ណ្ឌ និងតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង ថយចុះ ជាប្រចាំឆ្នាំឲ្យកាន់តែមានប្រសិទ្ធភាព។
ប្រធានអង្គភាព និងមន្ទីររាជធានី ខេត្តទាំងអស់ត្រូវជំរុញដល់មន្ត្រីបង្គោលប្រព័ន្ធព័ត៌មានវិទ្យាឲ្យបញ្ចូលទិន្នន័យត្រឹមត្រូវ និងទាន់ពេលវេលា យកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ។ អានបន្ត
អភិបាល ស្រុកប្រាសាទ បាគង លោក សូរ ប្លាតុង ចុះពិនិត្យផ្លូវនឹងបើកការដ្ឋានជួសជុលផ្លូវលំ២ខ្សែ !
ខេត្តសៀមរាប ៖ នៅថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១៨ នេះលោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង អមដំណើរដោយលោកអភិបាលរងស្រុក និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យការដ្ឋានជួសជុលផ្លូវចាក់ក្រាលគ្រួសក្រហមលើផ្លូវចំនួន២ខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
ខ្សែរទី១ដែលមានប្រវែង៣៦៥០ម៉ែត្រ នឹងទទឹង៤ម៉ែត្រ ស្ថិតក្នុងឃុំមានជ័យ ភ្ជាប់ទៅឃុំត្រពាំងធំ ដែលជាថវិការមូលនិធិស្រុក សម្រាប់ឆ្នាំ២០១៨នេះ។
ខ្សែទី២ មានប្រវែង៣១៩០ម៉ែត្រ និង ទទឹង៤ម៉ែត្រ ស្ថិតក្នុងឃុំកន្ទ្រាំង ភ្ជាប់ទៅ ឃុំបល្ល័ង្គ ថវិការសាងសង់ជាមូលនិធិខេត្ត ក្នុងឆ្នាំ២០១៨នេះ។
ផ្លូវទាំងពីរខ្សែរ សុទ្ធតែជាផ្លូវ ដែលមានសារៈសំខាន់ ៗ បំរើដល់ការធ្វើដំណើរនិងការដឹកជញ្ជូន កសិផលរបស់បងប្អូនប្រជាពលរដ្ឋយើង នៅក្នុងស្រុកប្រាសាទបាគង ជាពិសេសគឺការតភ្ជាប់ពីឃុំមួយទៅឃុំមួយទៀតដើម្បីងាយសម្រួលរាល់ការធ្វើដំណើរ ប្រកបអាជីវកម្មផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ៕ អានបន្ត
សមត្ថកិច្ចបង្ក្រាបទីតាំងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិតចំនួន០៤ទីតាំង
ខេត្តតាកែវ៖ គេហទំព័រអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃចន្ទ ៤រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៩ និង៣០នាទីចុះផ្សាយថាកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន១០៥នាក់ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចសហការពីសមត្ថកិច្ចនគរបាលចិន ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។បានបង្ក្រាបទីតាំងចាប់ជំរិតតាមប្រព័ន្ធអ៊ីនធឺណិត ចំនួន០៤ទីតាំងផ្សេងគ្នា ក្នុងនោះ៖
ទីតាំងទី១ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ឃាត់ខ្លួនជនជាតិចិន ចំនួន៦៣នាក់ ស្រី០៧នាក់។
ទីតាំងទី២ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន១២នាក់(ប្រុស)។
ទីតាំងទី៣ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន៧០នាក់ ស្រី២៤នាក់។
ទីតាំងទី៤ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន៩០នាក់ ស្រី០៥នាក់។សរុបទាំង០៤ទីតាំង ចំនួន២៣៥នាក់ ស្រី៣៦នាក់។
បច្ចុប្បន្នជនជាតិចិនទាំងអស់នោះព្រមទាំងវត្ថុតាងពាក់ព័ន្ធបានប្រគល់ជូនកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ យកទៅក្រសួងមហាផ្ទៃ៕ អានបន្ត
រដ្ឋមន្ត្រីក្រសួងកសិកម្មបានអញ្ចើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអតីតកម្មសិក្សាការី កម្ពុជា-កូរ៉េ
នៅសណ្ឋាគារភ្នំពេញ វេលាម៉ោង ១៨:០០ល្ងាច ថ្ងៃអង្គារ ៥រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ចើញចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអតីតកម្មសិក្សាការី កម្ពុជា-កូរ៉េ។ ក្នុងពិធីដ៏មានអត្ថន័យនាថ្ងៃនេះ ក៏មានវត្តមានរបស់ឯកឧត្តម Oh Nak Young ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជជាណាចក្រកម្ពុជា លោក Joeng Yun Gil នាយកអង្គការ KOICA ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ អន្តរជាតិ និងអតីតនិស្សិតយ៉ាងច្រើនកុះករផងដែរ។
ក្នុងនាមឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខ្លួនលោកផ្ទាល់ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរចំពោះស្ថានទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា អង្គការ KOICA និងសមាគមអតីតកម្មសិក្សាការី កម្ពុជា-កូរ៉េ ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការរៀបចំពិធីដ៏មានសារៈសំខាន់នាថ្ងៃនេះ ដែលសកម្មភាពនេះបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានតម្កល់ មនុស្ស ជាអាទិភាពទី១ នៅលើគេ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងសង្គមក្នុងសម័យបដិវត្តន៍ ឧស្សាហកម្មទី៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានផ្តោតជាសំខាន់ក្នុងការជម្រុញការធ្វើទំនើបកម្មកសិកម្ម តាមរយៈការធ្វើយន្តុពាណិជ្ជកម្មកសិកម្ម ឌីជីថលរូបនីយកម្មកសិកម្មដែលបាន និងកំពុងក្លាយជាទទ្ប្លីករណ៍កំណើនថ្មីមួយយ៉ាងមានប្រសិទ្ធភាពក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ និងបានអនុញ្ញាតឲ្យប្រជាកសិករនិងវិស័យឯកជនមានលទ្ធភាពផ្សាភ្ជាប់ទៅនឹងសង្វាក់ផលិតកម្ម និងទីផ្សារក្នុងតំបន់ និងពិភពលោក។លើសពីនេះទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមរយៈសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាកសិកម្មព្រែកលាប និងកំពង់ចាម រួយជាមួយការជួយគាំទ្រពីបណ្តាប្រទេសជាមិត្តដូចជាសាធារណរដ្ឋកូរ៉េនិងដៃគូអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងវិស័យកសិកម្មនៅកម្ពុជា ដោយជាមធ្យមនិស្សិតប្រមាណជា ១ ២០០នាក់ត្រូវបានបញ្ចប់ការសិក្សាជារៀងរាល់ឆ្នាំ។ អ្វីដែលគួរជាទីមោទនៈនោះគឺ ក្នុងនោះនិស្សិតជាង ៩៥% ដែលបានបញ្ចប់ការសិក្សាកំពុងចូលបម្រើការងារក្នុងគ្រប់វិស័យ ។
ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថានឹងមាននិស្សិតជាច្រើនពិនិត្យ ពិចារណា និងមានចំណាប់អារម្មណ៍បន្តការសិក្សាជំនាញដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើនមួយកម្រិតទៀត៕ អានបន្ត
ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីកសិកម្ម នឹងសហការីបានបន្តដំណើរទៅពិនិត្យខ្សែរចង្វាក់ផលិតកម្មស្រូវផលិតកម្មផលិតចំណីមាន់នឹងការចិញ្ចឹមមាន់ស៊ុតដែលជាវិស័យមួយក្នុងចំណោមវិស័យ៣ សំខាន់
នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញពិនិត្យសួនឧស្សាហកម្ម Jaingsu Lianfa Textile រួចមក ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរទៅពិនិត្យខ្សែចង្វាក់ផលិតកម្មស្រូវ ផលិតកម្មផលិតចំណីមាន់ និងការចិញ្ចឹមមាន់យកស៊ុត ដែលជាវិស័យមួយក្នុងចំណោមវិស័យ ៣សំខាន់ គឺឧស្សាហកម្ម កសិកម្ម និងពាណិជ្ជកម្ម របស់ក្រុមហ៊ុនដែលបាននិងកំពុងដំណើរការវិនិយោគ និងអភិវឌ្ឍទទួលបានជោគជ័យយ៉ាងល្អប្រសើរ ហើយដែលក្រុមហ៊ុនមានបំណងនាំយកនិងផ្ទេរបច្ចេកវិទ្យាទាំងអស់នេះទៅដល់ដៃប្រជាកសិករកម្ពុជាតាមរយ:ការវិនិយោគលើខ្សែចង្វាក់ផលិតកម្មស្រូវ និងមាន់ដោយចាប់ផ្តើមពីការដាំដុះ រហូលដល់ផលិតផលសម្រេច ពីA ដល់Z។
លោកនាយកក្រុមហ៊ុនបានជម្រាបជូនថា រោងចក្រផលិតកម្មស្រូវរបស់គាត់សាងសង់លើផ្ទៃដីជាង ១០ហត ហើយ ស្ថិតនៅជិតដងទន្លេ ។ ទន្ទឹមនឹងនេះ ក្នុងគោលបំណងជួយរួមចំណែកដល់ការដឹកជញ្ជូនផលស្រូវសើមរបស់សហគមន៍កសិកម្ម ក្រោយការប្រមូលផលមកកាន់ឃ្លាំងសម្ងួតបានទាន់ពេលវេលា និងក្នុងតម្លៃថោក រដ្ឋាភិបាលចិនបានជួយជីកព្រែកសប្បនិមិត្តមួយពីដៃទន្លេតភ្ជាប់នឹងរោងចក្រ ។ លើសពីនេះទៅទៀត ដោយមានការឧបត្ថម្ភទុនពីរដ្ឋាភិបាល ជារៀងរាល់ឆ្នាំប្រមាណ មួយលានប្រាំសែនដុល្លារ ក្នុងការជួយធានាតម្លៃកសិផល និងពង្រីកមធ្យោបាយផលិតកម្ម រោងម៉ាស៊ីនស្រូវនេះគឺមានលទ្ធភាពកិនស្រូវបានប្រមាណជា ១៦០០តោនក្នុង ១ថ្ងៃ ស្តុកស្រូវបាន ៣៩ម៉ឺនតោន និងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានជាង ២០ម៉ឺនតោនក្នុង១ឆ្នាំផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនមានលទ្ធភាពធ្វើកិច្ចសន្យាជាមួយសហគមន៍កសិកម្មមួយឆ្នាំៗលើផ្ទៃដីដាំដំណាំស្រូវប្រមាណជា ២ម៉ឺនហត ។
ដោយឡែក សម្រាប់កសិដ្ឋានចិញ្ចឹមមាន់សាច់ រោងចក្រកែច្នៃស៊ុតមាន់ និងចំណីមាន់ដែលបំពាក់ដោយឧបករណ៍ និងបច្ចេកទេសស្វ័យប្រវត្តិក្នុងការផលិត និងកែច្នៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះខ្សែចង្វាក់ផលិតកម្មដែលបានប្រើប្រាស់បច្ចេកទេសទំនើបធានាបាននូវស្តង់ដារ គុណភាព និងសុវត្ថិភាពតាមតម្រូវចិត្តនិងតម្រូវការទីផ្សារ បង្កើនតម្លៃបន្ថែម និងប្រាក់ចំណូល ដោយអនុវត្តកសិកម្មតាមកិច្ចសន្យាជាមួយកសិករ ដែលខ្សែចង្វាក់ផលិតកម្មនេះ គឺពិតជាឆ្លើយតបតាមអ្វីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចង់បាន និងចង់ឃើញវិស័យឯកជននៅកម្ពុជាយកទៅអនុវត្ត។
អានបន្ត
ចាប់ឃាត់ខ្លួន ព្រះសង្ឃមួយអង្គ បន្ទាប់ពីចាក់ស្ត្រីម្នាក់ចំក បណ្តាលឲ្យរងរបួស ឈាមស្រោចពេញរថយន្ត
ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោងជាង០៦ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយព្រះសង្ឃមួយអង្គ បានចាក់ទៅលើស្ត្រីម្នាក់ចំក បណ្តាលឲ្យរងរបួសឈាមស្រោចពេញរថយន្តហាយឡឺនឌឺ។
ហេតុការណ៍នេះ បានកើតឡើងនៅចំណុចអូរខៃដន ស្ថិតក្នុងអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលជាព្រះសង្ឃមានឈ្មោះទន់ សាវន អាយុ៥២ឆ្នាំគង់នៅវត្តស្វាយចាស់ ស្ថិតនៅក្នុងភូមិកំពង់ស្វាយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ចំណែកស្ត្រីរងគ្រោះដោយគេដឹងថាមានឈ្មោះ ឡេង ផល្លា អាយុ៤៦៣ឆ្នាំ មុខរបជាអាជីវករប្តូរប្រាក់និងវេប្រាក់ វីង ស្ថិតនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនសង្ស័យដែលជាព្រះសង្ឃបានជិះរថយន្តឈ្នួល មកជួបនារីរងគ្រោះនៅកន្លែងកើតហេតុខាងលើ ក្រោយមកជនរងគ្រោះក៏បានសុំបែកផ្លូវគ្នា ខណ:នោះលោកសង្ឃរូបនោះក៏បានយកដែកឆាប ពីក្នុងថង់យាមមកចាក់ប្រហាទៅលើជនរងគ្រោះចំពីមុខបំពង់ក បណ្តាលឲ្យរងរបួសធ្ងន់ រួចជនរងគ្រោះបានរត់ចេញពីរថយន្តដើម្បីឲ្យគេជួយ ។ ភ្លាមនោះ ប្រជាពលរដ្ឋបានឃើញហេតុការណ៍ទាំងនេះ ក៏បានជួយនាំស្ត្រីរងគ្រោះទៅមន្ទីរពេទ្យ ចំណែកជនសង្ស័យដែលជាព្រះសង្ឃ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យអារញ្ញ ប្រទេសថៃ។
ដោយឡែក ជនសង្ស័យដែលជាព្រះសង្ឃនោះ ត្រូវបានមន្ត្រីធម្មការសង្ឃ ធ្វើការចាប់ផ្សឹកហើយប្រគល់ជូនទៅសមត្ថកិច្ច ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ អានបន្ត
ចាប់ឃាត់ខ្លួន ព្រះសង្ឃមួយអង្គ បន្ទាប់ពីចាក់ស្ត្រីម្នាក់ចំក បណ្តាលឲ្យរងរបួស ឈាមស្រោចពេញរថយន្ត
ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោងជាង០៦ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងដោយព្រះសង្ឃមួយអង្គ បានចាក់ទៅលើស្ត្រីម្នាក់ចំក បណ្តាលឲ្យរងរបួសឈាមស្រោចពេញរថយន្តហាយឡឺនឌឺ។
ហេតុការណ៍នេះ បានកើតឡើងនៅចំណុចអូរខៃដន ស្ថិតក្នុងអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលជាព្រះសង្ឃមានឈ្មោះទន់ សាវន អាយុ៥២ឆ្នាំគង់នៅវត្តស្វាយចាស់ ស្ថិតនៅក្នុងភូមិកំពង់ស្វាយ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ចំណែកស្ត្រីរងគ្រោះដោយគេដឹងថាមានឈ្មោះ ឡេង ផល្លា អាយុ៤៦៣ឆ្នាំ មុខរបជាអាជីវករប្តូរប្រាក់និងវេប្រាក់ វីង ស្ថិតនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនសង្ស័យដែលជាព្រះសង្ឃបានជិះរថយន្តឈ្នួល មកជួបនារីរងគ្រោះនៅកន្លែងកើតហេតុខាងលើ ក្រោយមកជនរងគ្រោះក៏បានសុំបែកផ្លូវគ្នា ខណ:នោះលោកសង្ឃរូបនោះក៏បានយកដែកឆាប ពីក្នុងថង់យាមមកចាក់ប្រហាទៅលើជនរងគ្រោះចំពីមុខបំពង់ក បណ្តាលឲ្យរងរបួសធ្ងន់ រួចជនរងគ្រោះបានរត់ចេញពីរថយន្តដើម្បីឲ្យគេជួយ ។ ភ្លាមនោះ ប្រជាពលរដ្ឋបានឃើញហេតុការណ៍ទាំងនេះ ក៏បានជួយនាំស្ត្រីរងគ្រោះទៅមន្ទីរពេទ្យ ចំណែកជនសង្ស័យដែលជាព្រះសង្ឃ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យអារញ្ញ ប្រទេសថៃ។
ដោយឡែក ជនសង្ស័យដែលជាព្រះសង្ឃនោះ ត្រូវបានមន្ត្រីធម្មការសង្ឃ ធ្វើការចាប់ផ្សឹកហើយប្រគល់ជូនទៅសមត្ថកិច្ច ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ អានបន្ត
ប្រមុខរដ្ឋាភិបាលកម្ពុជាច្រានចោលពត៌មានកម្ពុជាធ្វើជាទីលាននៃការសាកល្បងមនោគមន៍វិជ្ជា
ប្រមុខរដ្ឋាភិបាលកម្ពុជាថ្លែងនៅមុនបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃចន្ទនេះបានអះអាងថា កម្ពុជាមិនមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ ហើយថាកម្ពុជាក៏មិនអនុញ្ញាតឲ្យបរទេសណា យកកម្ពុជាធ្វើជាទីលាននៃការសាកល្បងមនោគមន៍វិជ្ជា ឬ អាវុធជាថ្មីនោះឡើយ។
ប្រតិកម្មរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបន្ទាប់ពីសារព័ត៌មាន Asia Time ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានចុះផ្សាយអត្ថបទមួយ កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុនថា កម្ពុជាកំពុងស្ថិតនៅចំណុចកណ្តាលនៃសង្គ្រាមត្រជាក់ថ្មីរវាងចិននិងសហរដ្ឋអាមេរិក។ តាមរយៈអត្ថបទនោះ Asia Time បានសរសេរថា នៅក្នុងពេលដ៏ឆាប់ខាងមុខនេះ លើទឹកដីកម្ពុជា ផែសុំចតទឹកជ្រៅមួយដែលវិនិយោគដោយចិន នឹងលេចខ្លួនឡើងនៅប្របមាត់សមុទ្រនៃខេត្តកោះកុង។ ហើយថា កំពង់ផែទឹកជ្រៅនេះ នឹងក្លាយជាមូលដ្ឋានយោធា ដែលចិនប្រើប្រាស់សម្រាប់សុំចតនាវាចម្បាំង។ប៉ុន្តែសម្តេចហ៊ុន សែន នៅថ្ងៃចន្ទទី១៩ វិច្ឆិកានេះ បានច្រានចោលចំពោះព័ត៌មានខាងលើនេះ។
ថ្លែងនៅមុនពេលចាប់ផ្តើមបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃចន្ទនេះ សម្តេចហ៊ុន សែន បានអះអាងថា កម្ពុជាមិនមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ ហើយថា កម្ពុជាក៏មិនអនុញ្ញាតឲ្យបរទេសណា យកកម្ពុជាធ្វើជាទីលាននៃការសាកល្បងមនោគមន៍វិជ្ជា ឬ អាវុធ ដូចអតីតកាលទៀតនោះឡើយ។
សម្តេចបានបន្ថែមថា កម្ពុជាមិនអនុញ្ញាតឲ្យកងទ័ពបរទេសណា បោះមូលដ្ឋានយោធានៅលើទឹកដីកម្ពុជាឡើយ ទោះបីជាកងទ័ពជើងទឹក ជើងគោក ឬជើងអាកាសក្តី។
សម្តេចនាយករដ្ឋមន្ត្រីបានពន្យល់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួន និងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួន នៅបរទេសឡើយ លើកលែងតែនៅក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ។ កម្ពុជាមិនត្រូវការទាល់តែសោះ ហើយមិនចាំបាច់ទាល់តែសោះដែលត្រូវការកងទ័ពបរទេសមកនៅលើទឹកដីរបស់ខ្លួន។
បន្ថែមលើសេចក្តីថ្លែងការណ៍ផ្ទាល់មាត់នៅថ្ងៃនេះសម្តេចហ៊ុន សែន នឹងសរសេរលិខិតផ្លូវការមួយច្បាប់ទៀត ផ្ញើទៅកាន់អនុប្រធានាធិបតីអាមេរិកលោក Mike pence ដើម្បីពន្យល់លំអិតពីករណីនេះ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក។ ហើយតាមរយៈជំនួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក William A. Heidt នៅថ្ងៃទី ២០ វិច្ឆិកាស្អែក សម្តេចនាយករដ្ឋមន្ត្រីក៏មានគម្រោងលើកឡើងពីរឿងនេះដែរ។
ចាប់តាំងពីថ្ងៃទី ១៧ វិច្ឆិកា មក ទាំងក្រសួងការពារជាតិកម្ពុជា និងទាំងក្រសួងការបរទេសផង បានចេញសេចក្តីថ្លែងការណ៍ច្រានចោលព័ត៌មានរបស់ Asia Time ផងដែរ។ សម្រាប់ អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាជារដ្ឋឯករាជ្យ អព្យាក្រឹតអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធ ដូច្នេះ កម្ពុជានឹងមិនផ្តល់ទីតាំងឲ្យបរទេសណាមួយ សម្រាប់យកធ្វើជាមូលដ្ឋានយោធានោះទេ។
ចំណែក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជានៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣នៅសិង្ហបុរី កាលពីថ្ងៃទី ១៥ វិច្ឆិកាវិញ ក៏បានប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Jonh Sullivan ថា ព័ត៌មាននោះ គឺជាពាក្យចរចាមអារាម តែប៉ុណ្ណោះទេ៕ អានបន្ត
រដ្ធបាលរាជធានីភ្នំពេញ ពិធីបួងសួង ពិលីការ បូជាទេវតា សុំសេចក្ដីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅលើទឹកដីស័ក្តិសិទ្ធិនៃរមណីយដ្ឋានប្រវត្ដិសាស្ត្រវត្តភ្នំ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះរដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូនកីឡាករទូក បានជួបជុំគ្នាប្រារព្ធពិធីបួងសួង ពិលីការ បូជាទេវតា សុំសេចក្ដីសុខដល់កីឡាករ កីឡាការិនី ទូកង ទូកចែវ និងបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមប្រពៃណីទំនៀមទម្លាប់សាសនាពីបុរាណ។
លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនកីឡាករ កីឡាការិនី ប្រយ័ត្នប្រយែងសុខភាព ចេះថែរក្សាអនាម័យ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ ព្រះរាជពិធីបុណ្យអុំទូក នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបរិវេណមាត់ទន្លេ មុខព្រះបរមរាជវាំង៕ អានបន្ត
ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម បានអនុញ្ញាតឲ្យលោកនាយកក្រុមហ៊ុនវិយោគផ្លែកក្នុងវិស័យកសិកម្មនៅកម្ពុជា
ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង១៥:០០រសៀល ថ្ងៃចន្ទ ១២កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនបានអនុញ្ញាតឲ្យលោក Yulin Zheng ប្រធានក្រុមហ៊ុន Hubei Laker Group រួមជាមួយក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម ចំនួន៩ ក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារដើម្បីស្វែងយល់អំពីសក្តានុពល ក្នុងការវិនិយោគក្នុងវិស័យកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំនាថ្ងៃនេះផ្តោតជាសំខាន់លើប្រធានបទមួយចំនួនមានជាអាទិ៍៖ ១. សមិទ្ធផល វឌ្ឍនភាព បញ្ហាប្រឈមនិងសក្តានុពលក្នុងការវិនិយោគក្នុងវិស័យកសិកម្ម ២. លទ្ធភាពក្នុងការពង្រឹង និងពង្រីកអនុវិស័យដំណាំស្រូវ និងជលផល តាមរយៈការវិនិយោគលើវារីវប្បកម្ម ចិញ្ចឹមបង្កងទឹកសាប (Crawfish) ក្នុងដីស្រែដើម្បីបង្កើតនិងបង្កើនការងារ និងប្រាក់ចំណូលគ្រួសារនៅតាមជនបទ ៣. ការរៀបចំ និងចងក្រងកសិកម្មតាមកិច្ចសន្យាក្នុងការចិញ្ចឹមបង្កងជាមួយប្រជាកសិករ និងការផ្ដល់បច្ចេកទេស ពូជ និងទីផ្សារជូនពួកគាត់ ៤. ការរៀបចំក្រុមការងារជំនាញទ្វេភាគីដើម្បីសិក្សា ស្រាវជ្រាវឲ្យបានសម្អិត ធ្វើយ៉ាងណាធានាដល់ប្រសិទ្ធភាពនៃការអនុវត្តគម្រោងទទួលបានលទ្ធផលជាផ្លែផ្កា។ អានបន្ត