ខេត្តស្ទឹងត្រែង ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិក្នុងពិធីបិទសន្និបាទការងាររបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះបានដាក់បម្រាមដល់កងកម្លាំងនគរបាល ជាតិ ក្នុងខេត្តស្ទឹងត្រែង ដោយហាមដាច់ខាតមិនត្រូវដើរតួនាទីជាអ្នកសម្របសម្រួល និងដោះស្រាយបទល្មើសសេពសន្ថវៈក្រៅប្រព័ន្ធតុលាការឡើយ។នាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិបានលើកឡើងថា ដើម្បីបង្ការ និងបង្ក្រាបបទល្មើសសេពសន្ថវៈឲ្យបានជោគជ័យ មន្ត្រីនគរបាលក្នុងខេត្តស្ទឹងត្រែង និងទូទាំងប្រទេសមិនត្រូវដោះស្រាយនៅក្រៅប្រព័ន្ធតុលាការឡើយ។ លោកថា ជនដែលប្រព្រឹត្តល្មើសមិនអាចរួចខ្លួនដោយគ្រាន់តែដោះស្រាយនៅត្រឹមនគរបាលប៉ុស្តិ៍ អធិការដ្ឋាន និងការិយាល័យប្រឆាំងការជួញដូរមនុស្សបានឡើយ បើទោះជា ជនល្មើសមានសំណងជាលុយកាក់ទៅជនរងគ្រោះក៏ដោយ ពោលគឺត្រូវផ្តន្ទាទោស និងដាក់ពន្ធនាគាទៅតាមផ្លូវច្បាប់។ជាមួយគ្នានេះនាយឧត្តមសេនីយ៍បានលើកឡើងបន្ថែមថាៈថ្វីត្បិតថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង មានស្នាដៃល្អបានដឹក នាំកងកម្លាំង ក្នុងការងាររក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានរហូតដល់៩៤ភាគរយយ៉ាង ណាក៏ដោយ ប៉ុន្តែតាមការកត់សំគាល់ឃើញថាបទល្មើសព្រហ្មទណ្ឌ ចាប់តាំងពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៨ មានការកើនឡើងគួរឲ្យព្រួយបារម្ភ ។ លោកបញ្ជាក់ថា ក្នុងនាមជានគរបាលយុត្តិធម៌ ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានជោគជ័យមិនទាន់គ្រប់គ្រាន់ឡើយ ទាមទារធ្វើយ៉ាងណាត្រូវបង្ការទប់ស្កាត់កុំឲ្យបទល្មើសព្រហ្មទណ្ឌកើតឡើងទើបប្រសើរ។ ត្រង់ចំណុចនេះលោកពន្យល់ថា ដើម្បីបង្ការកុំឲ្យកើតមានបទល្មើសព្រហ្មទណ្ឌ មន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ ជាពិសេស នគរបាលប៉ុស្តិ៍ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាការពារអនុវត្តន៍គោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាពទាំង៩ចំណុចឲ្យបានល្អ ។លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានអះអាងថាៈ កាតព្វកិច្ចនេះលោកបានពន្យល់និងណែនាំគ្រប់មន្ត្រីនគរបាល ឲ្យយកចិត្តទុកដាក់អនុវត្តន៍ទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព្រោះយើងជានគរបាលត្រូវបំរើប្រជាជន ដោយឥតរើសអើង និងប្រកបដោយភាពស្មោះត្រង់។សូមបញ្ជាក់ថា ក្នុងសន្និបាតរបស់ស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែងនាពេលនេះបានដាក់ទិសដៅចំនួន១៧ចំណុចបន្ថែមទៀត ដើម្បីបន្តអនុវត្តន៍ការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យឆ្លើយតបទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ