ក្រចេះ៖ នាព្រឹកថ្ងៃទី 27 ខែកុម្ភៈឆ្នាំ 2019 នេះ រដ្ឋបាលសាលាខេត្តក្រចេះ បានរៀបចំបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ 2018 និងលើកទិសដៅការងារឆ្នាំ 2019 ក្រោមអធិបតីភាពឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត នឹងវត្តមានចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ននានាជុំវិញខេត្ត ។មានប្រសាសន៍ថ្លែងបើកអង្គសន្និបាតនាព្រឹកនោះឯកឧត្តម វ៉ា ថន បានកោតសរសើរនិងវាយតម្លៃ ចំពោះពលិកម្ម និងការខិតខំចូលរួមប្រឹងប្រែងយ៉ាងសកម្ម ពុះពារសម្រេចបានលទ្ធផលនានាជាច្រើន ក្នុងរយៈពេលកន្លងទៅនេះ។ឯកឧត្តម អភិបាលខេត្ត បន្តថា ឆ្នាំ 2018 កន្លងទៅ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីកំណែទម្រង់ ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី 3 របស់រាជរដ្ឋាភិបាល នីតិកាលទី 5 នៃរដ្ឋសភា ហើយក៏ជាឆ្នាំចាប់ផ្ដើមរបស់រដ្ឋាភិបាល សម្រាប់នីតិកាលទី6 ផងដែរ ។ សន្និបាត នាពេលនេះគឺពិតជាមានអត្ថន័យ និងពិតជាមានសារៈសំខាន់សម្រាប់ទាំងអស់គ្នា ធ្វើការវាយតម្លៃ អំពីលទ្ធផលការងារដែលសម្រេចបាន និងរួមគ្នាធ្វើការពិនិត្យ វាយតម្លៃអំពីបញ្ហាប្រឈមដែលនៅសល់ សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅ ការងារសម្រាប់អនុវត្ត កម្មវិធីកំណែទម្រង់នានា ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4 អោយកាន់តែមានប្រសិទ្ធភាពថែមទៀត ។ តាមរយៈអង្គសន្និបាតនិងធ្វើការបែងចែក ក្រុមពិភាក្សាលើប្រធានបទសំខាន់ៗដើម្បីប្រមូលធាតុចូលពីសមាជិក នៃអង្គសន្និបាតទៅលើរបាយការណ៍ និងទិសដៅ ព្រមទាំង គោលការណ៍សំខាន់ៗ សម្រាប់អនុវត្តក្នុងឆ្នាំ 2019 នេះបន្តទៀត ។ទន្ទឹមនឹងសមិទ្ធផលសំខាន់ៗ ដែលខេត្តសម្រេចបាននាពេលកន្លងមក ឯកឧត្តមបានមានប្រសាសន៍គូសបញ្ជាក់អោយដឹងថា ខេត្តក៏នៅជួបប្រទះបញ្ហាប្រឈមនានាជាច្រើន ក្នុងក្របខ័ណ្ឌនៃតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលខេត្ត ជាពិសេសបញ្ហាប្រឈមពាក់ព័ន្ធសេវាសាធារណៈជូនប្រជាពលរដ្ឋ បញ្ហាកែទម្រង់ស្ថាប័ន ក្នុងនោះ ការអភិវឌ្ឍន៍មត្ថភាពធនធានមនុស្ស ការចុះបញ្ជីដីធ្លី ការគ្រប់គ្រងដីចំណីផ្លូវ បញ្ហាទឹកស្អាត អគ្គិសនី ក៏នៅមានបញ្ហាប្រឈមជាច្រើន ដែលត្រូវដោះស្រាយ។ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏នៅមានបញ្ហាប្រឈម ជាពិសេសបញ្ហាគ្រឿងញៀន អំពើឆក់ លួច ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ការអនុវត្តច្បាប់ស្ដីពីអន្តោប្រវេសន៍ បញ្ហាគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយជម្លោះនានានៅមូលដ្ឋាន ពិសេសជម្លោះដីធ្លី ។ ដែលបញ្ហាប្រឈមទាំងនេះ គឺជាប្រធានបទសម្រាប់ពិភាក្សាប្រកបដោយប្រសិទ្ធភាព នូវបញ្ហាប្រឈមទាំងនោះក្នុងសន្និបាតនាពេលនេះ ដើម្បីរួមគ្នាកំណត់វិធានការដោះស្រាយ ។ជាចុងក្រោយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនឯងផ្ទាល់ បានស្នើដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកានៃអង្គសនិ្នបាទ ត្រូវខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីចូលរួមពិភាក្សាឲ្យបានផុសផុល អំពីសមិទ្ធិផល បញ្ហាប្រឈម និងដំណោះស្រាយ ព្រមជាមួយនឹងការផ្ដល់បទពិសោធន៍ល្អៗ សម្រាប់ជាមូលដ្ឋានអនុវត្តទិសដៅការងារឆ្នាំ 2019 ឲ្យមានប្រសិទ្ធិភាពថែមទៀត ។គួររំលឹកថា អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ 2018 និងការលើកទិសដៅអនុវត្តការងារឆ្នាំ 2019 ប្រព្រឹត្តទៅមានរយៈពេល 2 ថ្ងៃ គឺថ្ងៃទី 27 និង 28 ខែកុម្ភះឆ្នាំ 2019 ដោយមានសមាជិកសមាជិកាចូលរួម 493 នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ