ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យការរដ្ឋានពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)
Thu,03 July 2025 (Time 08:16 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 88នាក់)


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន, តំណាងក្រុមហ៊ុនទទួលការ ព្រមទាំងអ្នកពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការរដ្ឋានពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ដែលជាចំណងដៃប្រវត្តិសាស្ត្រថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម។

-គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ពី២គន្លង ទៅជា៤គន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម កំពុងលេចចេញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ដោយការដ្ឋានគ្រប់កំណាត់បានបង្កើន និងធានាវឌ្ឍនភាពតាមការគ្រោងទុក ប្រកបដោយស្តង់ដារ។

-គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) មានប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000-PK45+502.84) ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម សម្រេចលទ្ធផលបានប្រមាណជាង ៦០ ភាគរយហើយ។

-គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ (រយៈពេលសាងសង់៤០ខែ) ដែលតាមផែនការគម្រោងនឹងសាងសង់បញ្ចប់១០០% នៅអំឡុង ខែកក្កដា ឆ្នាំ២០២៧ខាងមុខនេះ ប៉ុន្តែបើផ្អែកលើល្បឿននៃសកម្មភាពការដ្ឋាន គម្រោងនេះអាចបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿនជាងផែនការក្នុងគម្រោង។

-គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ត្រូវធ្វើឡើងជាប្រភេទAC (Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨ (ស្មើប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន៧ស្ពាន(ស្មើប្រវែងសរុប ១១៦ម៉ែត្រ),លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។

-ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ។

-ផ្លូវជាតិលេខ៧ តភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប…។ល។ និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។

-កំណាត់ផ្លូវជាតិនេះ ក៏តភ្ជាប់ជាមួយផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងតភ្ជាប់ជាមួយផ្លូវ ៧១C,ផ្លូវជាតិលេខ៧៣ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ និងផ្លូវជាតិលេខ៧៦,ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅកាន់ខេត្តស្ថិតនៅភូមិភាគឦសាន ដូចជា៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី។ ខ្សែផ្លូវនេះ ក៏ភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវរបស់បណ្តាប្រទេស នៃមហាអនុតំបន់មេគង្គ(GMS)ផងដែរ។

-ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ឯកឧត្តម អភិបាល អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧(ស្គន់-កំពង់ចាម) សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។

ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែលមានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការដ្ឋានពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ កំពុងដំណើរការយ៉ាងមមាញឹក។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យក្រុមការងារខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលជាសេនាធិការ ធ្វើការសហការឲ្យបានជាប់ជាប្រចាំ ជាមួយក្រុមការងារក្រសួង, អាជ្ញាធរពាក់ព័ន្ធ ក្នុងការពិនិត្យ តាមដានការរដ្ឋានខាងលើឲ្យមានគុណភាពខ្ពស់ ស្តង់ដារ ដើម្បីប្រើប្រាស់បានគង់វង្សយូរអង្វែង៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ