ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅខេត្តកំពត ធ្វើឱ្យបទល្មើសព្រហ្មទណ្ឌថយចុះ ពលរដ្ឋកាន់តែខ្លាចរអានឹងទង្វើប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ!
Wed,28 May 2025 (Time 08:52 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 65នាក់)


ខេត្តកំពត } ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវ បានជួយបង្កើនសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការត្រួតពិនិត្យស្ថានការណ៍នៅតាមតំបន់នានានៅខេត្តកំពត។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ថ្លែងប្រាប់មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃនៅថ្ងៃ២៧ ឧសភានេះថា ការតម្លើងកាមេរ៉ាសុវត្ថិភាពនៅខេត្តកំពតនេះពិតជាបានជួយការងារជាច្រើន និងបានបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសនានា ការងារសណ្ដាប់ធ្នាប់ ការងារចរាចរណ៍ និងជាពិសេសបានជួយឱ្យសមត្ថកិច្ចធ្វើការឆ្លើយតបបានទាន់ពេលវេលាផងដែរ។

លោកស្នងការ បានឱ្យដឹងទៀតថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់យូរមកប៉ុន្តែពុំសូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនោះទេ។ លោកថា កត្តាដែលជំរុញឱ្យមានការខិតខំប្រឹងប្រែងតម្លើងកាមេរ៉ាសុវត្ថិភាពនេះ ធ្វើឡើងដើម្បីផ្ដោតសំខាន់ទៅលើការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពីព្រោះការបំពាក់កាមេរ៉ានេះ គឺពិតជាបានជួយសម្រួលការងារជាច្រើនទៅដល់សមត្ថកិច្ច ពាក់ព័ន្ធនឹងការទប់ស្កាត់នូវបញ្ហាបទល្មើសផ្សេងៗ និងផ្តល់ភាពងាយស្រួលក្នុងការស្រាវជ្រាវកំណត់មុខសញ្ញា។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បញ្ជាក់ថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ ត្រូវបានតម្លើងដំបូងនៅក្រុងកំពតទាំងមូល ដោយសារតែនៅតំបន់ទាំងនោះ ជាតំបន់ទេសចរណ៍ និងមានកន្លែងកម្សាន្តជាច្រើន ដែលមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិដើរលេងកម្សាន្ត។ លោកបន្តថា នៅក្នុងក្រុងកំពតមានការតម្លើងកាមេរ៉ាសុវត្ថិភាពចំនួន១៣គោលដៅសំខាន់ៗ និងគោលដៅមួយចំនួនទៀតដើម្បីទប់ស្កាត់នូវបទល្មើសណាមួយជាយថាហេតុ។

លោកឧត្តមសេនីយ៍ទោ អះអាងថា«ជាបទពិសោធន៍កាមេរ៉ាដែលយើងបានបំពាក់ទាំងនេះ កន្លងមកបានជួយការងារជាច្រើនទៅលើករណីព្រហ្មទណ្ឌដែលយើងបង្ក្រាបបាន ក្នុងនោះក៏មានការរួមចំណែកពីកាមេរ៉ាសុវត្ថិភាពនេះផងដែរ។ ប្រសិនបើយើងមិនមានកាមេរ៉ាសុវត្ថិភាពទាំងនេះជួយទេ គឺយើងប្រហែលជាមានការពិបាក ពីព្រោះបទល្មើសខ្លះកើតឡើងនៅពេលយប់ដែលជនល្មើសទាំងនោះប្រព្រឹត្តិពេលយប់ជ្រៅ អញ្ចឹងវាក៏ជាបញ្ហាប្រឈមសម្រាប់សមត្ថកិច្ចផងដែរ។ បើទោះបីជាមានសមត្ថកិច្ចប្រចាំការ២៤ម៉ោងលើ២៤ម៉ោងក៏ដោយ ប៉ុន្តែពេលខ្លះសមត្ថកិច្ចយើងក៏អស់កម្លាំងក៏សម្រាកបន្តិចបន្តួច ដែលអាចបង្កើតឱ្យមានការឆកល្វែងក្នុងការទប់ស្កាត់ ប៉ុន្តែនៅពេលដែលយើងមានកាមេរ៉ាសុវត្ថិភាពយើងនឹងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាតាមរយៈកាមេរ៉ាសុវត្ថិភាពនេះ។ លោកថា នៅក្នុងក្រុងកំពតនេះក្រោយពេលដែលយើងបំពាក់កាមេរ៉ាសុវត្ថិភាពយើងបានទប់ស្កាត់បទល្មើសច្រើន ដូចជាករណីលួច ឆក់ និងករណីហិង្សាផ្សេងៗ ក្រៅពីនោះវាក៏បានជួយនូវការងារសណ្ដាប់ធ្នាប់ និងចរាចរណ៍មួយចំនួនទៀត ដែលជួយឱ្យស្នងការដ្ឋាននគរបាលខេត្តកំពត អនុវត្តច្បាប់ បង្ក្រាប ទប់ស្កាត់ និងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ»។

បើតាមលោកស្នងការ បច្ចុប្បន្នស្នងការបានបំពាក់កាមេរ៉ា១៣គោលដៅសំខាន់ៗ និងនៅតាមបណ្ដាក្រុង ស្រុក មួយចំនួនក៏បានតម្លើងរួចជាស្រេចនៅតាមគោលដៅសំខាន់ៗដូចគ្នា ជាពិសេសនៅតាមទីប្រជុំជន ផ្សារ និងកន្លែងកម្សាន្តមួយចំនួន ដែលក្នុងនោះចំណាយទឹកប្រាក់ប្រមាណជិត២ម៉ឺនដុល្លារ។ លោកបន្ថែមថា បន្តិចទៀតនេះ ស្នងការដ្ឋានមានគម្រោងតម្លើងកាមេរ៉ានៅតំបន់កម្សាន្តមួយចំនួនបន្ថែមទៀតដូចជាតំបន់ទេសចរណ៍ដែលមានសក្ដានុពល ទន្ទឹមនោះយើងក៏មានបញ្ហាប្រឈមមួយចំនួនក្នុងរាំងស្ទះតម្លើងកាមេរ៉ានេះ នៅដោយសារមានបញ្ហាអ៊ឺនធឺណេតពុំទាន់ទៅដល់គោលដៅដែលយើងបានគ្រោងនឹងតម្លើងនៅឡើយ។

បើតាមសង្កេតរបស់លោកស្នងការ ក្រោយពីមានការផ្សព្វផ្សាយអំពីការតម្លើងកាមេរ៉ាសុវត្ថិភាពនៅតាមក្រុងកំពត ក៏ដូចជានៅតាមក្រុង ស្រុកផ្សេងៗទៀត គឺលោកពិនិត្យឃើញថាពាក់ព័ន្ធនឹងបទល្មើសមានការថយចុះគួរឱ្យកត់សម្គាល់ និងការបើកបរ ការចោល និងទុកដាក់សម្រាមរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិហាក់បីដូចជា មានភាពល្អប្រសើរច្រើន ក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏មានការសប្បាយចិត្តច្រើនពីការតម្លើងកាមេរ៉ាសុវត្ថិភាពនេះ។

លោករម្លឹកថា ផ្អែកតាមអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិ គឺធ្វើយ៉ាងណាឱ្យការងារសន្ដិសុខ សណ្ដាប់ធ្នាប់នេះដើរឱ្យទាន់នៃការវិវត្តនៃសង្គមឌីជីថល។ ទន្ទឹមនោះលោកស្នងការបន្តមហិច្ឆតាដោយតម្លើងកាមេរ៉ាសុវត្ថិភាពគ្រប់ទីកន្លែងនៅតំបន់អាទិភាព ជាពិសេសតំបន់រមណីយដ្ឋាននានា គឺធ្វើយ៉ាងណាធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងផ្តល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅខេត្តកំពត៕

កញ្ញា សេង សុខហ៊ុន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ