ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប
Fri,11 April 2025 (Time 08:59 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 162នាក់)


ភ្នំពេញ}ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham)ដែលទើបចូលកាន់តំណែង បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប ដោយមានការចូលរួមពី ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ប្រចាំនៅកម្ពុជា, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន (EU-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។

កិច្ចសន្ទនាលើកទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអឺរ៉ុប នាព្រឹកនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានលើកយកប្រធានបទជាអាទិភាពមកពិភាក្សាយ៉ាងផុសផុលជុំវិញបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជារបស់វិនិយោគិនអឺរ៉ុប រួមមានជាអាទិ៍៖ (១)ការដឹកជញ្ជូន និងភស្តុភារកម្ម, (២)កត្តាជំរុញលើកកម្ពស់សេដ្ឋកិច្ចបៃតង និងបទប្បញ្ញត្តិនានា, (៣) វិស័យយានយន្ត, (៤) នីតិវិធីពាក់ព័ន្ធនឹងកាតព្វកិច្ចពន្ធ, (៥) ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាផ្សេងៗ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ លោក Gabriele Faja ដែលទើបចូលកាន់តំណែងជាប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា តាមរយៈការបោះឆ្នោតគាំទ្រក្នុងខែមីនាកន្លងទៅថ្មីៗ ក៏ដូចជាសម្តែងការស្វាគមន៍ទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា, តំណាងក្រសួងស្ថាប័ន, តំណាងវិស័យឯកជនអឺរ៉ុប ដែលបានអញ្ជើញចូលរួមយ៉ាងកុះករនាឱកាសនេះ និងបានថ្លែងអំណរគុណជូនចំពោះវិនិយោគិនមកពីសហភាពអឺរ៉ុបទាំងអស់ ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណទៅកាន់ លោក Tassilo Brinzer ដែលបានបំពេញតួនាទីជាប្រធាន EuroCham កាលពីអាណត្តិមុនដោយការយកចិត្តទុកដាក់ និងប្រកបដោយកិច្ចសហការខ្ពស់ ក្នុងការសម្របស្រួលរវាងវិស័យពាក់ព័ន្ធនានា និងផ្នែកឯកជន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពី កំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ ពិសេសគឺការបំបែកកំណត់ត្រារបស់ ក.អ.ក. ដែលសម្រេចបាននូវការអនុម័យគម្រោងចំនួន ៤១៤ ក្នុងឆ្នាំ២០២៤។ តួលេខនេះ ជាសក្ខីភាពស្តែងឱ្យឃើញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគពីវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធផលជោគជ័យនៃការបំពេញបេសកកម្មជុំរុញ និងទាក់ទាញវិនិយោគ (Investment Roadshow) ទៅកាន់សហភាពអឺរ៉ុប ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។

តាមរយៈវេទិកានៃកិច្ចសន្ទនានាព្រឹកនេះ តំណាងវិនិយោគិនអ៊ឺរ៉ុបបានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។ ជាមួយគ្នានេះ ពួកគេក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយកន្លងមក បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំលើកទី១ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។

តំណាងវិនិយោគិនអឺរ៉ុបរំពឹងថា បន្ទាប់ពីជំនួបសន្ទនាលើកទី២នេះ ពួកគេក៏នឹងទទួលបានលទ្ធផលជាវិជ្ជមានជាលំដាប់ ទៅតាមនីតិវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ថែមមួយកម្រិតទៀតផងដែរ។ ជាមួយគ្នានេះ លោក Tassilo Brinzer អតីតប្រធាន EuroCham កាលពីអាណត្តិមុន បានយកវេទិកានេះគោរពថ្លែងអំណរគុណទៅដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធពីគ្រប់ក្រសួងស្ថានប័ន ដែលបានដាក់ចេញ និងអនុវត្តគំនិតផ្តួចផ្តើមជាច្រើនដើម្បីដោះស្រាយនូវបញ្ហានានា ក្រោមការណែនាំចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងចំណាត់ការដ៏រហ័ស គួបផ្សំនឹងជំនាញបច្ចេកទេសយ៉ាងច្បាស់លាស់៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ