ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្តេច ហ៊ុន សែន ប្រាប់ឲ្យកម្មករកម្មការិនី ត្រូវហានចង្អុលមុខចំពោះក្រុមប្រឆាំងទាំងឡាយណា ដែលទៅអុចអាលបរទេសមិនឱ្យមកវិនិយោគនៅកម្ពុជា…!
Fri,09 June 2023 (Time 11:21 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 211នាក់)


កំពង់ឆ្នាំង៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់កម្មករកម្មការិនី ត្រូវហានចង្អុលមុខចំពោះក្រុមប្រឆាំងទាំងឡាយណា ដែលទៅអុចអាលបរទេសមិនឱ្យមកវិនិយោគនៅកម្ពុជា ខណៈក្រុមប្រឆាំងទាំងនោះហើយគឺជាសត្រូវរបស់កម្មករកម្មការិនី។ ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ១៨,០៩៥នាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជំនួបនេះធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កម្មករ កម្មការិនី ខិតខំធ្វើការងារ និងចៀសវាងឱ្យបាននូវការបង្កទំនាស់រវាងកម្មករ និងម្ចាស់រោងចក្រ ហើយប្រសិនបើមានវិវាទណាមួយកើតឡើងត្រូវយកចិត្តទុកដោះស្រាយភ្លាម មិនត្រូវទុកឱ្យក្លាយទៅជាជំងឺមហារីកនោះទេ ខណៈម្ចាស់រោងចក្រ និងកម្មករ គឺជាដៃគូមិនអាចខ្វះមួយណាបានឡើយ។

ជាមួយគ្នានោះ សម្តេចតេជោបានណែនាំអោយរោងចក្រសហគ្រាសទាំងអស់ ដែលមានបងប្អូនកម្មករកម្មការិនីពិការភាពធ្វើការនៅរោងចក្រសហគ្រាសរបស់ខ្លួនត្រូវអនុញ្ញាតឲ្យពួកគាត់ចេញធ្វើការមុនម៉ោង១៥នាទីដូចស្រ្តីមានផ្ទៃពោះដែរ។

សម្តេច ហ៊ុន សែន ក៏បានណែនាំឱ្យមានចងការចងក្រងជាកាតព្វកិច្ចតែម្ដងសម្រាប់ការមើលសុខទុក្ខកម្មករកម្មការិនី ពីព្រោះវិស័យឧស្សាហកម្មកាត់ដេរនេះមានរហូតទៅដល់៦០ភាគរយនៅក្នុងប្រទេសកម្ពុជា ដូច្នេះគោលនយោបាយនេះត្រូវបន្តពង្រីកឥតឈប់ឈរ។សម្ដេចតេជោបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តពង្រីកបន្ថែមលើការអភិវឌ្ឍ និងយកចិត្តទុកដាក់ផងដែរលើវិស័យការងាររបស់កម្មករកម្មការិនីទាំងអស់។

ទន្ទឹមគ្នានោះ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបជាមួយបងប្អូនកម្មករកម្មការិនីនៅ ខេត្តកំពង់ឆ្នាំងនេះជាថ្មីម្ដងទៀត បន្ទាប់ពីបានជួបកាលពីឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោបន្តថា ឆ្នាំ២០២៣នេះ ពិតជាមានការខុសប្លែកច្រើនជាពិសេសផ្លូវជាតិលេខ៥ដែលបានស្ថាបនាកសាងថ្មី មានភាពធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ។

ក្នុងពិធីខាងលើ សម្តេចតេជោបានបញ្ជាក់ថា កន្លងទៅនេះ តាមរយៈវេទិការវាងវិស័យឯកជន និងរាជរដ្ឋាភិបាល កម្ពុជាបានដាក់ឱ្យអនុវត្តគោលនយោបាយលើការអភិវឌ្ឍវិស័យរោងចក្រទៅតាមបណ្ដាខេត្ត ដែលចំណុចនេះហើយបានបង្ហាញពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលបានត្រឹមត្រូវ ច្បាស់លាស់ដល់ប្រជាជន ។សម្តេចបន្ថែមទៀតថាដើម្បីមានយន្តការត្រឹមត្រូវក្នុងការដំឡើងប្រាក់ខែដល់កម្មករកម្មករិនីរាជរដ្ឋាភិបាលបានបង្កើតយន្តការត្រីភាគីមួយដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីគិតគូរអំពីការដំឡើងប្រាក់ខែក្នុងរយៈពេល១ ឆ្នាំម្ដងដល់កម្មករកម្មការិនី។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលបន្តថែមទៀត លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការទាក់ទាញវិនិយោគបន្ថែមលើវិស័យរោងចក្រនេះ មកកាន់កម្ពុជា ជាពិសេសទៅដល់បណ្ដាខេត្ត ដើម្បីផ្ដល់ការងារដល់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ សម្ដេចនឹងមានជំនួបជាមួយរដ្ឋមន្រ្ដីពាណិជ្ជកម្មនៃប្រទេសអារ៉ាប់រួម ក្នុងនោះសម្ដេចតេជោនឹងលើកឡើងពីការទាក់ទាញវិនិយោគបន្ថែមទៀតមកកាន់កម្ពុជា ជាពិសេសលើវិស័យកសិកម្ម ហើយនេះក៏ជាឱកាសបង្កើតការងារបន្ថែមទៀតនៅកម្ពុជាផងដែរ។ សម្តេចតេជោបានបន្តអំពាវនាវដល់កម្មករ កម្មការិនីរួមគ្នារក្សាសន្ដិភាពរបស់កម្ពុជា ពីព្រោះមានសន្ដិភាព គឺមានការអភិវឌ្ឍ។

នៅថ្ងៃនេះ សម្តេចតេជោបានអំពាវនាវកុំឱ្យមានមានការរើសអើងចំពោះស្រ្ដីដែលបម្រើការងារនៅកន្លែងផ្ដល់សេវាកម្សាន្តនានា។ សម្ដេចតេជោបានណែនាំដល់ភរិយាអភិបាលខេត្ត និងអភិបាលរងខេត្តជាស្រ្ដី ត្រូវធ្វើជាប្រធានក្នុងការគ្រប់គ្រងដល់ស្រ្ដីបម្រើការងារនៅតាមទីតាំងកម្សាន្តនេះ ដើម្បីចូលរួមជួយដោះស្រាយទុក្ខលំបាកនានារបស់ពួកគាត់។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈការព្យាករណ៍រាជរដ្ឋាភិបាលកម្ពុជាថ្មីអាចនឹងចាប់កំណើតនៅបំណាច់ខែសីហា ឆ្នាំ២០២៣ខាងមុខ។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកាសម្រាប់ស្ត្រីមានផ្ទៃពោះចំនួន៧៤៥នាក់ ក្នុងម្នាក់ៗ ២០០ដុល្លារផងដែរ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ