ភ្នំពេញ៖ ដោយសារបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ ឥលូវនេះបានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀតក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានបញ្ជាក់បែបនេះជូនឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះ។លោកប្រធានក្រុមហ៊ុន បានជម្រាបជូនពីតម្រូវការបុគ្គលិកជិតមួយពាន់នាក់ ដើម្បីផលិតស្បែកជើងឱ្យបាន៧០ម៉ឺនគូរក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក។ ជាមួយនោះ លោកចង់បានអនុសាសន៍ណែនំាបន្ថែមរបស់ឯកឧត្តមរដ្ឋមន្ត្រី ចំពោះការអនុវត្តច្បាប់របស់កម្ពុជា ខណៈដែលរោងចក្ររបស់លោក បានដំណើរការនៅក្នុងប្រទេសចិន និងនៅប្រទេសមីយ៉ាន់ម៉ា គឺចូលរួមអនុវត្តន៍ច្បាប់បានយ៉ាងល្អ។នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានថ្លែងអំណរគុណដល់លោកប្រធានក្រុមហ៊ុនដែលមានទំនុកចិត្តមកលើកម្ពុជាហើយកម្ពុជាក៏សូមស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលបានបោះទុនវិនិយោគនៅទីនេះ។ ដោយក្នុងនោះកម្ពុជាមានទីផ្សារនាំចេញផលិតផលស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារធំៗ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុនជាដើម។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ការរក្សាបានទីផ្សារនាំចេញទាំងអស់នេះ ដោយសារតែកម្ពុជា បានអនុវត្តន៍នូវគោលនយោបាយពាណិជ្ជកម្មផ្សាភ្ជាប់ទៅនឹងលក្ខខណ្ឌការងារ ដោយធានាបាននូវនិរន្តរភាព នៃការការបញ្ជាទិញពីប្រេនធំៗរបស់ពិភពលោក។ ក្រៅពីនេះ កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងជាមួយដៃគូច្រើន រួមជាមួយកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា ដោយក្នុងនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារ ធ្វើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដើម្បីផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលកំពុងមានតម្រូវការទាំងពេលបច្ចុប្បន្ន និងអនាគត។ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា កម្ពុជាមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ណាស់ សម្រាប់ធ្វើការអភិវឌ្ឍវិស័យមួយនេះ បើមានបញ្ហាអ្វីមួយកើតឡើង នឹងមានយន្តការសម្រាប់ដោះស្រាយ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមហ៊ុនឱ្យចូលរួមជាសមាជិកជាមួយសមាគមណាមួយ ដើម្បីទទួលបានការបណ្តុះបណ្តាលលើផ្នែកច្បាប់ និងការការពារពីខាងសមាគម។ឯកឧត្តមក៏បានស្នើដល់ក្រុមហ៊ុនចូលរួមគោរពច្បាប់របស់កម្ពុជា ជាពិសេសច្បាប់ ស្តីពី ការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីសហជីព គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធវិស័យការងារ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ