ភ្នំពេញ៖ ភាគីកូរ៉េខាងត្បូងបានសន្យាផ្តល់កូតាសម្រាប់ពលករកម្ពុជាជាង១០០០០នាក់ ក្នុងឆ្នាំ២០២៣ ហើយនឹងកាន់តែច្រើនបន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់ទៀត។កូរ៉េផ្តល់កូតាសម្រាប់ពលករខ្មែរតាមរយៈគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងធ្វើការជ្រើសរើសពលករកម្ពុជា ដែលមានសមត្ថភាព និងឧស្សាហ៍ព្យាយាមក្នុងការបំពេញការងារជូនដល់និយោជកកូរ៉េ ឱ្យកាន់តែមានផលិតភាពខ្ពស់។កូរ៉េសន្យាផ្តល់កូតាសម្រាប់ពលករកម្ពុជា នៅក្នុងកិច្ចពិភាក្សាអំពីវិធីសាស្រ្តក្នុងការជ្រើសរើស ទទួលពលករឱ្យបានឆាប់រហ័ស និងស្វែងយល់អំពីគម្រោងធ្វើសមាហរណកម្មពលករកម្ពុជាក្រោយពេលត្រឡប់មកមាតុភូមិវិញ រវាងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង និងប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ លោក UH SOOBONG កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។កូរ៉េបង្កើនកូតាដល់ពលករខ្មែរនេះ ក្រោយពីកូរ៉េបានវាយតម្លៃឃើញថា ពលករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េ ស្រលាញ់ពេញចិត្តជាខ្លាំង។រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានលើកឡើងថា ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ-១៩ កូរ៉េនៅតែបន្តជ្រើសរើសពលករកម្ពុជាទៅបម្រើការងារនៅកូរ៉េ ជាមួយនឹងការមើលថែទាំ និងគាំពារពលករកម្ពុជាបានយ៉ាងល្អទៀតផង។លោកសង្កេតឃើញថា ពលករខ្មែរមួយចំនួនដែលបានវិលត្រឡប់មកកម្ពុជាវិញ ពួកគេមានវឌ្ឍនភាព និងមានការប្រែប្រួលសេដ្ឋកិច្ចជីវភាពយ៉ាងខ្លាំង ដោយអ្នកខ្លះប្រែក្លាយជាសហគ្រិនភាព និងជាអ្នកវិនិយោគដ៏ល្បីល្បាញ។ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ភាគីកូរ៉េ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ ដោយក្នុងនោះកម្ពុជាអាចនឹងក្លាយជាប្រទេសអាទិភាពដែលទទួលបានពីគម្រោងថ្មីនេះ ដោយគម្រោងនេះមានគោលដៅផ្តល់ប្រាក់កម្ចីជួយដល់ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបានយ៉ាងប្រសើរ។លោករដ្ឋមន្ត្រីក្រសួងការងារ ពេញចិត្តនឹងគម្រោង ដែលភាគីកូរ៉េជួយបណ្តុះបណ្តាលជំនាញដល់ពលករបរទេសដែលចប់អាណត្តិការងារនៅកូរ៉េ ទទួលបានការបណ្តុះបណ្តាលជំនាញដ៏ជាក់លាក់មួយ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ លោករដ្ឋមន្ត្រី ចង់ឱ្យពលករកម្ពុជា ស្ថិតក្នុងអាទិភាពខ្ពស់មួយ ក្នុងចំណោមប្រទេសដទៃទៀត ដែលកូរ៉េគិតថា នឹងធ្វើការជ្រើសរើស៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ