ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលនិង លោក ជំទាវ ថេង ពុទ្ឋិតា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសម្ពោធកុដិនិងសមទ្ធផលនានាក្នុងវត្តសុវណ្ណវតី(វត្ថុព្រែកតាមាក់)
ខេត្តកណ្ដាល៖ នាព្រឹក ថ្ងៃអាទិត្យ ៥កើត ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ។
កុដិ សាលាសំណាក់ និងសមទ្ធផលនានាជាច្រើន នៅក្នុងវត្តសុវណ្ណវតី ហៅ(វត្តព្រែកតាមាក់) ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានធ្វើពិធីបុណ្យឆ្លង និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា។
កុដិដែលបានសាងសង់នេះមានបណ្តោយប្រវែង ៥៥ម៉ែត្រ ទទឹង ៧.២ម៉ែត្រ និងសាលាសំណាក់យាយជី តាជី មានចំនួន១៦ បន្ទប់ ជាសមិទ្ធិផលថ្មីបន្ថែមទៀតបម្រើដល់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានចូលរួមជាប្រយោជន៍ជាកន្លែងសម្រាប់គោរពបូជា ធ្វើបុណ្យទាន រក្សាសីលតាមគន្លងព្រះពុទ្ធសាសនា និងចូលរួមចំណែកជួយសម្រួលការស្នាក់អាស្រ័យរបស់លោកយាយជី តាជី ផងដែរ។
ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍ វិស័យខាងពុទ្ធចក្រ មានការរីកចម្រើន ប្រកបដោយសាមគ្គីភាព សប្បុរសធម៌ និងសទ្ធាជ្រះថ្លា ជាពិសេស ការជួយតម្កើនតម្លៃនៃព្រះពុទ្ធសាសនា របស់យើងទាំងអស់គ្នា។
ការឯកភាពជាតិ និងសាមគ្គីភាពផ្ទៃក្នុង គឺជាកត្តាមួយនាំឲ្យសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអណាចក្រ។
សង្គមជាតិមួយស្ថិតស្ថេរយូរអង្វែងបាន ប្រជាជាតិមួយនោះត្រូវរួបរួមការពារជាតិ សាសនា និងវប្បធម៌ ឲ្យបានម៉ត់ចត់៕