សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដាំដើមឈើនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ដាំដើមឈើនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ខេត្តកំពង់ស្ពឺ។
នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកកាកបាទក្រហមកម្ពុជា មន្ដ្រីរាជការ អាជ្ញាធរខេត្តកំពង់ស្ពឺ យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក សិស្សានុសិស្សជាច្រើននាក់ទៀតផងដែរ។
ក្រោយពីបញ្ចប់ពិធីដាំដើមឈើ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានប្រគេនសម្ដេចសង្ឃ៣អង្គ រួមមាន សម្ដេចព្រះពោធិវង្ស កិត្តិបណ្ឌិត អំ លឹមហេង ព្រះសង្ឃនាយករងទី១ និងជាព្រះប្រធានថេរសភា នៃពុទ្ធសាសនា វត្តចំពុះក្អែក, សម្ដេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភា នៃពុទ្ធសាសនា វត្តស្រះចក និងសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាអគ្គលេខាធិការរងថេរសភា នៃពុទ្ធសាសនា វត្តបទុមវតី នូវស្លាដក់១ និងបច្ចេក១លានរៀល ព្រមទាំងព្រះសង្ឃ៩អង្គផ្សេងទៀត ក្នុងមួយអង្គ ស្លាដក់១ និងបច្ច័យ៥០ម៉ឺនរៀល។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានប្រគេនទេយ្យវត្ថុ ដល់វត្តព្រះឃ្លាំង ស្រុកឧដុង្គ រួមមាន អង្គរ ២០០គីឡូក្រាម, មី ១០កេស, ត្រីខ ៣កេស, សាច់ក្រក ១០គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម, ស្កសរ ១០គីឡូក្រាម, ទឹកដោះគោខាប់ ២កេស, អូរវ៉ាទីន ២កេស, តែ ៥គីឡូក្រាម, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, ផ្លែឈើស្រស ១កន្ដ្រក និងបច្ច័យ៥លានរៀល។
ដោយឡែក វត្តចំនួន៩ទៀត គឺវត្តឆែមនួនសាមគ្គី ស្រុកសំរោងទង, វត្តដំណាក់ត្រាច ស្រុកភ្នំស្រួច, វត្តចំបក់ពោធិពាន់ ស្រុកភ្នំស្រួច, វត្តមុនីរង្សីរតនារាម ក្រុងច្បារមន, វត្តត្រែងត្រយឹង ស្រុកភ្នំស្រួច, វត្តបន្ទាយរកា ស្រុកភ្នំស្រួច, វត្តរស្មីឧទុម្ពរ ស្រុកភ្នំស្រួច និងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នូវបច្ច័យ៥លានរៀល។
សូមជម្រាបថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នឹងក្លាយជាសម្បត្តិវប្បធម៌ជាតិ ជាប្រវត្តិសាស្ដ្រដ៏ល្អប្រណិត ជាកន្លែងរមណីយដ្ឋានទេសចរណ៍ព្រះពុទ្ធសាសនា ពណ៌បៃតង់ស្រស់ញញឹម លើឆាកជាតិ និងអន្ដរជាតិ ក្នុងសតវត្សថ្មីសម័យតេជោ សែន។
អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា តំណាងឲ្យឥស្សរជន សប្បុរសជន ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់ដី១២៦ហិចតា ដើម្បីផ្ដើមកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដ៏ធំមួយនេះទុកជាសម្បត្តិជាតិ សម្រាប់គោរពបូជារបស់មនុស្សលោក និងជាកន្លែងសិក្សាបតិបត្តិព្រះធម៌អប់រំចិត្ត បណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយគុណធម៌៕