(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បានថ្លែងពន្យល់ដល់បងប្អូនជនរួមជាតិខ្មែរ ពីភាពខុសគ្នានៃការវិនិយោគអាកាសយានដ្ឋានអន្តរជាតិទាំង៣ ដែលកំពុងដំណើរការ រួមមានព្រលានយន្តហោះភ្នំពេញ, ព្រលានយន្តហោះសៀមរាប និងព្រលានយន្តហោះព្រះសីហនុ ដែលកំពុងគ្រប់គ្រងដោយសារក្រុមហ៊ុនបារាំង ជាមួយនិងព្រលានយន្តហោះសៀមរាប-អង្គរថ្មី ដែលជាការវិនិយោគ ដោយក្រុមហ៊ុនចិន។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការវិនិយោគលើព្រលានយន្តហោះ ដែលកំពុងដំណើរការទាំង៣ គឺរាជរដ្ឋាភិបាលកម្ពុជា មានការចូលរួមក្នុងចំណែកទុនដ៏ធំមួយ ចូលរួមជាមួយក្រុមហ៊ុនបារាំង បង្កើតបានជាសមិទ្ធផល សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ដោយឡែកសម្រាប់ការវិនិយោគព្រលានយន្តហោះសៀមរាបថ្មីនេះ គឺជាការវិនិយោគទាំងស្រុងដោយក្រុមហ៊ុនចិន ដែលមានទុនជិត១ពាន់លានដុល្លារអាមេរិក ខណៈរាជរដ្ឋាភិបាលកម្ពុជាចូលរួមផ្តល់ដីប៉ុណ្ណោះ។សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា ដោយសារព្រលានយន្តហោះសៀមរាប ដែលកំពុងដំណើរការបច្ចុប្បន្ន ស្ថិតនៅក្នុងការគ្រប់គ្រងដោយបារាំង ដូច្នេះរាជរដ្ឋាភិបាលត្រូវផ្តល់សំណងសមរម្យមួយ ដល់ក្រុមហ៊ុនបារាំង នៅពេលព្រលានយន្តសៀមរាបថ្មីដំណើរការ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការសម្រេចសាងសង់ព្រលានយន្តហោះថ្មីនេះ ដើម្បីឆ្លើយតមតម្រូវការចាំបាច់នៃការអភិវឌ្ឍន៍ ក្នុងការទទួលនូវយន្តហោះធុនធំ ដែលហោះក្នុងចំណាយឆ្ងាយ ឆ្លងទ្វីប។ថ្លែងក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «តើមានខុសគ្នាយ៉ាងណារវាងព្រលានយន្តទាំង៣ ដែលយើងបានទួលការចូលរបស់បារាំង ជាមួយនឹងព្រលានយន្តហោះសៀមរាប-អង្គរថ្មីមួយនេះ ? ព្រលានយន្តហោះដែលយើងធ្វើជាមួយបារាំង យើងមិនប្រើប្រាស់នូវភាសា យកម្ស៉ៅរបស់យើងធ្វើនំឲ្យយើងហូបនោះទេ ប៉ុន្តែម្ស៉ៅរបស់យើងមួយភាគធំ ត្រូវបានគួបផ្សំម្ស៉ៅរបស់បារាំង ធ្វើនំឲ្យខ្មែរហូប បានសេចក្តីថា យើងមានព្រលានយន្តហោះកំពុងដំណើរការ ប៉ុន្តែយើងខ្វះទុនវិនិយោគ យើងក៏បានហៅបារាំង ឲ្យចូលរួមក្នុងការវិនិយោគ ពង្រឹងសមត្ថភាព ហើយកសាងនូវមូលដ្ឋាន ដើម្បីបម្រើឲ្យការអភិវឌ្ឍន៍ប្រទេសរបស់យើង»។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងកិច្ចព្រមព្រៀងរបស់យើងជាមួយបារាំង កាលណាដែលបារាំងដេញថ្លៃបាន បារាំងមានសិទ្ធិតាមគ្រប់គ្រងព្រលានយន្តហោះទាំង៣ ដូច្នេះហើយបានជានៅកន្លែងនេះ យើងត្រូវតែមានសំណងសមរម្យមួយ ទៅឲ្យបារាំង ដែលសង្ឃឹមថាបារាំង នឹងមិនទាមទារយើងថ្លៃហួសហេតុ បន្ទាប់ពីផុតពីការទទួលផលពីព្រលានយន្តហោះ ដ៏តូចនៅក្នុងខេត្តសៀមរាបរបស់យើងនោះទេ និយាយយ៉ាងដូច្នេះខ្ញុំមិនមែនបន្ទោសបង្អាប់លើក្រុមហ៊ុនបារាំង ដែលបានចូលរួមជាមួយយើងក្នុងការអភិវឌ្ឍន៍កម្ពុជាទេ ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់អំពីភាពខុសគ្នារវាងព្រលានយន្តហោះថ្មីនេះ ជាមួយព្រលានយន្តហោះទាំង៣ ដែលយើងធ្វើជាមួយបារាំង»។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសាងសង់ព្រលានយន្តហោះសៀមរាប-អង្គរថ្មីនេះដែលវិនិយោគដោយចិននេះ គឺជាការវិនិយោគបែប BOT (សាងសង់, ប្រតិបត្តិការ និងផ្ទេរឲ្យកម្ពុជាវិញ) ដូចគ្នានឹងការវិនិយោគរបស់បារាំងលើព្រលានយន្តហោះទាំង៣ ដែលកំពុងដំណើរការដែរ ប៉ុន្តែការវិនិយោគដោយចិន គឺកម្ពុជាមានតែដីប៉ុណ្ណោះ ចំពោះថវិកាគឺវិនិយោគទាំងស្រុងដោយក្រុមហ៊ុនចិន។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មីនេះ ក្រុមហ៊ុនចិនគ្រប់គ្រងរយៈពេល៥៥ឆ្នាំ ផុតពី៥៥ឆ្នាំនៅប្រតិបត្តិការ ព្រលានយន្តហោះថ្មីនេះ ត្រូវប្រគល់ឲ្យកម្ពុជាគ្រប់គ្រងដាច់វិញតែម្តង ហើយព្រលានយន្តហោះនេះ ក្រុមហ៊ុនចិនវិនិយោគជិត១ពាន់លានដុល្លារអាមេរិក។សូមជម្រាបថា ព្រលានយន្តហោះអន្តរជាតិទាំង៣ កំពុងដំណើរការរួមមានព្រលានយន្តហោះភ្នំពេញ, ព្រលានយន្តហោះសៀមរាប និងព្រលានយន្តហោះខេត្តព្រះសីហនុ គ្រប់គ្រងដោយក្រុមហ៊ុន VINCI របស់បារាំង។ ចំណែកព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរថ្មី សាងសង់ដោយក្រុមហ៊ុនចិន YUNAN DEVELOPMENT GROUP គ្រោងវិនិយោគនូវទឹកប្រាក់៨៨០លានដុល្លារអាមេរិក ដែលមានកុងត្រារយៈពេល៥៥ឆ្នាំ នៅស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប លើផ្ទៃដី៧០០ហិកតា៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ