ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្ដេចក្រឡាហោម ស ខេង បានថ្លែងថាបមានមូលដ្ឋានសំខាន់ៗ ចំនួន២ ដើម្បីរួមចំណែកដល់ការពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-នេប៉ាល់
Wed,26 January 2022 (Time 08:56 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 434នាក់)


ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Genesh Prasad Dhakal ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសនេប៉ាល់ ទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសនេប៉ាល់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក្រឡាហោម បានមានប្រសាសន៍លើកឡើងថា មានមូលដ្ឋានសំខាន់ៗ ចំនួន២ ដែលជាការរួមចំណែកដល់ការពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-នេប៉ាល់ រួមមាន៖

ទី១-ផ្អែកលើមូលដ្ឋាន នៃការផ្លាស់ប្ដូរទំនាក់ទំនងទស្សនកិច្ច ទៅវិញ ទៅមក រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចនោះ ក៏នាំដល់ការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការលើវិស័យធំៗ ដូចជា ៖ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាដើម ទាំងនេះជាមូលដ្ឋានទីមួយ ដែលបង្កើតនូវការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទី២-កត្តាជំរុញទំនាក់ទំនង នៃប្រទេសទាំងពីរ សម្ដេច បានលើកឡើងថា ដោយសារតែប្រទេសកម្ពុជា មានប្រជាជនភាគច្រើនប្រមាណ ៩០% បានប្រកាន់ព្រះពុទ្ធសាសនា ហើយព្រះពុទ្ធសាសនានេះ ក៏ជាសាសនា ដែលត្រូវបានប្រជាពលរដ្ឋនេប៉ាល់គោរពប្រតិបត្តិផងដែរ។

បន្ទាប់ពីមានប្រសាសន៍ស្វាគមន៍រួចមក សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត ដោយសង្ខេបនូវកិច្ចការសំខាន់ៗមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ក្នុងនោះ សម្ដេចក្រឡាហោម មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ក៏ទទួលទៅលើការងារសំខាន់ចំនួន២ រួមមាន ៖ ទី១-វិស័យសន្ដិសុខ និងទី២-ការងារសម្របសម្រួលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចក្រឡាហោម បានសម្ដែងនូវសេចក្ដីសង្ឃឹម ក៏ដូចជា ចំណាប់អារម្មណ៍ទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យទាំងនេះជាមួយប្រទេសនេប៉ាល់ ដែលកិច្ចការនេះអាចនឹងធ្វើឡើងតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ច ទៅវិញ ទៅមក ទៅលើការងារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការចែករំលែកបទពិសោធន៍ ការងារគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត នូវកិច្ចការមួយចំនួនដែលក្រសួងមហាផ្ទៃ កំពុងតែដឹកនាំអនុវត្ត ក្នុងនោះ រួមមាន ៖ ការងារកំណែទម្រង់នគរបាលជាតិ និងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកិច្ចការទាំងពីរនេះ ក្រសួងមហាផ្ទៃ បាននិងកំពុងអនុវត្ត ហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់រហូតមកដល់ពេលនេះ ផងដែរ។
ហើយនៅក្នុងឆ្នាំ២០២២នេះ គឺជាឆ្នាំមួយដ៏មានសារៈសំខាន់សម្រាប់កម្ពុជា សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ហើយក៏ជាឆ្នាំដែលកម្ពុជាទទួលធ្វើជាប្រធានប្ដូរវេនអាស៊ាន ផង។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា តួនាទីជាប្រធានអាស៊ាន គឺជាតួនាទីមួយដ៏មានសារៈសំខាន់ ហើយក៏មានកិច្ចការងារជាច្រើនដែលកម្ពុជាត្រូវតែបន្ដខិតខំសម្របសម្រួល និងដោះស្រាយ ខណៈ សម្ដេច បានចាត់ទុកថា ទាំងនេះគឺជាឱកាសសម្រាប់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន នៅលើឆាកអន្ដរជាតិ។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏មានសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត កម្ពុជា-នេប៉ាល់ នឹងមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើវិស័យសំខាន់ៗ ដែលបម្រើដល់ផលប្រយោជន៍ ទៅវិញ ទៅមក រវាងប្រទេសទាំងពីរ ក៏ដូចជា រួមចំណែករឹតចំណង់មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយថែមទៀតរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកឧត្តម Genesh Prasad Dhakal ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសនេប៉ាល់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ និងបានឯកភាពចំពោះការវាយតម្លៃរបស់ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទៅលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា-នេប៉ាល់។ ឯកឧត្តម ក៏បានជម្រាបជូន សម្ដេចក្រឡាហោមថា ជាការពិតកន្លងមកតាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ពិតជាបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការទៅលើវិស័យសំខាន់ៗមួយចំនួន ជាពិសេស ការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ឯកឧត្តម បានសម្ដែងការគាំទ្រចំពោះគំនិតផ្តួតផ្ដើម ក៏ដូចជាការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង ក្នុងការបង្កើតឱ្យមានក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស អ្វីដែលស្ថិតនៅក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ជាមួយ នេប៉ាល់។

ឯកឧត្តម បានជម្រាបជូន សម្ដេចក្រឡាហោមផងដែរថា ប្រទេសទាំងពីរ កម្ពុជា-នេប៉ាល់ មានទំនាក់ទំនងគ្នាយ៉ាងខ្លាំងក្លានៅលើការងារសាសនា ដោយសារតែប្រទេសទាំងពីរប្រកាន់ និងគោរពព្រះពុទ្ធសាសនាដូចគ្នា ហើយប្រទេសនេប៉ាល់ ក៏ជាប្រទេសដែលពុទ្ធសាសនិកគ្រប់រូបបានដឹងហើយថា ជាទីកន្លែងកំណើតរបស់ព្រះពុទ្ធ ដូច្នេះផ្អែកទៅលើទំនាក់ទំនងក្នុងវិស័យសាសនានេះ ក៏បានរួមចំណែកដល់ការពង្រីកនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។

នាឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលកន្លងមក បានជួយសម្រួលដល់ពលរដ្ឋនេប៉ាល់ ជាប់គាំងនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលកូវីដ-១៩ ព្រមទាំង ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជំនួយផ្នែក បរិក្ខារសុខាភិបាល ជូនដល់ប្រទេសនេប៉ាល់ នៅពេលមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជម្រាបជូនថា ជាកាតព្វកិច្ចរបស់ក្រសួងមហាផ្ទៃ គឺមានភារកិច្ចក្នុងការជួយដោះស្រាយនូវបញ្ហានានារបស់ជនបរទេស ជាពិសេសនៅក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩។ សម្ដេច បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែជួយសម្រួលដល់ជនបរទេសជាច្រើន ដែលបានជួបបញ្ហាផ្សេងៗពាក់ព័ន្ធទៅនឹងអន្ដោប្រវេសន៍ នៅក្នុងស្ថានភាពជំងឺកូវីដ-១៩ នោះទេ ថែមទាំងបានដាក់ចេញនូវគោលការណ៍ផ្ដល់វ៉ាក់សាំងកូវីដ-១៩ ដល់ជនបរទេសគ្រប់រូប ដែលស្នាក់នៅកម្ពុជា។

ជាថ្មីម្ដងទៀត ឯកឧត្តម Genesh Prasad Dhakal បានថ្លែងអំណរគុណចំពោះ សម្ដេចក្រឡាហោម ស ខេង និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែជួយគាំទ្រដោះស្រាយការលំបាកផ្សេងៗ ដល់ពលរដ្ឋនេប៉ាល់នៅកម្ពុជា។ ឯកឧត្តម បានអបអរសាទរ និងជូនពរដល់ប្រទេសកម្ពុជាឱ្យទទួលបានជោគជ័យ នៅក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេន នៅឆ្នាំ២០២២នេះ។

ជាទីចុងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានជូនពរ ឯកឧត្តម Genesh Prasad Dhakal ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសនេប៉ាល់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវជោគជ័យ នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ហើយបន្ដរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយថែមទៀតរវាងប្រទេសទាំងពីរ កម្ពុជា-នេប៉ាល់៕ដោយ:ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ