ថ្នាក់ដឹកនាំ សមាគមរាជសីហ៍សាខាខេត្តតាកែវ អញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនគ្រួសារទ័លក្រ នៅស្រុកត្រាំកក់
ខេត្តតាកែវ៖ លោក ទេព វណ្ណហេង ប្រធានសមាគមរាជសីហ៍សាខាខេត្តតាកែវ និងលោក ហ៊ុយ ខេមរ៉ា អនុប្រធានអចិន្ត្រៃយ៍សមាគមរាជសីហ៍សាខាខេត្តតាកែវ ជាតំណាង ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ បានដឹកនាំសហការី ចុះប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជូនគ្រួសារក្រីក្រឈ្មោះ យ៉ុន វុន និងភរិយា ស៊ីន បឿន ស្ថិតនៅភូមិតាសូ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
ដោយមើលឃើញពីជីវភាព និងការលំបាករបស់គ្រួសារនេះ សមាគមរាជសីហ៍សាខាខេត្តតាកែវ រួមជាមួយ លោកមេភូមិ បានសម្រេចកសាង ផ្ទះមួយខ្នង ដែលមាន ទំហំបណ្ដោយ ៦ម៉ែត្រ និងទទឹង៥ម៉ែត្រ ខាងក្រោមរៀបឥដ្ឋកម្ពស់១ម៉ែត្រ ជញ្ជាំងសង្ក័សី និងដំបូលប្រក់សង្ក័សី ដែលចំណាយអស់ថវិកាសរុបជិត១០លានរៀល ។
ក្នុងឱកាសនោះ លោកប្រធានសាខា ទេព វណ្ណហេង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពី ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ និង ជូនពរគ្រួសារ លោក យ៉ុន វុន ជួបតែសេចក្តីសុខចម្រើន ខិតខំរកស៊ីចិញ្ចឹមជីវិត រស់នៅក្រោមម្លប់សុខសន្តិភាព របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
លោកស្រី ស៊ីន បឿន និងស្វាមី សម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមគោរពថ្លែងអំណរចំពោះ ឯកឧត្តមប្រធានសមាគមរាជសីហ៍ និង លោក ទេព វណ្ណហេង ប្រធានសមាគមរាជសីហ៍សាខាខេត្តតាកែវ និង លោកមេភូមិដែលបានយកចិត្តទុកដាក់ ក្នុងការកសាងផ្ទះមួយខ្នង ជូនពួកគាត់ សម្រាប់រស់នៅបានសមរម្យ និង
សូមគោរពជូនពរឯកឧត្តមប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមទាំងអស់ ឱ្យទទួលបានជោគជ័យ គ្រប់ភារកិច្ចការងារ និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕