(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ អង្គការមូលនិធិនៃក្តីសង្ឃឹមបានផ្តល់អំណោយអាហារូបករណ៍ជាសម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគ ដល់កុមារដែលមានជីវភាពខ្វះខាតក្នុងការសិក្សាដើម្បីជំរុញឱ្យកុមារបានបន្តការសិក្សាដែលមានចំនួន ៩៩នាក់ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមពីលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ និងលោក ទឹម វុទ្ធី អនុប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំដំរីពួន តំណាង ឯកឧត្ដម សៀង សេន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំរីពួនព្រមទាំងតំណាងអង្គការមូលនិធិនៃក្តីសង្ឃឹម ។ថ្លែងនៅក្នុងឱកាសនោះផងដែរ លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរបានលើកឡើងថា ការផ្ដល់អាហារូបករណ៍ជាសម្ភារៈសិក្សា និងគ្រឿងឧបភោគ បរិភោគ ដល់កុមារដែលមានជីវភាពខ្វះខាតរបស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះគឺក្នុងគោលបំណងដើម្បីជំរុញឱ្យកុមារដែលមានជីវភាពក្រីក្រខ្វះខាតក្នុងការបន្តការសិក្សារៀនសូត្រដើម្បីឱ្យមានលទ្ធភាពបានបន្តការសិក្សារៀនសូត្រដូចគ្រួសារដែលមានជីវភាពធូរធារដែរ។ លោកអភិបាលស្រុកបានបន្តថា ក្នុងនោះអង្គការក៏បានជួយឧបត្ថម្ភគាំទ្រដល់កុមារដែលមានជីវភាពក្រីក្រខ្វះខាតនេះនូវសម្ភារៈសិក្សាមួយឈុតរយៈពេល ១ឆ្នាំសម្រាប់កុមារម្នាក់ចំពោះការផ្តល់សម្ភារៈសិក្សានេះ ក្នុងកុមារម្នាក់ៗគឺជួយរយៈពេល ៦ឆ្នាំ ដោយចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៦ និងបន្តរហូតដល់ថ្នាក់ទី៩ ប្រសិនបើគាត់នៅតែបន្តការសិក្សាព្រមទាំងផ្ដល់សម្លៀកបំពាក់រួមទាំងអាហារមានអង្ករ គ្រឿងឧបភោគ បរិភោគចំនួន ២ ខែម្ដងផងដែរ។លោកអភិបាលស្រុកបានបន្តទៀតថា ទាំងនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំស្រុក បានខិតខំគៀងគររកអង្គការដៃគូអភិវឌ្ឍន៍ដើម្បីចូលរួមចំណែកក្នុងការ លើកកម្ពស់ធនធានចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋជាពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងការផ្ដល់ឱ្យកូនបន្តការសិក្សារៀនសូត្រនេះជាដើម។លោកអភិបាលស្រុកក៏សូមផ្តាំផ្ញើដល់ក្មួយៗដែលទទួលបានអាហារូបករណ៍ក្នុងការបន្តការសិក្សារៀនសូត្រតាមរយៈការឧបត្ថម្ភរបស់អង្គការមូលនិធិនៃក្តីសង្ឃឹមនេះ សូមយកចិត្តទុកដាក់និងខិតខំសិក្សារៀនសូត្រឱ្យអស់ពីកម្លាំងកាយចិត្តដោយមិនត្រូវបោះបង់ការសិក្សា និងមិនត្រូវសេពនូវគ្រឿងញៀននោះទេព្រោះថាចំណេះដឹងនេះគឺមានសារសំខាន់ខ្លាំងណាស់ក្នុងការជួយយឹតយោងជីវភាពក៏ដូចជា អនាគតរបស់ក្មួយៗនាពេលអនាគតឱ្យរុងរឿង។លោកអភិបាលស្រុកបានណែនាំដល់អាណាព្យាបាលសិស្សទាំងអស់ត្រូវជំរុញនិងលើកទឹកចិត្តដើម្បីឱ្យគាត់បានទៅសាលាបន្តការសិក្សារៀនសូត្រឱ្យបានគ្រប់គ្នាៗ។ក្នុងនោះដែរលោក នួន រចនា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលក្តីសង្ឃឹមនៃអង្គការមូលនិធិនៃក្តីសង្ឃឹមបានថ្លែងអំណរគុណដល់អាជ្ញាធរស្រុក ឃុំទាំងអស់ដែលបានសហការជាមួយអង្គការមូលនិធិនៃក្តីសង្ឃឹមនេះបានយ៉ាងល្អជាច្រើនឆ្នាំកន្លងមកនេះ។ លោកក៏បានបន្តទៀតថា អង្គការមូលនិធិនៃក្តីសង្ឃឹមជួយនេះគឺក្នុងគោលបំណងឱ្យកុមារដែលមានជីវភាពខ្វះខាតក្នុងការសិក្សាឱ្យមានឱកាសបានបន្តសិក្សាដូចកូនអ្នកដែលមានជីវភាពធូរធារដែរ។ក្នុងនោះដែរឯកឧត្ដម សៀង សេន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំរីពួនក៏បានឧបត្ថម្ភ ថវិកាដល់កុមារា កុមារី ទាំង ៩៩នាក់ដោយក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ