ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់នៅឃុំសន្លុង ចំនួន ៩គ្រួសារ!!!
ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូសាខា និងអជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៣:៣០នាទីរសៀល ដែលបានធ្វើឱ្យមានការខូចខាតផ្ទះសម្បែង ប្រជាពលរដ្ឋ រស់នៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្តាល ចំនួន០៩ខ្នងផ្ទះ ស្មើនឹង០៩គ្រួសារ ដោយក្នុងនោះផ្ទះរងការខូចខាតទាំងស្រុងមានចំនួន ២ ខ្នង ធ្ងន់ធ្ងរ ២ខ្នង និងខូចខាត់ដោយអន្លើចំនួន ៥ខ្នង។ទន្ទឹមនេះ ឯកឧត្តមក៏សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ត្រូវរកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលអាចងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ដោយសារលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ៣កុំ និង ៣ការពារ ដើម្បី ជៀសផុតពីការឆ្លងនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៍ដូចជានៅលើពិភពលោកផងដែរ ។សូមបញ្ជាក់ថា អំណោយដែលបាននាំយកមកប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ០៩គ្រួសារ នាពេលនេះគឺ ក្នុងមួយគ្រួសារទទួលបានអង្ករ ៣០kg មី០១កេស ត្រីខកំប៉ុង០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកសុទ្ធ០១កេស ប្រេងឆា០១ដប ជែល០១ដប ម៉ាស០១ប្រអប់ កៅស៊ូតង់០១ ថវិកាចំនួន ៤០ម៉ឺនរៀល។