ពលរដ្ឋ៧៣គ្រួសារ នៅក្នុងតំបន់បិទខ្ទប់ ទីប្រជុំជនផ្សារកំពង់កន្ទួត បានទទួលអំណោយពីអភិបាលខេត្តកណ្តាល
កណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលអមដំណើរដោយ លោក លោកស្រីប្រធានមន្ទីរជំនាញជុំវិញខេត្ត និងជាសមាជិកសមាជិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ បានចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទ្រកហមកម្ពុជាខេត្តកណ្តាល ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន៧៣គ្រួសារ នៅក្នុងតំបន់បិទខ្ទប់ ទីប្រជុំជនផ្សារកំពង់កន្ទួត ដែលត្រូវបានកំណត់ជាតំបន់ លឿងទុំ ស្ថិតក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សូមរំលឹកជូនថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ នៅទីប្រជុំជនផ្សារកំពង់កន្ទួតមានករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៣នាក់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា រដ្ឋបាលស្រុកបានស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់មកយកសំណាក Rapid Antigen test Covid-19 ហើយរកឃើញមានវិជ្ជមាន២៤នាក់ បន្ថែមទៀត។
ផ្អែកលើស្ថានភាពបែបនេះ ក្នុងគោលបំណងទប់ស្កាត់ការបន្តឆ្លងរាលដាលកូវីដ-១៩ នៅក្នុងសហគមន៍ពិសេសតំបន់ទីប្រជុំជនផ្សារកំពង់កន្ទួត តាមសំណើររដ្ឋបាលស្រុក រដ្ឋបាលខេត្ត សម្រេចផ្អាកសកម្មភាពអាជីវកម្មផ្សារកំពង់កន្ទួតរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ និងកំណត់ជាតំបន់(លឿងទុំ) នៅក្នុងទីប្រជុំជនផ្សារកំពង់កន្ទួតដែលមាន៖
ទី១-ចំណុចផ្លូវចូលពីកែងវិទ្យាល័យហ៊ុនសែនកំពង់កន្ទួត ដល់ប្រឡាយលេខ៦៣
ទី២-ចំណុចផ្ទះ ទេព ធីតា លក់គ្រឿងសំណង់រហូតដល់ប្រឡាយ៦៣ ជាតំបន់លឿងទុំ។
អំណោយដែលបានប្រគល់ជូនប្រជាពលរដ្ឋទាំង ៧៣គ្រួសារ នាពេលនេះគឺក្នុងមួយគ្រួសារទទួលបាន អង្ករ២០គ.ក មី០១កេស ត្រីខកំប៉ុង១យួរ ទឹកសុទ្ធ១កេស ទឹកស៊ីអ៊ីវ១យួរ ម៉ាស់១ប្រអប់ ជែល១ដប និងថវិកាចំនួន ៣០,០០០រៀល៕