ភ្នំពេញ៖ បុរសម្នាក់ដែលបើករថយន្ដពាក់ផ្លាកលេខ ន.ប និងនិយាយពេលឡាយថា ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលកំពុងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីបញ្ចប់ការសួរនាំក្រោយចាប់ខ្លួនព្រឹកមិញ។បើយោងតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្ដាញព័ត៌មានដឹងថា បន្ទាប់ពីបញ្ចប់ការសួរនាំ មន្ដ្រីនគរបាលយុត្តិធម៌ បានបញ្ជូនបុគ្គលឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ក្លែងបន្លំជានគរបាលជាតិ និងបើករថយន្តឡាយ ល្មើសនឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង០៣និង០០រសៀលនេះ។ លោកវរសេនីយ៍ឯក សាន សុខសីហា បន្តទៀតថា នៅពេលសួរនាំ បុគ្គលរូបនេះមិនមែនជាមន្ដ្រីនគរបាលនោះទេ ពោលពេលឡាយវីដេអូនោះ គ្រាន់និយាយអួតគេតែប៉ុណ្ណោះ។ សំណុំរឿងរបស់មន្ដ្រីនគរបាលយុត្តិធម៌ ដែលបានបញ្ជូនទៅតុលាការនេះ ចោទប្រកាន់២បទល្មើស រួមមាន៖ទី១-ក្លែងបន្លំជាមន្ដ្រីនគរបាលជាតិទី២-ល្មើសសេចក្ដីសម្រេចវិធានការបិទខ្ទប់រាជធានីភ្នំពេញ។បុគ្គលនេះមិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋ និងបុគ្គលមិនចាំបាច់ចេញក្រៅផ្ទះនោះ បានបង្ហោះវីដេអូអួតពីការធ្វើដំណើរដោយមិនខ្លាចសមត្ថកិច្ច នៅលើបណ្ដាញសង្គម Facebook បានប៉ុន្មានម៉ោង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ និងឃើញសកម្មភាពជាក់ស្ដែងរបស់បុគ្គលរូបនេះ ដែលជិះរថយន្ដហើយថតសកម្មភាពតាមផ្លូវ និងប្រកាសថា មិនខ្លាចសមត្ថកិច្ចចាប់ខ្លួននោះ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបើកស្រាវជ្រាវភ្លាមៗ ហើយឈានទៅដល់ការឃាត់ខ្លួន និងរថយន្តនៅខណ្ឌជ្រោយចង្វារ។សមត្ថកិច្ចបានអះអាងថា ក្រោយចាប់ខ្លួនបុគ្គលរូបនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយរថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus RX300 ឆ្នាំ២០១៨ ពាក់ផ្លាកលេខនគរបាល ២-៦១២៨ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ពិសេសពាក់ព័ន្ធការល្មើសវិធានការរបស់សម្ដេចតេជោ ហ៊ុន សែន។លោកវរសេនីយ៍ឯក សាន សុខសីហា បានប្រាប់បណ្តាញព័ត៌មានថា បុរសរូបនេះបើករថយន្តឡាយនៅម៉ោង ៨ព្រឹក ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌឬស្សីកែវ ស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។គួរជម្រាបថា ការចាប់ខ្លួនបុគ្គលរូបនេះ ធ្វើឡើងបន្ទាប់ពីបានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម Facebook ពេលកំពុងបើកបររថយន្ដ និងបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ហើយតាំងខ្លួនថា ជាឧត្តមសេនីយ៍ មិនមាននរណាហ៊ានចាប់នោះទេ ទោះបីខ្លួនគ្មានភារកិច្ចក្នុងការធ្វើដំណើរចាំបាច់ក្នុងពេលរាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់ក៏ដោយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ