ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវចុះពិនិត្យជាបន្ទាន់ចំពោះស្មៀនឃុំ-សង្កាត់ ព្រោះមានប្រជាពលរដ្ឋបានរាយការណ៍តាមគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេច ថាមានស្មៀនឃុំ-សង្កាត់ មួយចំនួនមានឫកពាមិនសមរម្យ ខណៈពេលដែលប្រជាពលរដ្ឋមកទទួលយកសេវាសាធារណៈនៅក្នុងមូលដ្ឋានរបស់ពួកគាត់។ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារ ឆ្នាំ២០២១ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា នាពេលកន្លងមកមានប្រជាពលរដ្ឋមួយចំនួនទៅសាលាឃុំ-សង្កាត់ ឲ្យដោះស្រាយបញ្ហាអ្វីមួយ ប៉ុន្ដែមានស្មៀនឃុំ-សង្កាត់ មួយចំនួន មានអាកប្បកិរិយាមិនល្អចំពោះប្រជាពលរដ្ឋ។សម្ដេចក្រឡាហោម មានប្រសាសន៍ «សូមផ្ដាំឲ្យមើលស្មៀន ផ្តាំពីទីកន្លែងនេះទៅ ឯកឧត្តម លោកជំទាវ អភិបាលរាជធានី-ខេត្ត ព្រោះស្មៀនខ្លះគាត់ឬកធំសម្បើមណាស់។ យន្ដការនៅឃុំ-សង្កាត់ ហ្នឹង គឺមានសិទ្ធិរឹងមាំដោយសារបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យ។ ចឹងមានក្រុមប្រឹក្សា មានមេឃុំ មានជំទប់ ក្រៅពីហ្នឹងមានគណៈកម្មាធិការ មន្ដ្រីផ្សេងៗទៀត ហើយស្មៀនមិនមែនជាមន្ដ្រីនយោបាយទេ។ មន្ដ្រីនយោបាយ គឺក្រុមប្រឹក្សា បោះឆ្នោតដោយប្រជាជនផ្ទាល់»។ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានកោតសរសើចំពោះស្មៀនឃុំ-សង្កាត់ មួយចំនួនដែលបានខិតខំធ្វើការងារ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋផងដែរ។បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានពន្យល់ថា ស្មៀនឃុំ-សង្កាត់ គឺជាមន្ដ្រីមុខងារសាធារណៈ ហើយ ក្រសួងមហាផ្ទៃ ក៏មានសិទ្ធិដក ឬដាក់មន្ដ្រីស្មៀន។ប៉ុន្ដែនៅផ្នែកខ្លះ ក្រុមប្រឹក្សា ក៏ជាអ្នកតែងតាំងស្មៀន ហើយស្មៀន ត្រូវធ្វើការងារផ្ទាល់ជាមួយក្រុមប្រឹក្សាផងដែរ៕ដោយ:ម៉ៃទី
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ