ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឮកខួបទី៤២ នៃទិកាជ័យជម្នះ ៧ មករា
Wed,06 January 2021 (Time 10:12 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 745នាក់)


ភ្នំពេញ, សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា, សូមថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ជនរួមជាតិ ជាងឺស្នេហាថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២១ នេះ ជាថ្ងៃគម្រប់ខួប ៤២ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ ជា ប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យរស់រានមាន ជីវិតឡើងវិញបានទាន់ពេលវេលា ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។ ចាប់ផ្តើមពីថ្ងៃជ័យជម្នះ ៧ មករា ប្រជាជនយើងបានគ្រោងទង់មហាសាមគ្គីជាតិ ពុះពារ ជម្នះគ្រប់ឧបសគ្គ ដើម្បីការពារការររស់រានមានជីវិតរបស់ខ្លួន ស្តារ និងកសាង ប្រទេសឡើងវិញពីចំណុចសូន្យ ធ្វើឱ្យមានការផ្លាស់ប្តូរ រីកចម្រើនជាជំហានៗ រហូតមកដល់បច្ចុប្បន្ននេះ ។

ក្នុងស្មារតីចងចាំជានិច្ច មហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង និងចង ចាំជានិច្ចតុណូបការៈដ៏ថ្លៃថ្លារបស់កម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និង កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធ ធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ និង រាំងស្កាត់មិនឱ្យរបបអប្រិយនេះអាចវិលត្រឡប់មកវិញបាននោះ ប្រជាជនយើងតែងបានប្រារព្ធពិធីរំឭកខួប អនុស្សាវរីយ៍នៃទិវាជ័យជម្នះ ៧ មករា យ៉ាងអធិកអធមជារៀងរាល់ឆ្នាំ ជាមួយនឹងការសាទរចំពោះសមិទ្ធផលលើ គ្រប់វិស័យដែលយើងសម្រេចបានក្នុងឆ្នាំកន្លងទៅ។

សម្រាប់ឆ្នាំនេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដែលជាវិបត្តិ សុខភាពសកល បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម សេដ្ឋកិច្ចកម្ពុជានោះ បានតម្រូវឲ្យយើងត្រូវ ផ្អាកការជួបជុំធ្វើដើម្បីប្រមូលផ្តុំការប្រឹងប្រែងប្រយុទ្ធ ទប់ស្កាត់ និងបង្ការជំងឺដ៏កាចសាហាវនេះ។ ទោះបីជា យ៉ាងនេះក្តី ក៏អត្ថន័យ និងស្មារតីជ័យជម្នះ ៧ មករា ស្ថិតនៅរស់រវើកជានិច្ចក្នុងមនសិការរបស់ប្រជាជនកម្ពុជា ។ ប្រជាជនយើងបានប្រសិទ្ធនាមថ្ងៃជ័យជម្នះ ៧ មករា ជាថ្ងៃកំណើតទីពីររបស់ខ្លួន, ជ័យជម្នះ ៧មករា ជា មូលដ្ឋានគ្រឹះនៃការកកើតឡើងវិញ និងការរីកចម្រើននូវអ្វីៗគ្រប់យ៉ាង ដែលជាគុណតម្លៃសម្រាប់សង្គមជាតិ គ្មានជ័យជម្នះ ៧ មករាទេ យើងពិតជាគ្មានជីវិត និងគ្មានអ្វីៗទាំងអស់ដូចក្នុងពេលបច្ចុប្បន្ននេះឡើយ។ , បើរយៈពេល ៤២ ឆ្នាំ មកនេះ ប្រជាជនកម្ពុជាបានឆ្លងកាត់ដំណាក់កាលធំៗ ប្រកបដោយវីរភាព ក្នុងការ ការពារ និងការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ។

នៅលើវិថីដ៏សែនលំបាកនេះ គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំការតស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍ បានផ្សារភ្ជាប់ខ្លួនជាមួយប្រជាជននៅគ្រប់ កាលៈទេសៈ និងគ្រប់ស្ថានភាព បន្តដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គតូចធំច្រើនរាប់មិនអស់ រហូតមកដល់ដំណាក់ កាលអភិវឌ្ឍន៍ក្នុងសន្តិភាពប្រកបដោយមោទនភាព។ ពីទឹកដីមួយជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ជាសមភូមិនៃសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ , ជាប្រទេសក្រីក្រឱនថយបំផុតផ្នែកសេដ្ឋកិច្ច , ជាប្រជាជាតិត្រូវគេប្រមាថ និងឯកោយ៉ាងអយុត្តិធម៌ ឥឡូវកម្ពុជាគឺជាប្រទេសដែលអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ , ជាទឹកដីដែលមានសុខសន្តិភាពពេញលេញ, ជាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ យ៉ាងលឿនធ្វើឲ្យជីវភាពប្រជាជនកាន់តែមានភាពល្អប្រសើរឡើង ព្រមជាមួយនេះ កិត្យានុភាពជាតិរបស់កម្ពុជា ក៏បានលើកកម្ពស់ឡើងវិញលើឆាកអន្តរជាតិ ។

ទាំងអស់នេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រ ដ៏ថ្លៃថ្លាបំផុត របស់ប្រជាជនកម្ពុជាគ្រប់រូប គ្រប់ជនជាតិ គ្រប់ជំនឿសាសនា គ្រប់និន្នាការនយោបាយ ដែលយើងទាំងអស់គ្នា ត្រូវរួមគ្នាការពារ ថែរក្សា មិនឲ្យបុគ្គលណា ក្រុមណា ឬបរទេសណា មកបំផ្លាញទៅវិញបានឡើយ ។ជនរួមជាតិជាទីស្នេហា សន្តិភាពមានតម្លៃពុំអាចកាត់ថ្លៃបានឡើយ សន្តិភាព និងស្ថិរភាពនយោបាយ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។ លើមូលដ្ឋានសន្តិភាពនេះហើយ ទើបកម្ពុជាអាចងើបឈរឡើងវិញដោយ ខ្លួនឯង ហើយបាននិងកំពុងបោះជំហានទៅមុខលើវិថីអភិវឌ្ឍន៍។ ជាអកុសល វិបត្តិជំងឺកូវីដ-១៩ បានបង្កការ កំរាមកំហែងយ៉ាងខ្លាំងដល់ការអភិវឌ្ឍដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមក ជាមួយគ្នានេះ គ្រោះទឹកជំនន់ក៏បានផ្តល់ផលវិបាកដល់យើងបន្ថែមទៀត ។

ទោះបីជាដូច្នេះក្តី ក៏ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាភាពជាម្ចាស់លើការងារជាអាទិភាពចម្បងទាំងពីរគឺ ទី១: ការ រក្សាសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានការណ៍ និងទី ២ គឺ ការរក្សា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អប្រសើរ និងបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ភារកិច្ចដែល ដាក់ចេញ ដើម្បីសន្តិភាព សុវត្ថិភាព សុខុមាលភាពប្រជាជន និងការអភិវឌ្ឍ។ ខ្ញុំព្រះករុណាខ្ញុំបាននៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចសមិទ្ធផលថ្មីៗទៀតក្នុង ការកសាង និងការពារមាតុភូមិជាទីស្នេហានៃយើង។ ជាមួយគ្នានេះ សូមជនរួមជាតិបន្តអនុវត្តខ្លាប់ខ្លួននូវរាល់ វិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធទប់ស្កាត់ និងបង្ការជំងឺកូដ-១៩ ព្រមទាំងជម្នះផលវិបាក ដែលជំងឺនេះបង្កឡើង និងផលវិបាកនៃគ្រោះទឹកជំនន់ឆ្នាំ ២០២០ កន្លងទៅ សំដៅធ្វើឱ្យមានប្រក្រតីភាពរឡើង វិញឆាប់រហ័សនូវដំណើររីកចម្រើននៃសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ។

ខ្ញុំព្រះករុណាខ្ញុំពិតជាមានសេចក្តីរំភើបឥត ឧបមាដែលបានឃើញការចូលរួមដ៏ផុលផុសបំផុតរបស់បងប្អូនជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន ទាំង ក្នុងប្រទេស ទាំងក្រៅប្រទេសនៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្លាយជាចលនាជាតិដ៏ទូលំទូលាយដើម្បី ការពារខឿនសុខភាពរបស់ប្រជាជន។ស្មារតី ៧ មករា គឺសាមគ្គីភាព វីរភាព និងជ័យជម្នះ ។ ស្មារតី ៧ មករា ធ្វើឱ្យយើងត្រូវប្តូរផ្តាច់ថែរក្សារាល់ សមិទ្ធផលនៃសង្គមជាតិ និងការពារមិនឱ្យកើតមានជាថ្មីនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុង ជាតិដូចពេលមុនទៀត ស្មារតី ៧មករា ជាស្មារត៏មហាសាមគ្គីប្រជាជាតិខ្មែរ ដើម្បីយកឈ្នះលើរាល់ឧបសគ្គ និងការ ។ លំបាកនានារបស់ជាតិ។ ស្មារតី ៧ មករា មានគុណតម្លៃជាអមតៈសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្ត ដំណើរទៅមុខទៀតលើមាគ៌ាឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។នៅទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រសិទ្ធពរជូនជនរួមជាតិនៅគ្រប់ទិសទី សូមបានប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លៀត៕ដោយ : ម៉ៃទី


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ