ថ្លែងក្នុងសិក្ខាសាលាស្តីពី ផលប៉ះពាល់ នៃដំណឹងក្លែងក្លាយនិងដំណោះស្រាយរបស់រាជរដ្ឋាភិបាល នៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា អ្នកសារព័ត៌មានយើង គឺ មានតួនាទីសំខាន់ ក្នុងការលុបបំបាត់នូវដំណឹងក្លែងក្លាយទាំងនោះ ក្នុងការជួយណែនាំ និងជួយធានានូវទំនុកចិត្តរបស់ប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល តាមរយៈផ្សាយព័ត៌មានពិត សម្ភារផ្សព្វផ្សាយដែលខ្លួនមាន។ឯកឧត្ដម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ទាក់ទងនឹងដំណឹងក្លែងក្លាយនេះ កម្ពុជាបានជួបប្រទះ ជាច្រើនណាស់មកហើយ ជាពិសេសក្នុងអំឡុងពេលរីករាលដានៃជំងឺកូវីដ១៩នេះ។ ក្រៅពីការបង្កើតដំណឹងក្លែងក្លាយដោយក្រុមអមិត្ត ក្នុងគោលបំណងធ្វើឱ្យមហាជនបាត់បង់ទំនុកចិត្តលើរាជរដ្ឋាភិបាល និងការចែករំលែកបន្តដោយមិនបានមើលគ្រប់ជ្រុងជ្រោយ ពីសំណាក់អ្នកអានមួយចំនួននោះ។ឯកឧត្ដមបានគូសបញ្ជាក់ថា ការអនុវត្តតួនាទីស្រប តាមវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសនៅក្នុងស្ថានភាពតានតឹង ដូចជាការឆ្លងរាលដាលនៃជំងឺកូដ-១៩ នេះតែម្ដង វាមានភាពចាំបាច់សម្រាប់អ្នកសារព័ត៌មានដោយសារតែ ទីមួយ៖ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលការណ៍បន្ទាន់ៗ ឆ្លើយតបទៅនឹងព្រឹត្តិការណ៍ថ្មីៗទៅកាន់ប្រជាពលរដ្ឋ។ ទីពីរ៖ ផ្ដល់នូវព័ត៌មានសំខាន់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ទីបី៖ ពាំនាំនូវតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋជូនរាជរដ្ឋាភិបាលវិញ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា យើងសង្កេតឃើញថា ស្ថិតក្នុងស្ថានភាពបែបនេះ ប្រជាពលរដ្ឋភាគច្រើនបានងាកមកមើលព័ត៌មានរបស់ស្ថាប័នរដ្ឋវិញ ដោយផ្អែកលើភាពត្រឹមត្រូវ រហ័ស និងជឿទុកចិត្ត ដែលនេះជាការងារសំខាន់។ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈកិច្ចសហប្រតិបត្តិការអនុតំបន់ មេគង្គ-ឡានឆាង” ដែលបានផ្តល់ជំនួយក្រោមមូលនិធិពិសេស ដល់បណ្តាលប្រទេសតាមបណ្ដោយទន្លេមេគង្គមានដូចជា មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈជំនួយនេះ យើងបានសម្រេចនូវគម្រោងស្រាវជ្រាវ ក្រោមប្រធានបទ ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលនឹងប្រកាសផ្សព្វផ្សាយនូវសៀវភៅស្តីពី ផលប៉ះពាល់នៃព័ត៌មានមិនពិត និងដំណោះស្រាយរបស់រដ្ឋាភិបាល ដែលជាលទ្ធផលនៃការស្រាវជ្រាវនេះ។ជាមួយគ្នានេះ ឯកឧត្ដមបានអះអាងថា ស្ថិតក្នុងតំបន់អាស៊ាន យើងសង្កេតឃើញមានប្រទេសសិង្ហបុរីមុនគេ ដែលមាននូវច្បាប់ ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ម៉ាឡេស៊ី ធ្លាប់បានអនុម័ត និងដកចេញវិញ។ រីឯប្រទេស ចំនួនទៀត ត្បិតមិនមានច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយដោយឡែក ប៉ុន្តែយើងសង្កេតឃើញមានច្បាប់ដទៃទៀត ដែលមានភាពពាក់ព័ន្ធការបង្កើតឱ្យមាននូវដំណឹងក្លែងក្លាយ ដែលមានបង្កផលប៉ះពាល់ដល់សង្គមជាតិ។ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា សម្រាប់កម្ពុជាយើងមិនទាន់បានគិតគូរ ទៅដល់យន្តការបង្កើតច្បាប់ដូចប្រទេសសិង្ហបុរីនោះទេ ដោយសារតែយើងគ្រប់គ្រងបានល្អ ក៏ប៉ុន្តែច្បាប់មួយចំនួនទៀតដែលមានភាពពាក់ព័ន្ធ អាចនឹងត្រូវបានអនុម័ត ដូចជាច្បាប់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាជាដើម។ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន បានឱ្យដឹងថា កន្លងមកនេះ ទាក់ទងនឹងការរីករាលដាលនៃដំណឹងក្លែងក្លាយ ក្រសួងព័ត៌មាន បានបង្កើតនូវគណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលគណៈកម្មការនេះ អនុវត្តន៍កិច្ចសហប្រតិបត្តិការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ និងនិយ័តករទូរគមនាគមន៍កម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើកិច្ចការងារយ៉ាងសកម្ម ក្នុងការទប់ស្កាត់ដំណឹងក្លែងក្លាយ។ ជាលទ្ធផល ករណីមួយចំនួន ត្រូវបានភាគីពាក់ព័ន្ធ បានចូលរួមដោះស្រាយ និងលុបបំបាត់បានទាន់ពេលវេលា។ ក៏ប៉ុន្តែ ក្នុងករណីមួយចំនួនទៀត ដំណឹងក្លែងក្លាយ ត្រូវបានបង្កើត និងចែកចាយ ដោយសេរីក្នុងបណ្តាញសង្គម។ឯកឧត្ដមប្រតិភូបានលើកឡើងថា មូលហេតុនៃការមិនអាចគ្រប់គ្រងបានទាំងស្រុង គឺដោយសារតែថ្នាលបណ្តាញសង្គម ដែលដំណឹងក្លែងក្លាយនោះ បានផ្សព្វផ្សាយ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ