លោកស្រី ហ៊ុន ស៊ីណាត ស្នើអោយសមត្ថកិច្ចចាត់វិធានការលើ Love Riya ដែលផ្សាយព័ត៌មានបំពុលសង្គម ដែលធ្វើអោយពលរដ្ឋជេរសមត្ថកិច្ចខេត្តកណ្តាល ថា «របបចោរលួច»
កណ្តាល៖លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើអោយសមត្ថកិច្ចចាត់វិធានការលើអ្នកនាង សេង ស្រីរ័ត្ន អាយុ៣៥ឆ្នាំ ហៅ Love Riya ថៅកែលក់ឡេមួយរូប ដែលផ្សាយព័ត៌មានបំពុលសង្គម ដែលធ្វើអោយពលរដ្ឋជេរសមត្ថកិច្ចខេត្តកណ្តាល ថា «របបចោរលួច» ។
លោកស្រី ហ៊ុន ស៊ីណាត បានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នេះថា «នាងនេះបំពុលសង្គមធ្វើអោយគេអែងខ្វល់តែរឿងគាត់រហូតអញ្ចឹង សូមសមត្ថកិច្ចចាត់វិធានការលើនាងនេះម្ដងមើល ពីព្រោះខ្ញុំដើរមានអ្នកជេរសមត្ថកិច្ចខេត្តកណ្ដាលថា របបចោរលួច របស់ស្រីម្នាក់នេះ ស្រីនេះហ៊ានឡាយព័ត៌មានមិនពិតនាំឲ្យមហាជនមានការយល់ច្រលំលើសមត្ថកិច្ចថា អសមត្ថភាពការពារសន្តិសុខជូនរាស្ត្រមិនបាន»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងប្រាប់ CPC NEWS កាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ថា ករណីនេះ លោកនឹងអោយសមត្ថកិច្ចជំនាញ ហៅកញ្ញា Love Riya មកសួរនាំបន្ថែម ដើម្បីចង់ដឹងច្បាស់ ថា ករណីចោរកម្ម ពិតមែន ឬ ជាការសម្តែង ។
លោកស្នងការ បន្ថែម ថា កាលណាមានពាក្យបណ្តឹងពីប្រជាពលរដ្ឋ សមត្ថកិច្ចត្រូវតែបើកការស៊ើបអង្កេត ដោយករណីនេះ លោកអះអាងថា កញ្ញា Love Riya មិនបានបាត់បង់របស់មានតម្លៃអ្វីនោះទេ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ថ្មីៗនេះ កញ្ញា សេង ស្រីរ័ត្ន ហៅ Love Riya បានមកដាក់ពាក្យបណ្តឹង ថា មានករណីចោរកម្ម នៅចំណុចផ្ទះខ្លួនឯង នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទោះបីយ៉ាងណា ពេលនេះ មជ្ឈដ្ឋានជាច្រើន កំពុងរង់ចាំលទ្ធផលស៊ើបអង្កេត របស់សមត្ថកិច្ច ដើម្បីចង់ដឹងច្បាស់ ថា ករណីនេះ ជាករណីចោរកម្ម ពិតមែន ឬ ជាការសម្តែង របស់កញ្ញា Love Riya ៕សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram)