ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ផ្លូវជាតិ​លេខ​៥៥ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ ១០ នៅ​ខេត្ត​ពោធិ៍សាត់​
Mon,09 March 2020 (Time 09:43 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 672នាក់)


នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១​រោច ខែ​ផល្គុន ឆ្នាំ​កុរ ឯកស័ក​ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ ២០២០ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៥៥ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ក្នុង​ទី​រួម​ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់​ព្រំដែន​ថ្ម​ដា ជាប់​ជាមួយ​ខេត្ត​ត្រាត ប្រទេស​ថៃ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​១០ ត​ភ្ជាប់​ពី​សំឡូត ទៅ​ខេត្ត​កោះកុង​។​

​ផ្លូវជាតិ​លេខ​៥៥ មាន​ប្រវែង​សរុប ១៨២.១៦​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ពោធិ៍សាត់ ឆ្លងកាត់​ស្រុក​វាលវែង ទៅដល់​ថ្មដា​ព្រំដែន​កម្ពុជា​-​ថៃ​។ ផ្លូវ​នេះ​ចំណាយ​ថវិកា​សាងសង់​សរុប ១៣២.៨០ លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់​នានា និង​ការ​បោសសម្អាត​គ្រាប់​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​។ ទន្ទឹម​នឹង​ការដាក់ឱ្យ​ដំណើរការ​ផ្លូវជាតិ​លេខ​៥៥ ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន និង ឯកឧត្តម វ៉ាង វិន​ធៀន នឹង​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​មួយ​ខ្សែ​ថ្មី​ទៀត គឺ​ផ្លូវ​ជាតិ​លេខ​១០ ដែល​ត​ភ្ជាប់​ពី​សំឡូត ខេត្ត​បាត់ដំបង ឆ្លងកាត់​វាលវែង អូរ​សោម ខេត្ត​ពោធិ៍សាត់ រហូតដល់​ខេត្ត​កោះកុង ដែល​មាន​ប្រវែង​សរុប ១៩៨.៧១​គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ១៨៨.៣៨​លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​មក​កាន់​ទី​នេះ ដើម្បី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជ​ផ្លូវជាតិ​លេខ​៥៥​នេះ​។ សម្តេច​តេជោ​ក៏បានថ្លែងអំណរគុ​ណ​ដល់​បងប្អូន​ប្រជាព​ល​រដ្ឋ​ខេត្តពោធិ៍សាត់​ទាំងអស់​ដែល​កន្លងមក​តែងតែ​គោរព​ស្រលាញ់​សម្តេច និង​តែងតែ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្តបន្ទាប់​។ សម្តេច​តេ​ជោនា​យករ​ដ្ឋ​ន្ត្រី បាន​មានប្រសាសន៍​រំលឹក​ពី​តំបន់​នេះ ដែល​ពី​អតីតកាល​គឺជា​សមរភូមិ​ក្តៅ​មួយ ជា​តំបន់​ដែល​មាន​ត្រួតត្រា​ច្រើន​។ សម្តេច​តេជោ​បន្តថា ពីមុន​ផ្លូវ​នេះ​ជា​ផ្លូវជាតិ​លេខ​៥៦ ដែល​ពេល​នេះ​ប្តូរ​មក​ជា​ផ្លូវជាតិ​លេខ​៥៥​វិញ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នៅពេល​ខាងមុខ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​បើក​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ (​ច្រក​ថ្មដា​) ដើម្បី​ភ្ជាប់​ខេត្តពោធិសាត់​ជាមួយនឹង​ខេត្ត​ត្រាត​នៃ​ប្រទេស​ថៃ ក្នុង​ការនាំ​ទំនិញ​ចេញចូល​រវាង​ប្រទេស​ទាំង​ពីរ និង​ដើម្បី​ជីវភាព​នៃ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ក្រោយ​ពី​ការដាក់ចេញ​នូវ​នយោបាយ ឈ្នះ ឈ្នះ ហើយ ក្នុង​ការអភិវឌ្ឍ​ប្រទេស​សម្តេច​តេជោ​បានដាក់ចេ​ញ​នូវ​គោលដៅ ០២​សំខាន់ ដែល​គោលដៅ​ទី​១​គឺ​ការ​ប្រែក្លាយ​តំបន់​សមរភូមិ​ក្តៅ​ទាំងអស់​អោយ​ក្លាយទៅជា​តំន់​ដែលមាន​សុខសន្តិភាព និង​ការអភិវឌ្ឍ និង​គោលដៅ​ទី​២​គឺ​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ទាំងអស់​អោយ​ទៅជា​ព្រំដែន​ដែល​មាន​សុខសន្តិភាព តំបន់​ទីផ្សារ និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ជិតខាង​។​

​ចំពោះ​ផ្លូវជាតិ​លេខ​១០​ដែល​ត្រូវ​បើក​ការដ្ឋាន​នាពេលនេះ សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​ក្តី​មោទនភាព​ចំពោះ​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត ដោយ​សម្តេច​តេ​ជោបាន​សង្កត់​ធ្ងន់​ថា ក្រោយពី​បាន​ផ្លូវ​នេះ​មួយទៀត​បងប្អូន​ប្រជាពលរដ្ឋ​នៅ​វាល​វែង​នេះ​រស់នៅ​កាន់តែ​មាន​ភាពងាយស្រួល ហើយ​សម្តេច​តេជោ​បាន​ហៅ​តំបន់​នេះថា «​សំណាង​ថ្មដា វាសនា​វាលវែង​» ហើយ​សម្តេច​នឹង​តែង​បទ​ចម្រៀង​មួយ​បទ​ដែល​ដាក់ថា​«​សំណាង​ថ្មដា វាសនា​វាលវែង​»​ទៀត​ផង​នាពេលខាងមុខ​។ សម្តេច​តេជោ​បន្តថា​នៅ​ទី​នេះ ថ្ងៃ​អនាគត​នឹង​មាន​ការបង្កើន​រោងចក្រ​នៅ​ទីនេះ​ផង​ដែរ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ផ្លូវជាតិ​លេខ​ទាំង​ពីរ​ខ្សែ​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់ និង​ជា​ផ្លូវ​យុទ្ធសាស្ត្រ​មួយ សម្រាប់​បម្រើ​ឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ផង ការពារ​អធិបតេយ្យភាព​ជាតិ​ផង និង​ជួយ​ទ្រទ្រង់​យ៉ាងរឹងមាំ​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ និង​ជា​ច្រករបៀង​សេដ្ឋកិច្ច​ដ៏​សំខាន់​ផងដែរ​។​

​នៅថ្ងៃនេះ សម្តេច​តេ​ជោបាន​ជំរុញ​អោយ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ប្រើប្រាស់​ក្រមារ​ជំនួស ដែល​អាច​ប្រើ​ការពារ​ជំនួយ​ម៉ាស់​ក៏បាន ក្នុង​ការបង្ការ​ការពា​រ​ជម្ងឺ​កូវី​ដ​១៩​។ សម្តេច​បាន​មានប្រសាសន៍​បញ្ជាក់​ថា​ពេល​នេះ សម្តេច​បាន​ប្រើ​សេនា​ឌី​យោ​ទី​២ គឺ​ពេល​ដឹងថា​មាន​ពលរដ្ឋ​ខ្មែរ​យើង​កើត​ជម្ងឺ​កូវី​ដ​១៩​ភ្លាម សម្តេច​បាន​ប្រកាស​អោយ​បិទ​ជា​បណ្តោះអាសន្ន​ជាង​១០​សាលា​នៅ​ទី​រួម​ខេត្តសៀមរាប និង​បាន​លុបចោល​អង្គរ​សង្ក្រាន្ត​ផងដែរ​។ សម្តេច​តេជោ​សូមអោយ​ប្រជាពលរដ្ឋ​ត្រូវតែ​មាន​ការប្រុងប្រយ័​ត្ន​ការពារ​ខ្លួន ជា​ពិសេស​កុមារ​តូចៗ ដែល​ពិបាក​ក្នុង​ការការពារ​ខ្លួន​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​សុំអោយ​អាជីវករ​ទាំងឡាយ​សូម​កុំ​តម្លើងថ្លៃ​លក់ទំនិញ​នានា​នៅលើ​ទីផ្សារ​។ សម្តេច​តេ​ជោបាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មាន​ជំនឿ​ជឿជាក់​លើ​ខ្លួនឯង មិនត្រូវ​មាន​ការភ័យខ្លាច​ហួសហេតុ​នោះ​ទេ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​បាន​ជូន​នូវ​ដំណឹង​ល្អ​សំរាប់​កម្មករ​កម្មការិនី ដោយ​ក្នុង​នោះ​មិត្ត​ចិន​បាន​ផ្តល់​នាវា​ចំនួន​០៧​គ្រឿង ដឹក​វត្ថុធាតុដើម​មក​មក​ប្រើប្រាស់​ក្នុង​រោងចក្រ​នៅ​កម្ពុជា​ចាប់ពី​ខែ​មីនា​នេះ រហូតដល់​ខែ​ឧសភា ឆ្នាំ​២០២០​។ ទន្ទឹមនឹងនេះ នៅ​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​តេ​ជោបាន​អំពាវនាវ​០៤​ចំនុច​សំខាន់​៖ ១)​សូម​រោងចក្រ​នានា​មេត្តា​កុំ​លុបចោល​កិច្ចសន្យា​ការងារ​ជាមួយ​កម្មករ កម្មការិនី​។ ២)​ចំពោះ​មីក្រូ​ហិញ្ញ​វត្ថុ​ទាំងអស់ ត្រូវ​ពន្យា​ការសង ឬ​ការ​មិន​យកការប្រាក់​ដល់​កម្មក​រ កម្មការិនី​ដែល​បាន​ជំពាក់​លុយ​នៅ​មីក្រូហិរញ្ញវត្ថុ​នោះ​។​
៣)​សុំ​អោយ​ម្ចាស់​បុរី​លំនៅដ្ឋាន​ទាំងអស់ ដែល​រំ​លួស​ផ្ទះ​ជាមួយ​បងប្អូន​កម្មករ ត្រូវ​ពន្យា​ការបង់ និង​កុំ​ផ្តាច់​កុងត្រា​នោះ​អី​។ ៤)​សូម​អោយ​អគ្គិសនី​កម្ពុជា អនុញ្ញាត​អោយ​កម្មករ​កម្មការិនី​ជំពាក់​ថ្លៃ​ភ្លើង​សិន​ក្នុង​អំឡុង​ពេល​នេះ​។​

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានប្រកាស​សាង​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន​នៅក្នុង​ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​នេះ ដែល​ក្នុងនោះ​រួមមាន​៖ ផ្តល់ជូន​អាគារ​សិក្សា​សាលា មតេយ្យ និង​បថ​ម​សិក្សា ហ៊ុន សែន ប្រ​ម៉ោយ នូវ​អគារ ១​ខ្នង​៣​ជាន់​១៨​បន្ទប់ ដោយ​មាន​ទីលាន​បាល់ បោះ បាល់ទះ និង​ផ្លូវ​បេតុង​។ សំរាប់​វិទ្យាល័យ ហ៊ុន សែន ប្រ​ម៉ោយ​វិញ គឺ​ផ្តល់​ជូន អគារសិក្សា​១​ខ្នង កម្ពស់​៣​ជាន់ មាន​១៨ បន្ទប់ និង​អគារ​ទីចាត់ការ​១​ខ្នង មាន​៣​បន្ទប់ រួមទាំង​អាគារ​ស្នាក់នៅ​របស់​សិស្ស​១​ខ្នង​កម្ពស់​២​ជាន់​មាន​១០​បន្ទប់ ថែមទាំង​មាន​ផ្លូវ​បេតុង តារាង​បាល់ទាត់ បាល់ទះ និង​បាល់បោះ​ផងដែរ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ទទួលបាន​នូវ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ ព្រមទាំង​បាន​ផ្តល់​អំណោយ​ជូន​ដល់ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុង​ប​រិយា កាស​រីករាយ និង​បន្ទាប់មក​ក៏​បាន​អញ្ជើញ​រួមគ្នា​ជាមួយ ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាត់​ខ្សែបូរ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ​លេខ​៥៥ និង​អញ្ជើញ​បើក​ការដ្ឋាន​សាង​ផ្លូវជាតិ​លេខ​១០ ចាប់ពី​ពេលនេះ​តទៅ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ