ថ្ងៃអង្គារ៍ ទី០៧ ខែមករា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្តេច​តេជោ ហ៊ុន សែន​៖ កម្ពុជា​នឹង​បន្ត​មើលថែ អ្នកដំណើរ​នៃ​នាវា MS Westerdam បើ​សា​ម៉ី​ប្រទេស​គេ​មិន​គិត​ដល់​ពលរដ្ឋ​គេ​ទេ​
Wed,19 February 2020 (Time 07:43 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 805នាក់)


ភ្នំពេញ ៖ កាលពី​ព្រឹក​មិញ​ថ្ងៃទី​១៧​ខែ​កុម្ភ​: ២០២០​នៅក្នុង​ពិធី​បូកសរុប​ការងារ​របស់​«​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​» នៅ​វិមាន​សន្តិភាព​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​មានប្រសាសន៍​អំពី​ជំងឺ​COVID-19 (​ឈ្មោះ​ផ្លូវការ​នៃ​មេរោគ​កូរ៉ូណា​ថ្មី​) ដែល​កំពុង​ញាំញី​និង​អង្រួន​សភាពការណ៍​នៅក្នុង​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក​អោយ​មាន​ការ​ភ័យ​តក់ស្លុត​រហូត​បាត់អស់​នូវ​គុណធម៌​សីលធម៌​មនុស្សធម៌​និង​មិត្តភាព​ល្អ​ជាមួយ​គ្នា​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា​ជំងឺ​ពិតប្រាកដ​ដែល​យើង​កំពុង​ប្រឈមមុខ​ជាក់ស្តែង​នាពេលនេះ​គឺជា​ជំងឺ​ភ័យខ្លាច​ជ្រុល​និង​អំពើ​រើសអើង​ជាតិ​សាសន៍​ជ្រុល​រហូត​ដល់​បោះបង់​ពលរដ្ឋ​ខ្លួនឯង​ចោល​។​

​ជាក់ស្តែង​ដូចជា​ករណី​នាវា​ទេសចរណ៍​MS Westerdam ដែល​មាន​អ្នកធ្វើដំណើរ​ចម្រុះ​ជាតិ​សាសន៍​ជាង​២២០០​នាក់​ដែល​បាន​បដិសេធ​ដោយ​ប្រទេស​និង​កោះ​ចំនួន​៦​មិន​អោយ​ចុះចត​ដែល​នៅក្នុង​នាវា​ដ៏​ធំ​នេះ​ក៏​មាន​ពលរដ្ឋ​អាមេរិក​ជាង​៦០០​នាក់​ផង​ដែរ ដែល​បាន​សុំ​ចុះចត​នៅ​កោះ​Guam ដែល​ជា​ទឹកដី​កោះ​មួយ​ផ្នែក​របស់​សហរដ្ធអាមេរិកក៏​មិ​ន​ត្រូវបាន​អនុញ្ញាត្តិ​អោយ​ចុះចត​ដែរ ។ តើ​យ៉ាង​ម៉េច​បាន​ជា​សា​ម៉ី​ប្រទេស​និង​សា​ម៉ី​កោះ​ទាំងនោះ​សម្រេច​បែប​នេះ​ទៅ​រួច​? ពិភពលោក​អាច​នឹង​បែកបាក់​ហើយ​តម្លៃ​មនុស្ស​នៅ​ត្រង់​ណា​បើ​សិទ្ឋិ​រស់រានមានជីវិត​គ្មាន​ផង​នោះ​?

​ការសម្រេចចិត្ត​របស់​កម្ពុជា​ក្នុង​ការទទួល​នាវា​ទេសចរណ៍ MS Westerdam អោយ​ចុះចត​នៅ​ក្រុងព្រះសីហនុ​ក្នុង​ទឹកដី​កម្ពុជា​គឺជា​កាយវិការ​មនុស្ស​ធ​ម៍​ដោយ​គ្មាន​ការរើសអើង​ជាតិ​សាសន៍​ក្នុង​ការលើកស្ទួយ​ការគោរព​សិទ្ធិមនុស្ស​តាមរយៈ​ការជួយ​ផ្តល់​នូវ​សិទ្ឋិ​រស់រានមានជីវិត​ដល់​មនុស្សជាតិ​ដែល​ជាប់គាំង​នៅ​ក្នុង​នាវា​ទាំងអស់ ។ ការសម្រេចចិត្ត​ត្រឹមត្រូវ​របស់​កម្ពុជា​គឺ​មនុស្ស​ភាគច្រើន​នៅ​ទូទាំង​ពិភពលោក​បាន​គាំទ្រ​នូវ​កាយវិកា​មនុស្សធម៌​របស់​កម្ពុជា​ហើយ​ក្នុងនោះក៏​មាន​ការគាំទ្រ​ពី​អង្គការ​សុខភាព​ពិភពលោក​(World Health Organization) អង្គការ​ទេសចរណ៍​ពិភពលោក​( World Tourism Organization) អង្គការ​ឆ្នេរ​ស្អាត​បំផុត​ពិភពលោក ( The World’s Most Beautiful Bay) និង​ពី​លោក​Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​ផងដែរ​។​

​នៅពេល​នេះ​ចំនួន​អ្នកទេសចរ​ចម្រុះ​ជាតិ​សាសន៍​៥០០​នាក់​ក្រោយពី​បាន​ត្រួតពិនិត្យ​សុខភាព​ថា​គ្មាន​សញ្ញា​វិជ្ជមាន​នៃ​មេ​រោគកូ​វីដ​១៩​ទេ​(​កូរ៉ូណា​) គឺ​ត្រូវ​បាន​ផ្តល់​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​សណ្ឋាគារ​សុខា​ក្នុង​រាជធានី​ភ្នំពេញ​។​ច្បាស់​ណាស់​បើ​សា​ម៉ី​ប្រទេស​គេ​មិន​គិត​ដល់​ពលរដ្ឋ​គេ​ទេ​គឺ​កម្ពុជា​នឹង​ទទួលខុសត្រូវ​ព្រោះ​ពេល​នេះ​បាន​មក​ទី​សុវត្ថិភាព​ក្នុង​ប្រទេស​យើង​ហើយ​។​

​សម្តេច​តេជោ​ហ៊ុន​សែន​បាន​បញ្ជាក់​ច្បាស់​ហើយ​ក្នុង​ពេល​អញ្ជើញ​ទទួល​អ្នកដំណើរ​ទេសច​រ​ទាំងអស់​នៅ​ខេត្ត​ព្រះសីហនុ​ថា​បើ​មាន​អ្នកទេសច​រណា​ម្នាក់​មាន​ឆ្លង​ឬ​ផ្ទុកមេរោគ​កូវី​ដ​-១៩​គឺ​សម្តេច​តេជោ​អនុញ្ញត្តិ​អោយ​ចូល​កម្ពុជា​អោយបាន​លឿន​មុនគេ​បំផុត​ហើយ​នាំ​ទៅ​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​ផ្តល់​ការ​មើលថែ​និង​ព្យាបាល​អោយបាន​ទាន់ពេលវេលា​ដែល​អាច​ធ្វើទៅបាន​។​ការធ្វើ​បែប​នេះ​គឺ​ដើម្បី​ទប់ស្កាត់​មិន​អោយ​មេរោគ​ឆ្លង​រាលដាល​ទៅ​អ្នក​ដទៃ​ទៀត​ដូចដែល​បាន​កើតឡើង​នៅក្នុង​នាវា​ទេសចរណ៍​Diamond Princess ដែល​ពេល​ថ្មីៗ​នេះ​គឺ​ទើប​សម្រេច​យក​អ្នកទេសចរ​ចេញពី​នាវា​ដោយសារ​មាន​អ្នក​ឆ្លង​មេ​រោគកូ​វីដ​១៩​ពី​ម្នាក់​ទៅ​ម្នាក់​កាន់តែ​ច្រើនឡើងៗ​រហូតដល់​៣៥៦​នាក់​។

​បើ​កម្ពុជា​មិន​ទទួល​នាវា​នេះ​អោយ​ចុះចត​ទេ​ម្ល៉េះ​មកទល់ពេលនេះ​មិនដឹង​ជា​រសាត់អណ្តែត​ទៅដល់​ទី​ណា​ទេ​ព្រោះ​ស្បៀងអាហារ​ក៏​ជិត​អស់​រីឯ​ប្រេង​ក៏​ជិត​អស់​ទៀត​។​តើ​ចុងបញ្ចប់​នៃ​ជីវិត​ពួកគេ​នឹង​ត្រូវ​បូជា​នៅ​លើ​កប៉ាល់​ឬ​បោះ​ទម្លាក់​ចោល​ក្នុង​ទឹកសមុទ្រ​? បើ​គ្រប់​គ្នា​បដិសេធ​មិន​ទទួល​ពួកគេ​អោយ​ចុះចត​? តែ​កម្ពុជា​មិន​អាច​បិទ​ភ្នែក​ទុកអោយ​ពលរដ្ឋ​ទាំង​នោះ​ស្លាប់​ទេ​ព្រោះ​កម្ពុជា​ក៏​ធ្លាប់​ត្រូវបាន​គេ​មើលងាយ​និង​រើសអើង​ពីមុន​ហើយ​កម្ពុជា​យល់​ច្បាស់​ណាស់​អំពី​អារម្មណ៍​បែប​នេះ​ចំពោះ​អ្នកទេសចរ​ទាំងអស់នោះ​។​យើង​ទាំងអស់​គ្នា​និយាយ​ពី​សិទ្ធិមនុស្ស​តែ​ពេល​នេះ​ការរើសអើង​គឺមាន​ទំហំ​ធំធេង​ណាស់​ដែល​បង្ហាញ​ច្បាស់​ថា​ជំងឺ​រើសអើង​និង​ការភ័យខ្លាច​ជ្រុល​ហួសហេតុ​កំពុង​នាំ​ទៅដល់​ការបំផ្លាញ​សិទ្ធិមនុស្ស​ពិតប្រាកដ​។​

​បើ​តាម​គម្រោង​ដែល​បាន​គិត​ក្នុង​ការជួយ​ដល់​អ្នកទេសចរ​ទាំងអស់​គឺ​ក្រោយ​ពេល​អ្នកទេសចរ​វគ្គ​ទី​១​ដែល​កំពុង​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ចាកចេញ​ពី​កម្ពុជា​ហើយ​គឺ​នឹង​ដឹក​អ្នក​ដែល​កំពុង​រង់ចាំ​នៅក្នុង​នាវា​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ​មកកាន់​រាជធានី​ភ្នំពេញ​ជា​បន្តទៀត​រហូត​ដល់​អស់​។​អ្នកដំណើរ​ទាំងអស់​នឹង​ត្រូវដាក់​អោយ​ពិនិត្យ​សុខភាព​យ៉ាង​ហ្មត់ចត់​បំផុត​មុន​នឹង​អនុញ្ញាត្តិ​អោយ​មក​ស្នាក់​នៅ​តាម​សណ្ឋាគារ​។​បើទោះបី​ត្រូវ​ការចត​រយៈពេល​វែង​យ៉ាងណាក្តី​ក៏​កម្ពុជា​ផ្តល់​ឱកាស​អោយ​នាវា​ទេសចរណ៍​នេះ​បន្ត​ស្នាក់នៅ​កម្ពុជា​ដោយ​មិន​គិត​ពី​ថ្លៃ​ចត​និង​ថ្លៃ​សេវា​ផ្សេងៗ​នៅក្នុង​ដែនសមុទ្រ​កម្ពុជា​ដែរ​។​

​កម្ពុជា​ទទួលខុសត្រូវ​លើ​កិច្ចការ​ដែល​ខ្លួន​កំពុង​ធ្វើ​អោយបាន​ហ្មត់ចត់​និង​ល្អ​បំផុត​ហើយ​បន្ត​សហការ​ជាមួយ​អង្គការ​ដៃគូ​នានា​និង​សហគមន៍​អន្តរជាតិ​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​សកល​នេះ​។​ទន្ទឹមនឹងនេះ​ដែរ​គឺ​ដើម្បី​លុបបំបាត់​ជំងឺ​ភ័យខ្លាច​ជ្រុល​និង​ជំងឺ​រើសអើង​ជ្រុល​ដើម្បី​លើកស្ទួយ​តម្លៃ​សីលធម៌​គុណធម៌​ឡើងវិញ​និង​ដើម្បី​សិទ្ឋិ​រស់រាន​មាន​ជីវិត​និង​សេចក្តីសុខ​របស់​មនុស្ស​ជាតិ​ទូទាំង​ពិភពលោក​។

​សម្តេច​តេជោ​ហ៊ុន​សែន​បាន​បញ្ជាក់ជូន​ផងដែរ​ថា​ទោះបី​នៅ​ប្រទេស​ណា​ក៏​ដោយ​មិន​ថា​តែ​ប្រទេស​ចិន​ទេ​ប្រសិនបើ​ត្រូវការ​កម្ពុជា​គឺ​សម្តេច​តេជោ​នឹងចូលរួម​ដោយ​មិន​រារែក​ឡើយ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ