បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ៣នាក់ តំណាងឲ្យ១៥០គ្រួសារ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យប្តឹង លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង បក្ខពួក៥នាក់ទៀត ពីបទ«សមគំនិត ធ្វើមនុស្សឃាត និង ប្រើអំពេីហិង្សា» ចូលព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០។ឆ្លើយតបបណ្តឹងនេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យ ថ្មីពិត ដឹងថា ខាងតុលាការគេកំពុងចាត់ការរឿងនេះហើយ។ក្រៅពីបណ្តឹងនេះ ជនរងគ្រោះអំពើទារុណកម្ម ៣នាក់ បានដាក់ពាក្យបណ្តឹងមួយទៀត ប្តឹង លោក បោន បិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង មន្ត្រីអាវុធហត្ថ និងគូកន ពីបទ«ហិង្សាដោយចេតនានិងអំពើឃោរឃៅអមនុស្សធម៌» ប្រព្រឹត្តក្នុងបន្ទាយPM ទៅអយ្យការអមសាលារដំបូងខេត្តបន្ទាយមានជ័យផងដែរ។លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យបានឲ្យ ថ្មីពិត ដឹងថា ស្ថាប័នអយ្យការរបស់លោកកំពុងស៊ើបអង្កេត ករណីនេះ។បណ្តឹងទាំង២នេះធ្វើឡេីងស្របពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាអោយ ស្រាវជ្រាវ និង ចាប់ខ្លួនអ្នកដែលបានធ្វើទារុណកម្ម ពលរដ្ឋដែលមានជម្លោះដីធ្លី រហូតបណ្តាលអោយជនរងគ្រោះម្នាក់ស្លាប់ក្នុងពន្ធនាគារ។ក្រោយជនរងគ្រោះស្លាប់ រដ្ឋបាលខេត្ត និង ប្រធានពន្ធនាគារខេត្តខិតខំធ្វើរបាយការណ៍បំភ្លៃការពិតថា ជនរងគ្រោះស្លាប់ដោយសារញៀនស្រា ខ្យល់គរទៅវិញ ប៉ុន្តែរូបភាពជាំនិងស្នាមរបួសលើរាងកាយសាកសព ហើយកាន់តែច្បាស់គឺ សាក្សីរស់ដែលត្រូវចាប់ខ្លួនជាមួយគ្នា បានអោយអ្នកកាសែតថតផ្សាយផ្ទាល់ រៀបរាប់អំពីការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃខុសច្បាប់ ធ្វើឲ្យពួកគាត់ រងរបួសគ្រាំគ្រាស្ទើរស្លាប់ស្ទើររស់គ្រប់គ្នា។ក្រោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជា នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដែលមាន លោកឧត្តមសេនីយ៍ទោ នាង សុជីវី ជាប្រធាននិងក្រុមការងារ៤នាក់ ជាសមាជិក ហើយគណៈកម្មការនេះបានទៅដល់ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០រួចហើយ ដើម្បីស្រាវជ្រាវស្វែងរកការពិត ករណីអំពើទារុណកម្មខុសច្បាប់នេះ។គួរម្លឹកដែរថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ក្រុមប្រជាពលរដ្ឋដែលមកពីបណ្ដាភូមិ ឃុំសង្កាត់ក្រុងនានា នៅក្នុងខេត្តបន្ទាយមានជ័យ បាននាំគ្នាទៅចាប់ដីមួយកន្លែង ដែលគេអះអាងថា ដីនោះជាដីរបស់រដ្ឋ ហើយក៏ត្រូវបានអាជ្ញាធរដឹកនាំដោយ លោក អ៊ុំ រាត្រី អភិបាល ខេត្តប ន្ទាយមានជ័យ បានដឹកនាំកម្លាំងចម្រុះចុះទៅបង្ក្រាបរុះរើខ្ទមដែលសង់លើដីមានម្ចាស់កម្មសិទ្ធិត្រឹមត្រូវនោះចេញវិញ ស្ថិតនៅក្នុង តំបន់ ភូមិ សាលាកន្សែង ឋិតនៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។លុះមកដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ក្រុមប្រជាពលរដ្ឋដែលត្រូវអាជ្ញាធរបង្ក្រាបនោះ ប្រមាណ២០០នាក់ បានលើកគ្នាមកតវ៉ានៅមុខសាលាខេត្ត លុះដល់ថ្ងៃទី២៨ ស្រាប់តែមានកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថបានចុះ ទៅបង្ក្រាប ក្រុមតវ៉ាដោយចាប់ខ្លួនតំណាងរបស់ពួកគាត់បានចំនួន៥នាក់ យកទៅ ធ្វើទារុណកម្ម រហូតស្លាប់ម្នាក់ គឺឈ្មោះ ទុយ ស្រស់ និង៤ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានអ្នកកាសែតធ្វើសម្ភាសផ្សាយផ្ទាល់បញ្ជាក់ពីការធ្វើទារុណកម្ម រហូតសារនេះ បញ្ជូនដល់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ទើបបញ្ជាឲ្យ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកការស៊ើបអង្កេត ចាប់ខ្លួន បុគ្គលដែលធ្វើទារុណកម្មអមនុស្សធម៌មកផ្តន្ទាទោសឲ្យខាងតែបាន។ជនរងគ្រោះនិងមហាជន កំពុងរង់ចាំមើលចំណាត់ការ និងលទ្ធផលការងាររបស់គណៈកម្មការចំពោះកិច្ច និង តុលាការ ចំពោះបញ្ហានេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ