ថ្នាក់ដឹកនាំនៃសមាគមរាជសីហ៍ និងសមាជិកអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយជូនកុមារកំព្រាក្រីក្រនៅអង្គការពន្លឺអនាគត់
(រាជធានីភ្នំពេញ) ៖ ឯកឧត្តម កែវ ហុកលី អគ្គលេខាធិការ និង លោក ហេង សីហា អនុប្រធានសមាគមរាជសីហ៍សាខារាជធានីភ្នំពេញ ជាតំណាងឲ្យ ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ បានដឹកនាំសមាជិកសមាគមរាជសីហ៍ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូន កុមារកំព្រា ក្រីក្រ កំពុងស្នាក់នៅ និងរៀនសូត្រ ក្នុង អង្គការពន្លឺអនាគត ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃ អាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
អំណោយដែលសមាគមរាជសីហ៍បានផ្តល់ជូនរួមមាន៖ ១.អង្ករ១០០គីឡូក្រាម ២. ខោអាវរងារ៧០កំប្លេរ ៣.មី១០កេស ៤. នំABC៥កេស ៥.ភួយ ៧០ ៦.ទឹកសុទ្ធ២០យួរ ៧. ជែលលាងដៃ៧០ដប និង៨. ថវិការ៥០ម៉ឺនរៀល។
ឯកឧត្តម កែវ ហុកលី បាន បានបង្ហាញសេចក្តីរីករាយ ដែលបានអញ្ជើញជួបសំណេះសំណាល និងនាំអំណោយមក ជូន លោកគ្រូ អ្នកគ្រូ និង ក្មួយៗសិស្សានុសិស្ស ជាថ្មីម្តងទៀត។ ឯកឧត្តមបានជំរុញណែនាំអោយសិស្សទាំងអស់ខិតខំរៀនសូត្រ ធ្វើជាសិស្សល្អ កូនល្អ ដើម្បីអនាគតត្រចះត្រចង់សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ សង្គមជាតិយើង។ ទន្ទឹមនោះ ឯកឧត្តមបានពាំនាំការនឹករលឹក និង ការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ស៊ូម សារឿន ប្រធាន សមាគមរាជសីហ៍ ព្រមទាំងសូមជូនពរអោយ លោកគ្រូ អ្នកគ្រូ និង ក្មួយសិស្សនុសិស្សទាំងអស់ មានសុខភាពល្អ និងចូលថែរក្សាអនាម័យអោយបានខ្ពស់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការកុំឲ្យជំងឺកូវីដ១៩ មកបៀតបៀនឡើយ៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))