ថ្ងៃទី៣០ តុលា ២០២០យោងតាមឯកសាររបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានឱ្យដឹងថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបរម បុរាណយូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរ។តាមសៀវភៅជ័យវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យពីដើមមានចែងថា៖ នៅក្នុងសម័យអង្គរ នា គ.ស សតវត្សរ៍ទី១២ ប្រទេសកម្ពុជាមានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជ័យវរ្ម័នទី៧ ស្តេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាមដោយ កងទ័ពទូកជាចម្បាំងរំដោះក្រុងកម្ពុជាឱ្យរួចផុត ស្រឡះពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១) រឿងចម្បាំងគ្រានោះមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងបន្ទាយឆ្មារ ។ ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ ព្រះបាទ ជ័យវរ្ម័នទី៧ ប្រថាប់ ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ព ទូកទាំងឡាយ។ឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំ ទំនៀមទម្លាប់លេខ១៩. ០០៤ និពន្ធដោយ លោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរង ខេត្តឃ្លាំងកម្ពុជាក្រោម មានចែងថា៖ សម័យលង្វែក ព.ស ២០៧១ គ.ស ១៥២៨ ព្រះបាទអង្គចន្ទទី១ទ្រង់តាំងពញាតាត ងារជាស្និទ្ធិភូបា ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុក បាសាក់។ ស្តេចក្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកមានដូចខាងក្រោមនេះ ៖ទាហានជើងទឹក ចែកជា៣ក្រុម៖-*ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំង និងទូកដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។-*ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំង និងទូកចែវពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ-*ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូល មានចែវ មានក្តោង មានទ្រង់ទ្រាយដូចទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្តួចវែងមានដំបូលតែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព។របៀបបង្ហាត់ចម្បាំង «តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម» ស្រេចលើមន្ត្រី៤ទិស «ចតុស្តម្ភ» ដែលមាននៅក្នុងឱវាទស្និទ្ធិបាល ស្តេចក្រាញ់គ្រប់ជំពូក ដែលមានបញ្ញត្តិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃពេញបូណ៌មី ខែកត្តិក រដូវអកអំបុកនោះមន្ត្រី៤ទិសត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ១យប់រាល់ឆ្នាំ។ ចំណែកទាហានជើងទឹកឱ្យទៅប្រឡងឫទ្ធិឯទន្លេពាមកន្ថោរ ក្នុងខេត្តឃ្លាំង ត្បិតទីនោះមានទីប្រជុំទឹកគ្រប់ខេត្តទៅមកបានស្រួល។តាមសៀវភៅ និងឯកសារជាប្រភពទាំងពីរខាងលើនេះអាចសន្និដ្ឋានបានថា ប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពិធីសមយុទ្ធកងទ័ពនេះជាប្រពៃណីជាប់រៀងរហូតមក ហើយអាចសន្និដ្ឋានបានទៀតថា ប្រទេសកម្ពុជាធ្វើពិធីនេះរៀងរហូតមក គឺជាប់តំណមកពីសមយុទ្ធក្នុងសម័យបុរាណនេះឯង។ឯកសារខ្លះបានសរសេរថា ព្រះរាជពិធីបុណ្យអុំទូកគឺជាបុណ្យប្រពៃណីជាតិដ៏ធំមួយរបស់ប្រទេសកម្ពុជា។ បុណ្យនេះមានរូបភាពប្រហាក់ប្រហែលនឹងបុណ្យប្រចាំរដូវរបស់ជនជាតិអឺរ៉ុប ដែលមានឈ្មោះថា សាំងហ្សង់ ដែលបច្ចុប្បន្នប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង។ ប្រពៃណីខ្លះមានប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធ ទៅនឹងប្រវត្តិ ព្រះពុទ្ធ ជាម្ចាស់ ប៉ុន្តែការបកស្រាយមួយ ដែលអាចយកជាការគ្រប់គ្រាន់គឺក្នុងបំណង «ដឹងគុណដល់ព្រះគង្គា និងព្រះធរណីដែលបានផ្តល់ដល់ជីវភាពរស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញ ដែលយើងនាំគ្នាធ្វើឱ្យ កករល្អក់»។ការបកស្រាយចុងក្រោយនេះ គឺដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់នៃព្រហ្មញ្ញសាសនា ហើយស្រប នឹងស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ យើង។ ព្រះរាជពិធីបុណ្យ អុំទូកប្រព្រឹត្តទៅនៅថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹង រដូវទឹក ជំនន់ ដែលក្នុងរយៈពេលប៉ុន្មានខែហើយ បានធ្វើឱ្យបឹងបួរទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំ ល្វឹងល្វើយ ហើយក៏បញ្ជាក់ទៀតថា ពេលនោះស្រូវ ក្នុង ស្រែកំពុងតែទុំហើយ។ នៅពេលដែល ទឹកទន្លេមេគង្គលិចជន់ «សីហា-វិច្ឆិកា» ទឹកជំនន់ដ៏សន្ធឹកសន្ធាប់ បានចូលចាក់ស្រោចស្រពបឹង បួរតាមរយៈទន្លេសាប ដែលហូរពីត្បូងទៅជើង។ ដល់រដូវទឹកស្រកដែល ចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងបួរហូរត្រឡប់តាមទន្លេសាបដដែលពីជើងមកត្បូងវិញ។ជំនន់នៃទន្លេមេគង្គ ពិសេសជំនន់នៅតាមបឹងបួរមានប្រភពមកពីប្រទេសចិនដ៏សែន ឆ្ងាយបានផ្តល់នូវ ជីវភាពស្រែចម្ការនៅប្រទេសកម្ពុជា។ ដីល្បាប់ដែលបានដោយសារទឹកជំនន់ នៃទន្លេបឹងបួរទាំងឡាយ បានធ្វើឱ្យដីមានជីជាតិ បង្កបាននូវធនធានសម្បូរបែបនៅក្នុងប្រទេស កម្ពុជា។ ដំណាំទាំងឡាយដែលកសិករ ធ្វើតាមចង្វាក់នៃទឹកស្រកបានផ្តល់នូវផលយ៉ាងច្រើន រាំងស្កាត់នូវគ្រោះទុរ្ភិក្ស និងផ្តល់នូវសុភមង្គល។ដូច្នេះហើយបានជាដល់រដូវទឹកស្រក បុរាណ ខ្មែរយើងកំណត់យកថ្ងៃពេញបូណ៌មីខែកត្តិកជារៀងរាល់ឆ្នាំ រៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីសម្តែងមនោសញ្ចេតនាដឹងគុណទន្លេមេគង្គ និងទន្លេសាប ដែលបានផ្តល់ជីជាតិយ៉ាងសំខាន់បម្រើវិស័យកសិកម្ម។ ព្រះរាជពិធីបុណ្យនេះតែង តែប្រារព្ធ ក្នុងរយៈពេល៣ថ្ងៃគឺពី ថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោចខែកត្តិក នៅតាមទន្លេសាប។*ស្វែងយល់ពីប្រទីបដែលគេបណ្តែតក្នុងពិធីបុណ្យអុំទូក! តើជាទំនៀមទម្លាប់ខ្មែរពីដើមឬយ៉ាងណា?អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទីបជាច្រើនដែលបង្កើតឡើងស្ថាប័នរាជរដ្ឋាភិបាលបានបង្ហាញខ្លួនមកលើផ្ទៃទន្លេសាប ហើយបញ្ចេញរូបរាងដ៏ស្រស់សង្ហា ព្រមទាំងពន្លឺចែងចាំងគួរឲ្យគយគន់រាល់ពេលដល់ពិធីបុណ្យអុំទូក បណ្តែតព្រះទីប សំពះព្រះខែម្តងៗ។ ដោយគ្រប់ប្រទីបនីមួយៗសុទ្ធតែត្រូវបានតុបតែងឡើងជាមួយនឹងអត្ថន័យតំណាងឲ្យតួនាទី ទស្សនវិស័យ និងការសម្រេចបានរបស់ក្រសួងដែលបានបង្កើតវា។ប្រទីបដែលបណ្តែតខ្លួននៅលើដងទន្លេសាបអស់ជាច្រើនម៉ោង អមទៅដោយភ្លើងកាំជ្រួចចម្រុះពណ៌នៅពេលរាត្រី បានបង្កើតជាទស្សនីយភាពដ៏អស្ចារ្យ ដែលគេអាចឃើញបានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ។ សម្រាប់ទេសចរបរទេសទាំងឡាយដែលមិនបានមកទស្សនាការបណ្តែតប្រទីបនេះ ខណៈដែលកំពុងដើរកម្សាន្តនៅប្រទេសកម្ពុជា វាគឺជាការខាតបង់មួយដ៏ធំធេង។ប្រទីបទាំងនេះមានប្រភពតាំងពីសម័យចក្រភពអង្គរ មកម្ល៉េះ ពោលគឺក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលបានធ្វើពិធីបុណ្យអុំទូក ជាលើកដំបូងដើម្បីអបអរសារទរជ័យជម្នះរបស់កងទ័ពជើងទឹករបស់ព្រះអង្គ ទៅលើកងទ័ពចាម និងដើម្បីរម្លឹកគុណទៅដល់ព្រះម៉ែគង្គារ និងព្រះធរណី។លោកប្រសាសន៍របស់លោកបណ្ឌិត ចិន្ត ច័ន្ទរតនា ជាប្រវត្តិវិទូកម្ពុជាមួយរូប និងជាប្រធានមូលនិធិកេរ្តិ៍តំណែលខ្មែរ បានថ្លែងថា ជីវិតរបស់ប្រជាជនកម្ពុជាមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងទឹក និងដី ហើយស្ទើរតែគ្រប់បុណ្យទាំងអស់មានទាក់ទងនឹងព្រះម៉ែគង្គា និងព្រះម៉ែធរណី។ ឯចំណែកការប្រើប្រាស់ភ្លើងនៅលើប្រទីបនេះ គឺប្រហែលជាព្រះមហាក្សត្រចង់ឲ្យប្រជាជនរបស់ព្រះអង្គបានសប្បាយនឹងទស្សនីយភាពដ៏អស្ចារ្យនៅពេលរាត្រីថ្ងៃបុណ្យ។ទោះជាយ៉ាងណា លោកបណ្ឌិត មីសែល ត្រាណេ ជាប្រវត្ថិវិទូ និងជាតិពន្ទុវិទូដ៏ល្បីល្បាញរបស់កម្ពុជាបានច្រានចោលការលើកឡើងនេះ ដោយអះអាងថា មិនមានភស្តុតាងណាមួយដែលបង្ហាញថា ប្រទីបទ្រង់ទ្រាយធំក្នុងពីធីបុណ្យអុំទូកសព្វថ្ងៃនេះ ត្រូវបានគេប្រើតាំងពីសម័យអង្គរ ដូចមនុស្សជាច្រើនលើកឡើងឡើយ។ប្រទីបដើមពិតប្រាកដ ជាកូនកន្ទោងធ្វើជារាងផ្កាឈូក និងមានដាក់ទៀនដុតបំភ្លឺនៅចំកណ្តាល ដែលប្រជាជនខ្មែរទូទៅចំណាំបណ្តែតនៅតាមទន្លេនៅពេលចេញវស្សា ទើបជាប្រទីបដែលមានកំណើតតាំងពីសម័យអង្គរពិតប្រាកដ ។ លោកបានលើកឡើងទៀតថា គោលបំណងនៃការបណ្តែតប្រទីបនេះវិញ គឺគ្រាន់តែដើម្បីបែរបន់សុំសំណាងល្អ និងសុំឲ្យកសិផលបានទិន្នផលខ្ពស់តែប៉ុណ្ណោះ។លោកបណ្ឌិត មីសែល ត្រាណេ ថា ប្រទីបដែលយើងឃើញបណ្តែតពេលអុំទូករាល់ថ្ងៃនេះគឺ ទើបតែមាននៅពេលដែលព្រះរាជាពញ្ញាយ៉ាតផ្លាស់ទីរាជធានីពីអង្គរ មកចតុមុខ នៅឆ្នាំ ១៤៣១ ប៉ុណ្ណោះ។ ចំណែករឿងប្រទីបតំណាងក្រសួងនេះវិញ គឺកាន់តែថ្មីទៀត គឺប្រហែលជាកើតមាននៅសម័យអាណាព្យាបាលបារាំង នៅពេលដែលបារាំងបានបែងចែករដ្ឋាភិបាលខ្មែរឲ្យទៅជាស្ថាប័នជាច្រើន»។*អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វីបានជាមានកិច្ចពិធី«អកអំបុក» ?កជំនាញអារ្យធម៌លោក រត្ន័ សណ្ដាប់ បានថ្លែងថា «អកអំបុក» ជាកិច្ចពិធីមួយស្ថិតក្នុងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប ដូចជាឆ្នាំ២០១៧នេះ កិច្ចពិធីអកអំបុក គឺនៅថ្ងៃទី៣ ខែវិច្ឆិកា ត្រូវនិងថ្ងៃទី១៥កើតពេញបូណ៌មី ខែកក្ដិតនេះឯង។ចំពោះកិច្ចពិធី «អកអំបុក» ចង់បញ្ជាក់ថា ឆ្នាំនេះកសិកម្ម ទិដ្ឋផលស្រូវមានភាពយ៉ាងបរិបូណ៍ហូរហៀរ។ ក្នុងគំនិតនេះទើបកិច្ចពិធីនេះគេហៅថា «អក» ព្រោះចង់សំដៅអំពីភាពហូរហៀរ យ៉ាងសុខសប្បាយឥតខ្វះខាតអ្វីទ្បើយ រហូតបន្ដដល់ឆ្នាំក្រោយទៀត។ ដោយហេតុនេះបានជាកិច្ចពិធីនេះ គេមិនហៅថា ញុំា ស៊ី ហូប ឬទទួលទាន នោះទេ។លោក រត្ន័ សណ្ដាប់ បន្ដថា ចំពោះកិច្ចពិធី «សំពះព្រះខែ» ក៏ដូចគ្នាដែរ បានសេចក្ដីថា ចំពោះ «ព្រះខែ» សំដៅព្រះចន្ទពេញបូរមី ភាសាសំស្រ្ដឹត «បូណ៌» មានន័យថា «ពេញលេញ» គឺក្នុងគំនិតហូរហៀរ។ ហេតុនេះចំពោះកិច្ចពិធី «អកអំបុក សំពះព្រះខែ» តាមពិតគឺគំនិតតែមួយទេ គឺសំដៅអំពីភាពហូរហៀរនេះឯង។បើតាមក្បួនច្បាប់បុរាណខ្មែរ ពិធីអកអំបុក គឺគេរង់ចំាប្រារព្វដល់ព្រះខែរះពេញវង់ ចំពីលើក្បាល ទើបគេរៀបចំពិធីថ្វាយដល់ព្រះចន្ទដោយអមផ្លៃឈើ ដូង ចេក ចម្រុះគ្រប់មុខ ដើម្បីជាការដឹងគុណដល់ព្រះពោធិសាត់ ទ្រង់ចាប់យកកំណើតជាសសបណ្ឌិត «សត្វទន្សាយ» ដិតជាប់ក្នុងរង្វង់ព្រះចន្ទ ដូចយើងឃើញបច្ចុប្បន្ននេះ ពិសេសពិធីនេះ យើងក៏រៀបចំជូនដល់ឪពុក ម្ដាយ ជីដូនជីតា ញាត្ដិមិត្ដជិតឆ្ងាយ «អក» ដើម្បីជាការដឹងគុណ ក្នុងភាពសប្បាយរីករាយផងដែរ។ បើដូច្នេះចំពោះប្រពៃណីដាល់អំបុក អកអំបុក គឺបង្ហាញពីសាមគ្គីភាពក្នុងសង្គមគ្រួសារ និងសង្គមជាតិយ៉ាងប្រពៃថ្លៃថ្លាបំផុត៕ដោយ ម៉ៃទី (សូមជួយផ្តល់ដំណឹងផ្សេងៗមក សម្លេងខ្មែរពិតាមរយៈ 012 98 48 55 (Line, WhatsApp,Telegram))
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ