ខេត្តបន្ទាយមានជ័យ៖ ស្ត្រីមេម៉ាយកូន៧នាក់ក្នុងបន្ទុក ឈ្មោះ នាង ស្រីម៉ៅ ដែលជាភរិយាសព លោក ទី វណ្ណថន មន្ត្រីនគរបាលវរសេនាតូចលេខ៩១១ បានឲ្យ ថ្មីពិត ដឹងថា បច្ចុប្បន្នលោកស្រីរស់នៅ ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត កំពុងរងទុក្ខលំបាកយ៉ាងខ្លាំង ដោយសារតែ លោក សុខ កុយ មេភូមិទួលប្រាសាទ និង លោក ភោគ លន់ ចៅសង្កាត់ប៉ោយប៉ែត មិនព្រមធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លី ទំហំជាង៥ពាន់ម៉ែតការ៉េ ដែលគាត់បាននិងកំពុងអាស្រ័យផលតាំងពីឆ្នាំ២០០០មកម្លេះ ។ ឈ្មោះ នាង ស្រីម៉ៅ រៀបរាប់ថា កាលពីឆ្នាំ២០០០ លោក អ៊ូច ធឿន ជាមេរបស់ស្វាមីគាត់ បានចែកដីចំការចំនួន៣ហិកតា ឲ្យស្វាមីលោកស្រី គ្រប់គ្រងនិងអាស្រ័យផលរហូតមកដល់បច្ចុប្បន្ននេះ។ លោក អ៊ូច ធឿន បច្ចុប្បន្នជាមេបញ្ជាការរងវរការពារព្រំដែនលេខ៩១១ បានឲ្យ ថ្មីពិត ដឹងថា កាលឆ្នាំ២០០០គាត់មានតួនាទីជា មេបញ្ជាការកងពលធំលេខ១ វរសេនាតូចលេខ៩១១ ឈរជើងនៅសង្កាត់ប៉ោយប៉ែត ដោយមើលឃើញដីទំនេររបស់រដ្ឋ ស្ថិតនៅក្បែរបន្ទាយកងអនុសេនាធំ លោកក៏បានបែងចែកដីឲ្យមន្ត្រីរបស់ខ្លួនគ្រប់ៗគ្នាដើម្បីកាន់កាប់អាស្រ័យផលចិញ្ចឹមជីវិត ដោយឡែកមន្ត្រីរបស់លោកឈ្មោះ ទី វណ្ណថន បានទទួលដីទំហំ៣ហិកតា ដូចមានក្នុងលិខិតបញ្ជាក់ស្រាប់។ ក្រោយទទួលបានដីមន្ត្រីរបស់លោកបានទៅធ្វើពាក្យស្នើសុំកាន់កាប់ពីអាជ្ញាធរមូលដ្ឋានបានគ្រប់ៗគ្នា ដោយឡែកឈ្មោះ ទី វណ្ណថន បានកាប់ឆ្កាអាស្រ័យផលលើដីនោះ តែមិនដឹងយ៉ាងម៉េចទើបគ្មានពាក្យស្នើសុំកាន់កាប់ដីដូចគេ ទើបប៉ុន្មានឆ្នាំចុងក្រោយនេះទៅសុំអាជ្ញាធរ តែអាជ្ញាធរមិនព្រមធ្វើឲ្យ ទោះបីលោកចេញលិខិតបញ្ជាក់ឲ្យយ៉ាងណាក្តី។ឈ្មោះ នាង ស្រីម៉ៅ បានបន្ថែមថា ដោយសារជីវភាពខ្វះខាត ថែមទាំងស្វាមីធ្លាក់ខ្លួនឈឺទៀត ទើបលោកស្រីនិងស្វាមី បានលក់ដីខ្លះ ដោយមានមេភូមិធ្វើលិខិតបញ្ជាក់ដឹងលឺទៀតផង និងមាន ឈ្មោះ នុត ថា បច្ចុប្បន្នជាក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត បានលួចលក់ដីគាត់ខ្លះផងដែរ តែបច្ចុប្បន្ននៅសល់ជាក់ស្តែងត្រឹម៥,៥៥៨ម៉ែតការ៉េដែរ (មានជំនាញសុរិយោដីវាស់ដោយGPSត្រឹមត្រូវ) ដែលលោកស្រីកំពុងអាស្រ័យផល ដាំដំណាំ និងបានធ្វើរបងលួសព័ទ្ធជុំវិញត្រឹមត្រូវទៀតផង។ហើយជាញឹកញាប់ថ្មីៗនេះ បន្ទាប់ពីស្វាមីអ្នកស្រីបានស្លាប់ អ្នកស្រីបានទៅជួបមេភូមិ និងចៅសង្កាត់ដើម្បីស្នើសុំធ្វើពាក្យកាន់កាប់ដី ប៉ុន្តែ លោក សុខ កុយ មេភូមិទួលប្រាសាទ មិនព្រមបញ្ជាក់ឲ្យទេ ពេលខ្លះក៏ទារលុយនិងសុំយកដីខ្លះជាថ្នូរ ប៉ុន្តែថ្មីៗនេះលោកមេភូមិបានអះអាងថា ដីនោះមិនហ៊ានបញ្ជាក់ឲ្យទេ ព្រោះជាដីរបស់ លោក ង៉ោ ម៉េងជ្រូន អតីតអភិបាលក្រុងប៉ោយប៉ែតទៅវិញ។លោក ភោគ លន់ ចៅសង្កាត់ប៉ោយប៉ែត ក៏ធ្លាប់បានប្រាប់ឈ្មោះ នាង ស្រីម៉ៅ ថា មូលហេតុដែលគាត់មិនព្រមធ្វើពាក្យកាន់កាប់ដីឲ្យ ព្រោះដីនោះ ជារបស់ លោក ង៉ោ ម៉េងជ្រូន ដែរ ប៉ុន្តែ ថ្មីៗនេះ លោកចៅសង្កាត់ លែងហ៊ាននិយាយដូចមុនទៀតហើយ ក្រោយ ថ្មីពិត បានសុំការបំភ្លឺពី លោក ង៉ោ ម៉េង ជ្រូន តែលោកចៅសង្កាត់ បែរជាប្រាប់ថា ដីនោះជារបស់អ្នកនៅភ្នំពេញទៅវិញ ថែមទាំងមានប្លង់រឹងទៀតផង ប៉ុន្តែ លោកចៅសង្កាត់មិនហ៊ានបង្ហាញប្លង់រឹងនិងឈ្មោះម្ចាស់ប្លង់រឹងនោះ ដល់អ្នកយកព័ត៌មានយើងទេ ហាក់ដូចជាខ្លាចៗ អំណាច និងទឹកប្រាក់នរណាម្នាក់ ដោយសន្យាថានឹងកោះហៅតំណាងម្ចាស់ប្លង់រឹង មកដោះស្រាយគ្នាថ្ងៃមុខ។ ស្រាប់តែ៤ថ្ងៃក្រោយមក លោកចៅសង្កាត់ក៏ប្រែចិត្ត ព្រមផ្តល់លិខិតទិញលក់ដី ២សន្លឹក ដែលឈ្មោះ នាងស្រីម៉ៅ និង ស្វាមីបានលក់។លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានបំភ្លឺការចោទប្រកាន់ របស់មេភូមិ និង ចៅសង្កាត់ខាងលើ ឲ្យ ថ្មីពិត ដឹងថា លោកមិនជាប់ពាក់ព័ន្ធដីខាងលើទេ លោកជាអ្នកធ្វើការរាជការ មានតែដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ មិនដែលមានក្រុមហ៊ុន និង ក៏មិនដែលរកស៊ីទិញលក់ដីជាមួយនរណាដែរ។ ចុងក្រោយលោកបានសំណូមពរ ឲ្យអ្នកកាសែត ទៅជួប មេភូមិ និង ចៅសង្កាត់ ដើម្បីសួររក ឯកសារភស្តុតាងបញ្ជាក់ថា លោកអភិបាលរងមានក្រុមហ៊ុន និងការទិញលក់ដី ខាងលើ។បន្ទាប់ពីឃើញលិខិតទិញលក់ដីនោះ ឈ្មោះ នាង ស្រីម៉ៅ បានទទួលស្គាល់ថា ពិតជាបានលក់ដីឲ្យអ្នកទាំងនោះមែនក្នុងចំណោម៣ហិកតានោះ មានទាំងមេភូមិ សុខ កុយ ធ្វើលិខិតបញ្ជាក់ដឹងលឺទៀតផង បន្ទាប់ពីទិញដីរួច អ្នកទិញបានចុះវាស់វែងព័ន្ធធ្វើរបងរួចជាស្រេច គឺមិនពាក់ព័ន្ធដីដែលនៅសល់ជាង៥ពាន់ម៉ែតការ៉េនោះទេ។ ឈ្មោះ នាង ស្រីម៉ៅ នៅតែឆ្ងល់ថា ហេតុអ្វីបានជា មេភូមិ សុខ កុយ និង ចៅសង្កាត់ ភោគ លន់ នៅតែមិនព្រមចេញលិខិតកាន់កាប់ដីជូនគាត់? តើមានអាថ៌កំបាំងអ្វីនៅពីក្រោយពិតប្រាកដ? ទោះបីជា គាត់បានទៅជួបចៅសង្កាត់ ស្នើសុំដោះស្រាយ និង សួររកនរណា ជាអ្នកជំទាស់មិនឲ្យចេញលិខិតឲ្យគាត់ ស្ទើរសឹកផ្លូវសង្កាត់អស់ទៅហើយ ក៏នៅតែគ្មានដំណោះស្រាយទាល់តែសោះ។ចុងក្រោយ ឈ្មោះ នាង ស្រីម៉ៅ សង្ឃឹមតែលើ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ឯកឧត្តម អ៊ុំ រាត្រី ភិបាលខេត្តបន្ទាយមានជ័យ ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិខេត្តបន្ទាយមានជ័យ សូមមេត្តាជួយស្វែងរកការពិត និង អន្តរាគមន៍ឲ្យអាជ្ញាធរមូលដ្ឋាន មាន លោក សុខ កុយ មេភូមិទួលប្រាសាទ និង លោក ភោគ លន់ ចៅសង្កាត់ប៉ោយប៉ែត ជួយទទួលស្គាល់ និងធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លីឲ្យបានស្របច្បាប់ដូចគេឯងផង៕ សម្លេងខ្មែរពិត
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ