ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សម្តេច​តេជោ ហ៊ុន សែន អបអរសាទរ និង​ប្រគល់​រង្វាន់​លើកទឹកចិត្ត សិស្ស​និទ្ទេស (A) ចំនួន​៤៤៣​នាក់
Tue,08 October 2019 (Time 12:19 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 485នាក់)


សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្ដល់​រង្វាន់​លើកទឹកចិត្ត​ដល់​ក្មួយៗ ចៅៗ សិស្សានុសិស្ស​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ដែល​ទទួលបាន​និទ្ទេស​(A)​ចំនួន​៤៤៣​នាក់ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ ៩ កើត ខែ អ​ស្សុជ ឆ្នាំ កុ​រ ឯកស័ក​ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៩​នេះ​។​

​ឆ្នាំ​២០១៩​នេះ គឺជា​ឆ្នាំ​ទី​៦​ហើយ ដែល​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ផ្តល់​កិត្តិយស​ជូន​សិស្ស​ជាប់​និទ្ទេស (A) បាន​ចូលជួប​សំណេះសំណាល​ដោយ​ផ្ទាល់​។ ការផ្តល់​ឱកាស​ឱ្យ​សិស្ស​និទ្ទេស (A) ចួលជួប​សំណេះសំណាល​ដោយ​ផ្ទាល់​នេះ គឺជា​ការផ្តល់​តម្លៃ និង​លើកទឹកចិត្ត​ដ៏​ឧត្តុង្គឧត្តម​មួយ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​សម្រាប់​អ្នកសិក្សា ជាពិសេស​ក្មួយៗ ចៅៗ សិស្សានុសិស្ស ដែល​បាន​ខិត​ចំ​ប្រឹង​ប្រែ​រៀនសូត្រ​។​

​ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​សប្បាយរីករាយ និង​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​កូនក្មួយ និង​ចៅៗ ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ទទួលបាន​និទ្ទេស (A) នាពេលនេះ​។​

​ក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានក៏​ផ្តាំផ្ញើ​នូវ​ព្រះរាជបណ្តាំ​របស់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​ចៅៗ​ដែល​បាន​ទទួល​បាន​និន្ទេស (A) ទាំងអស់​។ ហើយ​សម្រាប់​ប្រាក់រង្វាន់​នា​ឆ្នាំ​នេះ គឺ​មាន​ប្រាក់​កាក់​ដែល​ជា​ព្រះរាជ​អំណោយ​ដ៏​វិសេសវិសាល​បំផុត​របស់​ព្រះអង្គ​ផង​ដែរ ដែល​ម្ពុ​ជា​បាន​បោះពុម្ពផ្សាយ ដើម្បី​អបអរសាទរ​ខួប ១៥​ឆ្នាំ​នៃ​ការឡើង​គ្រោង​រាជសម្បត្តិ​របស់​ព្រះអង្គ (២០០៤-២០១៩) ហើយ​នៅ​ថ្ងៃនេះ​ផងដែរ កម្ពុជា​យើង​ក៏​បាន​អនុញ្ញាត​អោយធ្វើ​ចរាច​រ​នូវ​ក្រដាសប្រាក់​១៥,០០០​រៀល ដែល​ជា​ក្រដាសប្រាក់​ទើប​ចេញ​ថ្មី​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​បាន​ខិតខំ​សម្របសម្រួល​ក្នុង​ការប្រឡង​បាក់​ឌុប​នៅ​ទូទាំង​ប្រទេស ដែល​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនភាព​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​កោតសរសើរ​ចំពោះ​សិស្ស​នារី ដែល​បាន​ប្រឡង​ជាប់​ច្រើន​ជាង​បុរស​សម្រាប់​ឆ្នាំនេះ​។ សម្តេច​តេជោ បាន​បន្ត​ជំរុញ​និង​លើកទឹកចិត្ត​អោយ​សិស្ស​ជា​នារី​បន្ត​ការខិតខំ​រៀនសូត្រ​អោយ​បាន​ខ្លាំង​ថែម​ទៀត ដើម្បី​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​សំខាន់​នៅក្នុង​សង្គមជាតិ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ផងដែរ​ចំពោះ​ក្មួយៗ​ចៅៗ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ទទួលបាន​លទ្ធ​ផល​ល្អ​បែបនេះ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​អប់រំ​យុវជន និង​កីឡា មន្ទីរអប់រំ នៅតាម​បណ្តា​ខេត្ត​នានា លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល​សិស្ស​ទាំងអស់ ដែល​បាន​រួមចំណែក​
​នាំមក​នូវ​ភាព​ជោគជ័យ​សម្រាប់​ក្មួយៗ និង​ចៅៗ​។ ជាងនេះទៅទៀត សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ដល់​លោកគ្រូ អ្នកគ្រូ ,​អាជ្ញាធរ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អ្នក​ពាក់​ពន្ធ័​ទាំង​អស់​ដែល​បាន​ចូលរួម​វគ្គ​បំប៉ន​ដល់​សិស្សានុសិស្ស​កន្លងមក មុន​ការប្រឡង​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​មិន​ជាប់​នៅ​ឆ្នាំនេះ គឺ​ត្រូវ​ខិតខំ​បន្ថែម​ទៀត​នៅ​ឆ្នាំក្រោយ ឬ​អាច​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញារ​ង ឬ​អាច​ចូល​សិក្សា​ជំនាញ​បច្ចេកទេស​ផ្សេងៗ​ក៏បាន គឺ​ក្រសួង​អប់រំ​ផ្តល់ឱកាស​ច្រើន​សម្រាប់​ក្មួយៗ​និង​ចៅៗ​។​

​នៅក្នុង​ពេល​ថ្លែង​ទៅកាន់​ក្មួយៗ និង​ចៅៗ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​រំលឹក​ពី​ភាព​ខ្ទេចខ្ទាំ​នៃ​វិស័យ​អប់រំ​នៅក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​ពេលនោះ​ធនធាន​អ្នកចេះដឹង​ជាច្រើន​ត្រូវបាន​សំលាប់​ចោល ហើយ​សាលារៀន​មួយចំនួន​ក៏​ត្រូវបាន​ក្លាយទៅជា​គុក និង​ជា​កន្លែង​ឃុំឃាំង​ដាក់​មនុស្ស​។ ក៏​ប៉ុន្តែ​ក្រោយពី​យើង​បាន​រំដោះ​ប្រទេស​និង​ទទួលបាន​នូវ​សុខសន្តិភាព គឺ​យើង​បាន​ខិតខំ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដែល​បាន​កើន​មាន​ឡើង​ជា​បន្តបន្ទាប់ ជាពិសេស​រាជរដ្ឋាភិបាល​បាន​ពង្រាយ​សាលារៀន​តាំងពី​ទីប្រជុំជន​រហូត​ដល់​ទី​ជនបទ​ដាច់ស្រយាល​រាប់ពាន់​ខ្នង​ដើម្បី​ទុក​អោយ​កូនចៅ​ប្រជាពលរដ្ឋ​បាន​សិក្សា​រៀនសូត្រ​គ្រប់ៗ​គ្នា​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្នើសុំ​អោយ​អាជ្ញាធរ​យកចិត្តទុកដាក់​តាមដាន​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​នានា ជា​ពិសេស​ត្រូវ​ពិនិត្យមើល​សាលារៀន​ណា​ដែល​ទទួលរង​ការលិចលង់​ដោយ​ទឹកជំនន់ ត្រូវ​រៀបចំ​អោយបាន​ល្អ​មុននឹង​អោយ​សិស្ស​ចូលរៀន​ចៀសវាង​ខ្លាច​អគារ​បាក់បែក​ធ្លាក់​ពីលើ​សិស្ស​។​

​ជាថ្មី​ម្តងទៀត ទាក់ទង​ទៅនឹង​រឿង​នយោបាយ​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ទទួល​ទាន​អំបុក​ទាំងអស់គ្នា​នៅ​ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ គឺ “​ហូប​អំបុក​ការពារជាតិ​, សាសនា​, ព្រះមហាក្សត្រ​”​។ ហើយ​សម្តេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាងច្បាស់ៗ​ថា អ្នកណា​ក៏​ដោយ​ដែល​ចូលរួម​ក្នុង​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល ឬ​ការធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​នោះ គឺ​ត្រូវ​ទទួលខុសត្រូវ និង​ត្រូវ​ទទួលទោស​ទៅតាម​ច្បាស់​។ សម្តេច​តេជោ​មិន​អនុញ្ញាត្តិ​អោយ​ក្រុម​ឧទ្ទាមណាម​ក​បំផ្លា​ញ​សន្តិភាព​នៅ​កម្ពុជា​បាន​ជាដាច់ខាត​។​

​ចំពោះ​រង្វាន់​លើកទឹកចិត្ត​ដល់​កូន​ក្មួយ​និង​ចៅៗ​ដែល​ទទួលបាន​និទ្ទេស (A) ទាំង​៤៤៣​នាក់ គឺ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ២​លាន​រៀល​, សៀវភៅ​អប់រំ​ទូន្មាន​២​ក្បាល (​សៀវភៅ ភិរម្យ អ៊ូ (​ក្រម ង៉ុយ​) និង​បណ្ឌិត អ៊ូ ចុង​) , iPad ម្នាក់​មួយ​គ្រឿង ដែល​ជា​អំណោយ​របស់​ក្រុម ហ៊ុន ជីប ម៉ុង ព្រមទាំង​ប្រាក់​កាក់​ស្លឹង​ខ្មែរ (​បោះពុម្ព​ឆ្នាំ ១៥១៤ ដែល​បាន​ស្រាវជ្រាវ​យក ពី​ប្រទេស​ហូឡង់​មកវិញ​) ចំនួន​១ និង​ប្រាក់​កាក់​មាស ដែលជា​ព្រះរាជ​អំណោយ​របស់ ព្រះករុណា​សម្តេច​ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ម្នាក់​ទទួលបាន​១​ផងដែរ​។​

​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ដែល​ជា នាយក​សាលា បាន​អញ្ជើញ​ចូលរួម​សរុប​ចំនួន ១៨៨​នាក់ ដែល​ម្នាក់ៗ​ទទួលបាន ថវិការ​ចំនួន ១​លាន​រៀល ជាមួយ​សៀវភៅ​អប់រំ​ទូន្មាន​២​ក្បាល របស់​ភិរម្យ អ៊ូ (​ក្រម ង៉ុយ​) និង​បណ្ឌិត អ៊ូ ចុង ព្រមទាំង​ប្រាក់​កាក់​ស្លឹង​ខ្មែរ​១​គ្រឿង និង​ប្រាក់​កាក់​មាស​ដែល​ជា​ព្រះរាជ​អំណោយ​របស់ ព្រះករុណា​សម្តេច​ព្រះបរមនាថ នរោត្តម សីហ​មុនី ម្នាក់​១​ផងដែរ ហើយ​សាលា​នី​មួយៗ​ដែល​មាន​សិស្ស​ជាប់​និន្ទេស (A) គឺ​ក្នុង​មួយ​សាលា​ទទួល​បាន​ថវិការ ៣​លាន​រៀល​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ដល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និង​កូនក្មួយ ព្រម​ទាំង​ចៅៗ សិស្សានុសិស្ស​ទាំងអស់​ជួប​តែ​សេចក្តីសុខ​ចម្រើន និង​ទទួលបាន​ជោគជ័យ​ថ្មីៗ​ជា​បន្ត​ទៀត​ក្នុង​ការសិក្សា​រៀនសូត្រ និង​ក្នុង​ការអប់រំ​ផ្តល់​នូវ​ចំណេះដឹង​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ជា​បន្ត​ទៀត​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ផ្តល់​កិត្តិយស​ថតរូប អនុស្សាវរីយ៍​ជាមួយ​កូនក្មួយ និង​ចៅៗ សិស្សានុសិស្ស​ដែល​ជាប់​និទ្ទេស (A) ក្នុង​បរិយាកាស​ស្និទ្ឋស្នាល និង​សប្បាយរីករាយ​ក្រៃលែង​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ