ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​កំពង់ផែ​កែវផុស​ខេត្ត​ព្រះសីហនុ​តាម​អំពើ​ចិត្ត​
Sun,13 October 2019 (Time 08:12 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 589នាក់)


ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​ច្រក​កំពង់ផែ​កែវផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​កែវផុស កាន់តែ​ច្រើនឡើងៗ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ទន្ទឹមនឹងនេះ​លោក ហេង សំ​ហៃ ប្រើ​តួនាទី​និង​អំណាច​រាប់​ក្បាល​រថយន្ត​ដឹក​ទំនិញ​របស់​ឈ្មួញ​យកលុយ​តាម​អំពើ​ចិត្ត​រហូតដល់​ឈ្មួញ​ខ្លះ​អត់ធ្មត់​តទៅ​ទៀត​លែង​បាន ក៏​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហេង សំ​ហៃ ជា​បន្តបន្ទាប់​។ ប្រភព​ពី​មន្ត្រី​នៅ​ច្រក​កែវផុស បាន​បង្ហើប​ឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​ច្រក​កែវផុស តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​រឿងអាស្រូវ​និង​អំពើពុករលួយ​របស់​ខ្លួន​យ៉ាង​គឃ្លើន​បំផុត​។​

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​កំពង់ផែ​កែវផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ឈ្មួញ​ធំៗ​ជាច្រើន​នាក់​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​កំពង់ផែ​កែវផុស កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បានឲ្យដឹង​ទៀតថា ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​កំពង់ផែ​កែវផុស សុទ្ធតែ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​ច្រក​កំពង់ផែ​កែវផុស ដើម្បីឲ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ប្រភព​ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បានឲ្យដឹងថា ករណី​លោក ហេង សំ​ហៃ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​តាម​កំពង់ផែ​កែវផុស ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

មន្ត្រី​នៅ​ច្រក​កំពង់ផែ​កែវផុស មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា មាន​ឈ្មួញ​ធំៗ​ច្រើន​នាក់​ដែល​រកស៊ី​នាំ​ទំនិញ​ចូល​តាម​ច្រក​កែវផុស ក្នុងនោះ​មានដូចជា ឈ្មួញ​ឈ្មោះ តា​ធី ឈ្មួញ​ឈ្មោះ ហុង ឡេង​ហួរ ឈ្មួញ​ឈ្មោះ ចែ​វី ឈ្មួញ​ឈ្មោះ ចែ​ហួង ឈ្មួញ​ឈ្មោះ តា​កូ និង​ឈ្មួញ​ឈ្មោះ យាយ​ស៊ី ជាដើម​កំពុង​រកស៊ី​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​កែវផុស យ៉ាង​ពេញបន្ទុក​។ ប្រភព​បានឲ្យដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រក​កែវផុស មានដូចជា សំបក​កង់​រថយន្ត ប្រេង​ម៉ាស៊ីន ស្រា​បៀរ ភេសជ្ជៈ​ច្រើន​ប្រភេទ គ្រឿង​អេឡិចត្រូនិក និង​គ្រឿង​សង្ហា​រឹម​ជាដើម ដោយ​បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​។ ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជា​មួយ​លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​ច្រក​កែវផុស យ៉ាង​សុខ​ស្រួល ហើយ​លោក ហេង សំ​ហៃ ថែម​ទាំង​ឃុបឃិត​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ដែល​ឈ្មួញ​នាំ​ចូល​ដើម្បី​ប្រមូល​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​យ៉ាង​រលូន​។​

​មន្ត្រី​គយ​នៅក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ដោយសារ​លោក ហេង សំ​ហៃ ប្រធានការិយាល័យ​គយ​ច្រក​កែវផុស អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ជា​ពិសេស​ពាក់ព័ន្ធ​ទៅ​នឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បានឲ្យដឹង​ទៀតថា ដើម្បី​បិទបាំង​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន គឺ​លោក ហេង សំ​ហៃ តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម ដែល​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ទន្ទេញ​ជាប់មាត់​ដើម្បី​គាបសង្កត់​ទៅលើ​ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​មិន​ឲ្យ​តវ៉ា​បាន​ឡើយ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​លោក ហេង សំ​ហៃ មេ​គយ​ច្រក​កែវផុស ខ្លះ​ផង​ព្រោះ​បច្ចុប្បន្ន​លោក ហេង សំ​ហៃ កំពុង​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើ​ពុករលួយ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ