ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​អភិបាលខេត្ត​ព្រះសីហនុ បញ្ចប់​បេសកកម្ម​ការងារ​នៅ​ប្រទេស​ចិន​, ខិតខំ​ទាក់ទាញ​វិនិយោគិន​ចិន មក​រកស៊ី​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងឡើង​
Sun,23 September 2018 (Time 08:31 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 618នាក់)


(​ភ្នំពេញ​)៖ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន ពី​លទ្ធផល​ក្នុង​បេសកកម្ម ចូលរួម​វេទិកា​សេដ្ឋកិច្ច​អាស៉ី​-​ពិភពលោក ដែល​បាន​ធ្វើ​នៅ​ប្រទេស​ចិន លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ប្រតិភូ​កម្ពុជា បាន​ខិតខំ​អូសទាញ​អ្នក​វិនិយោគ​ចិន​យ៉ាងខ្លាំង ឲ្យមក​វិនិយោគ​បន្ថែមទៀត ក្នុង​ខេត្ត​ព្រះសីហនុ​។​

​តំណាង​ឲ្យ​គណៈប្រតិភូក​ម្ពជា ដែល​បាន​ចូលរួម​វេទិកា​ដ៏​ធំ​មួយ​នេះ លោក យន្ត មីន បានឲ្យដឹង​ទៀតថា វេទិកា​សេដ្ឋកិច្ច​អាស៉ី​-​ពិភពលោក មាន​អ្នកចូលរួម​ជាង​៦០០០​នាក់ មកពី​បណ្តា​ខេត្ត​ជាង​៥០០​នៅ​អាស៉ី ហើយ​ប្រទេស​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នេះ សុទ្ធតែ​បាន​ប្រឹងប្រែង កៀរគរ​អ្នកវិនិយោគ​ចិន ឲ្យទៅ​បណ្តាក់​ទុន​រកស៉ី​នៅ​ប្រទេស​គេ​ដូច​គ្នា ដោយសារ​ប្រទេស​ចិន គឺជា​មហា​យក្ស​សេដ្ឋកិច្ច​ដ៏​ធំ​។​

​ថ្លែង​នៅ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​យប់​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក យន្ត មីន បានបញ្ជាក់​ថា ទី​១៖​ប្រតិភូ​កម្ពុជា​បាន​ពន្យល់​អភិបាលខេត្ត​នានា ឲ្យបាន​ដឹង​ពី​សក្តានុពល​របស់​ខេត្ត​ព្រះសីហនុ ទី​២៖​ប្រឹងប្រែង​ចង​សម្ព័ន្ធមេត្រី​ជាមួយ​ខេត្ត​ផ្សេងៗ និង​ទី​៣៖​ខិតខំ​អូសទាញ​បន្ថែមទៀត ចំពោះ​អ្នកវិនិយោគ​ចិន ឲ្យមក​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ​។​

​លោក យន្ដ មីន បាន​គូសបញ្ជាក់ថា កំណើន​ជនបរទេស​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដូចជា​ការកើនឡើង​នូវ​វិស័យ​សំណង់ និង​អចលនទ្រព្យ​មាន​តម្លៃ​ខ្ពស់ សម្បូរ​សណ្ឋាគារ កាស៉ីណូ និង​ភោជនីយដ្ឋាន​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ និង​ប្រាក់​ចំណូល​ពន្ធ​កើនឡើង​ជា​ដើម​។ លោក​បន្តថា ដោយសារ​មាន​អ្នកវិនិយោគ​ជាច្រើន ជាពិសេស​អ្នកវិនិយោគ​ចិន មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ធ្វើឲ្យ​មាន​ការរីកចម្រើ​ន​ខ្លាំងណាស់ ធ្វើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត មាន​កំណើន​សេដ្ឋកិច្ច ទំនិញ​ឡើងថ្លៃ របស់របរ​លក់ដាច់​ខ្លាំងណាស់ ទីផ្សារការងារ​មាន​ការងារ​ធ្វើ​ច្រើន​ដល់​ប្រជាពលរដ្ឋ​។​

​បើ​តាម​លោក​អភិបាលខេត្ត ទោះបីជា​មាន​មតិ​មួយចំនួន បាន​រិះគន់​ខេត្ត​ព្រះសីហនុ​ថា មាន​សកម្មភាព​ប្រជាជន​ចិន ធ្វើឲ្យ​ប៉ះពាល់​សន្តិសុខ​យ៉ាងណាក្តី តែ​លោក​ថា ខេត្ត​កំពុង​ព្យាយាម​សម្របសម្រួល ឲ្យ​សន្តិសុខ​ទាំងនោះ មាន​ភាពល្អប្រសើរ​។ លោក​ថា ក្នុង​សេដ្ឋកិច្ច​ទីផ្សារសេរី គេ​ត្រូវការ​ប្រទេស​ដែល​ជា​អ្នកមាន ឲ្យចូល​មក​វិនិយោគ ព្រោះនេះ​ជា​ផ្លូវ​តែ​មួយគត់ ក្នុង​សេដ្ឋកិច្ច​ទំនើប នាពេល​បច្ចុប្បន្ន​នេះ​។​

​លោក យន្ត មីន បាន​បញ្ជក់​បន្ថែមថា «​បណ្តា​ប្រទេស​នៅលើ​ពិភពលោក មាន​ច្រើន​ណាស់​ដែល​គេ​ចាប់​អារម្មណ៍​ពី​ចិន អញ្ចឹង​យើង​ខិតខំ​អូសទាញ​ចិន​មក ហើយ​មាន​ខេត្ត​ដ៏ទៃទៀត ខិតខំ​អូសទាញ​ចិន​ទៅ​ប្រទេស​គេ​ដូចគ្នា ចង់បាន​ចិន​ទៅ​ណាស់ ដោយសារ​ចិន​មាន​លុយ​ច្រើន​។ សព្វថ្ងៃនេះ យើង​មិន​អាច​រស់​នៅ​ឯកោ​បានទេ សព្វថ្ងៃ​នេះ​ការប្រកួតប្រជែង​ទីផ្សារសេរី ប្រកួតប្រជែង​ដើម្បី​អភិវឌ្ឍ​ប្រទេស​គេ អញ្ចឹង​មាន​តាំង​ពី​ថៃ វៀតណាម ជប៉ុន ទៅ​ជាមួយ​គ្នា​ហ្នឹង គេ​ឆ្លៀត​អូសទាញ​ចិន​ទៅ​វិនិយោគ​ប្រទេស​គេ ដូច​យើង​អញ្ចឹង​ដែរ​»​។​

​លោក​បានឲ្យ​ដឹង​ដែរថា ខេត្ត​ព្រះសីហនុ ពិត​ជា​ខេត្ត​ដែល​សាក​សម​នឹង​ទទួល​ការវិនិយោគ​ថែមទៀត ព្រោះ​ខេត្ត​នេះ ជា​ទីកន្លែង​មួយ ដែល​មាន​សក្តានុពល​ខ្លាំង លើ​វិស័យសេដ្ឋកិច្ច​។ លោក​បន្ត​ដោយ​មាន​ទំនុកចិត្ត​ថា ការប្រឹងប្រែង​កៀរគរ​អ្នកវិនិយោគ​របស់លោក នឹង​មាន​ភាព​ជោគជ័យ ដោយសារ​ប្រទេស​កម្ពុជា មាន​សន្តិសុខ និង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ល្អ ធ្វើ​ឲ្យ​អ្នកវិនិយោគ មាន​ទំនុកចិត្ត​។​

​លោក​អភិបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា «​យើង​មាន​ចំណុច​សំខាន់ៗ​ជាច្រើន ដោយសារ​ប្រទេស​យើង​មាន​សន្តិភាព គោលនយោបាយ​រាជរដ្ឋាភិបាល​យើង ការពង្រឹង​សន្តិសុខ សុវត្ថិភាព ធ្វើឲ្យ​គេ​មាន​ការជឿជាក់​លើ​ប្រទេស​យើង អញ្ចឹង​នេះ​ជា​ឱកាស​មួយ​ធំ​ណាស់​។ គួបផ្សំ​នឹង ខេត្ត​ព្រះសីហនុ​របស់​យើង គឺជា​ខេត្ត​មួយ​ដែល​មាន​ភូមិសាស្ត្រ​អំណោយផល មាន​សមុទ្រ មាន​កោះ ខ្យល់​អាកាស ត្រី​សមុទ្រ ភូមិសាស្ត្រ​ស្អាត ធ្វើឲ្យ​គេ​មាន​ការចាប់អារម្មណ៍ ធ្វើ​ការវិនិយោគ​ក្នុង​ខេត្ត មាន​កំពង់ផែ​ទឹក​ជ្រៅ​សម្រាប់​នាំ​ទំនិញ​ចេញចូល​»​។​

​សូមជម្រាបថា កំណើន​ជនជាតិ​ចិន បាន​កើនឡើង​យ៉ាងគំហុក ក្នុង​ខេត្ត​ព្រះសីហនុ​ចាប់តាំងពី​ឆ្នាំ​២០១៧ បន្ទាប់​ពី​ទំនាក់ទំនង​កម្ពុជា​-​ចិន កាន់តែ​មាន​មាន​ភាពស្អិតល្មួត​។ ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយឥតសំណង និង​កម្ចី​មក​កម្ពុជា​ជា​បន្តបន្ទាប់ ហើយ​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ចិន ក្នុង​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ឲ្យក្លាយ​ជា​តំបន់​ទេសចរណ៍​អន្ដរជាតិ និង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​។​

​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ មាន​ភ្ញៀវ​ទេសចរណ៍ និង​វិនិយោគិន​ជា​ជនបរទេស​យ៉ាងច្រើន ចូលមក​ស្នាក់​នៅ និង​បណ្តាក់ទុន​ក្នុង​ខេត្ត​នេះ​។ ជនបរទេស​ដែល​មក​ស្នើសុំ​សៀវភៅ​ការងារ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ជាង​៦​ពាន់​នាក់​(៦,៣៨៥​នាក់​) ក្នុងនោះ​ជនជាតិ​ចិន​មាន​ចំនួន​ជាង​៤​ពាន់​នាក់​(៤,៤៩៨​នាក់​) ស្មើ​នឹង​ប្រមាណ​ជា​៧០% នៃ​ជនបរទេស​ចំនួន​៦១​សញ្ជាតិ​។​

​បើ​យោង​តាម​តួលេខ របស់​ក្រសួង​ទេសចរណ៍ កម្ពុជា​រំពឹងថា នឹង​ទទួលបាន​អ្នកទេសចរ​ចិន ប្រមាណ​ជា​២​លាន​នាក់​នៅ​ឆ្នាំ​២០២០​។ កាលពី​ឆ្នាំ​២០១៦ កម្ពុជា​បាន​ទទួល​ទេសចរ​ចិន​ប្រមាណ​៨៣​ម៉ឺន​នាក់​។ ចំណែក​នៅក្នុង​ឆ្នាំ​២០១៧ ទេសចរ​ជនជាតិ​ចិន​មក​កម្ពុជា​មាន​ចំនួន​ជាង​៩​សែន​នាក់​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ