ខេត្តកំពត ៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអគ្គលេខាធិការគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រគល់ប័ណ្ណ ប ស ស ជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពត ចំនួន៥៧៨នាក់។បើយោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ យឹម ប៊ុនធឿន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត បានឱ្យដឹងថា នៅឆ្នាំ២០១៨នេះ គណៈកម្មាធិការ ស អ ក ខេត្តកំពត សម្រេចការងារបានល្អប្រសើរ ហើយបន្ទាប់ពីមហាសន្និបាតសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ត្រូវបានប្រគល់ជូនតំបន់ប្រតិបតិ្តការសឹករងកំពត គឺលោកបានសហការបានល្អប្រសើរ រវាងស្ថាប័នពាក់ព័ន្ធមួយចំនួន ដើម្បីដំណើរការលើភារកិច្ចធំៗជាច្រើនផងដែរ។ជាមួយគ្នានេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា អតីតយុទ្ធជនគឺជាអ្នកដែលមានគុណបំណាច់លើប្រទេសជាតិ ដោយគាត់បានលះបង់តស៊ូ ឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាងដើម្បីការពារជាតិ មាតុភូមិ ហើយក្នុងឱកាសនេះ លោកក៏សូមផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធ ពិសេស បងប្អូនអតីតយុទ្ធជនទាំងអស់សូមថែរក្សាសុខភាពឱ្យបានរឹងមាំ។ថ្លែងសំណេះសំណាលនាឱកាសនោះ លោកបណ្ឌិត គន់ គីម បានលើកបញ្ជាក់ថា លោកសូមថ្លែងអំណរគុណដល់អតីតយុទ្ធជនក្នុងខេត្តកំពតទាំងអស់ ដែលកន្លងមកខិតខំតស៊ូគ្រប់ឧបសគ្គដើម្បីបម្រើនិងការពារប្រទេសជាតិយើង ហើយក្នុងពិធីប្រគល់ប័ណ្ណ ប ស ស ជូនដល់អតីតយុទ្ធជនកម្ពុជាខេត្តកំពតចំនួន៥៧៨នាក់នេះ គឺមានប្រយោជន៍យ៉ាងធំធេង ហើយប័ណ្ណនេះវាមានតម្លៃអាចយកទៅប្រើប្រាស់សម្រាប់យកទៅពិនិត្យសុខភាព និងព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យនៅទូទាំងប្រទេសដោយមិនគិតថ្លៃ ពិសេសមន្ទីរពេទ្យធំៗ នៅរាជធានីភ្នំពេញ។លោកបណ្ឌិត គន់ គីម បានបន្តថា អតីតយុទ្ធជន គឺជាកងកម្លាំងចូលនិវត្តន៍ដែលមានវ័យចំណាស់ ចឹងហើយត្រូវតែថែរក្សាសុខភាព ពិនិត្យសុខភាពឱ្យបានទៀងទាត់ នៅទីណាក៏ដោយ ឱ្យតែមានប័ណ្ណមួយសន្លឹកនេះដូចមានថវិកាសម្រាប់ព្យាបាលជំងឺមួយជីវិត។លោកបណ្ឌិត គន់ គីម បានបញ្ជាក់ទៀតថា តាមសំណូមពររបស់ប្រធានសមាគមពីការខ្វះខាតកន្លងមក ដូចជាបងប្អូនអតីតយុទ្ធជន មានដីហើយប៉ុន្តែខ្វះលទ្ធភាពសង់ទីជម្រកចំនួន២០គ្រួសារនោះ ឥឡូវនេះសម្តេច ហ៊ុន សែន បានសម្រេចផ្តល់ជូនចំនួន២០ខ្នង តាមសំណើររបស់ខេត្តកំពតហើយ។ដោយឡែកចំពោះអតីតយុទ្ធជនចំនួន១៩គ្រួសារទៀត ដែលពុំទាន់មានដី ពុំទាន់មានផ្ទះ លោកនឹងជជែកជាមួយ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានកិតិ្តយស ឱ្យលោកអភិបាលខេត្តជួយរកដីសម្បទានសង្គមកិច្ចតំបន់ណាមួយដើម្បីឱ្យជួយរកដីសម្រាប់ចែកជូនដល់បងប្អូនយើងសង់លំនៅដ្ឋាន។ ចំណែកលោកនឹងជួយរកឈើដើម្បីសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជនយើង ហើយខណៈនេះលោកក៏មានមូលនិធិផ្ទះឈើចំនួន១០០ខ្នង ដែលសម្តេចតេជោ ប្រទានឱ្យកាលពីមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨កន្លងមកនេះ។លើសពីនេះ លោក ក៏បានដើរសាងសង់ផ្ទះឈើនៅតាមបណ្តាខេត្តជាប់ព្រំដែនបានចំនួន៥០០ខ្នងហើយដែរ។ក្នុងឱកាសនោះដែរ គណៈអធិបតី ក៏បានឧបត្ថម្ភថវិកាដល់បងប្អូនអតីតយុទ្ធជនខេត្តកំពតចំនួន៥៧៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០.០០០រៀលផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ