(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២១ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាលាខេត្តកំពត បានធ្វើពិធីបើកសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស ក្រោមអធិបតីភាព លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោក លោកស្រី ជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីតំណាងលេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃ ព្រមទាំងសមាជិក សមាជិកា នៃគណៈកម្មការមកពីគ្រប់បណ្តាខេត្ត ចំនួន២៥ ខេត្ត-ក្រុង ទូទាំងប្រទេស។ក្នុងពិធីបើកសន្និបាតនាព្រឹកនេះ លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានគូសបញ្ជាក់ថា ការរៀបចំសន្និបាតនាពេលនេះ គឺដើម្បីបូកសរុប និងវាយតម្លៃលើលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ និងស្វែងយល់ពីបញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំងដំណោះស្រាយ ដើម្បីបទពិសោធន៍យកទៅធ្វើការកែលម្អការបោះឆ្នោតលើកក្រោយៗទៀតឱ្យទទួលបានលទ្ធផលកាន់តែជោគជ័យបន្ថែមទៀត។លោកបានបន្តទៀតថា ដោយផ្អែកលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦កន្លងមកនេះឃើញថា មានគណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែង ហើយមានប្រជាពលរដ្ឋខ្មែរចំនួន៦.៩៥៦.៩០០នាក់ ស្មើនឹង ៨៣,០២% នៃប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន៨.៣៨០.២១៩នាក់ បានចេញទៅបោះឆ្នោតសម្តែងឆន្ទៈក្នុងការជ្រើសរើសតំណាងរបស់ខ្លួន។លោក នុត សុខុម បានបញ្ជាក់ទៀតថា បើពិនិត្យជារួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ត្រូវបានមតិជាតិ និងមតិអន្តរជាតិភាគច្រើនបានវាយតម្លៃថា អ្នកបោះឆ្នោតមានសេចក្តីសប្បាយរីករាយ និងគ្មានការភ័យខ្លាច ហើយការរៀបចំបញ្ជីបោះឆ្នោតក៏បានល្អ ព្រមទាំងអនុញ្ញាតឱ្យមានការថតទិដ្ឋភាព នៅពេលរាប់សន្លឹកឆ្នោតដែលជាឧត្តមានុវត្តមួយគួរអនុវត្តតាម ហើយក៏សរសើរថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុតិ្តធម៌ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ គ្មានអំពើហិង្សា ថែមទាំងល្អជាងការបោះឆ្នោតមុនៗទៀតផង។សូមបញ្ជាក់ថា សន្និបាតនេះ ត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២១និង២២ខែកញ្ញា ឆ្នាំ២០១៨ ដោយកម្មវិធីសន្និបាតនឹងត្រូវបិទនៅថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ