កែប ៖ សំរាមនិងកាកសំណល់គ្រប់ប្រភេទ ពិសេសសំណល់ប្លាស្ទិកជាដើមចមនៃការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ហើយក៏ជាកត្តាបង្កនាំឱ្យបាត់បង់សោភ័ណភាពតំបន់ទេសចរណ៍របស់យើងផងដែរ។នេះបើយោងតាមប្រសាសន៍របស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ថ្លែងក្នុងឱកាសទិវាសំអាតពិភពលោក "World Cleanup Day" ១៥កញ្ញា ២០១៨ នាព្រឹកថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៨ នៅមាត់ឆ្នេរកែប ដែលរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្តកែប។លោក កែន សត្ថា អភិបាលខេត្តកែប បានលើកឡើងទៀតថា នេះជាលើកទី១ ដែលក្រសួងបរិស្ថានបានផ្តួចផ្តើម ដោយបានសហការជាមួយអង្គការ Let's Do It! និងអង្គការ Go Green Cambodia ដើម្បីប្រារព្វទិវានេះឡើងក្នុងគោលបំណងឱ្យភពផែនដីទាំងមូលរក្សាបាននូវសុខដុមនីយកម្ម ឆ្ពោះទៅរកការលុបបំបាត់ទាំងស្រុងនូវការប្រើប្រាស់ប្លាស្ទិកនៅលើភពផែនដី។ លោកអភិបាលខេត្តបានបញ្ជាក់ផងដែរថា យើងត្រូវសហការរួមគ្នាដើម្បីកំចាត់និងលុបបំបាត់សំណល់ប្លាស្ទិកឱ្យបានចាប់ពីពេលនេះតទៅ ដូចជានៅតាមគ្រឹះស្ថានសាធារណៈ គ្រឹះស្ថានឯកជន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម សាលារៀន ផ្សារ ភូមិឋានប្រជាពលរដ្ឋ និងទីសាធារណៈនានា នៅទូទាំងខេត្តកែបរបស់យើង។ធ្វើបែបនេះដើម្បីរក្សាបាននូវភាពបៃតង ព្រមទាំងកាត់បន្ថយការឡើងកំដៅនៃៅលើភពផែនដី។លោក កែន សត្ថា ក៏បានគូសបញ្ជាក់ទៀតថា កន្លងមកអាជ្ញាធរខេត្តបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគាំពារបរិស្ថាន ដើម្បីលើកកម្ពស់វិស័យនេះឱ្យមានការរួមសហការពីមន្ទីរអង្គភាពជំនាញ ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិនានា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ព្រមទាំងវិស័យឯកជននានាក្នុងខេត្ត ដើម្បីបុព្វហេតុការពារគុណភាពបរិស្ថាន និងការអភិរក្សធនធានធម្មជាតិក្នុងខេត្តរបស់យើងឱ្យប្រើប្រាស់បានយូរអង្វែងសម្រាប់អ្នកជំនាន់ក្រោយ។ ជាងនេះទៅទៀត រដ្ឋបាលខេត្តបានចូលរួមដាំកូនឈើរាប់មឺុនដើមនៅតាមដងផ្លូវសាធារណៈ និងបានដាំដើមកោងកាងជាច្រើនដើមនៅតាមផ្លូវប្របមាត់សមុទ្រ ព្រមទាំងបានស្ថាបនា និងកែលម្អសួនច្បារសាធារណៈជាច្រើនកន្លែង ពិសេសតាមបណ្តោយផ្លូវភ្លោះជាច្រើនគីឡូម៉ែត្រ តាក់តែងដោយសួនផ្កា និងដើមឈើបៃតងគ្រប់រដូវកាលទៀតផង។ លោកអភិបាលខេត្តក៏បានជំរុញដល់អង្គភាព ស្ថាប័នពាក់ព័ន្ធនានា មន្ត្រីរាជការ ប្រជាពលរដ្ឋ សហគមន៍ ត្រូវតែរួមគ្នាការពារ ថែរក្សាបរិស្ថានឱ្យបានផុលផុស ព្រោះសំណល់ប្រភេទប្លាស្ទិកវាពិតជាដើមចមនៃការបំពុលបរិស្ថានផង និងធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុងផងដែរ។សូមជម្រាបថា៖ បើតាមរបាយការណ៍របស់ លោក អឹុម បញ្ញារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តកែប បានឱ្យដឹងថា ការប្រារព្វទិវាសំអាតពិភពលោក "World Cleanup Day ១៥កញ្ញា ២០១៨ នាពេលនេះជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាសារមួយក្នុងការជួយផ្សព្វផ្សាយដល់សាធារណៈជន និងសហគមន៍មូលដ្ឋាន នូវផលប៉ះពាល់នៃសំណល់ប្លាស្ទិកនៅក្នុងបរិស្ថាន ព្រោះប្លាស្ទិកជាគឺជាផលិតផល ដែលត្រូវបានកែច្នៃចុងក្រោយបង្អស់ពីសារធាតុគីមីផ្សេងៗ ហើយត្រូវបានប្រជាជនខ្មែរ ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍមួយចំនួនកំពុងពេញនិយមប្រើប្រាស់ ដើម្បីបំពេញតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ ដោយយើងពុំបានដឹងថា ប្លាស្ទិកនេះជាសារធាតុគីមី ដែលមិនងាយបំបែកធាតុ ហើយអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងបរិស្ថានបែបនេះឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ