កំពត ៖ បន្ទាប់ពីបុគ្គលមួយគ្រួសារបានឃុបឃិតលួចបោះបង្គោលរំលោភយកផ្ទៃបឹងឈូកដែលជាផ្លូវបង្ហូរទឹក ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពតនោះមក ប្រជាពលរដ្ឋប្រមាណជិត២០០គ្រួសារ ដែលរស់នៅក្នុងឃុំចំនួនពីរ គឺឃុំបឹងសាលាខាងជើង និងឃុំកំពង់ត្រាចខាងកើត នាំគ្នាបញ្ចេញប្រតិកម្មយ៉ាងពុះកញ្ជ្រោល ដោយពួកគាត់សំណូមពរឲ្យ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច ជួយមានវិធានការដកបង្គោលដែលគេបោះរំលោភយកផ្ទៃបឹងនេះចេញជាបន្ទាន់។បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើបានឲ្យដឹងថា ដីបឹងឈូកដែលជាសម្បតិ្តសាធារណៈ បន្ទាប់ពីមានការប៉ុនប៉ងរំលោភយកពីសំណាក់បុគ្គលមួយគ្រួសារ ប្តីឈ្មោះ សំ អេន ប្រពន្ធឈ្មោះ សេង យិ រស់នៅភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត កន្លងមកបានជួលរថយន្តដឹកដីចាក់រំលោភយកបឹងឈូកនេះជាច្រើនលើក ច្រើនសារ តែត្រូវបានអាជ្ញាធរចុះហាមឃាត់ទាន់ពេលវេលា។ ហើយបន្ទាប់ពីមានផ្ទុះប្រតិកម្មដ៏កក្រើកនេះ បុគ្គលដែលប៉ុនប៉ងរំលោភដីបឹងនោះ ក៏ព្រមប្រគល់ជូនរដ្ឋវិញដែរ ប៉ុន្តែពួកគាត់ឆ្ងល់ថា ចុះបើដីបឹងឈូកនេះត្រូវបានប្រគល់ទៅឲ្យអាជ្ញាធរទៅហើយ ហេតុអ្វីនៅមានបង្គោលបោះរំលោភយកដូចមុនដដែលអីចឹង ហើយម៉ោងណា ថ្ងៃណា វេលាណា ខែណា ឆ្នាំណា ទើបអាជ្ញាធរមានវិធានការដកបង្គោលក្នុងបឹងឈូកនេះចេញឲ្យបាត់ទៅ ឬមានចេតនាទុកឲ្យបុគ្គលខិលខូចនោះ រំលោភយកម្តងទៀត.?។ប្រជាពលរដ្ឋបានបង្ហើបទៀតថា បឹងឈូកនេះជារបស់រដ្ឋ គ្រប់គ្រងដោយអាជ្ញាធរក្នុងតំបន់ បើគេបោះបង្គោលយកជាសម្បតិ្តឯកជនបានចឹង ពួកគាត់ក៏នាំគ្នាចាក់ដីលប់ព្រែក ប្រឡាយ បឹងបួយកបានដូចគ្នា ហើយអាជ្ញាធរក៏មិនអាចរារាំងដល់ពួកគាត់បានឡើយ បានន័យថា បើបុគ្គលមួយគ្រួសារហ៊ានរំលោភយកបឹងឈូកដែលជាជ្រលងបង្ហូរទឹកនេះបាន ផ្ទៃបឹងដែលនៅសេសសល់ទាំងប៉ុន្មាន ពួកគាត់នឹងវាតយកទាំងអស់គ្នាតែម្តង ចាំមើលអាជ្ញាធរហ៊ានឃាត់ឃាំងពួកគាត់ដែរឬទេ?។ទាក់ទិននឹងករណីប្រតិកម្មខាងលើ កន្លងមកប្រជាពលរដ្ឋបាននាំគ្នាទៅសាលាស្រុកកំពង់ត្រាច ដើម្បីសុំឲ្យអាជ្ញាធរស្រុក ជួយចាត់វិធានការចំពោះបុគ្គលខិលខូច ដែលថ្លើមពាសមេឃហ៊ានចាក់ដីលប់ដឹងនិងបោះបង្គោលបំណងក្រសោបយកដោយគ្មានខ្លាចញញើតច្បាប់នេះ ប៉ុន្តែអភិបាលស្រុកកំពង់ត្រាច ថារង់ចាំការបោះឆ្នោតរួចរាល់នឹងចាត់ការរឿងនេះឲ្យបានចប់សព្វគ្រប់ ដើម្បីកុំឲ្យយប់យន់សុបិនច្រើនបន្តទៀត។ហើយមហាជនក្នុងស្រុកកំពង់ត្រាចទាំងមូល កំពុងន្ទឹងរង់ចាំមើលលទ្ធផល តើលោក អូន ខន អភិបាលស្រុកកំពង់ត្រាចថ្មី នឹងអាចហ៊ានប្រើកណ្តាប់ដៃយក្សសំពងទៅលើបុគ្គលខិលខូចនោះបានដែរទេ ព្រោះគេដឹងថា អ្នកប៉ុនប៉ងរំលោភយកដីបឹងឈូកនោះមានអ្នកកាងនៅពីក្រោយនិងមានអំណាចទៀតផង។ជុំវិញករណីដូចខាងលើ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៧ខែសីហា ឆ្នាំ២០១៨នេះថា រឿងបង្គោលក្នុងបឹងឈូកវាពុំមានបញ្ហាធំដុំទេ សំខាន់គឺអាជ្ញាធរបានទប់ស្កាត់មិនឲ្យបុគ្គលនោះចាក់ដីរំលោភយកបានឡើយ។ ម្យ៉ាងទៀតបឹងឈូកនេះក៏គ្មានជំនាញណាចេញប័ណ្ណកម្មសិទ្ធិបានដែរ។លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា ដីបឹងឈូកជាសម្បតិ្តរបស់រដ្ឋ ក្នុងនាមលោកជាអាជ្ញាធរ ដាច់ខាតមិនអនុញ្ញាតឲ្យគេរំលោភបានស្រួលៗនោះឡើយ។ទោះជាយ៉ាងណា មហាជននៅតែព្រួយបារម្ភចំពោះបង្គោលដែលគេបោះរំលោភវាតយកបឹងរាប់ហិកតាពីសំណាក់បុគ្គលខិលខូច ដោយពួកគេនៅតែមានចម្ងល់ឥតស្រាកស្រាន្ត ខណៈអាជ្ញាធរនៅមានការរារែកដោយមិនចាត់វិធានការភ្លាមៗ ហាក់ដូចជាស្ថិតក្នុងពិភពអាថិ៍កំបាំងមួយសឹងតែមើលមិនយល់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ