កំពត ៖ គ្រប់កន្លែងដែលមានការចាក់ដីល់បលូ ប្រឡាយ ឬផ្លូវរំដោះទឹកចេញពីស្រែឬដំណាំរបស់ប្រជាពលរដ្ឋ អាជ្ញាធរត្រូវតែចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុត ដោយតម្រូវឲ្យម្ចាស់កាយចេញ រួចកែតម្រូវឡើងវិញជាបន្ទាន់។នេះជាការលើកឡើងរបស់ លោកជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិសាស្ត្រមួយចំនួននៃស្រុកទឹកឈូ កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨នេះ។លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានមានប្រសាសន៍បន្តទៀតថា តាមការកត់សម្គាល់ជាក់ស្តែង តំបន់ដែលលិចលង់ក្រោយមានភ្លៀងធ្លាក់នោះ ភាគច្រើនបណ្តាលមកពីសកម្មភាពចាក់ដីបំបិទផ្លូវទឹក ការចាក់លប់លូទឹកដែលធ្លាប់មានពីមុន ឬក៏ការដាក់ប្រព័ន្ធលូមិនត្រឹមត្រូវ ខុសទម្រង់បច្ចេកទេសជាដើម។ ដូច្នេះ អាជ្ញាធរត្រូវចាត់វិធានការឲ្យបានតឹងរ៉ឹងដោយតម្រូវដល់ម្ចាស់ដែលចាក់លប់លូឬប្រឡាយ ត្រូវកាយចេញ រួចកែតម្រូវឡើងវិញ។ ទាក់ទិននឹងវិធានការបង្ការទប់ស្កាត់ការជន់លិចនាពេលក្រោយៗទៀតនោះ លោកអភិបាលខេត្តបានមានប្រសាសន៍ថា គ្រប់មន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធត្រូវសហការគ្នាចុះសិក្សាដើម្បីឈានទៅជួសជុល ពង្រីកគ្រប់ប្រឡាយ ផ្លូវទឹកដែលធ្លាប់មាន ឬស្ថាបនាបន្ថែមដើម្បីបញ្ចៀសនូវការលិចលង់ព្រោះតែភ្លៀងធ្លាក់មួយមេពីរមកបែរជាជួបបញ្ហាប្រឈម ធ្វើឲ្យរងផលប៉ះពាល់ដល់លំនៅឋាននិងដំណាំរបស់ប្រជាពលរដ្ឋនោះ។ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ ក្នុងករណីដែលអាចធ្វើបានត្រូវបញ្ចេញឲ្យអស់ពីលទ្ធភាព និងសមត្ថភាព ពោលគឺមិនអាចបណ្តែតបណ្តោយឲ្យភោគផលប្រជាពលរដ្ឋខូចខាតតាមរយៈភាពព្រងើយកន្តើយពីមន្ត្រីពាក់ព័ន្ធនោះទេ។សូមបញ្ជាក់ថា ភូមិសាស្ត្រដែលកំពុងរងនឹងជំនន់ភ្លៀងក្នុងស្រុកទឹកឈូ ខេត្តកំពតនោះ មានដូចជាឃុំព្រៃឃ្មុំ ឃុំថ្មី ឃុំព្រៃថ្នង និងឃុំកណ្តោល។ ជាមួយគ្នានេះដោយស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ភូមិសាស្ត្ររបស់ក្រុងកំពត ក៏ត្រូវប្រឈមនឹងការលិចលង់ដោយសារជំនន់ទឹកភ្លៀងផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ