កំពត ៖ បន្ទាប់ពីមានប្រតិកម្មយ៉ាងពុះកញ្ជ្រោលពីសំណាក់ពលរដ្ឋរាប់រយនាក់ ស្ថិតក្នុងឃុំបឹងសាលាខាងជើង និងឃុំកំពង់ត្រាចខាងកើត លើករណីមានបុគ្គលខិលខូចលួចបោះបង្គោលប៉ុនប៉ងរំលោភទន្ទ្រានដីបឹងឈូក ក្នុងភូមិសាស្ត្រឃុំអង្គសុរភី អាជ្ញាធរស្រុកកំពង់ត្រាច បាននិងកំពុងមានវិធានការដើម្បីជូនដំណឺងឲ្យគេដកបង្គោលចេញពីបឹងឈូកនេះហើយ។ជុំវិញបញ្ហាខាងលើនេះ លោក អូន ខន អភិបាល នៃគណៈអភិបាលស្រុកកំពង់ត្រាច បានបញ្ជាក់ប្រាប់ កម្ពុជាថ្មី នៅរសៀលថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៨នេះថា ពេលនេះលោកនឹងធ្វើលិខិតជូនដំណឹងដល់អ្នកបោះបង្គោលឲ្យដកចេញពីដីបឹងរបស់រដ្ឋវិញដោយគ្មានលក្ខខណ្ឌ។លោកអភិបាលស្រុកបានឲ្យដឹងផងដែរថា ក្នុងនាមលោកជាអាជ្ញាធរក្នុងតំបន់នេះ ដាច់ខាតមិនបណ្តែតបណ្តោយឲ្យជនខិលខួចណាម្នាក់រំលោភទន្ទ្រានយកដីរបស់រដ្ឋនោះឡើយ។ក្រោយពីដឹងថា លោកអភិបាលស្រុកកំពង់ត្រាច មានចំណាត់ការដកបង្គោលចេញពីផ្ទៃបឹងឈូកនេះភ្លាម ប្រជាពលរដ្ឋស្ថិតក្នុងឃុំចំនួនពីរខាងលើ ពិតជាមានក្តីរីករាយយ៉ាងក្រៃលែង ព្រោះពួកគាត់ទន្ទឹងរង់ចាំលទ្ធផលបែបនេះយ៉ាងអន្ទះសារ ហើយសង្ឃឹមថា លោកអភិបាលស្រុកនិយាយហើយត្រូវតែធ្វើ ដាច់ខាតមិនលេបសំដី។មហាជនទូទាំងខេត្តកំពត ពិសេសពលរដ្ឋក្នុងស្រុកកំពង់ត្រាច រង់ចាំមើលលទ្ធផលជាវិជ្ជមាន ខណៈឮថា លោកអភិបាលស្រុកនឹងចាត់វិធានការទៅលើបុគ្គលខិលខូចដែលចង់លេបត្របាក់ដីរដ្ឋដោយគ្មានខ្លាចញញើតច្បាប់នោះឲ្យខាងតែបាន ដើម្បីផ្តល់យុតិ្តធម៌ជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ពិសេសពួកគាត់មានផ្លូវបង្ហូរ និងមានបឹងធម្មជាតិទុកជាសម្បតិ្តសាធារណៈសម្រាប់ប្រើប្រាស់ទាំងអស់គ្នាតាមតម្រូវការ។គួររំឭកថា ករណីបំពារបំពានដីប្រឡាយ ព្រែក បឹងបួ របស់រដ្ឋនៅក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច កន្លងមកពិតជាកើតមានឡើងជាបន្តបន្ទាប់ ហើយអាជ្ញាធរក្នុងតំបន់ខិតខំទប់ស្កាត់យ៉ាងមមាញឹកផងដែរ ទីបំផុតនៅតែមានគេចាក់លុបយកជាបន្តបន្ទាប់ ប៉ុន្តែដីបឹងឈូក ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពតនេះ ត្រូវបានបុគ្គលខិលខូចមួយគ្រួសារ ប្តីឈ្មោះសំ អេន ប្រពន្ធឈ្មោះសេង យិ ប្រើគ្រប់រូបភាពក្នុងគោលបំណងក្រសោបយកជាសម្បតិ្តឯកជន។ជាមួយគ្នានេះ អាជ្ញាធរស្រុកកំពង់ត្រាច ក៏មានវិធានការទប់ស្កាត់ជាបន្តបន្ទាប់ ដោយអាជ្ញាធរក៏បានសន្យាថា នឹងចាត់វិធានការទៅលើបុគ្គលនោះដើម្បីឲ្យប្រគល់ដីបឹងនេះទុកជាសម្បតិ្តរដ្ឋវិញ។មជ្ឈដ្ឋានជាច្រើនបាននិយាយថា បើលោកអភិបាលស្រុកថ្មី អូន ខន អាចចាត់វិធានការដកបង្គោលចេញពីផ្ទៃបឹងបានវិញ ប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រាចទាំងមូល នឹងកោតសរសើរ ថែមទាំងដឹងគុណគ្មានថ្ងៃបំភ្លេចឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ