កែប ៖ ក្នុងឱកាសផ្តល់ជីធម្មជាតិ ជូនសមាជិកសហគមន៍កសិកម្មភូមិចំការបី និងសហគមន៍ភូមិកោះសោម-ព្រៃតាកុយ នៅភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប នៅរសៀលថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៨នេះ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានមានប្រសាសន៍ថា វិស័យកសិកម្មជាវិស័យសំខាន់មួយ ដែលប្រជាពលរដ្ឋនៅគ្រប់តំបន់ត្រូវតែយកចិត្តទុកដាក់បំផុត។លោកអភិបាលខេត្តបានឲ្យដឹងយ៉ាងដូច្នោះថា ជាការពិតណាស់ការពង្រឹងលើផ្នែកវិស័យកសិកម្មត្រូវការចាំបាច់មានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ជំនាញ ទើបការអនុវត្តទទួលបានជោគជ័យ។យ៉ាងណាមិញ បើផ្អែកលើកត្តាសំខាន់ វិស័យកសិកម្មជាវិស័យអទិភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសអ្នកផលិតនិងអ្នកទទួលផលកសិកម្មយកទៅប្រើប្រាស់ឬពាណិជ្ជកម្មនៅប្រទេសជឿនលឿន ដោយអាចកំណត់នូវតម្រូវការនិងការផ្គត់ផ្គង់បានច្បាស់លាស់គឺគ្មានវិបតិ្តអំពីបញ្ហាទីផ្សារឡើយ ហើយរក្សាបានលំនឹងតម្លៃផលិតផលល្អផងដែរ។ម្យ៉ាងទៀតការស្វែងរកទុននិងដៃគូសម្រាប់វិនិយោគក៏ងាយស្រួលក្នុងការជួយគាំទ្រផលិតផល ក៏មានស្តង់ដារនិងមានការទួលខុសត្រូវខ្ពស់ និងធានាសុវត្ថិភាពដល់អ្នកហូបចុកទៀតផង។លោកអភិបាលខេត្តកែបបានបន្តថា ចំពោះការផ្តល់ជីធម្មជាតិដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទខេត្តកែបនេះ ថ្វីត្បិតតិចតួចក៏ពិតមែន តែវាជាផលិតផលធម្មជាតិដែលអាចជួយបំប៉នដំណាំគ្រប់ប្រភេទ ពិសេសដំណាំស្រូវ ហើយខាងមន្ទីរក៏បានបំផុសដល់បងប្អូនប្រជាកសិករយើងឲ្យចេះសន្សំជីធម្មជាតិ កែច្នៃសំណល់ផ្សេងៗដើម្បីសន្សំថវិកា ក៏ដូចជាការចូលរួមអនាម័យបរិស្ថានជុំវិញផ្ទះសំបែងរបស់យើងផងដែរ។ជាមួយគ្នានេះ លោកកែន សត្ថា ក៏បាននាំមកនូវការសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនពូ មីង បងប្អូនទាំងអស់ដែលបានទៅបំពេញកាតព្វកិច្ចបោះឆ្នោតយ៉ាងផុលផុសដែលមានតួលេខខ្ពស់រហូតដល់ជាង៩១ភាគរយ។លោកថាថ្វីត្បិតលទ្ធផលគណៈកម្មការជាតិរៀបចំការបោះឆ្នោតមិនទាន់បានប្រកាសលទ្ធផលក៏ដោយ គឺសម្តេច ហ៊ុន សែន បានផ្តាំផ្ញើឲ្យមន្ត្រីរាជការទាំងអស់ត្រូវតែខិតខំបន្តបម្រើសេវាដល់ប្រជាពលរដ្ឋឲ្យសកម្មឡើងថែមទៀត។សូមបញ្ជាក់ថា បើតាមការលើកឡើងរបស់ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានបញ្ជាក់ថា ការផ្តល់ជីធម្មជាតិជូនដល់សមាជិក សហគមន៍កសិកម្មចំការបី និងសហគមន៍ភូមិកោះសោម-ព្រៃតាកុយ នៅរសៀលនេះ គឺក្នុងម្នាក់ៗទទួលបានជីធម្មជាតិ សញ្ញារូបក្ងាន១បាវ និងថវិកាមួយចំនួនដែលជាការឧបត្ថម្ភផ្ទាល់ពីសំណាក់ ឯកឧត្តមអភិបាលខេត្តកែប៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ