ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍ពីមន្ត្រីសមត្ថកិច្ចចម្រុះ នៃក្រុមអភិរក្សសត្វព្រៃ កាលពីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះឱ្យដឹងថា ព្រៃឈើនៅក្នុងដែនតំបន់អភិរក្ស ត្រង់ចំណុចអូរស្លេវ ក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ត្រូវបានប្រជាពលរដ្ឋ រស់នៅក្បែរៗនោះ លួចយកម៉ាស៊ីនចូលទៅអារអស់ជាច្រើនដើម ខណ:ក្រុមមន្ត្រីអភិរក្សចុះប្រតិបត្តិការ កាលពីថ្ងៃទី៣០ ខែកក្កដា ថ្មីៗនេះ ស្រាប់ តែប្រទះឃើញចំរៀកសំបកឈើប្រណីតនៅសេសសល់រាយប៉ាយពេញព្រៃជាច្រើនកន្លែង ក្នុងនោះមានដូចជាឈើសុក្រំ និងឈើធ្នង់ ជាដើម ។ ការលួចចូលទៅកាប់ឈើក្នុងតំបន់ហាមឃាត់នេះ គេសង្ស័យតែមានការបើកដៃពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។ ប្រភពព័ត៌មានពីក្រុមមន្ត្រីសមត្ថកិច្ចចម្រុះដែលចុះល្បាត បានបង្ហើបឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅ មានគេចូលទៅលួចកាប់ឈើប្រណីតក្នុងតំបន់អភិរក្ស ដែលជាឈើដ៏នៅសេសសល់តិចតួចបំផុត ខណ:ពួកគេខិតខំថែរក្សាការពាររាល់ថ្ងៃស្ទើរតែមិនហ៊ានសម្រាកនោះឡើយ ព្រោះឱ្យតែភ្លេចខ្លួន ឬជាប់រវល់តែបន្តិច មានអ្នកឈរចាំបើកភ្លើងខៀវឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អូរស្លេវ និង អ្នកភូមិភ្នំដំបង ចូលទៅលួចកាប់បំផ្លាញតែម្តង ។ ប្រភពបន្តទៀតថា សមត្ថកិច្ច ដែលចាំយាមការពារព្រៃឈើ ស្ទើរតែលែងមានកម្លាំងកំហែង ក្នុងការទប់ស្កាត់ជនល្មើស កុំឱ្យចូលទៅកាប់ព្រៃក្នុងតំបន់អភិរក្សទៅហើយ ព្រោះកន្លងមកពេលចាប់បានជនសង្ស័យជាអ្នកភូមិ ដោយមានទាំងវត្ថុតាង ដូចជាម៉ាស៊ីនអារឈើ និងកំណាត់ឈើដែលគេលួចកាប់ ស្រាប់តែក្រោយម កមានការអន្តរាគមន៍ពីមេភូមិភ្នំដំបង ក៏ដូចជាមន្ត្រីពាក់ព័ន្ធមួយចំនួន រួចដោះលែងឱ្យត្រឡប់ទៅវិញអស់រលីង លុះថ្ងៃក្រោយ ពួកគេទាំងនោះដដែល បាននាំគ្នាចូលទៅលួចកាប់ឈើបន្តទៀត ដោយមិ នរាងចាលនោះឡើយ ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា ខាង លោកបានទទួលព័ត៌មាន ការលួចកាប់បំផ្លាញព្រៃឈើនេះហើយ ក៏បានរាយការណ៍ជូនទៅលោកអភិបាលខេត្តផងដែរ ។ លោកបន្តទៀតថា ខាងលោកនឹងចាត់ឱ្យកម្លាំងមន្ត្រីក្រោមឱវាទ បន្តចុះដើរ ល្បាតមើល ដើម្បីការពារព្រៃឈើនៅក្នុងតំបន់អភិរក្សឱ្យបានគង់វង់ មិនអនុញ្ញាតិឱ្យនរណាម្នាក់បន្តចូលទៅកាប់បំផ្លាញទៀតនោះឡើយ ។ លោកបញ្ជាក់ថា ការចូលទៅលួចកាប់ឈើទាំងនេះគឺជាអ្នករស់នៅក្បែរៗ ភូមិខាងលើ ឱ្យតែមានពេលរវល់ម្តងៗ គឺពួកគេទាំងនោះឆ្លៀតចូលទៅលួច កាប់តែម្តង ។ បើតាមលោក អៀវ រ៉ា នាយកតំបន់អភិរក្សព្រៃឈើ និងសត្វព្រៃ (MJP) ប៉ៃលិន បានឱ្យដឹងថា ខាងមន្ត្រីអភិរក្សលោកតែងតែយកចិត្តទុដាក់ក្នុងការការពារព្រៃឈើនៅតំបន់ខាងលើ ដោយមិន បន្តឱ្យអ្នកភូមិភ្នំដំបងបន្តកាប់ឈើតំបន់ការពារនោះឡើយ ។ លោកបន្តទៀតថា បច្ចុប្បន្ននេះ ខាង លោកមានការលំបាកខ្លាំង ដោយព្រោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត ដោយកាលពីមុនខាងអង្គការលោក ជាអ្នកចុះអនុវត្តន៍ផ្ទាល់ គឺគ្រាន់តែសហការជាមួយមន្ទីរពាក់ព័ន្ធប៉ុណ្ណោះ ។ លោកបញ្ជាក់ទៀតថា ខាងលោកកំពុងត្រៀមដាក់ពាក្យបណ្តឹងទៅតុលាការខេត្តប៉ៃលិន ចំពោះព្រៃឈើចំនួន២ចំណុចដែលប្រជាពលរដ្ឋកំពុងនាំគ្នាកាប់ទន្ទ្រាន គឺនៅភ្នំដំបងមួយកន្លែង និងនៅតំបន់អូរប្រើសមួយកន្លែងទៀត ដោយសារប្រជាពលរដ្ឋកាប់ទន្ទ្រានដី យកទៅដាំដំណាំ ស្វាយនិងដំណាំចេកជាដើម ។ លោកបញ្ជាក់ថា ឈើតំបន់អភិរក្ស ដែលគេលួចកាប់ទាំងនេះ មិនមែនយកទៅប្រើការសម្រាប់ប្រើប្រាស់នៅក្នុងមន្ទីរ ឬអង្គភាពរដ្ឋមួយណានោះឡើយ គឺគេយកទៅជួញដូរផ្ទា ល់ខ្លួនតែម្តង ។ ទោះបីជាយ៉ាងណា លោក គង់ មុន្នីចន្ទ នាយកអង្គអភិរក្សសត្វព្រៃ និងព្រៃឈើ (MJP) បានឱ្យដឹងដែរថា ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់អភិរក្សខាងលើ មិនមានអស់ច្រើនប៉ុន្មាននោះទេ គ្រាន់តែមានការខុសប្រក្រតី គឺពួកអ្នកស្រុករស់នៅតំបន់ជិតៗសហគមន៍នោះតែម្តង ។ លោកបន្ត ទៀតថា ខាងលោកក៏បានចុះទៅបង្រៀនពួកគេពីការបាត់បង់ព្រៃឈើផងដែរ តែដោយសារជីវភាពពួកគាត់ មានភាពក្រីក្រខ្វះខាត ទើបតែងតែលួចចូលទៅកាប់ឈើដឹកយកទៅលក់ដោះដូរជីវភាព រស់នៅ ។ តែទោះបីជាយ៉ាងណាក៏ដោយ ខាងលោកចាត់ឱ្យក្រុមមន្ត្រីបន្តធ្វើការស្រាវជ្រាវរកឈើ ក្រែងពួកគេលួចលាក់នៅតាមព្រៃក្បែរៗផ្ទះ ។ ការកាប់ព្រៃឈើនេះ គឺគេធ្វើឡើងនៅមុនបោះឆ្នោតថ្នាក់ជាតិយើងនេះ រយ:ពេលប្រហែលជា១អាទិត្យ ខណ:ក្រុមមន្ត្រីរបស់លោកកំពុងជាប់រវល់ ។ ម្យ៉ាងវិញទៀត បើខាងលោកធ្វើតឹងរឹងពេ កក៏មិនកើត ហើយបើធូររលុងពេក ក៏បណ្តាលឱ្យបាត់បង់ព្រៃឈើកាន់តែច្រើនថែមទៀត ។ បញ្ហានេះពិតជាមានការលំបាកខ្លាំង ដោយមិនដឹងធ្វើយ៉ាងណានោះទេ មានតែរាយការណ៍ជូនទៅអាជ្ញា ធរខេត្តឱ្យជួយសហការដោះស្រាយចូលរួមទប់ស្កាត់ផងដែរ ។ចំណែកប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន បានលើកឡើងថា មិនយូរប៉ុន្មាននោះទេ ព្រៃ ឈើតំបន់អភិរក្សនឹងអាចក្លាយទៅជាដីស្រែចម្ការរបស់ប្រជាពលរដ្ឋ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃឃើញ អ្នករស់នៅក្បែរៗនោះចូលទៅអាស្រ័យផល ក្រោយមកកាប់ដើមឈើរំលំអស់ រហូតដល់ក្លា យទៅជាដីកម្មសិទ្ធិរៀងៗខ្លួន ដោយអ្នកខ្លះកាប់បានច្រើនលក់ឱ្យអ្នកផ្សេងថែមទៀត ។ ដូច្នេះហើយ ទើបលោកមេភូមិភ្នំដំបងមានដីជាច្រើន អាចលក់ឱ្យអ្នករស់នៅខេត្តផ្សេងៗ និងរហូតដល់អ្នករស់នៅ ភ្នំពេញចូលទៅធ្វើចម្ការដាំដុះដំណាំរាប់សិបហិកតាឯណោះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ