កំពត ៖ ដីចំណីព្រែកត្រង់ចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ នៃភូមិសាស្ត្រក្រុងកំពត បច្ចុប្បន្នត្រូវបានគេលួចសាងសង់ជាសំណង់រឹងមាំជាបន្តបន្ទាប់ដោយគ្មានខ្លាចញញើតច្បាប់ឡើយ ហើយការសង់រំលោភដីចំណីព្រែកនេះត្រូវបានគេដឹងថាបានកើតឡើងជាយូរមកហើយ គឺចាប់តាំងពីមុនថ្ងៃបោះឆ្នោត រហូតដល់ពេលបោះឆ្នោតអាណតិ្តទី៦បានរួចរាល់ជាស្ថាពរ។យោងតាមប្រភពពីលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានលួចទម្លាយប្រាប់កម្ពុជាថ្មីថា អ្នកដែលហ៊ានសង់សំណង់រំលោភចូលចំណីព្រែកស្ថិតក្នុងទីតាំងខាងលើ គឺជាអ្នកមានអំណាចមិនធម្មតា ហើយការសាងសង់សំណង់នេះ គេក៏ធ្លាប់ឃើញខាងអាជ្ញាធរនិងសមត្ថកិច្ចចុះទៅហាមប្រាមជាច្រើនលើកមកហើយ ប៉ុន្តែហាក់ដូចជាគ្មានប្រសិទ្ធភាពបន្តិចឡើយ ពោលគឺមិនខុសនឹងការចុះទៅវែកចកនោះទេ។ប្រភពដដែលបានលួចបង្ហើបទៀតថា ការសាងសង់សំណង់រឹងមាំរំលោភចូលទៅដីចំណីព្រែកស្ថិតក្នុងភូមិសាស្ត្រក្រុងកំពត ពិតជាកើតឡើងជាហូរហែរ ខណៈដីនៅតំបន់នេះកំពុងតែមានតម្លៃគ្រប់ទីកន្លែង ជាពិសេសនៅតំបន់ជាប់មាត់សមុទ្រនិងតំបន់មាត់ទឹកតាមដៃព្រែកតែម្តង។ ដោយសារតែដីមានហាងឆេងនៅទូទាំងក្រុងដូច្នេះហើយ បានជាមានក្រុមអ្នកគួកចេដីនៅក្នុងក្រុងកំពត ដែលជាខេត្តមានសក្តានុពលទេសចរណ៍មួយនេះកំពុងត្រូវប៉ាន់ក្នុងការដើរគួកចេដីសំរាប់លក់ឲ្យឈ្មួញក្នុងតម្លៃមួយម៉ែត្រការ៉េពី៥០ដុល្លាទៅ១០០ដុល្លារក៏មាន។ ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលមានដីស្នាក់នៅ ជាបណ្តោះអាសន្ននៅតាមដងព្រែកកំពង់បាយ ព្រែកវត្តត្រើយកោះដែលតភ្ជាប់ពីព្រែកស្ពានបេសេអីុ(BCI) ស្ថិតក្នុងក្រុងកំពតនាពេលកន្លងមកដែលអាជ្ញាធរក្រុងនិងមន្ត្រីជំនាញក្រុងបានហាមឃាត់មិនឲ្យសង់សំណង់រឹងមាំនៅលើដីចំណីព្រែកខាងលើដែលជាហេតុនាំឲ្យបាត់បង់សោភ័ណភាពក្រុង ពិសេសតាមមាត់ឆ្នេរព្រែកផងដែរ។ ប៉ុន្តែឥឡូវនេះ គេឃើញតំបន់ដែលអាជ្ញាធរក្រុងបានហាមឃាត់ខាងលើ ត្រូវបានអ្នកដែលកាន់កាប់បណ្តោះអាសន្នកន្លងមកនោះលក់ទៅឲ្យអ្នកផ្សេងជាច្រើនតំណរ រួចអ្នកដែលហ៊ានទិញផ្ទះលើដីចំណីព្រែកក្នុងទឹកដែលគ្មានប្លង់កម្មសិទ្ឋពីមន្ទីរជំនាញផងនោះ បានសង់លំនៅឋានដោយចាក់សសរបេតុងបុកគ្រឹះយ៉ាងរឹងមាំចុះទៅក្នុងទឹកព្រែកយ៉ាងអាណាធិបតេយ្យដោយគ្មានកោតញញើតនឹងច្បាប់ហាមឃាត់ណាបន្តិចសោះឡើយ។ ការសង់លំនៅឋានដោយគ្រឹះរឹងមាំរំលោភលើដីចំណីព្រែកជាច្រើនកន្លែងនៅក្នុងក្រុងកំពត និងស្រុកទឹកឈូដែលមាន ព្រំប្រទល់ជាប់ក្រុងកំពតមាន៖ ដូចជានៅចំណុចជាប់ស្ពានផែកំពង់កណ្តាល ស្ថិតក្នុងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូជាដើម ហើយព្រែកវត្តត្រើយកោះចំណុចខាងកើតអ៊ូទូកតាលី ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ក៏ត្រូវបានគេសង់សំណង់ជាច្រើនកន្លែងនៅចំណុចនេះ ដោយសំណង់ខ្លះកំពុងចាក់ដីចុះទៅក្នុងទឹកព្រែកហើយរៀបខឿនថ្មយកដីចំណីព្រែក សំណង់ខ្លះកំពុងបុកគ្រឹះ ចាក់សសរបេតុងចុះទៅក្នុងទឹកព្រែកយ៉ាងជ្រៅទៀតផង។ ទាក់ទិននឺងការសាងសង់សំណង់អាណាធិបតេយ្យរំលោភចុះក្នុងទឹកព្រែកជាច្រើនកន្លែងរបស់ជនឆក់ឱកាសមួយចំនួនតូចខាងលើ លោក លាង រឿនសុទ្ធី អភិបាលនៃគណៈអភិបាលក្រុងកំពត បានប្រាប់កម្ពុជាថ្មី តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៨នេះថា កន្លងមកលោកបានចាត់មន្ត្រីឲ្យទៅទប់ស្លាត់មិនឲ្យមានការសាងសង់សំណង់ណាមួយរំលោភចូលក្នុងដីចំណីព្រែកនោះទេ ប៉ុន្តែនៅពេលកម្លាំងអាជ្ញាធរចុះទៅហាមឃាត់បុគ្គលទាំងនោះបានផ្អាកការសាងសង់មួយរយៈ លុះក្រុមសមត្ថកិច្ចចាកចេញអស់ ពួកគាត់ចាប់ផ្តើមលួចសាងសង់បន្តដោយគ្មានខ្លាចញញើតនឹងអាជ្ញាធរនិងសមត្ថកិច្ចនោះឡើយ ហើយនៅពេលដែលអាជ្ញាធរនិងសមត្ថកិច្ចជាប់រវល់ខ្លាំងក្នុងការបោះឆ្នោតផងនោះទើបជនឆ្លៀតឱកាសលួចសង់រំលោភយកតាមតែអំពើចិត្ត ហើយអ្នកដែលហ៊ានសង់សំណង់រឹងមាំរំលោភយកដីចំណីព្រែករបស់រដ្ឋនោះ សុទ្ធតែអ្នកមានអំណាច បើត្រឹមលោកជាអាជ្ញាធរថ្នាក់ក្រុង ប្រហែលមិនអាចទប់ទល់បានឡើយ។លោកអភិបាលក្រុងបានបញ្ជាក់ទៀតថា កន្លងមកលោកធ្លាប់ចុះទៅហាមឃាត់ពីរដងរួចមកហើយ តែហាក់គ្មានបានផលសោះ តែបើចូលដល់ដំណាក់កាលនិយាយគ្នាមិនស្តាប់បែបនេះ ចាំព្រឹកស្អែក គឺថ្ងៃទី០២ខែសីហា ឆ្នាំ២០១៨ លោកនឹងដឹកនាំកម្លាំង ចុះទៅបញ្ឈប់ជាលើកទីបី ចាំមើលថាតើអ្នករំលោភយកដីចំណីព្រែកនោះ តើគេមានអំណាចប៉ុណ្ណាទៅ ទើបហ៊ានរំលោភបំពានបែបនេះ។ប្រជាពលរដ្ឋក៏ដូចជាមហាជនក្នុងក្រុងកំពត រង់ចាំមើលថា តើចំណាត់ការរបស់លោកអភិបាលក្រុងធ្វើបានឬមិនបានចំពោះសំណង់អនាធិបតេយ្យនៅតាមឆ្នេរព្រែកខាងលើនៅក្នុងក្រុងតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតមួយនេះ ព្រោះគេដឹងថា អ្នកដែលសាងសង់សំណង់នៅទីនោះ សុទ្ធតែអ្នកមានអំណាចមិនធម្មតាឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ